38 C
Phnom Penh

ប្រទេស​៤​ក្នុង​អាស៊ាន​រួម​ទាំង​ឥណ្ឌា​និង​តៃវ៉ាន់​នាំគ្នា​ប្រឆាំង​ចិន ករណី​ចិន​បង្កើត​ផែនទី​សមុទ្រ​រំលោភ​ប្រទេស​ជិតខាង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រទេស​ក្នុង​សមាគម​អាស៊ាន​ចំនួន ៤ សុទ្ធតែ​ជា​ប្រទេស​ធំ និង​មាន​ឥទ្ធិពល​ខ្លាំង រួម​ទាំង​កោះ​តៃវ៉ាន់ និង​ប្រទេស​ឥណ្ឌា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ដាច់​ដោយឡែក​ពី​គ្នា ទាត់​ចោល​ផែនទី​ទាក់ទង​នឹង​ផ្ទៃ​ទឹក​នៃ​សមុទ្រ​ចិន​ខាងត្បូង ដែល​ប្រទេស​ចិន បង្កើត​ឡើង​សំដៅ​គ្រប់គ្រង​លំហ​សមុទ្រ​ដ៏​ធំ​មួយ​នេះ​ក្នុង​តំបន់​អាស៊ី។

ប្រទេស​បួន​ក្នុង​សមាគម​អាស៊ាន​ដែល​ទាត់​ចោល​ផែនទី​សមុទ្រ​ចិន​ខាងត្បូង មាន​ប្រទេស​ឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម និង​ម៉ាឡេស៊ី។

សេចក្ដី​ថ្លែងការណ៍​របស់​ប្រទេស​ទាំង ៤ នេះ បាន​ទាមទារ​ថា បើ​ចិន​ត្រូវការ​ផែនទី​សមុទ្រ​ចិន​ខាងត្បូង គឺ​ក្រុង​ប៉េកាំង ត្រូវ​ចូល​តុ​ចរចា ហើយ​បង្កើត​គំនិត​រួម​គ្នា និង​លាតត្រដាង​ផែនទី​ដែល​គូស​រួម​គ្នា​នេះ​នៅ​លើ​តុ​តែ​មួយ ដោយ​មិន​ធ្វើ​ឡើង​ជា​ឯកតោភាគី​នោះ​ទេ។

ចំណែក​ប្រទេស​ឥណ្ឌា បញ្ជាក់​ថា ផែនទី​របស់​ចិន​អំពី​សមុទ្រ​ចិន​ខាងត្បូង ឃើញ​ផ្ទៃ​សមុទ្រ​នៃ​រដ្ឋ​ចំនួន ២ របស់​ឥណ្ឌា ដូចជា​រដ្ឋ Arunachal Pradesh និង​រដ្ឋ Aksai Chin ឃើញ​ថា​មាន​ក្នុង​ផែនទី​នេះ​ដែរ។ ជាមួយ​គ្នា​នេះ សម្រាប់​កោះ​តៃវ៉ាន់ ក៏​បាន​អះអាង​ដែរ​ថា ដែន​កោះ​របស់​ខ្លួន​មាន​នៅ​តំបន់​នៃ​ប្រជុំ​កោះ​ប៉ារ៉ាហ្សែល និង​ប្រជុំ​កោះ​ស្ព្រាតលី ក៏​មាន​ក្នុង​ផែនទី​ឆ្នាំ​២០២៣ របស់​ចិន​ដែរ។ ករណី​នេះ តៃវ៉ាន់​ប្រឆាំង​ក្រុង​ប៉េកាំង​ដោយ​ទាមទារ​ថា ដែនទឹក​កំពុង​មាន​ជម្លោះ គឺ​មិន​ត្រូវ​មាន​ការ​កំណត់​ដោយ​ឯកតោភាគី​នោះ​ទេ។

តែ​សម្រាប់ Vietnam, Philippines, Malaysia, Indonesia និង Brunei ដែល​មាន​ជម្លោះ​ជាមួយ​ចិន​ករណី​សមុទ្រ​ចិន​ខាងត្បូង បាន​ទាមទារ​ឱ្យ​ចិន​មក​ចូល​តុ​ចរចា។ ចំពោះ​ឥណ្ឌា វិញ ប្រកាស​ថា​ក្រុង​ប៉េកាំង គ្មាន​មូលដ្ឋាន​ច្បាប់​អន្តរជាតិ​ណា​មួយ​ដែល​ឱ្យ​ចិន​ធ្វើ​ដូចនេះ​បាន​ទេ។

សម្រាប់​ក្រុង​ញូវដេលី ព្រមាន​ក្រុង​ប៉េកាំង ថា កុំ​សំអាង​ផែនទី​ដែល​ខុស​ច្បាប់​នេះ​ដោយ​បំពាន​ដែន​ទឹក​របស់​ឥណ្ឌា គឺ​អាច​នាំ​ទៅ​រក​ជម្លោះ។

រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា លោក Jaishankar បាន​ទាមទារ​ឱ្យ​ក្រុង​ប៉េកាំង ទម្លាក់​ចោល​ផែនទី​សមុទ្រ​ដែល​បង្ក​ភាព​តានតឹង​ទាំងនេះ។ តែ​ក្រុង​ប៉េកាំង ទទូច​ឱ្យ​ឥណ្ឌា ព្យាយាម​អត់ធ្មត់​ដោយ​កុំ​ព្យាយាម​បកស្រាយ។

ទំនាក់ទំនង​រវាង​ចិន និង​ឥណ្ឌា បាន​សោះ​អង្គើយ​ខ្លាំង​ដោយសារ​បញ្ហា​ព្រំដែន​ដែល​មាន​ជម្លោះ ហើយ​ភាព​តានតឹង​ក្នុង​រយៈពេល ៣​ឆ្នាំ​កន្លងមក​នេះ គឺ​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​នៅ​ក្នុង​តំបន់ Ladakh ក្នុង​ជួរ​ភ្នំ​ហេមពាន្ត ដែល​បាន​សម្លាប់​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ជាច្រើន​នាក់។

ការ​ប៉ះទង្គិច​គ្នា​នេះ បាន​ក្លាយ​ជា​ភាព​មិន​ចាញ់​មិន​ឈ្នះ​ដែល​នាំ​ឱ្យ​ប្រទេស​ធំ​ពីរ​នេះ​ចេះ​តែ​បង្ក​ភាព​តានតឹង​ដាក់​គ្នា។ ការ​ប្រេះឆា​ក៏​បាន​កើនឡើង​ដោយសារ​ចំណង​ទាក់ទង​ខាង​ពាណិជ្ជកម្ម និង​យុទ្ធសាស្ត្រ​របស់​ឥណ្ឌា​ជាមួយ​សហរដ្ឋ​អាមេរិក ដែល​ជា​គូប្រជែង​ដ៏​សំខាន់​មួយ​របស់​ចិន​កាន់តែ​រីក​ធំ​ឡើង។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋាភិបាល​ក្រុង​ម៉ានីល បាន​ទាមទារ​ឱ្យ​ចិន​ពិនិត្យ​មើល​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ ឡើងវិញ ដែល​ថា​ចិន​គ្មាន​សិទ្ធិ​បង្កើត​ផែនទី​រំលោភ​យក​ដែនទឹក​របស់​ប្រទេស​ជិតខាង​ខ្លួន​នោះ​ទេ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​ហ្វីលីពីន។

ជាមួយ​នេះ ក្រសួង​ការបរទេស​វៀតណាម ដែល​តែង​រង​នូវ​ការ​ចោទ​ថា​បាន​រំលោភ​ដែនទឹក​របស់​កម្ពុជា និង​ក្រសួង​ការបរទេស​ម៉ាឡេស៊ី ដែល​ចេញ​សេចក្ដី​ថ្លែងការណ៍​ដាច់​ដោយឡែក​ពី​គ្នា បាន​លើកឡើង​ថា ផែនទី​របស់​ចិន​អំពី​សមុទ្រ​ចិន​ខាងត្បូង ពុំ​បាន​ឆ្លើយតប​ទាល់តែ​សោះ​នឹង​ច្បាប់​សមុទ្រ​អន្តរជាតិ។ ទាំង​ម៉ាឡេស៊ី និង​វៀតណាម បាន​បញ្ជូន​កំណត់​ទូត​តវ៉ា​ទៅ​កាន់​ស្ថានទូត​ចិន ប្រចាំ​នៅ​ក្រុង​កូឡាឡាំពួរ និង​ក្រុង​ហាណូយ រួច​ហើយ។

ចំណែក​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី Retno Marsudi បាន​ទាមទារ​ឱ្យ​ចិន​ត្រូវតែ​អនុវត្ត​តាម​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ ដោយ​មិន​ត្រូវ​ធ្វើ​សកម្មភាព​នាវាចរ​បំពាន​ដែនទឹក​ប្រទេស​ជិតខាង​ឡើយ។ តែ​យ៉ាងណា រដ្ឋាភិបាល​ចិន​បាន​ទទូច​ថា កោះ​តៃវ៉ាន់​ពុំ​មាន​សិទ្ធិ​តាំង​ខ្លួន​ជា​ប្រទេស​មួយ​នោះ​ទេ គឺ​មិន​ត្រូវ​ទាមទារ​ទៅ​រក​ការ​ចរចា​ឡើយ។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន Wang Wenbin បាន​ហៅ​តៃវ៉ាន់​ជា​ខេត្ត​មួយ​របស់​ចិន។ តាម​អ្នក​នាំពាក្យ​ចិន​រូប​នេះ ផែនទី​ថ្មី​ឆ្នាំ​២០២៣ នេះ ដែល​ហៅថា​ផែនទី ៩​ឆ្នូត ត្រូវ​បាន​គូស​ឡើង​ដោយ​ផ្អែក​លើ​មូលដ្ឋាន​ដែនទឹក​ប្រវត្តិសាស្ត្រ​ដែល​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ទាំងឡាយ​ដែល​ចិន​មាន​តាំងពី​រាប់​រយ​ឆ្នាំ​មក​ហើយ។

ក្រុង​ប៉េកាំង អះអាង​ថា ផែនទី​នេះ​ក៏​បាន​ឆ្លើយតប​រួច​ទៅ​ហើយ​ទៅ​នឹង​ច្បាប់​ជាតិ​របស់​ចិន និង​ច្បាប់​សមុទ្រ​អន្តរជាតិ។

កាលពី​ថ្ងៃទី​៨ សីហា ក្រសួង​ការបរទេស​ចិន បាន​ទាមទារ​សាជាថ្មី​ឲ្យ​ហ្វីលីពីន អូស​ខ្មោច​នាវា​ចម្បាំង​ហ្វីលីពីន ចេញពី​តំបន់​ថ្ម​ប៉ប្រះ​ទឹក​នោះ។ ក្រុង​ប៉េកាំង​អះអាង​ថា ខ្មោច​នាវាចម្បាំង​របស់​ហ្វីលីពីន ឈ្មោះ BRP Sierra Madre ត្រូវ​បាន​ហ្វីលីពីន​យក​ទៅ​ចត​ចោល​នៅ​តំបន់​កូន​កោះ​ថ្ម​ប៉ប្រះ​ទឹក​របស់​ចិន ដែល​មាន​ឈ្មោះ​ថា Ren’ai ដែល​ថា​ទីនោះ​ជា​ដែនទឹក​របស់​ចិន។

ក្រុង​ប៉េកាំង​អះអាង​ថា ខ្លួន​មាន​កម្មសិទ្ធិ​ស្ទើរ​ទាំងអស់ គឺ​មាន​ដល់​ទៅ ៩០% នៃ​ផ្ទៃ​ទឹក​សរុប ៣​លាន ៥​សែន​គីឡូម៉ែត្រ​ក្រឡា។

រយៈពេល​ជាង ២០​ឆ្នាំ​មក​នេះ ចិន​ព្យាយាម​ពង្រីក​ដែនទឹក​ហៀ​ចូល​ទៅ​ដែនទឹក​ប្រទេស​ក្នុង​តំបន់​មាន​ដូចជា​ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ប្រ៊ុយណេ ដោយ​សំអាង​លើ​តំបន់​ភូមិសាស្ត្រ ប្រវត្តិសាស្ត្រ និង​ផែនទី​របស់​ខ្លួន។

ក្រុង​ប៉េកាំង​បាន​យក​ផែនទី​របស់​ខ្លួន​តាំងពី​ឆ្នាំ​១៩៤០ ដែល​មាន​គំនូស ៩​ឆ្នូត ជា​សំអាង ហើយ​វាត​យក​ដែនទឹក​នៃ​ប្រទេស​ជិតខាង។ តាមរយៈ​ការ​គូស​ផែនទី​ថ្មី ចិន​បង្កើត​សំណង់​យោធា កំពង់ផែ និង​កន្លែង​ចូល​សំចត​យន្តហោះ​ចម្បាំង​រហូត​ចិន​ដាក់​ពង្រាយ​កាំភ្លើង​ធំ និង​ដំឡើង​ប្រព័ន្ធ​មីស៊ីល​នៅ​លើ​កូន​កោះ​តូច​ធំ​ទាំងនោះ ដោយ​ឈាន​ដល់​ការ​បំពាន​ដែនទឹក​នៃ​ប្រទេស​ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ហើយ​ចុងក្រោយ​គឺ​ប្រទេស​ឥណ្ឌូនេស៊ី។

ចំណែក​អាមេរិក​ជា​មហាអំណាច​ក្រៅ​តំបន់ ក៏​បាន​សម្រេច​ហក់​ចូល​ក្នុង​ជម្លោះ​ដែនទឹក​សមុទ្រ​ជាមួយ​នឹង​ចិន ផង​ដែរ។ រដ្ឋការ​របស់​ក្រុង​វ៉ាស៊ីនតោន បាន​ប្រកាស​ថា ផ្លូវ​នាវាចរ​នៅ​សមុទ្រ​ចិន​ខាងត្បូង ជា​ផ្លូវទឹក​អន្តរជាតិ ដែល​ពុំ​មាន​ប្រទេស​ណា​មួយ​ចាត់ទុក​ជា​កម្មសិទ្ធិ​ផ្ដាច់មុខ​បាន​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស