34 C
Phnom Penh

ក្រុម​កូដករ​ណាហ្គា​បន្ត​ធ្វើ​កូដកម្ម​សុំ​ដំណោះស្រាយ​ពី​នាយករដ្ឋមន្ត្រី​ថ្មី​និង​រដ្ឋមន្ត្រី​ការងារ​ថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ជាង ២០​នាក់ បន្ត​ចេញ​ធ្វើ​កូដកម្ម​ដោយ​ស្នើសុំ​ឱ្យ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា និង​រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជួយ​ដោះស្រាយ​វិវាទ​ការងារ​របស់​ពួកគេ​ជាមួយ​ក្រុមហ៊ុន​ល្បែង​ស៊ីសង​ណាហ្គា​វើលដ៍ ដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​ជិត ២​ឆ្នាំ ដើម្បី​បញ្ចប់​បញ្ហា។

ក្រុម​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កាលពី​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០២៣ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ក្រុមហ៊ុន​បន​ល្បែង​ស៊ីសង​ណាហ្គា​វើលដ៍​២ ស្ថិត​ក្នុង​ភូមិ​៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ដោយ​ឈរ​លើក​បដា​ដែល​មាន​ភ្ជាប់​រូបថត​នាយករដ្ឋមន្ត្រី​ថ្មី រូបថត​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​រូបថត​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដើម្បី​ទាមទារ​ឱ្យ​ពួកគេ​ជួយ​ដោះស្រាយ​វិវាទ​ការងារ​ដែល​បាន​អូស​បន្លាយ​ដោយ​គ្មាន​ដំណោះស្រាយ​អស់​រយៈពេល​ជិត ២​ឆ្នាំ​កន្លងមក។

ក្រុម​កូដករ​ទាំងនេះ ទាមទារ​ឲ្យ​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ចេញ​មុខ​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​ឲ្យ​ពួកគេ ដើម្បី​ឱ្យ​កម្មករ​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​បញ្ឈប់​ពី​ការងារ បាន​ចូល​ធ្វើការ​វិញ និង​ស្នើសុំ​ការ​អន្តរាគមន៍​ពី​នាយករដ្ឋមន្ត្រី​ថ្មី​ឱ្យ​ជួយ​អន្តរាគមន៍​លើ​វិវាទ​នេះ ដើម្បី​បញ្ចប់​បញ្ហា ព្រមទាំង​ស្នើ​ឲ្យ​តុលាការ​ដោះលែង​ប្រធាន​សហជីព កញ្ញា ឈឹម ស៊ីថរ និង​ទាមទារ​ឱ្យ​ទម្លាក់​ចោល​រាល់​បទ​ចោទប្រកាន់​ទាំងអស់​លើ​សមាជិក​សហជីព​ដែល​កំពុង​រង​នូវ​ការ​ចោទប្រកាន់​ទាំង​អយុត្តិធម៌​សព្វថ្ងៃ​នេះ​ផង​ដែរ។

ការ​ទាមទារ​នេះ ធ្វើឡើង​ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា​ជួយ​ដោះស្រាយ​វិវាទ​ការងារ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដែល​បាន​បន្ត​អូស​បន្លាយ​តាំងពី​នាយករដ្ឋមន្ត្រី​ចាស់​រហូត​ដល់​នាយករដ្ឋមន្ត្រី​ថ្មី​អស់​រយៈពេល​ជិត ២​ឆ្នាំ​កន្លងមក​នេះ។

ចាប់តាំងពី​ផ្ទុះ​ការ​តវ៉ា​កាលពី​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២១ មក តំណាង​ក្រុម​កូដករ​បាន​ស្វែងរក​ការ​ចរចា​ជាមួយ​តំណាង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ជាច្រើន​លើក​ច្រើនសា និង​បាន​ដាក់​ញត្តិ​ទៅ​ក្រសួង​ការងារ ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ក៏ដូចជា​ភាគី​ពាក់ព័ន្ធ​ផង​ដែរ ប៉ុន្តែ​រហូត​មក​ទល់​នឹង​ពេលនេះ មិន​ទាន់​មាន​ដំណោះស្រាយ​ណា​មួយ​ដើម្បី​បញ្ចប់​វិវាទ​នេះ​នៅឡើយ​ទេ។

ជាង​នេះ​ទៀត សហភាព​សហព័ន្ធ សម្ព័ន្ធ​សហជីព សហជីព​មូលដ្ឋាន និង​អង្គការ​សមាគម​ដែល​ធ្វើការ​លើ​វិស័យ​ការពារ​សិទ្ធិមនុស្ស និង​លើក​កម្ពស់​សិទ្ធិ​ការងារ ក៏​បាន​ស្នើ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​រក​ដំណោះស្រាយ​បញ្ចប់​វិវាទ​នេះ​ដែរ ប៉ុន្តែ​គ្មាន​ស្ថាប័ន​ណា​មួយ​ចេញ​មុខ​ដោះស្រាយ​ដើម្បី​បញ្ចប់​វិវាទ​នេះ​ឡើយ។

ទាក់ទិន​នឹង​បញ្ហា​នេះ គេ​សង្កេត​ឃើញ​ថា ក្រោយ​រដ្ឋាភិបាល​ថ្មី​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត លេច​ចេញ​ជា​រូបរាង​ចាប់តាំងពី​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២៣ មក នាយករដ្ឋមន្ត្រី​ថ្មី​រូប​នេះ​មិន​ដែល​លើកឡើង​ពី​វិវាទ​ការងារ​នៃ​ក្រុម​កូដករ​ណាហ្គា​វើលដ៍​ម្តង​ណា​ឡើយ បើ​ទោះបីជា​លោក ហ៊ុន ម៉ាណែត អះអាង​ថា រដ្ឋាភិបាល​ថ្មី​របស់​លោក​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​ពី​សុខ​ទុក្ខ និង​ជីវភាព​របស់​កម្មករ​ក៏ដោយ។

កាលពី​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០២១ កន្លងទៅ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​ទើប​នឹង​ឡើង​កាន់​តំណែង លោក ហេង សួរ បាន​ចោទ​កម្មករ​និយោជិត​ថា ការ​តវ៉ា​របស់​កម្មករ​និយោជិត​ទាំងនោះ គឺជា​បច្ចេកទេស​មួយ​ដែល​រៀបចំ​ចលនា​បដិវត្តន៍​ពណ៌​ប៉ុណ្ណោះ ប៉ុន្តែ​ការ​ចោទប្រកាន់​នេះ​ត្រូវ​រង​ការ​រិះគន់​ពី​មហាជន​យ៉ាង​ចាស់ដៃ រហូត​ធ្វើ​ឱ្យ​លោក ហេង សួរ លុប​សំណេរ​នោះ​ចេញពី​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​វិញ។

ជាង​នេះ​ទៀត ឪពុក​នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​លោក ហ៊ុន សែន កាលពី​ខែ​មិថុនា ឆ្នាំ​២០២៣ បាន​លើកឡើង​ថា អតីត​បុគ្គលិក​ណាហ្គា​វើលដ៍​ដែល​នៅ​សេសសល់ គួរតែ​បញ្ឈប់​សកម្មភាព​តវ៉ា​បន្ត​ទៀត​ទៅ ព្រោះ​ថា​មិនមែន​លោក​មិន​ដឹង​ថា​ពួកគេ​កំពុង​ស៊ីឈ្នួល​បាតុកម្ម​នោះ​ទេ។

លោក ហ៊ុន សែន លើក​ជា​សំណួរ​ថា កម្មករ​ដែល​អត់​មាន​ការងារ​ធ្វើ​សោះ តែ​មាន​លទ្ធភាព​ធ្វើ​បាតុកម្ម​រយៈពេល​ជិត ២​ឆ្នាំ ដោយ​មិន​ចាំបាច់​ធ្វើ​ការងារ តើ​ជា​រឿង​ដែល​ទៅ​រួច​ដោយ​របៀប​ណា។ លោក​បន្ថែម​ថា នេះ​គឺ​ដោយសារ​មាន​អ្នក​ជួល​នៅ​ពី​ក្រោយ​ខ្នង​ឱ្យ​កម្មករ​ទាំងនោះ​ធ្វើ​បាតុកម្ម​ប៉ុណ្ណោះ។

ទោះជា​បែប​នេះ​ក្តី ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​ចោទប្រកាន់​របស់​លោក ហ៊ុន សែន លើ​ក្រុម​កូដករ​ទាំងនោះ គ្រាន់តែ​លេស​ដើម្បី​គេចវេះ​ពី​ការ​ទទួល​ខុសត្រូវ​ក្នុង​ការ​ដោះស្រាយ​វិវាទ​នេះ​ប៉ុណ្ណោះ ព្រោះ​ថា​នរណា​ក៏​គេ​ដឹង​ដែរ​ថា ក្រុមហ៊ុន​ល្បែង​ស៊ីសង​ណាហ្គា​វើលដ៍ ក៏​មាន​ភាគហ៊ុន​មួយ​ចំណែក​ធំ​របស់​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​ដែរ ដូច្នេះ​ការ​ខាតបង់​របស់​ក្រុមហ៊ុន​ល្បែង​មួយ​នេះ ក៏​ជា​ការ​ខាតបង់​ទ្រព្យសម្បត្តិ​របស់​លោក ហ៊ុន សែន ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស