32 C
Phnom Penh

សកម្មជន​បន្ត​ស្នើ​រដ្ឋមន្ត្រី​បរិស្ថាន​ថ្មី​ដក​កោះកុង​ក្រៅ​ពី​ក្រុម​ឧកញ៉ា​ទុក​ធ្វើ​ជា​សម្បត្តិ​រដ្ឋ​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​មាតា​ធម្មជាតិ​ស្នើ​ជា​ថ្មី​ទៀត​ឲ្យ​រដ្ឋមន្ត្រី​ថ្មី​ក្រសួង​បរិស្ថាន ដាក់​ចេញ​នូវ​វិធានការ​ជាក់លាក់​មួយ​ក្នុង​ការ​ការពារ​កោះកុង​ក្រៅ ពី​ក្រុម​ឧកញ៉ា ឬ​អ្នក​មាន​អំណាច​ដែល​កំពុង​បើក​ការ​អភិវឌ្ឍ និង​កំពុង​បំផ្លាញ​ដល់​ទេសភាព ធនធាន​ធម្មជាតិ និង​ជីវចម្រុះ​នៅ​ទីនោះ។

អង្គការ​ចលនា​មាតា​ធម្មជាតិ បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​កាលពី​ថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០២៣ ថា ក្រសួង​បរិស្ថាន​បាន​ប្តូរ​រដ្ឋមន្ត្រី​រួច​ទៅ​ហើយ ប៉ុន្តែ​បញ្ហា​កោះកុង​ក្រៅ​មិនទាន់​មាន​អ្វី​ប្រែប្រួល​ជា​ដុំ​កំភួន​នោះ​ទេ។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា ទោះបីជា​រយៈពេល ៨​ឆ្នាំ​មក​នេះ ក្រសួង​បរិស្ថាន​មិន​ទាន់​ចេញ​សេចក្ដី​សម្រេច​ណា​មួយ​ដែល​បញ្ជាក់​ថា កោះកុង​ក្រៅ​មាន​សុវត្ថិភាព​ពី​ក្រុម​ឧកញ៉ា ឬ​អ្នក​មាន​អំណាច​ក៏ដោយ ក៏​ពួកគេ​នៅតែ​សង្ឃឹម​ថា រូបភាព​ដ៏​ស្រស់​ស្អាត​នៅ​ទីនោះ នឹង​ដក់​ជាប់​ក្នុង​ដួងចិត្ត​របស់​ជន​រួម​ជាតិ​ដោយ​គ្មាន​ការ​បំផ្លិចបំផ្លាញ។

អង្គការ​ចលនា​មាតា​ធម្មជាតិ ក៏​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ ព្រមទាំង​យុវជន ចូលរួម​ការពារ​កោះកុង​ក្រៅ ខណៈ​កោះ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ប្រគល់​សិទ្ធិ​វិនិយោគ​ឲ្យ​ទៅ​ក្រុមហ៊ុន កោះកុង អេស អ៊ី ហ្សិត ខូ អិលធីឌី (KOH KONG SEZ CO., LTD.) របស់​លោក លី យ៉ុងផាត់ ដើម្បី​ធ្វើការ​វិនិយោគ និង​អភិវឌ្ឍ។

សកម្មជន​ចលនា​មាតា​ធម្មជាតិ កញ្ញា មាន លីសា ប្រាប់​សារព័ត៌មាន The Cambodia Daily ថា បើ​រដ្ឋមន្ត្រី​ថ្មី​ក្រសួង​បរិស្ថាន​នៅតែ​មិន​អើពើ​ចំពោះ​សំណើ​របស់​ពួកគេ និង​ពលរដ្ឋ ដើម្បី​ដាក់​កោះកុង​ក្រៅ​ជា​ឧទ្យាន​សមុទ្រ​ទេ នោះ​វា​បង្ហាញ​ពី​គំរូ​អាក្រក់​នៃ​ការ​ដឹកនាំ ខណៈ​សំណើ​នេះ​គឺ​ដើម្បី​ការពារ​ផល​ប្រយោជន៍​ជាតិ និង​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា​តែប៉ុណ្ណោះ។

កញ្ញា​អះអាង​ថា កន្លងមក រដ្ឋាភិបាល​មិន​បាន​ដាក់​ចេញ​នូវ​វិធានការ និង​ពិនិត្យ​មើល​សំណើ​របស់​ពួកគេ ក៏ដូចជា​ពលរដ្ឋ​ដែល​បាន​ស្នើសុំ​ឲ្យ​ដាក់​កោះកុង​ក្រៅ​ជា​ឧទ្យាន​ជាតិ​នោះ​ទេ ដោយសារ​ប៉ះពាល់​ផល​ប្រយោជន៍​អ្នក​មាន​អំណាច និង​បក្ខពួក​របស់​ខ្លួន។ ជាក់ស្ដែង​ដូចជា​សំណើ​ដែល​ពួកគេ​ដាក់​ទៅ​រដ្ឋាភិបាល ដោយ​សុំ​ឲ្យ​ដក​ឧទ្យាន​ជាតិ «គិរីរម្យ» ពី​ឧកញ៉ា ជឹង សុគន្ធាវី មក​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ ជាដើម។

កញ្ញា​បញ្ជាក់​ថា ការ​មិន​ដក​យក​ដី​ឧទ្យាន​ជាតិ «គិរីរម្យ» ពី​ឧកញ៉ា ជឹង សុគន្ធាវី មក​វិញ​នេះ ដោយសារ​ឧកញ៉ា​រូប​នេះ​ជា​កូន​របស់​អ្នកស្រី ជឹង សុភាព ហៅ​យាយ​ភូ ជា​មនុស្ស​ស្និទ្ធ​នឹង​គ្រួសារ​នាយករដ្ឋមន្ត្រី​កម្ពុជា។

ចំណែក​ករណី​រឿង​កោះកុង​ក្រៅ​វិញ ដោយសារ​រដ្ឋាភិបាល​ជា​អ្នក​សហការ​ជាមួយ​ក្រុមហ៊ុន​កោះកុង SEZ របស់​អ្នកឧកញ៉ា លី យ៉ុងផាត់ ទើប​សំណើ​ដែល​ស្នើសុំ​ដាក់​កោះកុង​ក្រៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ​នោះ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​មិន​អើពើ​ដោះស្រាយ។

សកម្មជន​ការពារ​បរិស្ថាន​រូប​នេះ​ព្រមាន​ថា ប្រសិនបើ​រដ្ឋាភិបាល​ថ្មី និង​លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន នៅតែ​មិន​ចាត់​វិធានការ​លើ​សំណើ​របស់​ពួកគេ​ទេ នោះ​ពលរដ្ឋ​នឹង​បាត់បង់​ជំនឿ ហើយ​នឹង​ឈប់​គាំទ្រ ខណៈ​ពួកគេ​វិញ​ក៏​មិន​បញ្ឈប់​សកម្មភាព​ជំរុញ និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដាក់​កោះកុង​ក្រៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ​ដែរ ទោះបីជា​ពួកគេ​រង​ការ​គំរាមកំហែង និង​ចោទប្រកាន់​បែប​ណា​ក៏ដោយ។

មាត្រា​៣៥ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា ពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ។ សេចក្តី​ស្នើ​ទាំងឡាយ​របស់​ពលរដ្ឋ ត្រូវ​បាន​ទទួល​ការ​ពិនិត្យ និង​ដោះស្រាយ​យ៉ាង​ហ្មត់ចត់​ពី​អង្គការ​រដ្ឋ។

នៅ​លើ​គេហទំព័រ​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​កោះកុង បង្ហាញ​ថា កោះកុង​ក្រៅ គឺជា​កោះធំ​ទី​មួយ​របស់​ប្រទេស​កម្ពុជា ដែល​មាន​ទំហំ​សរុប ១០៣​គីឡូម៉ែត្រ​ការ៉េ ហើយ​ក៏​ជា​កោះ​ខ្ពស់​ជាងគេ​ក្នុង​តំបន់​ឈូង​សមុទ្រ​ថៃ ថែម​ទៀត។ កោះ​នេះ​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ភូមិ​ជ្រោយប្រស់ ឃុំ​ជ្រោយប្រស់ ស្រុក​កោះកុង ខេត្ត​កោះកុង ដែល​មាន​ចម្ងាយ​ប្រមាណ ៣០​គីឡូម៉ែត្រ​ពី​ក្រុង​ខេមរភូមិន្ទ។

កោះ​នេះ​សម្បូរ​ដោយ​សក្ដានុពល​ផ្នែក​ធនធាន​ធម្មជាតិ និង​ជីវចម្រុះ​នៅ​បាត​សមុទ្រ ព្រមទាំង​មាន​ឆ្នេរ​ខ្សាច់​ល្អ​ស្រស់​ស្អាត ស្ថិត​នៅ​លើ​ផ្ទៃ​ទឹក​សមុទ្រ​ដ៏​ធំ​ល្វឹងល្វើយ​ដែល​មាន​ពណ៌​ខៀវ​ស្រងាត់។

ក៏ប៉ុន្តែ កាលពី​ខែ​មិថុនា ឆ្នាំ​២០១៩ កោះកុង​ក្រៅ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ប្រគល់​សិទ្ធិ​វិនិយោគ​ឱ្យ​ទៅ​ក្រុមហ៊ុន កោះកុង អេស អ៊ី ហ្សិត ខូ អិលធីឌី (KOH KONG SEZ CO., LTD.) របស់​លោក លី យ៉ុងផាត់ ដែល​ជា​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ធ្វើការ​អភិវឌ្ឍ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស