35 C
Phnom Penh

គណបក្ស​ប្រជាធិបតេយ្យ​នៅ​ភូមា​អំពាវនាវ​ទៅ​សហគមន៍​អន្តរជាតិ​ជួយ​រំដោះ​អ្នកស្រី ស៊ូជី ជាបន្ទាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) នៃ​ប្រទេស​ភូមា ដែល​ពួក​យោធា​ផ្ដួល​រំលំ​ក្នុង​ព្រឹត្តិការណ៍​រដ្ឋប្រហារ​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០២១ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ចុងក្រោយ​មួយ​ទៀត ដោយ​អំពាវនាវ​ទៅ​កាន់​សហគមន៍​អន្តរជាតិ ជួយ​រំដោះ​អ្នកស្រី អ៊ុងសាន ស៊ូជី ពី​របប​សឹក ព្រោះ​អ្នកស្រី​អាច​នឹង​គ្រោះថ្នាក់​ដល់​ជីវិត។

អ្នកស្រី អ៊ុងសាន ស៊ូជី ជា​ប្រធាន​របស់​គណបក្ស​ដែល​ពួក​យោធា​ភូមា ផ្ដួល​អំណាច ខណៈ​នេះ​អ្នកស្រី​កំពុង​ត្រូវ​ឃុំ​ខ្លួន​ក្នុង​លំនៅឋាន​ដែល​ពួក​យោធា​រៀបចំ​ឡើង ក្រោយពី​ឃុំ​ខ្លួន​អ្នកស្រី​ស្ថិត​ក្នុង​ពន្ធនាគារ​ជាង ២​ឆ្នាំ។ អតីត​មេដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល​ភូមា​រូប​នេះ​ត្រូវ​បាន​តុលាការ​សឹក​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​សរុប ៣៣​ឆ្នាំ។

តាមរយៈ​សេចក្ដី​ថ្លែងការណ៍​ចេញ​ផ្សាយ​ជាបន្ទាន់​នៅ​ថ្ងៃទី​១៤ កញ្ញា នេះ បក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​បាន​សម្ដែង​ក្តី​បារម្ភ​អំពី​បញ្ហា​សុខភាព​របស់​អ្នកស្រី ព្រោះ​តែ​អ្នកស្រី​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​នេះ បក្ស​ប្រឆាំង​ធំ​ជាងគេ​ប្រឆាំង​នៅ​ភូមា បាន​ចោទ​របប​សឹក​ថា​កំពុង​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​អ្នកស្រី ស៊ូជី តាមរយៈ​ការ​ផ្តល់​របប​អាហារ និង​ការ​ព្យាបាល​មិន​គ្រប់គ្រាន់។

កាសែត​ក្នុង​ស្រុក​នៃ​ប្រទេស​ភូមា បាន​សរសេរ​ចុះផ្សាយ​ថា អ្នកស្រី ស៊ូជី តែងតែ​ឈឺ​ញឹកញាប់​ដូចជា​មាន​អាការៈ​វិល​មុខ ក្អួត​ចង្អោរ ហត់ និង​ញ៉ាំ​អ្វី​មិន​បាន ដោយសារ​ឈឺ​ធ្មេញ និង​ជំងឺ​ផ្សេងៗ​ទៀត។ អ្នកស្រី ស៊ូជី នៅ​ឆ្នាំ​២០២៣ នេះ មាន​អាយុ ៧៨​ឆ្នាំ​ហើយ។

នៅ​សប្តាហ៍​មុន កូនប្រុស​របស់​អ្នកស្រី គឺ​លោក គីម អារីស បាន​និយាយ​ថា គ្រូពេទ្យ​នៃ​របប​សឹក​មិន​បាន​យកចិត្ត​ទុកដាក់​ព្យាបាល និង​មិន​ព្រម​ផ្តល់​ថ្នាំ​ព្យាបាល​ដល់​ម្តាយ​របស់​លោក នៅ​ពេល​គាត់​កំពុង​មាន​បញ្ហា​សម្ពាធ​ឈាម​ធ្លាក់​ចុះ​ខ្សោយ​ជា​ខ្លាំង​នោះ​ទេ។ លោក គីម អារីស ជា​កូនប្រុស​អ្នកស្រី ស៊ូជី តែ​គាត់​ជា​ជនជាតិ​អង់គ្លេស ដោយសារ​អ្នកស្រី​មាន​ស្វាមី​ជា​ជនជាតិ​អង់គ្លេស។

នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារ​សារព័ត៌មាន AP លោក គីម អារីស បាន​អះអាង​ថា ម្ដាយ​របស់​លោក​ដើរ​មិន​រួច​ទេ ព្រោះ​តែ​សុខភាព​របស់​គាត់​ចុះ​ខ្សោយ​ខ្លាំង។ លោក​ទទូច​សុំ​ឱ្យ​មាន​ការ​ជួយ​ម្ដាយ​របស់​លោក​ជាបន្ទាន់។

ដោយសារ​ស្ថានភាព​ដូចនេះ គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​បាន​ស្នើ​យ៉ាង​ទទូច​ទៅ​សហគមន៍​អន្តរជាតិ ឱ្យ​រំដោះ​អ្នកស្រី ស៊ូជី ជាបន្ទាន់​ពី​របប​សឹក។

តែ​ការ​លើកឡើង​របស់​លោក គីម អារីស និង​គណបក្ស NLD ត្រូវ​បាន​របប​សឹក​ច្រាន​ចោល។ អ្នក​នាំពាក្យ​របប​សឹក​ភូមា លោក Zaw Min Tun បដិសេធ​ការ​ចោទប្រកាន់​ចំពោះ​ការ​ចុះផ្សាយ​ពី​បញ្ហា​សុខភាព​របស់​អ្នកស្រី ស៊ូជី ដែល​ចុះ​ខ្សោយ​ខ្លាំង ហើយ​ដើរ​មិន​រួច ដោយ​ចាត់ទុក​ថា​ជា​ពាក្យ​ចចាមអារ៉ាម​ប៉ុណ្ណោះ។

តាម​អ្នក​នាំពាក្យ​របប​សឹក អ្នកស្រី ស៊ូជី ពុំ​មាន​ជំងឺ​អ្វី​ទេ ដែល​លោក​អះអាង​ថា​មាន​គ្រូពេទ្យ​នៅ​ប្រចាំការ​ចាំ​ព្យាបាល​អ្នកស្រី​គ្រប់​ម៉ោង។

យ៉ាងណា បក្ស NLD ទទូច​ថា​ប្រសិនបើ​ស្ថានភាព​សុខភាព​របស់​អ្នកស្រី ស៊ូជី នៅតែ​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ និង​ប្រឈម​គ្រោះថ្នាក់​ដល់​អាយុជីវិត គឺ​របប​សឹក​ជា​អ្នក​ទទួល​ខុសត្រូវ​តែ​ម្នាក់​គត់។

គេ​នៅ​ចាំ​ថា នៅ​ក្នុង​សវនាការ​ជំនុំជម្រះ​របស់​តុលាការ​សឹក​ភូមា កាលពី​ថ្មីៗ​នេះ អ្នកស្រី ស៊ូជី ខកខាន​មិន​បាន​ចូល​ស្តាប់​សវនាការ​ដោយសារ​ហេតុផល​សុខភាព។

កាលពី​ថ្ងៃទី​១ សីហា ក្នុង​ពិធីបុណ្យ​សាសនា​ដ៏​ធំ​មួយ របប​សឹក​ភូមា​បាន​កាត់​បន្ថយ​ទោស​ទៅ​លើ​អ្នកស្រី ស៊ូជី ដោយ​ទម្លាក់​ទោស ៦​ឆ្នាំ ក្នុង​ទោស​សរុប ៣៣​ឆ្នាំ ដែល​អ្នកស្រី ស៊ូជី ត្រូវ​បាន​ចោទ​ក្នុង​សំណុំរឿង ១៩​ករណី។ ស្ត្រី​អ្នក​នយោបាយ​ភូមា​រូប​នេះ​មាន​អាយុ ៧៨​ឆ្នាំ​ហើយ ដែល​កំពុង​មាន​ទោស​ជាប់​នឹង​ខ្លួន ២៧​ឆ្នាំ​ទៀត។ រឿង​នេះ​បើ​ពួក​យោធា​មិន​មាន​ការ​លើកលែង​ទោស​ទៀត​ទេ គឺ​អ្នកស្រី ស៊ូជី គ្មាន​ផ្លូវ​មាន​សេរីភាព​ឡើងវិញ​នោះ​ទេ គឺ​រហូត​អស់​មួយ​ជីវិត។ ជាមួយ​គ្នា​នេះ បក្ស NLD ដែល​តំណាង​ឱ្យ​រដ្ឋាភិបាល​ស្រមោល​បាន​អំពាវនាវ​សុំ​ឱ្យ​សហគមន៍​អន្តរជាតិ​ជួយ​គាបសង្កត់​ពួក​យោធា ឱ្យ​ដោះលែង​អ្នកស្រី ស៊ូជី ជាបន្ទាន់ រួម​ទាំង​អ្នកទោស​មនសិការ​ទាំងអស់​ដែល​កំពុង​ជាប់​ឃុំ។

បើ​តាម​អង្គការ​សហប្រជាជាតិ អំពើ​ហិង្សា​ក្នុង​សង្គម​នៃ​របប​សឹក បាន​បណ្ដាល​ឱ្យ​ប្រជាជន​ជាង ៣០០០​នាក់​បាត់បង់​ជីវិត និង​ជាង ២​ម៉ឺន ៤​ពាន់​នាក់​ត្រូវ​ចាប់​ខ្លួន ហើយ​ជាង​មួយ​លាន​នាក់​ត្រូវ​បង្ខំ​ចិត្ត​រត់​ភៀស​ខ្លួន។

ទាំង​អង្គការ​សហប្រជាជាតិ និង​សហគមន៍​អន្តរជាតិ​មាន​ដូចជា សហរដ្ឋ​អាមេរិក សមាគម​អាស៊ាន សហភាព​អឺរ៉ុប ប្រទេស​ជប៉ុន អូស្ត្រាលី កាណាដា បាន​អំពាវនាវ​ឱ្យ​ពួក​យោធា​ដោះលែង​អ្នកទោស​នយោបាយ និង​រៀបចំ​ការ​បោះឆ្នោត​មួយ​មាន​លក្ខណៈ​សេរី និង​បើក​ចំហ។ នៅ​ក្នុង​ជំនួប​កំពូល​នៃ​មេដឹកនាំ​អាស៊ាន ក៏​មេដឹកនាំ​នៃ​សមាគម​នេះ​បាន​ទាមទារ​ឱ្យ​របប​សឹក​ត្រូវ​អនុវត្ត​គោលការណ៍​ប្រាំ​ចំណុច ដែល​ក្នុង​នោះ​ត្រូវ​ដោះលែង​អ្នកទោស​នយោបាយ​ទាំងអស់ រួម​ទាំង​អ្នកស្រី ស៊ូជី។

សម្រាប់​សហរដ្ឋ​អាមេរិក បាន​ទទូច​ថា សមាគម​អាស៊ាន​ត្រូវ​បង្ខំ​របប​សឹក​អនុវត្ត​ឱ្យ​បាន​នូវ​ការ​សន្យា​របស់​ខ្លួន ដោយ​ព្រមាន​បន្ត​ដាក់​ទណ្ឌកម្ម​ខ្លាំង​ថែម​ទៀត​ទៅ​លើ​របប​សឹក​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស