31 C
Phnom Penh

បនល្បែង​កាស៊ីណូ Top Diamond ចោទ​អ្នក​សារព័ត៌មាន​ជិត​១​ពាន់​អង្គភាព​សុំ​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​ពី​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​គ្រប់គ្រង​បនល្បែង​កាស៊ីណូ ថប​ដាយមិន (Top Diamond Casino) ក្នុង​ខេត្ត​តាកែវ ចោទ​ថា​មាន​អ្នក​សារព័ត៌មាន​ជិត ១​ពាន់​អង្គភាព (៧០០-៩០០​អង្គភាព) បាន​ទៅ​សុំ​ប្រាក់​ឧបត្ថម្ភ​ពី​បនល្បែង​របស់​ខ្លួន​ជា​ប្រចាំ​ខែ ប៉ុន្តែ​ចាប់ពី​ពេលនេះ​តទៅ បនល្បែង​អស់​លទ្ធភាព​នឹង​ឧបត្ថម្ភ​បន្ត​ទៀត​ហើយ។

អ្នក​គ្រប់គ្រង​បនល្បែង​កាស៊ីណូ ថប​ដាយមិន ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ផ្សារ ឃុំ​ភ្នំដិន ស្រុក​គិរីវង់ ខេត្ត​តាកែវ បាន​ចេញ​សេចក្តី​ជូនដំណឹង​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៨ កញ្ញា នេះ​ថា មួយ​រយៈពេល​ចុងក្រោយ​នេះ ក្រុម​អ្នក​សារព័ត៌មាន​បាន​ចូល​ទៅ​សុំ​ប្រាក់​ឧបត្ថម្ភ​ច្រើន​ហួសហេតុ​ពី​បនល្បែង​របស់​ខ្លួន ដែល​ក្នុង​មួយ​ខែៗ​ចន្លោះ​ចាប់ពី ៧០០​អង្គភាព​ទៅ​ដល់ ៩០០​អង្គភាព ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ល្បែង​ស៊ីសង​មួយ​នេះ​មិន​មាន​លទ្ធភាព​បន្ត​ផ្តល់​ជូន​ពួកគេ​ទៀត​បាន​ទេ។

ប្រភព​ដដែល​លើកឡើង​ថា ដោយសារតែ​បនល្បែង​គ្មាន​លទ្ធភាព​នឹង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​អង្គភាព​សារព័ត៌មាន​ទាំងនោះ​បន្ត​ទៀត ដូច្នេះ​ចាប់ពី​ថ្ងៃទី​៥ ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ​ត​ទៅ ក្រុមហ៊ុន​ប្រកាស​ថា​នឹង​មិន​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​អ្នក​សារព័ត៌មាន​ទាំងអស់​នោះ​ទៀត​ឡើយ។

អ្នក​គ្រប់គ្រង​បនល្បែង​កាស៊ីណូ ថប​ដាយមិន បញ្ជាក់​ថា កន្លងមក ក្រុមហ៊ុន​ល្បែង​ស៊ីសង​របស់​ខ្លួន​ធ្លាប់​បាន​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ជា​លក្ខណៈ​មនោសញ្ចេតនា​សម្រាប់​បាយ ទឹក និង​ថ្លៃ​សាំង ជាដើម ដល់​អ្នក​សារព័ត៌មាន​ទាំងអស់​ដែល​បាន​ឆ្លងកាត់​ទីតាំង​បនល្បែង​របស់​ខ្លួន បើ​ទោះបីជា​តិច​ក្តី ច្រើន​ក្តី ទៅ​តាម​លទ្ធភាព​របស់​ក្រុមហ៊ុន មិន​ដែល​អាក់ខាន​ម្តង​ណា​ឡើយ ប៉ុន្តែ​នៅ​ពេលនេះ ក្រុមហ៊ុន​លែង​មាន​លទ្ធភាព​ធ្វើ​បែប​នេះ​ទៀត​ហើយ។

ការ​ចេញ​សេចក្តី​ជូនដំណឹង​នេះ ត្រូវ​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​លើកឡើង​ថា ទំនង​ជា​មាន​ការ​ឃុបឃិត​គ្នា​រវាង​អ្នក​សារព័ត៌មាន​ដែល​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ទាំងនោះ​ជាមួយ​កាស៊ីណូ​មួយ​នេះ ដើម្បី​លាក់​បាំង​អំពើ​ទុច្ចរិត​ដែល​បនល្បែង​នេះ​បាន​ប្រព្រឹត្ត​កន្លងមក។

រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​កាលពី​ពេល​កន្លងទៅ​ថា សព្វថ្ងៃ​នេះ អង្គភាព​សារព័ត៌មាន​ជាតិ និង​បរទេស​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ព័ត៌មាន មាន​ចំនួន​ជាង ២​ពាន់​អង្គភាព (២១៥៤​អង្គភាព) ដែល​កំពុង​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​តាម​បែប​បុរាណ និង​បែប​ទំនើប​ទៅ​តាម​លទ្ធភាព​របស់​ពួកគេ​រៀងៗ​ខ្លួន។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​៦ ខែ​កញ្ញា ឆ្នាំ​២០២៣ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក នេត្រ ភក្ត្រា បាន​លើកឡើង​ក្នុង​ពិធី​ជួប​ជាមួយ​តំណាង​អង្គការ​យូណេស្កូ (UNESCO) នៅ​កម្ពុជា ថា ក្រសួង​ព័ត៌មាន​តែង​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ក្នុង​វិស័យ​សារព័ត៌មាន ដើម្បី​ពង្រឹង​គុណភាព និង​ផ្តល់​ផល​ប្រយោជន៍​សម្រាប់​សាធារណជន។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ប្រសិនបើ​សេចក្តី​ជូនដំណឹង​របស់​បនល្បែង​កាស៊ីណូ ថប​ដាយមិន គឺ​ជា​ការពិត នោះ​គឺ​បង្ហាញ​ថា​អំពើពុករលួយ​ក្នុង​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា​កំពុងតែ​កើន​ឡើង​ធ្ងន់ធ្ងរ ខណៈ​បនល្បែង​នានា និង​កន្លែង​ប្រកប​អាជីវកម្ម​មិន​ស្រប​ច្បាប់​ដទៃ​ទៀត​ក៏​ច្បាស់​ជា​កើត​មាន​នូវ​អំពើពុករលួយ​បែប​នេះ​ដូច​គ្នា​ដែរ។

ប្រភព​ដដែល​អះអាង​ថា អំពើពុករលួយ​ទាំងនេះ​បាន​កើតឡើង​ដោយសារតែ​រដ្ឋាភិបាល​កម្ពុជា​ប្រើ​យុទ្ធនាការ​បំបិទ​សំឡេង​សារព័ត៌មាន​ឯករាជ្យ​កន្លងមក និង​បើក​ដៃ​ឱ្យ​សារព័ត៌មាន​ដែល​មាន​និន្នាការ​គាំទ្រ​ខ្លួន ធ្វើ​សកម្មភាព​ដោយ​សេរី ខណៈ​អង្គភាព​សារព័ត៌មាន​ខ្លះ​បាន​ប្រើ​ឥទ្ធិពល និង​អំណាច​របស់​ខ្លួន​ដែល​មាន​សែស្រឡាយ​បក្ខពួក​ក្នុង​ជួរ​រដ្ឋាភិបាល ជំរិត​ទារ​ប្រាក់​ពី​កន្លែង​ប្រកប​អាជីវកម្ម​នានា ជា​ថ្នូរ​នឹង​ការ​មិន​ចុះផ្សាយ​នូវ​អំពើ​ខុស​ច្បាប់​របស់​ម្ចាស់​អាជីវកម្ម​ខុស​ច្បាប់​ទាំងនោះ។

អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Borders) បាន​ដាក់​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២២ ស្ថិត​ក្នុង​លំដាប់​លេខ​រៀង​ទី​១៤២ ក្នុង​ចំណោម​ប្រទេស​១៨០ ដែល​ចំណាត់ថ្នាក់​នេះ​បង្ហាញ​អំពី​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​នៅតែ​មិន​អាច​ងើប​ចេញពី​ចំណាត់ថ្នាក់​មិន​ល្អ​ដដែល ខណៈ​សារព័ត៌មាន​ឯករាជ្យ វីអូឌី ដែល​ជា​សារព័ត៌មាន​ឯករាជ្យ​សេសសល់​ចុងក្រោយ ក៏​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​បិទ​ទាំងស្រុង​នៅ​ចុង​ឆ្នាំ​២០២២ ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស