31 C
Phnom Penh

អាដហុក​ចាត់ទុក​ការ​ឃុំ​ខ្លួន​ជន​សង្ស័យ​ចាប់​ពី​កន្លះ​ឆ្នាំ​ដល់​ជាង​១​ឆ្នាំ​ថា​ជា​ទង្វើ​ប្រាសចាក​ពី​ច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាគម​ការពារ​សិទ្ធិមនុស្ស និង​ការ​អភិវឌ្ឍន៍​នៅ​កម្ពុជា ហៅ​កាត់​ថា អាដហុក ចាត់ទុក​ការ​ឃុំ​ខ្លួន​ជន​សង្ស័យ​ដោយ​ប្រើ​រយៈពេល​យូរ​ចាប់ពី ៦​ខែ (កន្លះ​ឆ្នាំ) រហូត​ដល់ ២៤​ខែ (២​ឆ្នាំ) តាម​នីតិវិធី​របស់​តុលាការ​កន្លង​មក គឺជា​នីតិវិធី​ដែល​ប្រាសចាក​នឹង​ខ្លឹមសារ​ច្បាប់​ដែល​បាន​ចែង​យ៉ាង​ធ្ងន់ធ្ងរ។

សមាគម​អាដហុក បាន​ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​ថ្ងៃទី​២ ខែ​មករា ឆ្នាំ​២០២៤ ថា ខ្លួន​បាន​ចូលរួម​ឃ្លាំមើល​សវនាការ​ជិត ២០០​សវនាការ (១៧៥​សវនាការ) នៅ​ក្នុង​រាជធានី-ខេត្ត​ចំនួន​២០ ក្នុង​រយៈពេល​កន្លង​មក​នេះ។ ក្នុង​ចំណោម​សវនាការ​ចំនួន ១៧៥​ករណី​នេះ គឺ​មាន​បទឧក្រិដ្ឋ​ចំនួន ១៣៧​ករណី និង​បទ​មជ្ឈិម ៣៨​ករណី​ផង​ដែរ ដែល​មាន​ជនរងគ្រោះ​ជា​ជន​ជាប់​ចោទ​សរុប​ជាង ១​ពាន់​នាក់ (១១៦៥​នាក់) ក្នុង​នោះ​មាន​ជន​ជាប់​ចោទ​ជាង ១១៤២​នាក់ ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន។

អាដហុក អំពាវនាវ​ឱ្យ​ក្រសួង​យុត្តិធម៌ ពិនិត្យ​ដាក់​វិធានការ​ច្បាស់លាស់​ចំពោះ​ការ​អនុវត្ត​របស់​ចៅក្រម និង​តំណាង​អយ្យការ​ទាំងឡាយ​ណា​ដែល​អនុវត្ត​ផ្ទុយ​នឹង​គោលបំណង​មាត្រា​២០៨ និង​មាត្រា​២០៩ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ឆ្នាំ​២០០៧ ដែល​បាន​ចែង​អំពី​ថេរវេលា​នៃ​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន។

ជាង​នេះ​ទៀត ក្រសួង​យុត្តិធម៌​ក៏​ត្រូវតែ​ពិនិត្យ និង​ដាក់​ពិន័យ​រដ្ឋបាល​ធ្ងន់ធ្ងរ​ដល់​ចៅក្រម និង​តំណាង​អយ្យការ​ដែល​មាន​ការ​យឺតយ៉ាវ​ចំពោះ​ដំណើរការ​សវនាការ​ផង​ដែរ ដែល​កន្លង​មក​គឺ​មាន​ភាព​យឺតយ៉ាវ​ស្ទើរ​គ្រប់​សវនាការ​ចាប់ពី​ជាង ១​ម៉ោង​រហូត​ដល់ ២​ម៉ោង​ឯណោះ ហើយ​ក្រសួង​យុត្តិធម៌​ក៏​ត្រូវ​ពិនិត្យ​មើល​អំពី​ចន្លោះ​ប្រហោង​នៃ​ការ​អនុវត្ត​នីតិវិធី​របស់​ចៅក្រម និង​តំណាង​អយ្យការ​ដែល​បំពេញ​តួនាទី​របស់​ខ្លួន​មិន​បាន​ក្រឹត្យក្រម​តាម​ច្បាប់​សព្វថ្ងៃ​នេះ​ដែរ។

ក្រៅពី​ការ​ឃុំ​ខ្លួន​ជន​សង្ស័យ​ដោយ​ប្រើ​រយៈពេល​យូរ ក៏​នៅ​មាន​បញ្ហា​ជាច្រើន​ផ្សេង​ទៀត​ដែរ​ទាក់ទិន​នឹង​នីតិវិធី​របស់​តុលាការ​សព្វថ្ងៃ​នេះ ដូចជា៖

  • ការ​រារាំង​មិន​ឱ្យ​មាន​ការ​ចូលរួម​ស្តាប់ ឬ​បណ្តេញ​សាធារណជន និង​អ្នក​សារព័ត៌មាន​ចេញពី​បន្ទប់​សវនាការ
  • មិន​បាន​ពន្យល់​លម្អិត​អំពី​សិទ្ធិ​មាន​មេធាវី ឬ​សិទ្ធិ​ការពារ​ខ្លួន
  • មិន​បាន​ពន្យល់​លម្អិត​អំពី​សិទ្ធិ​មិន​ឆ្លើយ
  • និង​មិន​បាន​ពន្យល់​លម្អិត​អំពី​សិទ្ធិ​មិន​បង្ខំ​ឲ្យ​សារភាព​កំហុស ជាដើម។

ជាង​នេះ​ទៅ​ទៀត៖

  • មិន​បាន​ពន្យល់​លម្អិត​អំពី​សិទ្ធិ​ការ​សន្មត​ទុក​ជា​មុន​ថា​គ្មាន​ទោស
  • ជន​ជាប់​ចោទ​ពាក់​ឯកសណ្ឋាន​ពន្ធនាគារ​អំឡុង​ពេល​សវនាការ
  • ជន​ជាប់​ចោទ​ជាប់​ខ្នោះ​ដៃ​អំឡុង​ពេល​សវនាការ
  • ព្រះរាជអាជ្ញា​ស្រែក​សម្លុត​ពេល​ជន​ជាប់​ចោទ​មិន​ឆ្លើយ
  • ចៅក្រម​ជំនុំជម្រះ​ប្រាប់​ឲ្យ​ជន​ជាប់​ចោទ​សុំទោស
  • ចៅក្រម ឬ​តំណាង​អយ្យការ​សម្ដែង​អាកប្បកិរិយា​សម្លុត​គំរាម​ជន​ជាប់​ចោទ
  • ចៅក្រម ឬ​តំណាង​អយ្យការ​ចាកចេញ​ពី​បន្ទប់​អំឡុង​ពេល​សវនាការ
  • តុលាការ​លើក​ពេល​ប្រកាស​សាលក្រម​ដោយ​មិន​បញ្ជាក់​កាលបរិច្ឆេទ
  • ព្រមទាំង​មាន​បញ្ហា​ជាច្រើន​ស្ទើរ​រាប់​មិន​អស់​ផ្សេង​ទៀត​ផង​ដែរ។

របាយការណ៍​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​នេះ ធ្វើឡើង​ទន្ទឹម​គ្នា​នឹង​លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ដែល​បាន​បើក​កិច្ចប្រជុំ​ពិនិត្យ​លើ​ការ​រៀបចំ​យន្តការ​សម្រាប់​ដឹកនាំ និង​អនុវត្ត​យុទ្ធនាការ​ដើម្បី​ជំរុញ និង​ពន្លឿន​ការ​ដោះស្រាយ​រឿង​ក្តី​នៅ​តាម​តុលាការ និង​យុទ្ធនាការ​ត្រួតពិនិត្យ និង​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៅ​តាម​តុលាការ សំដៅ​ពង្រឹង និង​លើក​កម្ពស់​គុណភាព និង​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ផង​ដែរ កាលពី​ថ្ងៃទី​២ ខែ​មករា។

ទាក់ទិន​នឹង​ភាព​មិន​ប្រក្រតី​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​របស់​ប្រទេស​កម្ពុជា​នេះ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក រ៉ុង ឈុន ធ្លាប់​បាន​អះអាង​កាលពី​ពេល​កន្លង​ទៅ​ថា អំឡុង​ពេល​ដែល​លោក​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​អស់​រយៈពេល​ជាង ១​ឆ្នាំ កាលពី​ពេល​កន្លង​ទៅ​នោះ លោក​បាន​សង្កេត​ឃើញ​ថា ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា​គ្រាន់តែ​ជា​ទីផ្សារ​ទិញ​លក់​រឿង​ក្តី​យ៉ាង​អនាធិបតេយ្យ​ប៉ុណ្ណោះ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​ត្អូញត្អែរ​ថា បច្ចុប្បន្ន​នេះ ស្ថាប័ន​ដែល​ជា​សសរស្ដម្ភ​ធំៗ​ទាំង​៣ របស់​ជាតិ គឺ​ស្ថាប័ន​នីតិប្បញ្ញត្តិ ស្ថាប័ន​នីតិប្រតិបត្តិ និង​ស្ថាប័ន​តុលាការ បាន​ក្លាយ​ជា​ឧបករណ៍​របស់​បក្ស​កាន់​អំណាច​ទាំងស្រុង​ទៅ​ហើយ ដូច្នេះ ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​នឹង​បម្រើ​តែ​បក្ខពួក​អ្នក​មាន​អំណាច​ប៉ុណ្ណោះ ខណៈ​ពលរដ្ឋ​ស្លូតត្រង់​នឹង​ក្លាយ​ជា​ជនរងគ្រោះ​ពី​ប្រព័ន្ធ​យុត្តិធម៌​ដែល​ដឹកនាំ​ដោយ​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ​គ្រប់​គ្នា​ជាមិនខាន។

ចំណែក​អតីត​ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង ធ្លាប់​បាន​រិះគន់​កាលពី​ពេល​ថ្មីៗ​នេះ​ថា ពលរដ្ឋ​ខ្មែរ​ស្ទើរតែ​ទូទាំង​ប្រទេស​សុទ្ធសឹងតែ​បាន​រង​នូវ​ភាព​អយុត្តិធម៌​ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ​នេះ ព្រោះ​ថា ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​គ្រាន់តែ​ជា​សេនាធិការ​នយោបាយ​របស់​បក្ស​កាន់​អំណាច​ប៉ុណ្ណោះ មិនមែន​ជា​ស្ថាប័ន​ធានា​យុត្តិធម៌​ជូន​ពលរដ្ឋ​រងគ្រោះ​នោះ​ទេ។

លោក​បញ្ជាក់​ថា ទោះ​មាន​អំពើ​អយុត្តិធម៌ ដូចជា​ការ​រំលោភ​ដីធ្លី​របស់​ពលរដ្ឋ ការ​បង្ក្រាប​ដើម្បី​បិទ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ ការ​ចាប់​ឃុំ​ខ្លួន​សកម្មជន​នានា​ដែល​កាត់ទោស​ដោយ​ប្រើ​ច្បាប់​ព្រហ្មទណ្ឌ​ដែល​ប្រាសចាក​ពី​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ និង​ការ​បង្កើត​ឱ្យ​មាន​អំពើ​និទ្ទណ្ឌភាព​លើ​ឃាតកម្ម​ក្រៅ​ប្រព័ន្ធ​ច្បាប់​នា​ពេល​កន្លង​មក​ក៏ដោយ ក៏​តុលាការ​ក្នុង​ប្រទេស​កម្ពុជា​មិន​អាច​រក​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ​បាន​ដែរ។

គម្រោង​យុត្តិធម៌​ពិភពលោក (The World Justice Project) បាន​ចេញ​របាយការណ៍​របស់​ខ្លួន​ស្ដីពី​នីតិរដ្ឋ​សម្រាប់​ឆ្នាំ​២០២៣ ថា កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​ទី​១៤១ ក្នុង​ចំណោម ១៤២​ប្រទេស ដែល​មាន​នីតិរដ្ឋ​ទាប​បំផុត ដោយសារ​តែ​គេ​រក​ឃើញ​ថា ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា​គ្មាន​តម្លាភាព មាន​ការ​គំរាមកំហែង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ការ​មិន​ធានា​បាន​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស