33 C
Phnom Penh

នាយករដ្ឋមន្ត្រី​ថ្មី​បញ្ជា​ឱ្យ​មន្ត្រី​តាម​ក្រសួង​ស្ថាប័ន​បែងចែក​ភារកិច្ច​ដល់​រដ្ឋលេខាធិការ​និង​អនុរដ្ឋលេខាធិការ​ឲ្យ​រួចរាល់​នៅ​សប្តាហ៍​ក្រោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​ថ្មី​ដែល​មហាជន​ចាត់ទុក​ថា​ឡើង​កាន់​អំណាច​តាម​បែប​ត​ពូជ​របស់​កម្ពុជា គឺ​លោក​ហ៊ុន ម៉ាណែត បាន​បញ្ជា​ឱ្យ​មន្ត្រី​តាម​ក្រសួង​ស្ថាប័ន​បែងចែក​ភារកិច្ច​ដល់​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​ដែល​ទើបតែ​​ត្រូវ​បាន​តែងតាំង ឲ្យ​រួចរាល់​នៅ​សប្តាហ៍​ក្រោយ ដើម្បី​អនុវត្ត​ការងារ​ឱ្យ​មាន​ប្រសិទ្ធភាព។

លោក ហ៊ុន ម៉ាណែត បាន​ចេញ​ខ្សែអាត់​សំឡេង​កាលពី​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ ដោយ​បញ្ជា​ឲ្យ​ក្រសួង និង​រដ្ឋលេខាធិការដ្ឋាន​ទាំងអស់​បែងចែក​ការងារ​ឱ្យ​បាន​ឆាប់​ទៅ​ដល់​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ ដើម្បី​ធានា​និរន្តរភាព និង​ប្រសិទ្ធភាព​ការងារ​លើ​ការ​ដឹកនាំ និង​ការ​អនុវត្ត​ការងារ​របស់​ក្រសួង​ស្ថាប័ន​នានា។

លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ក្នុង​ការ​កំណត់​ការ​បែងចែក​ភារកិច្ច​ត្រូវតែ​បែងចែក​ឱ្យ​បាន​ច្បាស់លាស់​រវាង​ការ​ដឹកនាំ​ខាង​នយោបាយ និង​ការ​ដឹកនាំ​ខាង​បច្ចេកទេស ដើម្បី​ធានា​ប្រសិទ្ធភាព​ស្ថាប័ន និង​ប្រសិទ្ធភាព​ការងារ ដោយ​ចៀសវាង​ការ​លូក​ដៃ​ក្នុង​ការ​ដឹកនាំ​ផ្ទាល់​លើ​ការងារ​របស់​អង្គភាព​ជំនាញ​នៃ​ក្រសួង​ស្ថាប័ន ដោយ​មិន​ឆ្លង ឬ​រំលង​ឋានានុក្រម​បច្ចេកទេស។

ជាង​នេះ​ទៀត ប្រសិនបើ​មាន​ការ​រៀបចំ​ប្រគល់​ភារកិច្ច​ឱ្យ​មន្ត្រី​ខាង​នយោបាយ​ទទួល​បន្ទុក​ការងារ ដើម្បី​ជួយ​ការងារ​នាយកដ្ឋាន គឺ​ដាច់ខាត​មិន​ត្រូវ​ឱ្យ​មាន​ការ​រំលង​ឋានានុក្រម​នៃ​ការ​ដឹកនាំ​ផ្នែក​បច្ចេកទេស ដូចជា​ការ​រំលង ឬ​មិន​ឆ្លង​អគ្គនាយកដ្ឋាន ឬ​អគ្គលេខាធិការដ្ឋាន​នោះ​ឡើយ ព្រោះ​ថា​ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​ធានា​នូវ​សាមគ្គីភាព និង​ឯកភាព​នៅ​ក្នុង​ស្ថាប័ន​រដ្ឋបាល​សាធារណៈ​ទាំងនោះ។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា បញ្ហា​ចំពោះ​មុខ​ត្រូវតែ​ខិតខំ​ធានា​ឱ្យ​បាន​នូវ​និរន្តរភាព និង​ស្ថិរភាព​នៃ​ការ​អនុវត្ត​ការងារ​នៅ​ក្នុង​ស្ថាប័ន។ លើស​ពី​នេះ ក្នុង​ករណី​ចាំបាច់​ដែល​ត្រូវ​រៀបចំ​មន្ត្រី​ឡើង​វិញ ត្រូវតែ​គិតគូរ​លើ​គោលការណ៍​ជា​មូលដ្ឋាន ដូចជា​គុណសម្បត្តិ ស្នាដៃ​ការងារ សមត្ថភាព ចំណេះដឹង ទេពកោសល្យ ក្រមសីលធម៌ និង​គុណធម៌ ជាដើម។

ក្រោយពី​ប្រកាស​សមាសភាព​រដ្ឋាភិបាល​អាណត្តិ​ថ្មី​កាលពី​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២៣​ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​តាម​ក្រសួង​ស្ថាប័ន​ទាំង ៣០ របស់​កម្ពុជា​សរុប​ជាង ១​ពាន់​នាក់ (១៤២៦​នាក់) ដែល​ក្នុង​នោះ​រដ្ឋលេខាធិការ​ចំនួន ៧៣៧​នាក់ និង​អនុរដ្ឋលេខាធិការ​ចំនួន ៦៨៩​នាក់​ផង​ដែរ។

រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​ដែល​ត្រូវ​បាន​តែងតាំង​តាម​ក្រសួង​ទាំង ២៧ និង​រដ្ឋលេខាធិការដ្ឋាន​ចំនួន​៣ មាន​តែ​ក្រសួង​មហាផ្ទៃ​ប៉ុណ្ណោះ​ដែល​តែងតាំង​ច្រើន​ជាងគេ ដែល​មាន​ចំនួន​រហូត​ទៅ​ដល់ ១០៩​នាក់ ខណៈ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​មាន​ចំនួន ៩០​នាក់ ក្រសួង​ការពារ​ជាតិ​មាន​ចំនួន ៨៧​នាក់ ក្រសួង​ព័ត៌មាន ៧០​នាក់ ចំណែក​ក្រសួង​ផ្សេង​ទៀត​ក៏​បាន​តែងតាំង​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​រាប់​សិប​នាក់​ផង​ដែរ។

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ត្អូញត្អែរ​ថា គួរ​ឱ្យ​អាណិត​ប្រជារាស្ត្រ​ខ្មែរ​ដែល​ខំ​បង់​ពន្ធ​ឱ្យ​រដ្ឋ​ដើម្បី​កសាង​ជាតិ ប៉ុន្តែ​លុយ​បង់​ពន្ធ​ទាំងនោះ​ត្រូវ​បែងចែក​មួយ​ចំណែក​ធំ គឺ​ដើម្បី​ចិញ្ចឹម​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ ដូចជា​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ ដែល​មាន​ចំនួន​ជាង ១​ពាន់​នាក់​នៅ​ពេលនេះ​ជាដើម ខណៈ​ប្រសិទ្ធភាព​ការងារ​ត្រូវ​គេ​មើល​ឃើញ​ថា​ស្ថិត​ក្នុង​ភាព​អវិជ្ជមាន​ដូច​រដ្ឋាភិបាល​ចាស់​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ដដែល។

ចំណែក​សកម្មជន​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​លោក ស្រ៊ុន ស្រ៊ន បាន​លើកឡើង​ថា រដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា នឹង​ទទួល​ថ្ម​បាក់​យ៉ាង​ធ្ងន់ធ្ងរ ប្រសិនបើ​រដ្ឋាភិបាល​ថ្មី​នេះ​មិន​ប្រើ​ច្បាប់​ដឹកនាំ​ប្រទេស តែ​បែរ​ជា​តែងតាំង​បក្សពួក គ្រួសារ សាច់ញាតិ ឱ្យ​ទៅ​ដឹកនាំ​ក្រសួង​ស្ថាប័ន​ដើម្បី​គ្រប់គ្រង​ប្រព័ន្ធ​រដ្ឋបាល​របស់​ប្រទេស​នោះ។

លោក​អះអាង​ថា ការ​តែងតាំង​បក្ខពួក​ចូល​ទៅ​ដឹកនាំ​ក្នុង​ប្រព័ន្ធ​រដ្ឋាភិបាល​របស់​ខ្លួន​បែប​នេះ នឹង​ធ្វើ​ឱ្យ​បាត់បង់​អព្យាក្រឹតភាព​ក្នុង​នាម​ជា​មន្ត្រី​រាជការ​ជាមិនខាន ដែល​នឹង​កើត​មាន​ជម្លោះ​ផ្សេងៗ​រវាង​មន្ត្រី​រាជការ និង​ពលរដ្ឋ​ចៀស​មិន​ផុត​ឡើយ ដូចជា​ជម្លោះ​ដីធ្លី អំពើពុករលួយ អំពើ​និទ្ទណ្ឌភាព និង​អំពើ​អយុត្តិធម៌​សង្គម​នានា​ជាដើម ហើយ​អំពើ​អវិជ្ជមាន​ទាំងនេះ​នឹង​រីក​រាលដាល​ពេញ​ប្រទេស​មិន​អាច​ទប់ស្កាត់​បាន​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស