31 C
Phnom Penh

មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​ការ​ធ្វើ​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល​ថ្មី​គឺ​គ្រាន់តែ​ធ្វើ​ឱ្យ​ល្អ​មើល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​រិះគន់​ច្រានចោល​ការ​ធ្វើ​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល​ថ្មី ដែល​កំពុង​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ថា​ជា​រឿង​ដែល​មិន​អាច​ទៅ​រួច គឺ​គ្រាន់តែ​ធ្វើ​ឲ្យ​ល្អ​មើល​តែប៉ុណ្ណោះ ត្បិត​រដ្ឋាភិបាល​ដែល​រីក​ប៉ោង​ក្បាល​ធំ​នេះ គឺ​ដោយសារតែ​ការ​តែងតាំង​សមាជិក​ជាន់ខ្ពស់​របស់​ខ្លួន​តាម​សែស្រឡាយ​បក្ខពួក​តែប៉ុណ្ណោះ។

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៨ ខែ​កញ្ញា ថា ការ​ប្រកាស​ធ្វើ​កំណែ​ទម្រង់​របស់​លោក ហ៊ុន ម៉ាណែត គ្រាន់តែ​ធ្វើ​ឱ្យ​ល្អ​មើល និង​មាន​ចេតនា​បិទ​បាំង​ការ​រៀបចំ​សមាសភាព​រដ្ឋាភិបាល ដែល​ធ្វើ​ឡើង​តាមរយៈ​សែស្រឡាយ​សាច់ញាតិ​តែប៉ុណ្ណោះ ក្នុង​នោះ​សូម្បី​លោក ហ៊ុន​ម៉ាណែត ខ្លួនឯង​ក៏​ត្រូវ​បាន​លោក ហ៊ុន សែន ដែល​ជា​ឪពុក​ដាក់​ឱ្យ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ដែរ​នោះ។

លោក អ៊ុំ សំអាន លើកឡើង​ថា ការ​តែងតាំង​សមាជិក​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា រហូត​ដល់​ទីប្រឹក្សា សុទ្ធតែ​ធ្វើ​ឡើង​តាមរយៈ​សែស្រឡាយ​បក្ខពួក​ទាំងអស់ រហូត​ធ្វើ​ឱ្យ​រដ្ឋាភិបាល​មួយ​នេះ​មាន​ក្បាល​ធំ​ហួស​មាឌ។

លោក​បន្ថែម​ថា បើ​គិត​ទាំង​ចំនួន​ទីប្រឹក្សា និង​សមាជិក​រដ្ឋាភិបាល​ជា​សរុប គឺ​មាន​ចំនួន​ដល់​ទៅ​ជិត ៤​ពាន់​នាក់ (៣៨០៩​នាក់) ហើយ​នៅ​ពេលនេះ។

លោក​រៀបរាប់​លម្អិត​ថា សមាជិក​រដ្ឋាភិបាល​ដែល​រាប់​ចាប់​ពី​អនុរដ្ឋលេខាធិការ រហូត​ដល់​នាយករដ្ឋមន្ត្រី មាន​ចំនួន​ជាង ១​ពាន់​នាក់ (១៥៤៦​នាក់) ខណៈ​ទីប្រឹក្សា​មាន​ចំនួន​ជាង ២​ពាន់​នាក់ (២២៦៣​នាក់) ប៉ុន្តែ​ការ​តែងតាំង​ទីប្រឹក្សា​បន្ថែម​ទៀត​នៅ​ពេលនេះ មិន​ត្រូវ​បាន​រដ្ឋាភិបាល​ផ្សព្វផ្សាយ​ទេ ក្រោយពី​មាន​ការ​រិះគន់​ពី​ចំនួន​ទីប្រឹក្សា​ដែល​បាន​តែងតាំង​កន្លង​មក ហើយ​តួលេខ​នេះ លោក​មិន​បាន​រាប់​បញ្ចូល​នូវ​សមាជិក​គណៈកម្មាធិការ​នានា​ដែល​រដ្ឋាភិបាល​ទើប​នឹង​បង្កើត​ដែល​មាន​ចំនួន​រាប់​ពាន់​នាក់​នោះ​ទេ។

មន្ត្រី​ជាន់ខ្ពស់​របស់​បក្ស​ប្រឆាំង​រូប​នេះ​បាន​ប្រៀបធៀប​ចំនួន​សមាជិក​រដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ថ្មី​នេះ​ជាមួយ​នឹង​ប្រទេស​ជិតខាង​ដែរ ដូចជា​ប្រទេស​វៀតណាម មាន​ប្រជាជន​ប្រមាណ ៩៧​លាន​នាក់ ប៉ុន្តែ​មាន​សមាជិក​រដ្ឋាភិបាល​ត្រឹមតែ ១០៥​នាក់​ប៉ុណ្ណោះ ដោយ​គិត​ចាប់​ពី​នាយករដ្ឋមន្ត្រី​រហូត​ដល់​អនុរដ្ឋលេខាធិការ ខណៈ​ទីប្រឹក្សា​គ្មាន​ការ​តែងតាំង​ឡើយ។

ចំណែក​ប្រទេស​អូស្ត្រាលី មាន​ចំនួន​ប្រជាជន​ប្រមាណ ២៦​លាន​នាក់ ប៉ុន្តែ​សមាជិក​រដ្ឋាភិបាល​នៃ​ប្រទេស​នេះ​មាន​ត្រឹមតែ ៣៦​នាក់​ប៉ុណ្ណោះ ដោយ​គិត​ចាប់​ពី​នាយករដ្ឋមន្ត្រី​រហូត​ដល់​អនុរដ្ឋមន្ត្រី ខណៈ​ទីប្រឹក្សា​ក៏​គ្មាន​ការ​តែងតាំង​ដែរ។ ដោយឡែក​ប្រទេស​ថៃ វិញ មាន​ចំនួន​ប្រជាជន​ប្រមាណ ៧២​លាន​នាក់ ប៉ុន្តែ​សមាជិក​រដ្ឋាភិបាល​មាន​ត្រឹមតែ ៣៤៩​នាក់​ប៉ុណ្ណោះ ក្នុង​នោះ​គឺ​សមាជិក​គណៈរដ្ឋមន្ត្រី​មាន​ចំនួន ៣៥​នាក់ ហើយ​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ចាប់​ពី​ថ្នាក់​អនុរដ្ឋលេខាធិការ​ដល់​នាយករដ្ឋមន្ត្រី គឺ​មាន​ចំនួន​ត្រឹមតែ ៣១៤​នាក់​ប៉ុណ្ណោះ។

លោក អ៊ុំ សំអាន លើកឡើង​ថា ចំណែក​ឯ​ប្រទេស​ជប៉ុន វិញ មាន​ចំនួន​ប្រជាជន​ជាង ១០០​លាន​នាក់ (១២៦​លាន​នាក់) ប៉ុន្តែ​សមាជិក​គណៈរដ្ឋមន្ត្រី​មាន​តែ ២៤​នាក់​ប៉ុណ្ណោះ។ ជាង​នេះ​ទៀត នៅ​សហរដ្ឋ​អាមេរិក មាន​ចំនួន​ប្រជាជន​ដល់​ទៅ​ជាង ៣០០​លាន​នាក់​ឯណោះ (៣៣២​លាន​នាក់) ខណៈ​សមាជិក​គណៈរដ្ឋមន្ត្រី​មាន​មិន​ដល់ ៣០​នាក់​ផង (២៨​នាក់) ប៉ុន្តែ​អ្វី​ដែល​ចម្លែក​នោះ គឺ​កម្ពុជា​មាន​ចំនួន​ប្រជាជន​តែ ១៧​លាន​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​សមាជិក​រដ្ឋាភិបាល​មាន​រហូត​ដល់​ទៅ​ជាង ១​ពាន់​នាក់ (១៥៤៦​នាក់) ខណៈ​ទីប្រឹក្សា​មាន​រហូត​ទៅ​ដល់​ជាង ២​ពាន់​នាក់ (២២៦៣​នាក់) ផង​ដែរ។

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បញ្ជាក់​ថា ប្រសិនបើ​លោក ហ៊ុន ម៉ាណែត ពិត​ជា​ចង់​ធ្វើ​កំណែ​ទម្រង់​ដឹកនាំ​សម្រាប់​រដ្ឋាភិបាល​ថ្មី​នេះ​មែន​នោះ អ្វី​ដែល​គាត់​ត្រូវ​ធ្វើ​មុន​គេ គឺ​ត្រូវ​កែ​សម្រួល​ការ​តែងតាំង​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​របស់​គាត់​ជា​មុន​ឡើងវិញ ខណៈ​ការ​តែងតាំង​ទីប្រឹក្សា​ក៏​ត្រូវ​កែសម្រួល​កាត់បន្ថយ​ដែរ បើ​មិន​ដូច្នោះ​ទេ ការ​ប្រកាស​កែទម្រង់​របស់​គាត់​នៅ​ពេលនេះ គ្រាន់តែ​ជា​ការ​បោកប្រាស់ និង​ភូតភរ​កុហក​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា សមាជិក​រដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧ ដែល​ដឹកនាំ​ដោយ​កូនប្រុស​លោក ហ៊ុន សែន នៅ​ពេលនេះ មាន​ចំនួន​ច្រើន​លើសលប់ ដែល​នឹង​ធ្វើ​ឱ្យ​ខាតបង់​ថវិកា​ជាតិ​ធ្ងន់ធ្ងរ។

កាលពី​ថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ​២០២៣ លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​ថា គោលនយោបាយ​កំណែ​ទម្រង់​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី គឺ​ផ្ដោត​ដំបូង​ទៅ​លើ​កំណែ​ទម្រង់​មុខងារ​សាធារណៈ និង​ការ​ប្រឡង​ជ្រើសរើស​មន្ត្រី​ចូល​ក្របខ័ណ្ឌ ដើម្បី​ធានា​ឱ្យ​បាន​នូវ​ភាព​ត្រឹមត្រូវ តម្លាភាព យុត្តិធម៌ ដែល​អាច​ធានា​ថា «អ្នក​ចេះ​គឺ​ជាប់»។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា នេះ​ហើយ​គឺ​ជា​គោលការណ៍​របស់​រដ្ឋាភិបាល​អាណត្តិ​ថ្មី​របស់​លោក។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍ​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily កាលពី​ពេល​ថ្មីៗ​នេះ​ថា ការ​ធ្វើ​កំណែ​ទម្រង់​ដឹកនាំ​ទាល់តែ​ធានា​បាន​ថា មន្ត្រី​រដ្ឋាភិបាល​ដែល​ត្រូវ​បាន​តែងតាំង​គឺជា​មន្ត្រី​ដែល​មាន​សមត្ថភាព មិនមែន​ជា​មន្ត្រី​ដែល​ទទួល​បាន​ការ​តែងតាំង​តាម​សែស្រឡាយ​បក្ខពួក។

លោក សេក សុជាតិ បញ្ជាក់​ថា ការ​ប្រកាស​ធ្វើ​កំណែ​ទម្រង់​នេះ ពិបាក​នឹង​ទទួល​បាន​ជោគជ័យ​ណាស់ ព្រោះ​ថា​មាន​ចំណុច​អវិជ្ជមាន​មួយ​ចំនួន​សម្រាប់​រដ្ឋាភិបាល​ថ្មី​នេះ​ក្នុង​ការ​តែងតាំង​មន្ត្រី​របស់​ខ្លួន។ ជាក់ស្តែង ទីប្រឹក្សា​ខ្លះ​ត្រូវ​បាន​តែងតាំង​មែន ប៉ុន្តែ​គ្មាន​ការិយាល័យ​សម្រាប់​ពួកគេ​ធ្វើការ​ទេ ឬ​ហៅ​ម្យ៉ាង​ទៀត​ថា គ្មាន​ប្រអប់ ខណៈ​សមត្ថភាព​របស់​ពួកគេ​ក៏​មិន​អាច​បម្រើ​ការងារ​ក្នុង​ក្រសួង ឬ​ស្ថាប័ន​សាមី​ដែរ ដែល​ជា​សញ្ញា​មួយ​បង្ហាញ​ពី​ភាព​អវិជ្ជមាន​នៃ​ការ​ប្រកាស​ធ្វើ​កំណែ​ទម្រង់​ក្នុង​រដ្ឋាភិបាល​នេះ​ឱ្យ​ទទួល​បាន​ជោគជ័យ​ណាស់។

ចាប់តាំងពី​ថ្ងៃ​ប្រកាស​តែងតាំង​សមាសភាព​រដ្ឋាភិបាល​ថ្មី កាលពី​ថ្ងៃទី​២២ ខែ​សីហា មក ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​សមាសភាព​រដ្ឋាភិបាល​ថ្មី និង​ត្រាស់​បង្គាប់​តែងតាំង​ទីប្រឹក្សា​តាម​ក្រសួង​ស្ថាប័ន​នានា​ជា​បន្តបន្ទាប់ រហូត​ដល់​ពេលនេះ​មាន​ចំនួន​ជិត ៤​ពាន់​នាក់​ហើយ (៣៨០៩​នាក់) ដែល​គេ​មើល​ឃើញ​ថា ថវិកា​ជាតិ​នឹង​ត្រូវ​ចំណាយ​ទ្វេដង​ទៅ​លើ​សមាជិក​រដ្ឋាភិបាល​ថ្មី​នេះ ខណៈ​ប្រសិទ្ធភាព​ការងារ​ក៏​ទំនង​ជា​មិន​ទទួល​បាន​ផល​ដូច​រដ្ឋាភិបាល​ចាស់​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន នោះ​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស