30 C
Phnom Penh

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​ចាត់​វិធានការ​តឹងរ៉ឹង​លើ​អំពើ​ឆបោក​តាម​អនឡាញ​បន្ទាប់ពី​ជនជាតិ​ជប៉ុន​ជាង​២០​នាក់​ជាប់​ពាក់ព័ន្ធ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​សមត្ថកិច្ច​ខ្មែរ​ចាត់​វិធានការ​ទៅ​លើ​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ឱ្យ​បាន​តឹងរ៉ឹង​ជា​ទីបំផុត បន្ទាប់ពី​រក​ឃើញ​ជនជាតិ​ជប៉ុន ជាង ២០​នាក់​មាន​ពាក់ព័ន្ធ​ករណី​នេះ ហើយ​ក៏​កំពុង​យក​ប្រទេស​កម្ពុជា​ធ្វើ​ជា​ទីតាំង​សម្រាប់​ប្រព្រឹត្ត​អំពើ​ល្មើស​នេះ​ដែរ។

អ្នក​ផ្តល់​ប្រឹក្សា​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៥ កញ្ញា នេះ​ថា ដើម្បី​បញ្ចៀស​ការ​ខាតបង់​ផល​ប្រយោជន៍​ផ្សេងៗ​របស់​កម្ពុជា ទាំង​ក្នុង​វិស័យ​ទេសចរណ៍ និង​វិនិយោគ គឺ​សមត្ថកិច្ច​ត្រូវតែ​ទប់ស្កាត់​ឱ្យ​បាន​ដាច់ខាត​កុំ​ឱ្យ​កើត​មាន​បទ​ឧក្រិដ្ឋ​តាម​អនឡាញ​នៅ​កម្ពុជា​បន្ត​ទៀត។ ជាង​នេះ​ទៀត ស្ថាប័ន​ពាក់ព័ន្ធ​ក៏​ត្រូវ​ត្រួតពិនិត្យ​ករណី​នេះ​ដែរ ដែល​អាច​បណ្តាល​មកពី​ការ​ប្រព្រឹត្ត​អំពើពុករលួយ​របស់​មន្ត្រី​មូលដ្ឋាន​ជាមួយ​ឧក្រិដ្ឋជន​ទាំងនោះ។

លោក សេក សុជាតិ លើកឡើង​ថា ប្រសិនបើ​សមត្ថកិច្ច​បណ្តែតបណ្តោយ​ឱ្យ​អំពើ​ឧក្រិដ្ឋ​ទាំងអស់​នេះ​កើត​មាន​ឡើង​មែន វា​មិនមែន​ជា​រឿង​ល្អ​នោះ​ទេ​សម្រាប់​រដ្ឋាភិបាល​កម្ពុជា ពីព្រោះ​វា​អាច​ជះ​ឥទ្ធិពល​អាក្រក់​ដល់​វិស័យ​ទេសចរណ៍ និង​វិស័យ​វិនិយោគ​ផ្សេងៗ ហើយ​ក៏​ធ្វើ​ឱ្យ​កម្ពុជា​ធ្លាក់​ទៅ​ក្នុង​ចំណាត់ថ្នាក់​មិន​ល្អ​នៃ​ការ​ជួញដូរ​មនុស្ស​ថែម​ទៀត ស្រប​ពេល​ដែល​កម្ពុជា​នៅ​ពេលនេះ​កំពុង​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​៣ ក្នុង​បញ្ជីខ្មៅ​នៃ​ការ​ជួញដូរ​មនុស្ស​របស់​សហរដ្ឋ​អាមេរិក​ទៅ​ហើយ​នោះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​សារព័ត៌មាន​របស់​ប្រទេស​ជប៉ុន​ជាច្រើន​បាន​ចុះផ្សាយ​ជា​បន្តបន្ទាប់​អំពី​ការ​ចាប់​ខ្លួន​ជនជាតិ​ជប៉ុន ជាង ២០​នាក់ ដោយ​សង្ស័យ​ថា ពួកគេ​បាន​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០២៣។ ទោះជា​យ៉ាងណា​ក៏ដោយ អាជ្ញាធរ​ក្រុង​ភ្នំពេញ​ច្រានចោល​នូវ​ការ​ចុះផ្សាយ​នេះ ប៉ុន្តែ​សមត្ថកិច្ច​ខ្មែរ​ក៏​មិន​ទាន់​បង្ហាញ​ពី​បទចោទ​ណា​មួយ​លើ​ក្រុម​ជនជាតិ​ជប៉ុន​ទាំងនោះ​ដែរ។

ទូរទស្សន៍ Asahi (ANN) សារព័ត៌មាន Yahoo Japan សារព័ត៌មាន Japan Today និង​សារព័ត៌មាន Japan Time ជាដើម បាន​ចុះផ្សាយ​ជា​បន្តបន្ទាប់​ពី​ករណី​ជនជាតិ​ជប៉ុន​ជាង ២០​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​កម្ពុជា ក្នុង​ទីក្រុង​ភ្នំពេញ​នោះ ដោយ​បញ្ជាក់​ថា ពួកគេ​បាន​ប្រើប្រាស់​ផ្ទះល្វែង​មួយ​កន្លែង​ដើម្បី​ធ្វើការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ។ ជាង​នេះ​ទៀត ក៏​មាន​ករណី​ដូច​គ្នា​នេះ​ជាច្រើន​ទៀត​ដែរ ដែល​បាន​កើត​ឡើង​ជា​បន្តបន្ទាប់ ដែល​ក្រុម​ទុច្ចរិត​ជនជាតិ​ជប៉ុន​ជាច្រើន​នាក់​ត្រូវ​បាន​រក​ឃើញ​ថា​កំពុង​ប្រើប្រាស់​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ធ្វើជា​កន្លែង​លាក់​ខ្លួន​ដើម្បី​ប្រព្រឹត្ត​អំពើ​ឆបោក​នេះ។

កាលពី​អំឡុង​ខែ​មេសា ឆ្នាំ​២០២៣ អាជ្ញាធរ​កម្ពុជា​បាន​និរទេស​ជនជាតិ​ជប៉ុន​ចំនួន ១៩​នាក់​ចំពោះ​ការ​សង្ស័យ​ថា បាន​ពាក់ព័ន្ធ​ក្នុង​អំពើ​ឆបោក​តាម​ទូរស័ព្ទ ហើយ​ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន​ម្តង​ទៀត​នៅ​ពេល​សមត្ថកិច្ច​កម្ពុជា​បញ្ជូន​ពួកគេ​ទៅ​ដល់​ប្រទេស​ជប៉ុន។

ទាក់ទិន​អំពើ​ឆបោក​តាម​អនឡាញ​នេះ អង្គការ​សហប្រជាជាតិ (អ.ស.ប) បាន​ចេញ​របាយការណ៍​មួយ​កាលពី​អំឡុង​ខែ​សីហា ឆ្នាំ​២០២៣ ដោយ​បង្ហាញ​ថា បច្ចុប្បន្ន​នេះ​ករណី​បោក​បញ្ឆោត​តាម​អនឡាញ​បាន​កើន​ឡើង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ចំនួន ៥ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ក្នុង​នោះ​រួម​មាន​ប្រទេស​ភូមា ដែល​មាន​តួលេខ​ខ្ពស់​បំផុត គឺ​ប្រមាណ​ជាង ១២​ម៉ឺន​នាក់ ចំណែក​នៅ​កម្ពុជា​វិញ ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ប្រមាណ​ជាង ១០​ម៉ឺន​នាក់​ផង​ដែរ។

អ្នក​នាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​លោក ឆាយ គឹមខឿន ត្រូវ​បាន​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក VOA ដកស្រង់​សម្ដី​ចុះផ្សាយ​កាលពី​ថ្ងៃទី​១៤ ខែ​កញ្ញា ថា សមត្ថកិច្ច​របស់​កម្ពុជា​ពិត​ជា​បាន​ឃាត់​ខ្លួន​ជនជាតិ​ជប៉ុន​ជាង ២០​នាក់​មែន តែ​មិនទាន់​មាន​ការ​ចោទប្រកាន់​យ៉ាងណា​នោះ​ទេ ដោយ​សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី​សាកសួរ ក្នុង​នោះ​លោក​បាន​ច្រានចោល​ព័ត៌មាន​ដែល​ថា ជនជាតិ​ជប៉ុន​ទាំងនោះ​ត្រូវ​បាន​សង្ស័យ​ថា​បាន​ប្រព្រឹត្ត​អំពើ​បោក​បញ្ឆោត​តាម​ប្រព័ន្ធ​អនឡាញ​នៅ​កម្ពុជា ប៉ុន្តែ​លោក​អះអាង​ថា ការ​ចាប់​ខ្លួន​នេះ​គឺ​ធ្វើ​ឡើង​តាម​សំណើ​របស់​ស្ថានទូត​ជប៉ុន​តែប៉ុណ្ណោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ធ្លាប់​បាន​លើកឡើង​កាលពី​ពេល​កន្លង​ទៅ​ថា ទម្រង់​នៃ​ការ​គ្រប់គ្រង​ប្រទេស​ដែល​លោក ហ៊ុន សែន និង​កូនប្រុស​របស់​គាត់​កំពុង​ដឹកនាំ​នៅ​ពេលនេះ គឺជា​របៀប​ដឹកនាំ​ដែល​យក​កម្ពុជា​ធ្វើ​ជា​ឋានសួគ៌​សម្រាប់​ក្រុម​ឧក្រិដ្ឋជន​ប៉ុណ្ណោះ មិនមែន​ជា​របៀប​ដឹកនាំ​រក​ការ​រីកចម្រើន​ឱ្យ​ប្រទេស​ជាតិ​នោះ​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស