33 C
Phnom Penh

នាយករដ្ឋមន្ត្រី​ថ្មី​ព្រមាន​មន្ត្រី​មិន​ឱ្យ​យក​អំណាច​ទីប្រឹក្សា​ឬ​ជំនួយការ​ទៅ​ប្រើ​ពី​លើ​មុខតំណែង​ជា​មន្ត្រី​រាជការ​ក្នុង​ស្ថាប័ន​របស់​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​ត​ពូជ លោក ហ៊ុន ម៉ាណែត ព្រមាន​ថា ទីប្រឹក្សា ឬ​ជំនួយការ​ទាំងអស់​មិន​អាច​ប្រើប្រាស់​នូវ​បុព្វសិទ្ធិ ឬ​សិទ្ធិ​អំណាច​របស់​ខ្លួន​ក្នុង​នាម​ជា​ទីប្រឹក្សា ឬ​ជា​ជំនួយការ​ពី​លើ​មុខតំណែង​ដែល​ជា​មន្ត្រី​រាជការ​ក្នុង​ស្ថាប័ន​របស់​ខ្លួន​បាន​ឡើយ។

ប្រមុខ​រដ្ឋ​ស្តីទី​លោក សាយ ឈុំ បាន​ចុះហត្ថលេខា​លើ​ព្រះរាជក្រឹត្យ​ស្ដីពី​គោលការណ៍​សម្រាប់​ការ​តែងតាំង​ទីប្រឹក្សា និង​ជំនួយការ​នៅ​ក្នុង​អង្គការ​នីតិប្រតិបត្តិ កាលពី​ថ្ងៃទី​៦ ខែ​កញ្ញា ឆ្នាំ​២០២៣ តាម​ការ​ស្នើសុំ​របស់​នាយករដ្ឋមន្ត្រី​ថ្មី​ថា ព្រះរាជក្រឹត្យ​នេះ​បាន​កំណត់​ពី​គោលការណ៍ លក្ខខណ្ឌ និង​បែបបទ​សម្រាប់​តែងតាំង​ទីប្រឹក្សា និង​ជំនួយការ​នៅ​ក្នុង​អង្គការ​នីតិប្រតិបត្តិ ក្នុង​គោលបំណង​ពង្រឹង​គោលការណ៍​ឋានានុក្រម​រដ្ឋបាល​ដើម្បី​លើក​កម្ពស់​ប្រសិទ្ធភាព​ការងារ​របស់​ទីប្រឹក្សា និង​ជំនួយការ​ដែល​ត្រូវ​បាន​តែងតាំង​សម្រាប់​អាណត្តិ​ថ្មី​នេះ។

ព្រះរាជក្រឹត្យ​នេះ កំណត់​ថា ការ​តែងតាំង​មន្ត្រី​រាជការ​ស៊ីវិល មន្ត្រី​នគរបាល​ជាតិ ឬ​យោធិន​ដែល​កំពុង​កាន់​មុខតំណែង​នានា​ចំណុះ​ឱ្យ​រដ្ឋាភិបាល​ជា​ទីប្រឹក្សា ឬ​ជា​ជំនួយការ មិន​ត្រូវ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​អនុវត្ត​កាតព្វកិច្ច​ជា​មន្ត្រី​រាជការ​ឡើយ ហើយ​មន្ត្រី​ទាំងនោះ​ក៏​មិន​អាច​ត្រូវ​បាន​តែងតាំង​ជា​ទីប្រឹក្សា ឬ​ជា​ជំនួយការ ក្រៅពី​ស្ថាប័ន​សាមី​ដែល​ខ្លួន​កំពុង​បំពេញ​ការងារ​បាន​ដែរ លើកលែងតែ​ពួកគេ​បាន​លាលែង​ពី​ក្របខ័ណ្ឌ ឬ​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រៅ​ក្របខ័ណ្ឌ​ដើម​ប៉ុណ្ណោះ។

ព្រះរាជក្រឹត្យ​ដដែល​នេះ​បញ្ជាក់​ថា ក្រសួង​ស្ថាប័ន និង​រដ្ឋលេខាធិការដ្ឋាន​ទាំង ៣០ របស់​កម្ពុជា អាច​តែងតាំង​ទីប្រឹក្សា និង​ជំនួយការ​តាម​ការ​ចាំបាច់​របស់​ខ្លួន ខណៈ​នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និង​ទេសរដ្ឋមន្ត្រី អាច​មាន​ទីប្រឹក្សា និង​ជំនួយការ​តាម​ការ​កំណត់​របស់​នាយករដ្ឋមន្ត្រី​ជា​កំហិត។

ការ​ចេញ​ព្រះរាជក្រឹត្យ​នេះ ធ្វើឡើង​ដើម្បី​កំណត់​គោលការណ៍​នៃ​ការ​អនុវត្ត​ការងារ​របស់​ទីប្រឹក្សា និង​ជំនួយការ​ដែល​កំពុង​ត្រូវ​បាន​តែងតាំង​នៅ​តាម​ក្រសួង​ស្ថាប័ន​នីមួយៗ​រាប់​រយ​នាក់​ក្នុង​អាណត្តិ​រដ្ឋាភិបាល​ថ្មី​នេះ។

កាលពី​ថ្ងៃទី​១ ខែ​កញ្ញា ឆ្នាំ​២០២៣ លោក ហ៊ុន ម៉ាណែត អះអាង​ថា ការ​ផ្តល់​តួនាទី​ជា​ទីប្រឹក្សា ឬ​ជា​ជំនួយការ បាន​បង្ក​ឱ្យ​មាន​បញ្ហា​មួយ​ចំនួន​ដែល​ប៉ះពាល់​ដល់​ដំណើរការ​ការងារ​នៅ​តាម​ក្រសួង​ស្ថាប័ន ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​អារម្មណ៍ និង​ពិបាក​ក្នុង​ការ​អនុវត្ត​នូវ​បទបញ្ជា។

ក្រោយពី​ការ​លើកឡើង​បែប​នេះ ប្រមុខ​រដ្ឋ​ស្តីទី​លោក សាយ ឈុំ ក៏​បាន​ចុះហត្ថលេខា​លើ​ព្រះរាជក្រឹត្យ​ស្ដីពី​គោលការណ៍​សម្រាប់​ការ​តែងតាំង​ទីប្រឹក្សា និង​ជំនួយការ​នៅ​ក្នុង​អង្គការ​នីតិប្រតិបត្តិ​តាម​ការ​ស្នើសុំ​របស់​លោក ហ៊ុន ម៉ាណែត តែម្តង ដែល​បាន​កំណត់​ពី​គោលការណ៍ លក្ខខណ្ឌ និង​បែបបទ​សម្រាប់​តែងតាំង​ទីប្រឹក្សា និង​ជំនួយការ​សម្រាប់​អាណត្តិ​រដ្ឋាភិបាល​ដែល​លោក​នឹង​ដឹកនាំ​ទៅ​ថ្ងៃ​មុខ។

ក្រោយពី​ថ្ងៃ​ប្រកាស​អនុម័ត​សមាសភាព​ក្បាលម៉ាស៊ីន​រដ្ឋាភិបាល​ថ្មី កាលពី​ថ្ងៃទី​២២ ខែ​សីហា ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​ទីប្រឹក្សា ជំនួយការ​របស់​នាយករដ្ឋមន្ត្រី​របស់​រាជរដ្ឋាភិបាល និង​មន្ត្រី​ជាន់ខ្ពស់​ផ្សេងៗ រួម​ទាំង​ទីប្រឹក្សា និង​ជំនួយការ​អម​ក្រសួង​ស្ថាប័ន​នានា​ជា​បន្តបន្ទាប់ ដែល​មក​ទល់​នឹង​ពេលនេះ​មាន​ចំនួន​ជាង ១៧០០​នាក់ (១៧១៣​នាក់) ហើយ។

ទីប្រឹក្សា និង​ជំនួយការ​ដែល​ត្រូវ​បាន​តែងតាំង​តាម​ក្រសួង​ស្ថាប័ន​នីមួយៗ​មាន​ចំនួន​រាប់​រយ​នាក់ ដូចជា​ទីប្រឹក្សា និង​ជំនួយការ​របស់​នាយករដ្ឋមន្ត្រី​ចំនួន ១៧៤​នាក់ ទីប្រឹក្សា​រាជរដ្ឋាភិបាល​ចំនួន ៣៦៣​នាក់ ទីប្រឹក្សា និង​ជំនួយការ​ក្រសួង​យុត្តិធម៌ ២៣៩​នាក់ និង​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន​ចំនួន ៤១៥​នាក់ ជាដើម។ ការ​តែងតាំង​តាម​ក្រសួង​ស្ថាប័ន​នីមួយៗ ទើប​តែ​ត្រូវ​បាន​ធ្វើ​សម្រាប់​ក្រសួង​ចំនួន ៧ ប៉ុណ្ណោះ។

ជុំវិញ​ការ​តែងតាំង​ទីប្រឹក្សា និង​ជំនួយការ​សម្រាប់​រដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី​៧ នេះ ត្រូវ​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន រិះគន់​ថា ទីប្រឹក្សា និង​ជំនួយការ​នៃ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត នឹង​ត្រូវ​តែងតាំង​ជា​បន្តបន្ទាប់​ទៀត​តាម​ក្រសួង​ស្ថាប័ន​នីមួយៗ ដែល​នឹង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ថ្មី​នេះ​ក្បាល​ធំ​ជាងគេ​លើ​ពិភពលោក និង​ក្លាយ​ជា​បន្ទុក​របស់​ពលរដ្ឋ​ដែល​ត្រូវ​បង់​ពន្ធ​ដើម្បី​យក​ទៅ​បើក​ប្រាក់ខែ​ឱ្យ​ទីប្រឹក្សា និង​ជំនួយការ​ទាំងនោះ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ដំណើរ​នៃ​ការ​រៀបចំ​រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត មិន​ខុស​ពី​ការ​រៀបចំ​របស់​លោក ហ៊ុន សែន នោះ​ទេ គឺជា​ការ​រៀបចំ​រដ្ឋាភិបាល​ដែល​មាន​តែ​ចំនួន​មនុស្ស តែ​មិន​អាច​ធានា​ប្រសិទ្ធភាព​ការងារ​ជូន​ជាតិ និង​ប្រជាជន​បាន។

ពួកគេ​រិះគន់​ថា លោក ហ៊ុន ម៉ាណែត កំពុងតែ​អនុវត្ត​តាម​ទម្រង់​រដ្ឋាភិបាល​ចាស់​របស់​លោក ហ៊ុន សែន គឺ​រក្សា​សមាជិក​រដ្ឋាភិបាល​ចាស់ បង្កើន​សមាជិក​រដ្ឋាភិបាល​ថ្មី ដោយ​មិន​គិត​លើ​សមត្ថភាព​ការងារ​ដូច​ដែល​លោក ហ៊ុន សែន ឪពុក​របស់​គាត់​បាន​ដឹកនាំ​ជាង ៤​ទសវត្សរ៍​កន្លងមក​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស