40.8 C
Phnom Penh

សង្គម​ស៊ីវិល​ទទូច​ឱ្យ​រដ្ឋាភិបាល​ស្វែងរក​ក្រុម​ជន​ដៃ​ដល់​ដែល​ប្រើ​ហិង្សា​លើ​លោក នី ណាក់ មក​ផ្ដន្ទាទោស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទទូច​ទៅ​រដ្ឋាភិបាល និង​សមត្ថកិច្ច ត្រូវ​ស្វែងរក​ជន​ក្រុម​ជន​ដៃ​ដល់​ដែល​ប្រើ​អំពើ​ហិង្សា​លើ​លោក នី ណាក់ យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ដើម្បី​បញ្ចប់​ការ​រិះគន់​ទៅ​លើ​រដ្ឋាភិបាល​ថ្មី​ពី​សំណាក់​សាធារណជន ខណៈ​មាន​ការ​សង្ស័យ​ថា​ជា​ការ​រៀបចំ​ទុក​ជា​មុន។

ការ​ទាមទារ​នេះ ធ្វើឡើង​បន្ទាប់ពី​សកម្មជន​សង្គម​លោក នី ណាក់ កាលពី​ថ្ងៃទី​១២ ខែ​កញ្ញា ត្រូវ​ជន​មិន​ស្គាល់​មុខ​ជិះ​ម៉ូតូ​បុក​ពី​ក្រោយ​ឲ្យ​ដួល ហើយ​នាំគ្នា​ចុះ​មក​វាយ​នឹង​ដំបង​ដែក​ត្រង់​ក្បាល និង​កន្លែង​ផ្សេង​ទៀត​បណ្តាល​ឲ្យ​ចេញ​ឈាម​ស្រោច​លើ​ដងខ្លួន​ក្នុង​បំណង​ធ្វើ​ឃាត​រូបលោក។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ថា អំពើ​ហិង្សា​ទៅ​លើ​លោក នី ណាក់ អាច​ជា​ការ​រៀបចំ​ទុក​ជា​មុន ទើប​បាន​ដឹង​ពី​ការ​ធ្វើ​ដំណើរ​របស់​លោក ហើយ​បង្ក​ជា​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ឈាន​ទៅ​រក​ការ​ធ្វើ​ឃាត​តែម្ដង។

លោក​បន្ត​ថា ការ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ធ្វើ​ការ​វាយដំ​យ៉ាង​ធ្ងន់ធ្ងរ​បែប​នេះ គឺ​ក្នុង​បំណង​ចង់​សម្លាប់​តែម្តង ពីព្រោះ​ក្រុម​ជន​ដៃ​ដល់​ដែល​ប្រើ​អំពើ​ហិង្សា​នេះ គឺ​ពួកគេ​សំដៅ​វាយ​លើ​ក្បាល​របស់​លោក នី ណាក់។ មួយ​វិញ​ទៀត ការ​ដែល​លោក​ចាត់ទុក​ការ​ប្រើ​អំពើ​ហិង្សា​លើ​លោក នី ណាក់ ជា​ការ​រៀបចំ​ទុក​នោះ ដោយសារ​មុន​ពេល​លោក នី ណាក់ រង​នូវ​អំពើ​ហិង្សា​នេះ លោក​បាន​បញ្ចេញមតិ​រិះគន់​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ដែល​ផ្ដោត​ទៅ​លើ​វិស័យ​កសិកម្ម។

តែ​យ៉ាងណា លោក ស៊ឹង សែនករុណា ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ធ្វើការ​ស្រាវជ្រាវ និង​ស៊ើប​អង្កេត​ចាប់​ខ្លួន​ក្រុម​ជន​ដៃ​ដល់​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ដើម្បី​បញ្ចៀស​ការ​រិះគន់​ពី​សាធារណជន ខណៈ​ការ​ប្រើ​អំពើ​ហិង្សា​នេះ​ជា​ការ​រៀបចំ​ទុក​ជា​មុន ក្នុង​បំណង​បំបាក់​ស្មារតី​សកម្មជន​សង្គម​ដែល​ហ៊ាន​និយាយ​រិះគន់​អំពី​បញ្ហា​សង្គម បើ​ទោះបីជា​ការ​បញ្ចេញ​នេះ​ជា​សិទ្ធិ​ស្រប​ច្បាប់​ក្ដី។

នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព បាន​សរសេរ​លើ​ហ្វេសប៊ុក​ថា ក្នុង​ស្ថានភាព​ណា​ក៏ដោយ ដោយ​ហេតុផល​នយោបាយ ឬ​មិន​នយោបាយ​ក្តី អាជ្ញាធរ​រដ្ឋ​ត្រូវ​ធានា​សន្តិសុខ​ដល់​គ្រប់​ពលរដ្ឋ។

អ្នកស្រី​ថា នៅ​ពេល​មាន​ករណី​វាយប្រហារ​បែប​នេះ អាជ្ញាធរ​គួរ​ស្វះស្វែង​រក​ជនល្មើស​មក​ផ្ដន្ទាទោស និង​ចាត់​វិធានការ​គ្រប់គ្រាន់​ផ្តល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ និង​សាច់ញាតិ​របស់​ពួកគេ។

អ្នកស្រី ចក់ សុភាព បន្ត​ថា ប្រទេស​ដែល​តែង​ថ្លែង​អរគុណ​សន្តិភាព ប្រជាពលរដ្ឋ​គួរ​រស់នៅ​រួច​ផុត​ពី​អំពើ​ហិង្សា​ផង និង​មាន​សេរីភាព​រួច​ផុត​ពី​ការ​ភ័យខ្លាច​នានា​ផង​ដែរ។

ចំណែក​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម បាន​ចាត់ទុក​ការ​ប្រើ​អំពើ​ហិង្សា​លើ​លោក នី ណាក់ និង​អ្នក​ផ្សេងៗ​ទៀត​នា​ពេល​កន្លងមក​ក្នុង​សម័យ​អរគុណ​សន្តិភាព​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន រហូត​ដល់​លោក ហ៊ុន ម៉ាណែត នេះ ថា​ជា​សង្គម​តិរច្ឆាន​នា​សម័យ​សន្តិភាព។

ជាង​នេះ​ទៅ​ទៀត សមាគម​ចំនួន​បួន​នៅ​ថ្ងៃ​ពុធ​នេះ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​អំពើ​ហិង្សា​ពី​សំណាក់​ជន​ដៃ​ដល់​មក​លើ​សកម្មជន​នយោបាយ សកម្មជន​សង្គម​ដែល​ជា​អំពើ​អមនុស្សធម៌ រំលោភ​លើ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ការ​សម្ដែង​មតិ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។

សមាគម​ទាំង​បួន​នេះ​រួម​មាន សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ សមាគម​បណ្ដាញ​យុវជន​កម្ពុជា និង​ចលនា​មាតា​ធម្មជាតិ​កម្ពុជា។

ពួកគេ​សម្ដែង​នូវ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ទង្វើ​ហិង្សា​ដ៏​ឃោរឃៅ​បង្ក​ឡើង​ដោយ​ជន​ដៃ​ដល់ ជាពិសេស​ការ​វាយដំ​ថ្មីៗ​នេះ​មក​លើ​លោក នី ណាក់ ជា​ការ​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សិទ្ធិមនុស្ស និង​សេរីភាព​របស់​ពលរដ្ឋ។

សមាគម​ទាំងនេះ​ព្រមាន​ថា អំពើ​ហិង្សា​ពី​ជន​មិន​ស្គាល់​មុខ​មក​លើ​សកម្មជន​នយោបាយ សកម្មជន​សង្គម​ដែល​ជា​អំពើ​អមនុស្សធម៌​ធ្វើឡើង​ក្នុង​បរិបទ​វាយប្រហារ​ជាទូទៅ​លើ​លទ្ធភាព​របស់​ពលរដ្ឋ​កម្ពុជា ក្នុង​ការ​អនុវត្ត​សិទ្ធិ សេរីភាព​ការងារ និង​សេរីភាព​នយោបាយ។

ក្រុម​នេះ​អះអាង​ថា ការ​បង្ក្រាប​ជា​ប្រព័ន្ធ​លើ​សំឡេង​ស៊ីវិល ព្រមទាំង​ការ​យាយី​អ្នក​ស្រឡាញ់​សេរីភាព អ្នក​សកម្ម​ក្នុង​វិស័យ​នយោបាយ និង​អ្នក​ស្រឡាញ់​ប្រជាធិបតេយ្យ ជាពិសេស​ពលរដ្ឋ​ស្លូតត្រង់ ស​បង្ហាញ​ឱ្យ​ឃើញ​នូវ​ចេតនា​អាក្រក់​របស់​ជន​អគតិ​បំផ្លាញ​សណ្ដាប់ធ្នាប់​សង្គម​កម្ពុជា និង​មាន​បំណង​លុបបំបាត់​គ្រប់​ទម្រង់​នៃ​ការ​សម្ដែង​មតិ​ដោយ​សន្តិវិធី ពហុ​និយម និង​សិទ្ធិ​មូលដ្ឋាន។

ការ​ប្រើប្រាស់​អំពើ​ហិង្សា​នេះ ធ្វើឡើង​បន្ទាប់ពី​លោក នី ណាក់ បាន​រិះគន់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក ឌិត ទីណា កាលពី​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០២៣ ថា ធ្វើ​ដល់​រដ្ឋមន្ត្រី​ពី​លើ​រដ្ឋលេខាធិការ​ច្រើន​ជាង ៦០​នាក់ ប្រើ​សុទ្ធតែ​ដ្រូន​សម្រាប់​ស៊ើប​ការណ៍ ប៉ុន្តែ​រក​លេខា​ម្នាក់​មក​ធ្វើ​ឯកសារ​ផ្លូវការ​មិន​បាន។

លោក​ថា កំណត់ហេតុ​សរសេរ​ដោយ​ដៃ​បែប​នេះ តើ​នរណា​ដឹង​ថា​ជា​អ្នក​ណា​សរសេរ? ជា​រោង​ម៉ាស៊ីន​មួយ​ណា? ក្រុមហ៊ុន​ណា? អត់​មាន។ ដូច្នេះ​មាន​តែ​ធ្វើការ​យក​តែ​មុខ​សម្រាប់​ផុស​ហ្វេសប៊ុក​តែប៉ុណ្ណោះ។

ក្រៅពី​សរសេរ​រិះគន់​លោក ឌិត ទីណា ហើយ លោក នី ណាក់ ថា​បើ​ទោះបីជា​លោក​ធ្លាប់​ជាប់​គុក ១៨​ខែ​ដោយសារ​ការ​និយាយ​ពី​រឿង​កសិកម្ម​មាន់​ពាក់​ម៉ាស់​ក៏ដោយ លោក​គ្មាន​ថ្ងៃ​នៅ​ស្ងៀម​ចំពោះ​ពួក​មន្ត្រី​កសិកម្ម​ដែល​ធ្វើការ​ដើម្បី​តែ​ដេក​ស៊ី​ប្រាក់ខែ​ឡើយ។

នៅ​ថ្ងៃទី​១០ ខែ​កញ្ញា លោក នី ណាក់ បាន​សរសេរ​លើ​ហ្វេសប៊ុក​ដោយ​ស្នើ​រដ្ឋាភិបាល​ឲ្យ​បញ្ឈប់​ការ​ប្រើប្រាស់​ក្រុម​យុវជន​ដែល​ទៅ​ចុះចូល​ជាមួយ​រដ្ឋាភិបាល មក​បញ្ចុះបញ្ចូល​លោក​ទៀត ពីព្រោះ​លោក​គ្រាន់តែ​ជា​អ្នក​រកស៊ី មិន​ជាប់​ពាក់ព័ន្ធ​បក្ស​កាន់​អំណាច មិន​ជាប់​ពាក់ព័ន្ធ​បក្ស​ប្រឆាំង​ឡើយ។ ដូច្នេះ កុំ​យក​កូនក្មេង​មិនទាន់​ជ្រុះ​ពន្លៃ​មក​ចរចា​កិច្ចការ​ជាតិ​ជាមួយ​លោក វា​មិន​អាច​ឡើយ។

ក្នុង​វីដេអូ​ឃ្លីប​ជិត ២​នាទី បង្ហោះ​លើ​បណ្ដាញ​សង្គម IMan-KH នា​ថ្ងៃទី​១៣ កញ្ញា នេះ លោកស្រី សុខ ស៊ីណែត ភរិយា​របស់​លោក នី ណាក់ បាន​រៀបរាប់​ថា ស្វាមី​របស់​គាត់​ត្រូវ​បាន​ក្រុម​ជន​មិន​ស្គាល់​មុខ​ព្រួត​គ្នា​វាយ​ត្រូវ​ដៃ​ស្ដាំ ហើយ​ភ្នែក​ខាង​ស្ដាំ​ដេរ​ចំនួន ៣​ថ្នេរ ចិញ្ចើម មាត់ និង​ក្បាល​ត្រូវ​ចំនួន ៥​កន្លែង​ធ្ងន់ៗ រួម​ទាំង​ដៃ និង​ជើង​ខាង​ឆ្វេង ខណៈ​លោកស្រី​ត្រូវ​ជង្គង់​ខាង​ឆ្វេង។

លោកស្រី​អំពាវនាវ​ទៅ​អាជ្ញាធរ​ដែល​មាន​សមត្ថកិច្ច ឲ្យ​ជួយ​រក​យុត្តិធម៌​ដោយ​ស្វែងរក​ជន​ដៃ​ដល់​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ខណៈ​បច្ចុប្បន្ន ស្វាមី​របស់​គាត់​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ។

សារព័ត៌មាន The Cambodia Daily មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន បាន​នៅឡើយ​ទេ​ជុំវិញ​រឿង​នេះ។

អ្នក​ជំនាញ​ផ្នែក​កសិកម្ម លោក នី ណាក់ ធ្លាប់​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ ១៨​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ២​លាន​រៀល បន្ទាប់ពី​លោក​បាន​សរសេរ​ចំអក «ទិញ​ម៉ាស់​ពាក់​ឲ្យ​កូន​មាន់» និង​ត្រៀម​ដាក់​ទ្រុង​មាន់​ក្នុង​គ្រា​មាន​អាសន្ន អំឡុង​ពេល​កម្ពុជា និង​ពិភពលោក​ផ្ទុះ​ជំងឺ​កូវីដ-១៩ កាលពី​ចុង​ឆ្នាំ​២០១៩។

សង្គម​ស៊ីវិល​ធ្លាប់​បាន​បង្ហាញ​ទិន្នន័យ​របស់​ខ្លួន​ថា ចាប់តាំងពី​ដើម​ឆ្នាំ​២០១៩ មក សកម្មជន​សង្គម សកម្មជន​នយោបាយ ត្រូវ​ជន​មិន​ស្គាល់​មុខ​លប​វាយប្រហារ​បណ្តាល​ឲ្យ​មាន​របួស​ជា​បន្តបន្ទាប់ រហូត​មាន​អ្នក​ខ្លះ​បាក់​ដៃ​បាក់​ជើង បាក់​ឆ្អឹង​ជំនីរ បែក​ក្បាល ជាដើម។

ការ​បង្ក​ហិង្សា​លើ​សកម្មជន​សង្គម​លោក នី ណាក់ នៅ​ពេលនេះ គឺជា​លើក​ទី​១ ហើយ​ក្នុង​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត ដែល​ទង្វើ​បែប​នេះ​បាន​កើតឡើង​រាប់​មិន​អស់​ក្នុង​រដ្ឋាភិបាល​ដឹកនាំ​របស់​លោក ហ៊ុន សែន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស