30 C
Phnom Penh

លោក យ៉ង់ ប៉ាក់ ដែល​រង​បណ្ដឹង​ពី​លោក ព្រាប កុល ត្រូវ​តុលាការ​បើក​កកាយ​ជា​ថ្មី​រឿង​ចេញ​សែក​ស្អុយ​កាលពី​ឆ្នាំ​២០២៣

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន អាហ្គ្រីប៊ី (AGRIBEE) ដែល​ជា​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ប៉ែន ជីវ័ន្ត (Chivann Pen) ត្រូវ​បាន​បើក​កកាយ​ឡើង​វិញ​សាជាថ្មី​នូវ​ការ​ចោទប្រកាន់​ពី​ការ​ចេញ​សែក​ស្អុយ​កាលពី​ឆ្នាំ​២០២៣ បន្ទាប់ពី​រង​នូវ​បណ្តឹង​ពី​សំណាក់​អតីត​ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា​លោក ព្រាប កុល ពី​បទ​បរិហារ​កេរ្តិ៍​ក្នុង​ឆ្នាំ​២០២៤។

ក្រុម​កសិករ​ដែល​ជា​អ្នក​រកស៊ី​លក់​ទិញ​អង្កាម​ជាច្រើន​នាក់ កាលពី​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០២៤ បាន​អំពាវនាវ​សុំ​ឱ្យ​ស្ថាប័ន​តុលាការ និង​ក្រសួង​ពាក់ព័ន្ធ មាន​ចំណាត់ការ​ដោះស្រាយ​ចំពោះ​អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន អាហ្គ្រីប៊ី (AGRIBEE) លោក យ៉ង់ ប៉ាក់ ជុំវិញ​ការ​ចេញ​មូលប្បទានបត្រ​ឥត​មាន​សាច់ប្រាក់ (សែក​ស្អុយ) ចំនួន ៥​សន្លឹក ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ជាង ៩​ម៉ឺន​ដុល្លារ​អាមេរិក (៩០២៣៤,០១​ដុល្លារ) ជុំវិញ​ការ​ទិញ​លក់​អង្កាម​កាលពី​អំឡុង​ឆ្នាំ​២០២៣ កន្លង​ទៅ។

អ្នកស្រី ឡុង រ័ត្ន តំណាង​ក្រុម​កសិករ​រងគ្រោះ រៀបរាប់​ថា កាលពី​អំឡុង​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០២៣ កសិករ​មួយ​ក្រុម​រួម​ទាំង​អ្នកស្រី​ផង បាន​សហការ​រកស៊ី​ទិញ​លក់​អង្កាម​ជាមួយ​លោក យ៉ង់ ប៉ាក់ ក្រោយ​បុគ្គល​រូប​នេះ​លួងលោម​បញ្ចុះបញ្ចូល​អ្នកស្រី និង​កសិករ​ទាំងនោះ និង​ឱ្យ​អ្នកស្រី​ប្រមូល​ទិញ​អង្កាម​ពី​បណ្តា​រោង​ម៉ាស៊ីន​នានា​យក​មក​លក់​ឱ្យ​ខ្លួន ដោយ​ធានា​ឱ្យ​តម្លៃ​ខ្ពស់​ជាង​ទីផ្សារ និង​សន្យា​ទូទាត់​លុយ​ត្រឹមតែ​រយៈពេល ៣​ថ្ងៃ​យ៉ាង​យូរ បន្ទាប់ពី​អ្នកស្រី​ដឹក​អង្កាម​ដល់​ទីតាំង​របស់​គេ។

ប្រភព​ខាងលើ​អះអាង​ថា ក្រុម​កសិករ​រងគ្រោះ​ដែល​មាន​អ្នកស្រី​ជា​តំណាង បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាំងពី​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​២០២៣ ដើម្បី​ស្វែងរក​ដំណោះស្រាយ និង​ទាមទារ​ឱ្យ​បុគ្គល​រូប​នេះ​មក​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ព្រោះ​ថា​បុគ្គល​នេះ​បាន​គេចវេះ​មិន​ទូទាត់​ប្រាក់​មក​ឱ្យ​អ្នកស្រី​តាម​ការ​ទាមទារ​ឡើយ ខណៈ​តុលាការ​ក៏​មិន​ទាន់​មាន​ចំណាត់ការ​មួយ​មាន​ប្រសិទ្ធភាព​នៅឡើយ​ដែរ។

អ្នកស្រី ឡុង រ័ត្ន បញ្ជាក់​ថា បើ​ទោះបីជា​មាន​បណ្តឹង​នៅ​តុលាការ​ហើយ​ក៏ដោយ ក៏​បុគ្គល​ឈ្មោះ យ៉ង់ ប៉ាក់ នេះ​បាន​បង្ហាញ​សកម្មភាព​ឥត​ខ្លាច​ញញើត​អ្វី​ឡើយ ដោយ​ព្យាយាម​គំរាមកំហែង​ឱ្យ​អ្នកស្រី​ដក​ពាក្យ​បណ្តឹង​ជា​ថ្នូរ​នឹង​ទូទាត់​ប្រាក់​ថ្លៃ​លក់​ទិញ​អង្កាម​ដែល​ខ្លួន​បាន​ជំពាក់​ជាង ៩​ម៉ឺន​ដុល្លារ មក​ត្រឹមតែ ១​ម៉ឺន​ដុល្លារ​អាមេរិក​វិញ ចំណែក​តុលាការ​បាន​ត្រឹម​កោះហៅ​បុគ្គល​នេះ​មក​សាកសួរ​ប៉ុណ្ណោះ តែ​ពុំ​ឃើញ​ចាត់​វិធានការ​ច្បាប់​ឱ្យ​បុគ្គល​នេះ​ដោះស្រាយ​មូលប្បទានបត្រ​ឥត​សាច់ប្រាក់​នេះ​ឡើយ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៦ មករា នេះ​ថា វិធានការ​តុលាការ​កន្លង​មក​តែង​រង​នូវ​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​នានា​ជាបន្តបន្ទាប់ ដោយ​ពួកគេ​ត្អូញត្អែរ​ថា តុលាការ​ហាក់​អនុវត្ត​ច្បាប់​ឆាប់​រហ័ស​សម្រាប់​តែ​មាន​អ្នក​លុយ និង​មាន​អំណាច ប៉ុន្តែ​ពលរដ្ឋ​ក្រីក្រ​ដូចជា​ពួកគេ​មិន​ងាយ​នឹង​ទទួល​បាន​យុត្តិធម៌​ទេ បើ​ទោះបីជា​ពាក្យ​បណ្តឹង​បាន​ដាក់​ជូន​តុលាការ​យូរ​ហើយ​ក៏ដោយ។

លោក សេក សុជាតិ លើកឡើង​ថា ដើម្បី​ធានា​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា និង​ផ្តល់​ទំនុកចិត្ត​សម្រាប់​ពលរដ្ឋ និង​ផ្តល់​ការ​ជឿជាក់​លើ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល ស្ថាប័ន​អនុវត្ត​ច្បាប់ និង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃ​ទៀត ត្រូវតែ​ធានា​នូវ​ការ​អនុវត្ត​តួនាទី​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ការ​កំណត់​របស់​ច្បាប់ ក្នុង​គោលដៅ​ផ្តល់​យុត្តិធម៌​ជូន​ជនរងគ្រោះ ទោះ​ជនរងគ្រោះ​ទាំងនោះ​ជា​ពលរដ្ឋ​សាមញ្ញ​គ្មាន​សិទ្ធិ​អំណាច ឬ​លុយ​កាក់​ក៏ដោយ។

ប្រភព​ខាងលើ​អំពាវនាវ​ឱ្យ​ស្ថាប័ន​តុលាការ​ដែល​ជា​អំណាច​មួយ​សម្រាប់​ធានា​នីតិរដ្ឋ​របស់​សង្គម​ជាតិ និង​ក្រសួង​យុត្តិធម៌ ត្រូវតែ​ពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចំពោះ​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​បាន​ហ្មត់ចត់ ដើម្បី​ជំរុញ និង​ធានា​នូវ​ការ​អនុវត្ត​ច្បាប់​កុំ​ឱ្យ​មាន​ភាព​លម្អៀង និង​បង្កប់​នូវ​ការ​ប្រព្រឹត្ត​អំពើពុករលួយ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ធ្លាក់​ចុះ​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily ថា បើ​ប្រៀបធៀប​ចំណាត់ការ​របស់​តុលាការ​ជុំវិញ​បណ្តឹង​លោក ព្រាប កុល លើ​លោក យ៉ង់ ប៉ាក់ គឺ​មាន​ភាព​ឆាប់​រហ័ស​ជាង​ករណី​មួយ​ចំនួន ដូចជា ករណី​វាយប្រហារ​លើ​សកម្មជន​សង្គម សកម្មជន​នយោបាយ មន្ត្រី​បក្ស​ប្រឆាំង សកម្មជន​សិទ្ធិមនុស្ស និង​ឃាតកម្ម​ក្រៅ​ប្រព័ន្ធ​ច្បាប់​ដែល​ជា​រឿង​ធំៗ ជាដើម ក្នុង​នោះ​មាន​ករណី​ខ្លះ សមត្ថកិច្ច​ខកខាន​វែក​មុខ​ចាប់​ឃាតករ​ពិត​មក​ផ្ដន្ទាទោស​រហូត​ដល់​ទៅ​រាប់​សិប​ឆ្នាំ​ឯណោះ ដែល​បញ្ហា​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា​បែងចែក​ការ​អនុវត្ត​ទៅ​តាម​សំណុំរឿង​ដែល​កើត​មាន។

លោក ស៊ឹង សែនករុណា អំពាវនាវ​ឱ្យ​ស្ថាប័ន​តុលាការ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច អនុវត្ត​ច្បាប់​ដោយ​ផ្អែក​ទៅ​លើ​វិធានការ​ច្បាប់​ដោយ​ស្មោះត្រង់ ដើម្បី​លើក​កម្ពស់​ប្រព័ន្ធ​យុត្តិធម៌ និង​នីតិរដ្ឋ​របស់​កម្ពុជា និង​ដើម្បី​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ផង​ដែរ ព្រោះ​ថា​មាន​ករណី​ខ្លះ​ទៀត​ដែល​សមត្ថកិច្ច​មាន​ឆន្ទៈ​ស្រាវជ្រាវ​ក្រោម​ការ​អនុវត្ត​ច្បាប់​ដោយ​ហ្មត់ចត់ គឺ​អាច​ដោះស្រាយ​បាន និង​ចាប់​ខ្លួន​ជនល្មើស​មក​ទទួល​ទោស​ចំពោះ​មុខ​ច្បាប់​ដោយ​ឆាប់​រហ័ស​ផង​ដែរ។

ទាក់ទិន​នឹង​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា គម្រោង​យុត្តិធម៌​ពិភពលោក (The World Justice Project) បាន​ចេញ​របាយការណ៍​របស់​ខ្លួន​ស្ដីពី​នីតិរដ្ឋ​សម្រាប់​ឆ្នាំ​២០២៣ ថា កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​ទី​១៤១ ក្នុង​ចំណោម ១៤២​ប្រទេស ដែល​មាន​នីតិរដ្ឋ​ទាប​បំផុត ដោយសារ​តែ​គេ​រក​ឃើញ​ថា ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា​គ្មាន​តម្លាភាព មាន​ការ​គំរាមកំហែង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ការ​មិន​ធានា​បាន​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស