30 C
Phnom Penh

ក្រសួង​វប្បធម៌​ព្រមាន​អាជីវករ​ដែល​មិន​បញ្ឈប់​ការ​ប្រើប្រាស់​រូបថត​វត្ថុ​បុរាណ​ខ្មែរ​លើ​បណ្ដាញ​សង្គម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ព្រមាន​ចាត់​វិធានការ​ច្បាប់​លើ​អាជីវករ ឬ​អ្នក​លក់​អនឡាញ បើសិន​ពួកគេ​មិន​បញ្ឈប់​សកម្មភាព​ប្រើប្រាស់​រូបថត​វត្ថុ​បុរាណ​ខ្មែរ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​លក់​វត្ថុ​សិល្បៈ​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម​ទេ​នោះ។

សេចក្តី​ជូនដំណឹង​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ កាលពី​ថ្ងៃទី​៤ ខែ​កញ្ញា ឲ្យ​ដឹង​ថា ការ​ហាម និង​បញ្ឈប់​សកម្មភាព​នេះ បន្ទាប់ពី​មន្ត្រី​ជំនាញ​បាន​សង្កេត​ឃើញ​អាជីវករ និង​អ្នក​លក់​អនឡាញ​មួយ​ចំនួន​បាន​ធ្វើការ​ផ្សព្វផ្សាយ​លក់ដូរ​វត្ថុ​សិល្បៈ​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​តិកតុក ដោយ​ប្រើប្រាស់​រូបថត​វត្ថុ​បុរាណ​ខ្មែរ​ដែល​ក្រសួង​បាន​បង្ហោះ​កន្លងមក ដើម្បី​យក​ធ្វើជា​រូបភាព​ទាក់ទាញ​សម្រាប់​លក់ដូរ​វត្ថុ​សិល្បៈ​ឯកជន​របស់​ខ្លួន។

ប្រភព​ដដែល​ថា ការ​យក​រូបថត​វត្ថុ​បុរាណ​មក​ប្រើប្រាស់​បែប​នេះ ថា​ជា​សកម្មភាព​ខុស​ឆ្គង និង​ជា​រូបភាព​បោកប្រាស់ ដែល​នាំ​ឲ្យ​មាន​ការ​ភាន់ច្រឡំ ហើយ​ទង្វើ​នេះ​ក៏​អាច​ធ្វើ​ឲ្យ​សមត្ថកិច្ច​បរទេស និង​អ្នក​កាន់កាប់​សមុច្ច័យ​ឯកជន​នានា​យល់​ច្រឡំ​ថា វត្ថុ​បុរាណ​ខ្មែរ​ដែល​គេ​បាន​ប្រគល់​មក​កម្ពុជា​វិញ​ត្រូវ​បាន​ចរាចរ​លក់ដូរ​ក្នុង​ទីផ្សារ​ដោយ​ខ្វះ​ការ​គ្រប់គ្រង​ការពារ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា។

ក្រសួង​អំពាវនាវ​ទៅ​អាជីវករ និង​អ្នក​លក់​អនឡាញ​នានា​ដែល​ប្រកប​មុខរបរ​នេះ ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​ការ​ប្រើប្រាស់​រូបភាព​វត្ថុ​បុរាណ​ខ្មែរ​ដើម្បី​ផ្សព្វផ្សាយ​លក់ដូរ​វត្ថុ​សិល្បៈ​របស់​ខ្លួន។

ក្រសួង​អះអាង​ថា ការ​ប្រើប្រាស់​រូបភាព​វត្ថុ​បុរាណ​ខ្មែរ​ដើម្បី​ផ្សព្វផ្សាយ​លក់​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ដំណើរការ​នៃ​ការ​ទាមទារ​វត្ថុ​បុរាណ​ខ្មែរ​មក​វិញ និង​ធ្វើ​ឲ្យ​ប្រទេស​ផ្សេង​ទៀត​បាត់បង់​ទំនុក​ចិត្ត​មក​លើ​កម្ពុជា ដែល​បាន​ខិតខំ​ប្រឹងប្រែង​កន្លងមក​ក្នុង​ការ​ស្វែងរក និង​នាំ​យក​មក​វិញ​នូវ​សម្បត្តិ​វប្បធម៌​ខ្មែរ​ដែល​ត្រូវ​បាន​លួច​នាំចេញ​ដោយ​ខុស​ច្បាប់​ទៅ​ក្រៅ​ប្រទេស។

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ក៏​បាន​ព្រមាន​ចាត់​វិធានការ​ច្បាប់​លើ​អាជីវករ ឬ​អ្នក​លក់​អនឡាញ​ទាំងនោះ ដោយ​ថា​បើសិនជា​ពួកគេ​នៅតែ​មិន​បញ្ឈប់​នូវ​ទង្វើ​ប្រើប្រាស់​រូបភាព​វត្ថុ​បុរាណ​ខ្មែរ​ដើម្បី​ផ្សព្វផ្សាយ​លក់ដូរ​វត្ថុ​សិល្បៈ​របស់​ខ្លួន​ទៀត។

ការ​សម្រេច​ដូច្នេះ ដោយ​ក្រសួង​ថា​ក្នុង​ការ​ថែរក្សា​ការពារ និង​លើក​តម្លៃ​កេរដំណែល​ដូនតា​ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ និង​អត្តសញ្ញាណ​ជាតិ ដើម្បី​ជា​ឧត្ដម​ប្រយោជន៍​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយៗ​ទៀត។

កាលពី​ថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០២៣ បារាំង​ប្រគល់​ចម្លាក់​លិប​មួយ​ផ្ទាំង​ដល់​កម្ពុជា​វិញ បន្ទាប់ពី​ភ្នាក់ងារ​គយ​បារាំង​រឹបអូស​បាន។ ចម្លាក់​នេះ ត្រូវ​បាន​គេ​លួច​កាលពី​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០ និង​ត្រូវ​បាន​ភ្នាក់ងារ​គយ​បារាំង​រឹបអូស​បាន​នៅ​ក្នុង​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​ទីតាំង​របស់​ក្រុមហ៊ុន​លក់​ដេញ​ថ្លៃ​វត្ថុ​បុរាណ​មួយ​កន្លែង​នៅ​ទីក្រុង​លីយ៉ុង កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០២០។

ចម្លាក់​លិប​ដែល​បារាំង​ប្រគល់​ឲ្យ​កម្ពុជា​វិញ​នេះ ជា​ចម្លាក់​ធ្វើ​ពី​ថ្មភក់​មាន​ប្រាំ​បំណែក កសាង​ឡើង​នៅ​សតវត្សរ៍​ទី​១២ ឬ​ទី​១៣ និង​មាន​ទម្ងន់​ប្រហែល ៣០០​គីឡូក្រាម អាច​មាន​ប្រភព​មកពី​ប្រាសាទ​ព្រះខ័ន​កំពង់ស្វាយ ឬ​ពី​ប្រាសាទ​បន្ទាយឆ្មារ។

ក្រៅពី​ប្រទេស​បារាំង ក៏​មាន​សហរដ្ឋ​អាមេរិក​ដែល​តែងតែ​យក​វត្ថុ​បុរាណ និង​ចម្លាក់​ខ្មែរ​មក​ប្រគល់​ឲ្យ​កម្ពុជា​វិញ បន្ទាប់ពី​ប្រទេស​លោក​សេរី​មួយ​នេះ​រក​ឃើញ និង​រឹបអូស​បាន​ពី​ការ​លួច​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស