28.7 C
Phnom Penh

សកម្មជន​សង្គម​លោក នី ណាក់ ត្រូវ​ជន​មិន​ស្គាល់​វាយ​នឹង​ដំបង​ដែក​ត្រង់​ក្បាល​បំណង​ធ្វើ​ឃាត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​សង្គម​លោក នី ណាក់ ត្រូវ​ជន​មិន​ស្គាល់​មុខ​ជិះ​ម៉ូតូ​បុក​ពី​ក្រោយ​ឱ្យ​ដួល ហើយ​នាំគ្នា​ចុះ​មក​វាយ​នឹង​ដំបង​ដែក​ត្រង់​ក្បាល និង​កន្លែង​ផ្សេង​ទៀត​បណ្តាល​ឱ្យ​ចេញ​ឈាម​ស្រោច​លើ​ដងខ្លួន ក្នុង​បំណង​ធ្វើ​ឃាត​រូបលោក នៅ​ថ្ងៃទី​១២ ខែ​កញ្ញា នេះ ហើយ​ស្ថានភាព​របស់​លោក​នៅ​ពេលនេះ​កំពុង​ស្ថិត​ក្នុង​ការ​សង្គ្រោះ​បន្ទាន់​នៅឡើយ។

ភរិយា​របស់​លោក នី ណាក់ សរសេរ​លើ​គណនី​ហ្វេសប៊ុក​ឈ្មោះ IMAN-KH ដែល​ជា​គណនី​ហ្វេសប៊ុក​របស់​លោក នី ណាក់ ផ្ទាល់​នៅ​ថ្ងៃទី​១២ កញ្ញា នេះ​ថា នៅ​រសៀល​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ មាន​ជន​មិន​ស្គាល់​មុខ​ជិះ​ម៉ូតូ​ប្រដាប់​ដោយ​ដំបង​ដែក ប៉ុនប៉ង​ធ្វើ​ឃាត​ប្តី​របស់​ខ្លួន​អំឡុង​ពេល​ដែល​អ្នកស្រី និង​ប្តី​របស់​អ្នកស្រី​កំពុង​ជិះ​ម៉ូតូ​ចេញពី​ឃ្លាំង​ជីកំប៉ុស​នៅ​ព្រែកថ្មី ជិត​វត្ត​ចំពុះក្អែក ត្រឡប់​ទៅ​ផ្ទះ​វិញ។

ភរិយា​របស់​លោក នី ណាក់ អះអាង​ថា នៅ​ពេលនេះ ស្វាមី​របស់​អ្នកស្រី​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​កន្លែង​ឈ្មោះ ណាត្រា បឹងទំពន់ ស្ថិត​នៅ​លើ​ផ្លូវ​លេខ​៣៧១ ដែល​មាន​របួស​ធ្ងន់ធ្ងរ​ត្រង់​ក្បាល និង​របួស​កន្លែង​ផ្សេង​ទៀត ដូច្នេះ​អ្នកស្រី​សូម​អំពាវនាវ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច ជួយ​រក​ជន​ដៃ​ដល់​ដើម្បី​ចាប់​ខ្លួន​មក​ផ្ដន្ទាទោស​ចំពោះ​មុខ​ច្បាប់។

ការ​បង្ក​ហិង្សា​ដល់​សកម្មជន​សង្គម​លោក នី ណាក់ នៅ​ពេលនេះ គឺជា​លើក​ទី​មួយ​ហើយ​ក្នុង​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត ដែល​ទង្វើ​បែប​នេះ​បាន​កើតឡើង​រាប់​មិន​អស់​ក្នុង​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន។

ក្នុង​រយៈពេល​ចុងក្រោយ​នេះ លោក នី ណាក់ បាន​រិះគន់​លើ​រដ្ឋាភិបាល​បក្ស​កាន់​អំណាច​ជា​បន្តបន្ទាប់​ចំពោះ​មន្ត្រី​អសកម្ម និង​ការ​តែងតាំង​មន្ត្រី​តាម​ក្រសួង​ស្ថាប័ន​ច្រើន​ហួសហេតុ ក្នុង​នោះ​កាលពី​ថ្ងៃទី​១១ ខែ​កញ្ញា នេះ លោក នី ណាក់ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ថា លោក​ធ្លាប់​ជាប់​គុក ១៨​ខែ​ពី​ការ​និយាយ​អំពី​កសិកម្ម​មាន់​ពាក់​ម៉ាស់ ដូច្នេះ​លោក​មិន​អាច​នៅ​ស្ងៀម​បាន​ទេ​ចំពោះ​ពួក​មន្ត្រី​កសិកម្ម​ដែល​ធ្វើការ​ដើម្បី​តែ​ដេក​ស៊ី​ប្រាក់ខែ​ដែល​ពលរដ្ឋ​បង់​ពន្ធ។

លោក នី ណាក់ បញ្ជាក់​ថា លោក​នៅតែ​ជា​ដៃគូ​ប្រជែង​ជាមួយ​មន្ត្រី​កសិកម្ម​ជានិច្ច ហើយ​លោក​ក៏​រង់ចាំ​មើល​ការ​រីកចម្រើន​របស់​កសិករ​ដែរ ព្រោះ​ថា​រូបលោក​លក់​តែ​ជី លក់​តែ​ផលិតផល​កសិកម្ម​ទេ ប៉ុន្តែ​លោក​មិន​លក់​ក្បាល​ឡើយ។

ទាក់ទិន​នឹង​បញ្ហា​នេះ សកម្មជន​បរិស្ថាន កញ្ញា ភួន កែវរស្មី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​មុន​នេះ​បន្តិច​ថា ករណី​ហិង្សា​ក្រៅ​ប្រព័ន្ធ​ច្បាប់​មក​លើ​ប្រជាជន​ដែល​បញ្ចេញមតិ​រិះគន់​ដើម្បី​ស្ថាបនា​រដ្ឋាភិបាល បាន​ទទួល​នូវ​ភាព​អយុត្តិធម៌​ជា​ទីបំផុត ហើយ​ទង្វើ​នេះ​បាន​គំរាមកំហែង​ដល់​សុវត្ថិភាព​ក្នុង​ការ​រស់នៅ​យ៉ាង​ធ្ងន់ធ្ងរ​មក​លើ​សកម្មជន​សង្គម​ទាំងអស់​នៅ​ពេលនេះ។

កញ្ញា ភួន កែវរស្មី បញ្ជាក់​ថា ដើម្បី​បង្ហាញ​ភាព​ស្អាតស្អំ រដ្ឋាភិបាល​ត្រូវតែ​ស្វែងរក​ជន​ដៃ​ដល់​ជា​បន្ទាន់ និង​ផ្តល់​យុត្តិធម៌​ដល់​លោក នី ណាក់ ព្រមទាំង​ជន​រងគ្រោះ​ដែល​មិនទាន់​ទទួល​បាន​យុត្តិធម៌​ដទៃ​ទៀត​ចំពោះ​ករណី​ហិង្សា​ក្រៅ​ប្រព័ន្ធ​ច្បាប់​ដែល​តែងតែ​កើតឡើង​នា​ពេល​កន្លងមក។

ចំណែក​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ អ៊ុំ សំអាន លើកឡើង​ថា របប​លោក ហ៊ុន ម៉ាណែត ក៏​សាហាវ​ឃោរឃៅ​ដូច​របប​ឪពុក​របស់​គាត់ គឺ​លោក ហ៊ុន សែន ដែរ បន្ទាប់ពី​លោក នី ណាក់ បាន​រិះគន់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ចុងក្រោយ​នេះ។ លោក​បន្ថែម​ថា ការ​ដេញ​តាម​វាយ​សកម្មជន​បក្ស​ប្រឆាំង​បាន​កើត​ឡើង​ជាង ៥០​ករណី​ហើយ ប៉ុន្តែ​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​បក្ស​កាន់​អំណាច មិន​ដែល​រក​ឃើញ​ជនល្មើស​ម្តង​ណា​ឡើយ។

លោក អ៊ុំ សំអាន បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​តែ​អ្នក​ដែល​ចុះចូល​ប៉ុណ្ណោះ ប៉ុន្តែ​អ្នក​ដែល​ចាកចេញ គឺ​មិន​អាច​ចេញ​បាន​ទេ។ ជាង​នេះ​ទៀត បើ​ចេញ​មក​ហើយ រិះគន់​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទៀត​នោះ ច្បាស់​ជា​ត្រូវ​រង​នូវ​ការ​ប្រើ​អំពើ​ហិង្សា​ដូចជា​លោក នី ណាក់ ឬ​ជាប់​គុក​ជា​មិនខាន។

ទាក់ទិន​នឹង​បញ្ហា​នេះ សង្គម​ស៊ីវិល​ធ្លាប់​បាន​បង្ហាញ​ទិន្នន័យ​របស់​ខ្លួន​ថា ចាប់តាំងពី​ដើម​ឆ្នាំ​២០១៩ មក សកម្មជន​សង្គម សកម្មជន​នយោបាយ​ត្រូវ​ជន​មិន​ស្គាល់​មុខ​លប​វាយប្រហារ​បណ្តាល​ឲ្យ​មាន​របួស​ជា​បន្តបន្ទាប់ រហូត​មាន​អ្នក​ខ្លះ​បាក់​ដៃ បាក់​ជើង បាក់​ឆ្អឹងជំនីរ បែក​ក្បាល ជាដើម ខណៈ​សំណុំរឿង​ទាំងនោះ​មិន​ត្រូវ​បាន​សមត្ថកិច្ច​រដ្ឋាភិបាល​លោក ហ៊ុន សែន បើក​ការ​ស៊ើបអង្កេត​វែក​មុខ​រក​ជន​ដៃ​ដល់​ទាំងនោះ​ឡើយ ទោះ​មាន​ខ្សែ​វីដេអូ​តាម​កាមេរ៉ា​សុវត្ថិភាព​បង្ហាញ​ពី​ភិនភាគ​ជនល្មើស​ទាំងនោះ​ក៏ដោយ។

ទាក់ទិន​នឹង​ករណី​នេះ អ្នក​នាំពាក្យ​អង្គការ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ធ្លាប់​បាន​លើកឡើង​ថា មហិច្ឆតា​មនុស្ស បើ​គ្មាន​ច្បាប់​គ្រប់គ្រង​ទេ គឺ​មិន​ខុស​ពី​សត្វ​ឡើយ ពួកគេ​តែង​ប្រើ​សាច់ដុំ​ធំ ចង្កូម​វែង ដើម្បី​ការពារ​អំណាច និង​ឥទ្ធិពល​របស់​ពួកគេ។

លោក ស៊ឹង សែនករុណា លើក​ការ​ប្រៀបធៀប​ថា សត្វ​ដំរី​ដែល​មាន​មាឌ​ធំ​ត្រូវតែ​យក​ច្រវាក់​ទៅ​ចង មិន​មែន​យក​អំបោះ​ទៅ​ចង​នោះ​ទេ ដូច្នេះ​ដូច​មនុស្ស​ដែល​មាន​អំណាច​ត្រូវតែ​យក​ច្បាប់​ដ៏​រឹងមាំ​ទៅ​ចង ទើប​អាច​ទប់ស្កាត់​សកម្មភាព​រំលោភ​បំពាន​សិទ្ធិមនុស្ស​នានា​របស់​ពួកគេ​មាន​ប្រសិទ្ធភាព៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស