40 C
Phnom Penh

សកម្មជន​ចលនា​មាតា​ធម្មជាតិ​ប្ដេជ្ញា​តាមដាន​ការ​កាត់​ឆ្វៀល​ដី​ឧទ្យាន​ជាតិ​នានា​ទៅ​ឱ្យ​ក្រុមហ៊ុន​កូនស្រី​យាយ​ភូ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​សកម្មជន​ចលនា​មាតា​ធម្មជាតិ ប្ដេជ្ញា​តាមដាន​ការ​កាត់​ឆ្វៀល​ដី​ឧទ្យាន​ជាតិ​នានា​ពី​សំណាក់​រដ្ឋាភិបាល​ឱ្យ​ទៅ​ក្រុមហ៊ុន វ័នម័រ (One More) របស់​ឧកញ៉ា ជឹង សុគន្ធាវី ធ្វើជា​កម្មសិទ្ធិ​បន្ត​ទៀត ហើយ​ពួកគេ​ក៏​នឹង​ប្ដេជ្ញា​នៅតែ​បន្ត​ពហិការ​មិន​ទិញ​ផលិតផល​របស់​ក្រុមហ៊ុន​ឧកញ៉ា​រូប​នេះ​ដែរ បើ​រដ្ឋាភិបាល​នៅតែ​មិន​ដក​សិទ្ធិ​កាន់កាប់​លើ​ដី​ក្នុង​តំបន់​អភិរក្ស​ពី​ក្រុមហ៊ុន​នានា​របស់​ឧកញ៉ា ជឹង សុគន្ធាវី ទេ​នោះ។

ក្រុម​សកម្មជន​ចលនា​មាតា​ធម្មជាតិ បាន​ចេញ​វីដេអូ​ប្រវែង​ជាង ៣​នាទី​កាលពី​ថ្ងៃទី​១៥ វិច្ឆិកា នេះ ដោយ​លើកឡើង​ពី​ការ​តាមដាន​របស់​ខ្លួន​ជុំវិញ​ការ​កាត់​ឆ្វៀល​ដី​ក្នុង​តំបន់​ឧទ្យាន​ជាតិ​នានា ជាពិសេស​ក្នុង​ឧទ្យាន​ជាតិ​កែប ដែល​រដ្ឋាភិបាល​បាន​កាត់​ឆ្វៀល​ឱ្យ​ទៅ​ជា​កម្មសិទ្ធិ​របស់​ឧកញ៉ា ជឹង សុគន្ធាវី នា​ពេល​កន្លងមក ដែល​មាន​ទំហំ​ផ្ទៃដី​សរុប​ដល់​ទៅ​ជិត ១​ពាន់​ហិកតារ (៩៦៩​ហិកតារ) ទៅ​ហើយ​នោះ។

ក្រុម​សកម្មជន​ការពារ​បរិស្ថាន​ខាងលើ លើកឡើង​ថា ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​២០២២ កន្លង​ទៅ រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​ដី​ក្នុង​ឧទ្យាន​ជាតិ​ដែល​សម្បូរ​ទៅ​ដោយ​ធនធាន​ធម្មជាតិ​ដល់​ទៅ ៤​កន្លែង​ខុសៗ​គ្នា ឱ្យ​ទៅ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ឯកជន​របស់​ឧកញ៉ា​រូប​នេះ ដើម្បី​ធ្វើការ​អភិវឌ្ឍ ដែល​បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​ធនធាន​ធម្មជាតិ​របស់​ប្រទេស​កម្ពុជា​ក្នុង​តំបន់​អភិរក្ស​ទាំងនោះ រង​នូវ​ការ​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ។

ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដកហូត​ដី​ក្នុង​តំបន់​អភិរក្ស​ដែល​ខ្លួន​បាន​កាត់​ឆ្វៀល​ឱ្យ​ក្រុមហ៊ុន​ឧកញ៉ា ជឹង សុគន្ធាវី យក​មក​គ្រប់គ្រង​វិញ ដើម្បី​ធានា​និរន្តរភាព​នៃ​ធនធាន​ធម្មជាតិ​របស់​ខ្មែរ​មិន​ត្រូវ​រង​នូវ​ការ​បំផ្លាញ។

ដី​នៅ​ក្នុង​តំបន់​ឧទ្យាន​នានា ត្រូវ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក ហ៊ុន សែន កាត់​ឆ្វៀល​ឱ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើជា​កម្មសិទ្ធិ​ជា​បន្តបន្ទាប់។ ជាក់ស្តែង កាលពី​ថ្ងៃទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​កាត់​ដី​ឧទ្យាន​ជាតិ​កែប​ទំហំ ២៩​ហិកតារ​ស្ថិត​ក្នុង​សង្កាត់​ព្រៃធំ ក្រុង​កែប ខេត្ត​កែប ដើម្បី​ជួល​ទៅ​ឱ្យ​ក្រុមហ៊ុន វ័នម័រ (One More) របស់​អ្នកឧកញ៉ា ជឹង សុគន្ធាវី សម្រាប់​ប្រែ​ក្លាយ​ទីតាំង​នោះ​ទៅ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ។

ជាង​នេះ​ទៀត កាលពី​ថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ​២០២២ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ចេញ​អនុក្រឹត្យ​ផ្តល់​ដី​ឧទ្យាន​ជាតិ​គិរីរម្យ​ចំនួន ២២១​ហិកតារ និង ៩៤​អា ស្ថិត​ក្នុង​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ឱ្យ​ក្រុមហ៊ុន វ័នម័រ (One More) របស់​អ្នកឧកញ៉ា ជឹង សុគន្ធាវី ធ្វើជា​កម្មសិទ្ធិ​ជា​រៀង​រហូត​ផង​ដែរ។

ដោយឡែក​កាលពី​ថ្ងៃទី​២៦ ខែ​កក្កដា ឆ្នាំ​២០២២ លោក ហ៊ុន សែន ក៏​បាន​ចេញ​អនុក្រឹត្យ​កាត់​ដី​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ទំហំ ៦៤៩​ហិកតារ ស្ថិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ឃុំ​ក្តុលសែនជ័យ និង​ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង ឱ្យ​ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (One Fraternity Co, LTD) របស់​អ្នកឧកញ៉ា ជឹង សុគន្ធាវី ធ្វើជា​កម្មសិទ្ធិ​ថែម​ទៀត។

លើស​ពី​នេះ កាលពី​ថ្ងៃទី​១៩ ខែ​កក្កដា ឆ្នាំ​២០២២ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​សម្រេច​កាត់​ផ្ទៃដី​ចំនួន ៧០​ហិកតារ ស្ថិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវសីមា សង្កាត់​រមនា ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី ឱ្យ​ទៅ​ក្រុមហ៊ុន One Prosperity ដែល​ជា​ក្រុមហ៊ុន​ជាប់​ខ្សែស្រឡាយ​ជាមួយ​នឹង​អ្នកស្រី ជឹង សុភាព ហៅ​យាយ​ភូ យក​ទៅ​វិនិយោគ​ជា​តំបន់​អេកូ​ទេសចរណ៍​ផង​ដែរ។

អ្នកឧកញ៉ា ជឹង សុគន្ធាវី គឺជា​កូនស្រី​របស់​ឧកញ៉ា ជឹង សុភាព ដែល​ជា​អនុប្រធាន​កាកបាទ​ក្រហម​កម្ពុជា ដែល​ត្រូវ​ជា​ភរិយា​របស់​លោក ឡាវ ម៉េងឃីន ជា​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ពេល​បច្ចុប្បន្ន​នេះ ហើយ​អ្នកស្រី ជឹង សុភាព ក៏​ជា​មិត្ត​ជិតស្និទ្ធ​បំផុត​របស់​អ្នកស្រី ប៊ុន រ៉ានី ដែល​ជា​ភរិយា​របស់​លោក ហ៊ុន សែន ផង​ដែរ។

ទាក់ទិន​នឹង​ការ​បែងចែក​ដី​រដ្ឋ​ឱ្យ​បុគ្គល​ឯកជន និង​ក្រុមហ៊ុន​ឯកជន​នេះ ឧកញ៉ា​ដែល​ជា​មនុស្ស​ជិតស្និទ្ធ​នឹង​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាច្រើន​នាក់ រួម​ទាំង​សាច់ញាតិ និង​កូនបង្កើត​របស់​គាត់​ផង បាន​ទទួល​ដី​រដ្ឋ​ជាច្រើន​រយ​ហិកតារ​ធ្វើជា​កម្មសិទ្ធិ ដូចជា ឧកញ៉ា ពុង ឃាវសែ ឧកញ៉ា ជឹង សុភាព ឧកញ៉ា ជឹង សុគន្ធាវី ឧកញ៉ា ទ្រី ភាព និង​ឧកញ៉ា លី យ៉ុងផាត់ ជាដើម សុទ្ធតែ​មាន​ចំណែក​ទទួល​បាន​ដី​ទាំងនោះ។

ជាង​នេះ​ទៀត អ្នកស្រី ហ៊ុន ម៉ាណា និង​អ្នកស្រី ហ៊ុន ម៉ាលី ដែល​ត្រូវ​ជា​កូនស្រី​បង្កើត​របស់​លោក ហ៊ុន សែន ក៏​ទទួល​បាន​ដី​រដ្ឋ​រាប់​រយ​ហិកតារ​ពី​ការ​កាត់​ឆ្វៀល​នេះ​ផង​ដែរ។

អង្គការ Client Earth បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​កាលពី​ពេល​កន្លង​ទៅ​ថា ជាង ៤០% នៃ​ផ្ទៃដី​របស់​កម្ពុជា ឬ​ប្រហែល ៧,៥​លាន​ហិកតារ ត្រូវ​បាន​បែងចែក​ជា​តំបន់​ការពារ​ធម្មជាតិ ប៉ុន្តែ​ភាគច្រើន​នៃ​តំបន់​ទាំងនេះ ត្រូវ​បាន​ការពារ​តែ​ឈ្មោះ​ប៉ុណ្ណោះ ព្រោះ​រដ្ឋាភិបាល​បាន​កាត់​ឆ្វៀល​ដី​ក្នុង​តំបន់​អភិរក្ស​ទាំងនោះ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើជា​កម្មសិទ្ធិ​ជា​បន្តបន្ទាប់​រហូត​មក។

កាលពី​ថ្ងៃទី​១ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៣ អតីត​ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ នរោត្តម សីហនុ បាន​ឡាយ​ព្រះហស្តលេខា​លើ​ព្រះរាជ្យក្រឹត្យ​មួយ សម្រេច​បង្កើត​ឧទ្យាន​ជាតិ​កែប លើ​ទំហំ​ផ្ទៃដី ៥​ពាន់​ហិកតារ (៥០០០​ហិកតារ) ប៉ុន្តែ​នៅ​ថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ​២០១០ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​មួយ​សម្រេច​កែប្រែ​ឧទ្យាន​ជាតិ​នេះ​មក​នៅ​ត្រឹមតែ ១១៥២​ហិកតារ​វិញ។

យ៉ាងណាក៏ដោយ កាលពី​ថ្ងៃទី​១៧ ខែ​កក្កដា ឆ្នាំ​២០២៣ លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​មួយ​ទៀត​ដោយ​សម្រេច​ពង្រីក​ឧទ្យាន​ជាតិ​កែប​ពី​ទំហំ ១១៥២​ហិកតារ ទៅ​ជា ១២៣០​ហិកតារ​វិញ ខណៈ​ឧទ្យាន​នេះ​បាន​រង​នូវ​ការ​កាត់​ឆ្វៀល​ជា​បន្តបន្ទាប់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស