38 C
Phnom Penh

អនាគត​រាជាណាចក្រ​កម្ពុជា​ក្នុង​មិត្តភាព/សម្ពន្ធភាព​ជាមួយ​ចិន​កុម្មុយនីស្ត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អត្ថបទ៖ លោក ហាស់ សាន

ប្រវត្តិវិទូ​ឧស្សាហ៍​រំឭក​អ្នក​សិក្សា​ស្រាវជ្រាវ​ថា ប្រវត្តិសាស្ត្រ​អាច​នឹង​ត្រឡប់​មក​ដដែល​វិញ ហើយ​ថា​បើ​មិន​ប្រយ័ត្ន​ទេ អ្នក​នឹង​ដើរ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​ដោយ​មិន​ដឹង​ខ្លួន។

ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​ប្រទេស​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន មិន​មែន​ទើប​តែ​កើត​មាន​នា​ពេល​ថ្មីៗ​នេះ​ទេ គឺ​មាន​រាប់​ទសវត្ស​មក​ហើយ ប៉ុន្តែ​ចិន​គេ​គិត​ប្រយោជន៍​ជាតិ​របស់​គេ​ជាង​ប្រយោជន៍​ខ្មែរ ដូច្នេះ​ខ្មែរ​បាន​ត្រឹមតែ​រស់​ផ្ញើ​វាសនា ផ្ញើ​ជីវិត ពឹង​លើ​ចិន​តែប៉ុណ្ណោះ។

តើ​អនាគត​ស្រុក​ខ្មែរ​អាច​នឹង​ជួប​ផលវិបាក​អាក្រក់​ដូចម្តេច​ខ្លះ? លោក ហាស់ សាន មាន​សេចក្តី​រាយការណ៍​វិភាគ ថា​តើ​ចិន​អាច​ការពារ​ខ្មែរ ឬ​មិន​អាច?

ទំនាក់ទំនង​ចំណង​មេត្រី​មិត្តភាព​ខ្មែរ−ចិន​ដ៏​កាន់តែ​រឹងមាំ ដែល​គេ​នាំគ្នា​ប្រសិទ្ធី​ពាក្យ​ថា “មិត្ត​ដែកថែប” ឬ “មិត្ត​ស្រោប​ដែក” (iron clad) បាន​ធ្វើ​ឲ្យ​មេដឹកនាំ​ជាតិ អ្នកវិភាគ​នយោបាយ យោធា​នៅ​បស្ចិម​ប្រទេស នៅ​ភូមិភាគ​អាស៊ី​ជាច្រើន យកចិត្ត​ទុកដាក់​វិភាគ វាយតម្លៃ ព្យាករ​ទៅ​អនាគត​ថា នឹង​នាំ​មក​នូវ​វិបាក​អាក្រក់​ដល់​រាជាណាចក្រ​កម្ពុជា គ្រា​ណា​មាន​ភាព​តានតឹង​រវាង​មហាអំណាច​ក្រហម និង​មហាអំណាច​លោក​សេរី។

កាលពី​ឆ្នាំ​២០២២ សារព័ត៌មាន The Cambodia Daily បាន​ផ្សាយ​អត្ថបទ​វិភាគ​ព័ត៌មាន​ពីរ៖

  • ក្នុង​ខែ​មិថុនា មាន​ចំណងជើង​ថា៖ «បរទេស​កាន់កាប់ គ្រប់គ្រង ចាត់ចែង​ទីតាំង​មូលដ្ឋាន​កង​នាវាចរណ៍​ខេមរភូមិន្ទ​រាម»
  • និង​ក្នុង​ខែ​កក្កដា មាន​ចំណងជើង​ថា៖ «អនាគត​ទីតាំង​មូលដ្ឋាន​កង​នាវាចរណ៍​ខេមរភូមិន្ទ​រាម»

ក្នុង​រយៈកាល​មួយ​ឆ្នាំ​នេះ យើង​ពុំ​ទាន់​ឃើញ​អ្នកវិភាគ​នយោបាយ យោធា​ខ្មែរ​ក្នុង​ស្រុក​មើល​ឃើញ ហ៊ាន​និយាយ ហ៊ាន​សរសេរ​ផ្សាយ​ដូច​អ្នកវិភាគ​បរទេស​ទេ ពីព្រោះ​គេ​ដើរ​ខ្សែ​ស្រប​នឹង​រាជរដ្ឋាភិបាល គឺ​និយាយ សរសេរ អធិប្បាយ ផ្សាយ​ចេញ​ឲ្យ​ដូច​អ្វី​រាជរដ្ឋាភិបាល​ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដឹង​ឮ។ រីឯ​ពលរដ្ឋ​ខ្មែរ ព្រោះ​តែ​ប្រឈម​នឹង​ការ​ចាប់ចង ផ្ដន្ទាទោស​កាលណា​គិត និយាយ សរសេរ​ផ្ទុយ​ពី​រដ្ឋាភិបាល ព្រមទាំង​ប្រឈមមុខ​នឹង​បញ្ហា​ជីវភាព​ប្រចាំ​ថ្ងៃ ពួកគាត់​មិន​បាន​តាមដាន សិក្សា ស្រាវជ្រាវ​ព័ត៌មាន​ពិត​ពិស្ដារ​ដែល​រដ្ឋាភិបាល​ខំ​លាក់បាំង​ពី​ពួកគាត់​មិន​ឲ្យ​ដឹង​នោះ​ឡើយ។

ពលរដ្ឋ​ខ្មែរ​ខ្លះ​ទៀត ព្រោះតែ​មិន​ចង់​រវីរវល់​រឿង​នយោបាយ ដោយ​ហេតុ​ថា​វា​មិន​បាន​ការ ហើយ​ថា​បើ​គិត​នាំ​តែ​ឈឺ​ក្បាល ក៏​នាំគ្នា​ផ្ញើ​វាសនា​លើ​អ្នក​ដឹកនាំ​នយោបាយ​ប្រទេស​ជាតិ​តែម្តង​ទៅ។ ការ​ព្យាយាម​រៀនសូត្រ​ខ្លះៗ​អំពី​ប្រវត្តិសាស្ត្រ​ជាតិ​សាសន៍​ខ្លួន មិន​ខាត​អ្វី​ទេ ហើយ​អាច​មិន​ឲ្យ​ចាញ់​បោក​អ្នក​នយោបាយ​ខ្មែរ និង​បរទេស​ផង​ដែរ។

អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំ​ស្រុក​ទេស​ជិត ៤០​ឆ្នាំ ដោយ​ទាញ​តម្រង់​គោលនយោបាយ​ក្រៅ​ប្រទេស (foreign policy) នៃ​រាជាណាចក្រ​កម្ពុជា​ជាមួយ​ចិន​ដីគោក តាម​គន្លង​គោលនយោបាយ​ក្រៅ​ប្រទេស​នៃ​សម្តេច​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ៖ គោលនយោបាយ​ចិន​តែ​មួយ អព្យាក្រឹតភាព មិន​ចូល​បក្ខ​សម្ព័ន្ធ​ក្នុង​ទសវត្ស​១៩៥០ និង ១៩៦០ ក្រោយពី​បាន​ឯករាជភាព​ពី​បារាំងសែស​នា​ឆ្នាំ​១៩៥៣ និង​ក្រោយ​សន្និសីទ​ក្រុង​ហ្សឺណែវ ឆ្នាំ​១៩៥៤

នយោបាយ​បែប​នេះ​មាន​គោល​បំណង​ល្អ ចង់​បាន​សេចក្តី​សុខ សន្តិភាព ខំប្រឹង​ប្រកាស​ប្រាប់​ពិភពលោក​ថា ប្រទេស​កម្ពុជា​ជា “កោះ​សន្តិ ភាព” (Island of Peace)។ ផ្ទុយទៅវិញ គ្រាន់តែ​រាជាណាចក្រ​កម្ពុជា​ប្រកាស​គោលនយោបាយ​ការបរទេស​ឯករាជ្យ អព្យាក្រឹត មិន​ចូល​បក្ខ​សម្ព័ន្ធ មហាអំណាច​ចិន​កុម្មុយនីស្ត ប្រទេស​សង្គម​និយម​ក្នុង​ប្លុក​កតិកាសញ្ញា​ក្រុង​វ៉ាសូវី ប្រទេស​ប៉ូឡូញ ដែល​ជា​រដ្ឋ​រណប​អតីត​សហភាព​សូវៀត​សឹងតែ​ទាំងអស់ រួម​ទាំង​ប្រទេស​មិន​ចូល​បក្ខ​សម្ព័ន្ធ​ក្នុង​សន្និសីទ​ក្រុង​បានឌុង ប្រទេស​ឥណ្ឌូនេស៊ី ភ្ជាប់​ចំណង​មិត្តភាព​ជាមួយ​ប្រទេស​កម្ពុជា ផ្តល់​ជំនួយ​ជួយ​ឧបត្ថម្ភ​ជា​រោងចក្រ គ្រឿងចក្រ​ផលិត​វត្ថុ​ផ្សេង​សម្រាប់​សេចក្តី​ត្រូវការ​ក្នុង​ស្រុក។

ឧទាហរណ៍ មាន​ដូចជា៖

  • រោងចក្រ​ស្ករស កំពង់ត្រាំ
  • រោងចក្រ​កង់ឡាន
  • រោងចក្រ​កែវ តាខ្មៅ
  • រោងចក្រ​បាវ​ក្រចៅ ដូនទាវ
  • រោងចក្រ​វាយនភណ្ឌ កំពង់ចាម
  • រោងចក្រ​ក្រដាស ឆ្លូង
  • រោងចក្រ​ចម្រាញ់​ប្រេងកាត ក្រុង​ព្រះសីហនុ ជាដើម។ល។

ជំនួយ​ពី​ប្រទេស​ទាំងអស់​នោះ បក្ស និង​រដ្ឋាភិបាល​របស់​គេ​សម្រេច​ផ្តល់​ឲ្យ​ខ្មែរ​ដោយ​មិន​ចាំបាច់​ឆ្លងកាត់​សភា​តំណាងរាស្ត្រ​ដូច​ជំនួយ​ពី​មហាអំណាច​លោក​សេរី សហរដ្ឋ​អាមេរិក​នោះ​ឡើយ ព្រោះ​ជា​ប្រទេស​កាន់​អំណាច​ផ្ដាច់ការ។ សហរដ្ឋ​អាមេរិក​ចង់​ចង​មិត្ត​នឹង​ប្រទេស​កម្ពុជា​ទើប​នឹង​បាន​ឯករាជ្យ ដោយ​រំឭក​ផ្តាំ​មេដឹកនាំ​ខ្មែរ​ថា ប្រយ័ត្ន​ចាញ់​បោក​ពួក​កុម្មុយនីស្ត។ រីឯ​ចិន សហភាព​សូវៀត ចង់​ឲ្យ​ប្រទេស​កម្ពុជា​ជួយ​គេ​វិញ​ក្នុង​កិច្ចប្រឹងប្រែង​ជួយ​សម្ព័ន្ធមិត្ត​យៀកណាម​ខាងជើង រំដោះ និង​បង្រួបបង្រួម​យៀកណាម​ខាងត្បូង។

នយោបាយ​មហាអំណាច​ប្រជែង​គ្នា​ចង់​បាន​ឥទ្ធិពល​រៀងៗ​ខ្លួន​ក្នុង​តំបន់ ដោយ​ចាប់​យក​ប្រទេស​តូចៗ​ធ្វើ​ជា​ឈ្នាន់ ជា​ទីតាំង ជា​មូលដ្ឋាន​ដើម្បី​ធ្វើ​កិច្ចការ​ឲ្យ​សម្រេច​ផល​ប្រយោជន៍​ជាតិ​របស់​គេ។ នៅ​ឯ​សន្និសីទ​ទីក្រុង​បានឌុង ក្នុង​ខែ​មេសា ឆ្នាំ​១៩៥៥ សម្តេច នរោត្តម សីហនុ បាន​ជួប​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​ចិន ជូ អេនឡាយ ហើយ​និង​នាយករដ្ឋមន្ត្រី​យៀកណាម​ខាងជើង ផាំ វ៉ាន់ដុង ជា​ឯកជន។

មេដឹកនាំ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​បាន​សន្យា​ថា នឹង​គោរព​ឯករាជភាព និង​បូរណភាព​ទឹកដី​នៃ​រាជាណាចក្រ​កម្ពុជា។ តើ​មេដឹកនាំ​ខ្មែរ​គ្រា​នោះ​បាន​ព្យាករ​ទៅ​អនាគត​វែងឆ្ងាយ​ថា បក្ស​កុម្មុយនីស្ត និង​បក្ខ​សម្ព័ន្ធ​ប្លុក​កតិកាសញ្ញា​ក្រុង​វ៉ាសូវី នឹង​ចង់​បាន​អ្វី​វិញ​ពី​ប្រទេស​កម្ពុជា​ឬ​ទេ?

នៅ​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​១៩៦០ សម្តេច​ព្រះ​ប្រមុខ​រដ្ឋ នរោត្តម សីហនុ បាន​ដាក់​នូវ​ផែនការ​ចង់​បង្កើត​តំបន់​អព្យាក្រឹត​នៅ​អាស៊ី​អាគ្នេយ៍ ដោយ​អំពាវនាវ​នៅ​ចំពោះ​មុខ​អង្គការ​សហប្រជាជាតិ ឲ្យ​ប្លុក​ខាងលិច និង​ខាងកើត​ទុក​ប្រទេស​កម្ពុជា និង​លាវ ជា​ប្រទេស​អព្យាក្រឹត​ទី​មួយ ដែល​មាន​ន័យ​ថា កុំ​ឈ្លានពាន។

ដំណាល​ពេល​គ្នា​នោះ គេ​រក​ឃើញ​ថា ទ័ព​ព្រៃ​យៀកកុង​ប្រមាណ ៨​ម៉ឺន​នាក់​បាន​ប្រើប្រាស់​ផ្លូវលំ ហូ ជីមិញ ពី​យៀកណាម​ខាងជើង កាត់​ស្រុក​លាវ បោះ​ទីតាំង​ទ័ព​លាក់​ខ្លួន​ក្នុង​ទឹកដី​ខ្មែរ​ជម្រៅ​រាប់​សិប​គីឡូម៉ែត្រ​នៅ​ប៉ែក​ឦសាន​ប្រទេស​ជា​ស្ថាពរ​ទៅ​ហើយ​នៅ​ឆ្នាំ​១៩៦០ ដោយ​គ្មាន​សុំ​ការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​សម្តេច​ព្រះ​ប្រមុខ​រដ្ឋ​ឡើយ គ្មាន​កោត​ញញើត​ច្បាប់​អន្តរជាតិ​ដែល​គេ​ស៊ីញេ​នៅ​ក្រុង​ហ្សឺណែវ នោះ​ឡើយ។

នៅ​ថ្ងៃទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​១៩៦៥ សម្តេច​ព្រះ នរោត្តម សីហនុ បាន​បញ្ជូន​ឧត្តមសេនីយ៍ លន់ នល់ នាយអគ្គសេនាធិការ​នៃ​កងយោធពល​ខេមរភូមិន្ទ ឲ្យ​ទៅ​ចុះ​កិច្ចព្រមព្រៀង​នៅ​ក្រុង​ប៉េកាំង ទទួល​ជំនួយ​យោធា​ចិន ដែល​ផ្តល់​ទៅ​ឲ្យ​ទ័ព​ព្រៃ​យៀកកុង−យៀកណាម​ខាងជើង ហើយ​ដែល​សុំ​ឲ្យ​រាជរដ្ឋាភិបាល​សង្គម​រាស្ត្រ​និយម​ជួយ​ការពារ​លាក់បាំង​ទ័ព​ព្រៃ ផ្តល់​កន្លែង​ព្យាបាល​របួស និង​សម្រាក​កាយ។

បន្ទាប់​មក សម្តេច នរោត្តម សីហនុ បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ប្រធាន​រដ្ឋាភិបាល​បណ្ដោះអាសន្ន​យៀកណាម​ខាងត្បូង លោក ហ៊ុញ តាន់ហ្វាត់ ដើម្បី​ផ្តល់ ឬ​លក់​ស្បៀងអាហារ បរិក្ខារ​ពេទ្យ​ឲ្យ​ទ័ព​ព្រៃ​ថែម​ទៀត។

អ្នកវិភាគ​នយោបាយ​សម័យ​នោះ សរសេរ​ថា សម្តេច នរោត្តម សីហនុ ឈ្វេងយល់​ថា យូរ​ឬ​ឆាប់ ទ័ព​អាមេរិកាំង​នឹង​ដក​ចេញ ដូច្នេះ​ចូល​ជាមួយ​ចិន​ទៅ​ក្រែង​អាច​ជួយ​ការពារ​ខ្មែរ​មិន​ឲ្យ​ក្រុង​ហាណូយ បំប៉ន​មហិច្ឆតា​រំលោភ​យក​ទឹកដី​ខ្មែរ​ទៅ​អនាគតកាល។

ចាប់ពី​ពេល​នោះ​ទៅ រាជរដ្ឋាភិបាល​គ្រា​នោះ​និយាយ​ផ្សេង ធ្វើ​ផ្សេង ជួយ​លាក់បាំង​ទ័ព​ព្រៃ​យៀកកុង​−យៀកណាម​ខាងជើង​រហូត​ពី​ភ្នែក​គណៈកម្មការ​ត្រួតពិនិត្យ​អន្តរជាតិ (ICC = International Control Commission) ដែល​មាន​សមាជិក​ចម្រុះ​ស៊ីវិល និង​យោធា ៩៦​នាក់ (៣២​នាក់​ពី​ប្រទេស​ឥណ្ឌា ៣២​នាក់​ពី​ប៉ូឡូញ និង ៣២​នាក់​ពី​កាណាដា)។

លទ្ធផល គឺ​ទឹកដី​ខ្មែរ​ទទួល​រង​ការ​ទម្លាក់​គ្រាប់បែក​ពី​កងទ័ព​សហរដ្ឋ​អាមេរិក ទាំង​សម្ងាត់ ទាំង​ចំហ មុន​និង​ក្រោយ​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​១៩៧០។

ក្នុង​រាជាណាចក្រ​ទី​២ រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ការ​ធ្វើ​សម្បទាន​ឲ្យ​ទឹក​ឲ្យ​ដី ឲ្យ​ព្រៃ​ឲ្យ​កោះ ក៏​កើត​មាន​ជា​បន្ត​មក​ទៀត ព្រោះ​អ្នក​ដឹកនាំ​រដ្ឋាភិបាល​នៃ​បក្ស​ប្រជាជន​កម្ពុជា ដែល​មេ​មនោគមន៍វិជ្ជា​យៀកណាម​បាន​បង្កើត ត្រូវ​តបស្នង​សងគុណ​រដ្ឋការ​ក្រុង​ហាណូយ ដែល​គេ​ជួយ​ឲ្យ​ឡើង​កាន់​អំណាច។

សម្បទាន​ដី​សេដ្ឋកិច្ច​រយៈពេល ៩៩​ឆ្នាំ​តាម​ខេត្ត​ជាប់​ព្រំដែន ការ​សម្រួល​បើក​ឲ្យ​អាណិកជន ឬ​ជន​អន្តោប្រវេសន៍​យៀកណាម ចូល​រស់នៅ​តាម​គោលការណ៍​បក្ស​កុម្មុយនីស្ត ឬ​បក្ស​ពលករ​យៀកណាម ការ​អនុញ្ញាត​ឲ្យ​កងកម្លាំង​ប្រដាប់​អាវុធ​ប្រជាជន​យៀកណាម​ជាច្រើន​ពី​អង្គភាព​លេខ​១៥ បោះ​ទីតាំង​ក្នុង​ទឹកដី​ខ្មែរ ឬ​ក្លែង​ខ្លួន​ជា​ជនស៊ីវិល ដូរ​ឈ្មោះ​ធ្វើការ​តាម​ក្រសួង មន្ទីរ នាយកដ្ឋាន ការិយាល័យ​នៃ​ស្ថាប័ន​រដ្ឋ​ទាំងអស់​នេះ សុទ្ធសឹងតែ​ជា​អំពើ​ទង្វើ​បំពាន​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ២៣ តុលា ១៩៩១ បំពាន​រដ្ឋធម្មនុញ្ញ​នៃ​រាជាណាចក្រ​កម្ពុជា​ទាំងស្រុង។ រឿង​ទាំងនេះ​បាន​បន្ត​តាំងពី​ឆ្នាំ​១៩៧៩ រហូត​ដល់​សព្វថ្ងៃ។

ដី​សម្បទាន​សេដ្ឋកិច្ច​បន្ថែម​ឲ្យ​ក្រុមហ៊ុន​យៀកណាម Hoang Anh Gia Lai ទំហំ ១​ពាន់​ហិកតារ​នៅ​ខេត្ត​រតនគិរី គេ​ធ្វើ​អាជីវកម្ម​លើ​ដី​ខ្មែរ​ដែល​មាន​ជីជាតិ ដាំ​ចេក​ណាំវ៉ា​ដឹក​ទៅ​លក់​នៅ​ផ្សារ​ស្រុក​ចិន​ក្នុង​មួយ​អាទិត្យៗ​ទម្ងន់ ១០០​តោន តាមរយៈ​ប្រទេស​យៀកណាម បាន​ប្រាក់ចំណូល​រាប់​លាន​ដុល្លារ​តាំងពី​ឆ្នាំ​២០១៧ មក។

ក្រៅពី​នេះ ក្រុមហ៊ុន​រដ្ឋ​ចម្ការ​កៅស៊ូ​យៀកណាម Vietnam Rubber Group (VRG) កាន់កាប់​ដី​រាប់​ម៉ឺន​ហិកតារ​ធ្វើ​អាជីវកម្ម​ទាញ​ផល​ពី​ដី​ខ្មែរ។ នៅ​តំបន់​ខ្លះ ខាង​ប៉ែក​ឦសាន ពលរដ្ឋ​ខ្មែរ​មិន​ទាំង​មាន​សិទ្ធិ​ធ្វើ​ដំណើរ​កាត់​តាម​ទីតាំង​ដែល​ក្រុមហ៊ុន​យៀកណាម​បោះ​ទីតាំង​នោះ​ផង។

បន្ថែម​ទៅ​លើ​រឿង​ចាស់​ទាំងអស់​នោះ រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​បក្ស​ប្រជាជន​កម្ពុជា ទាំង​ឪពុក ទាំង​កូន​ស្នង​តំណែង ត្រូវ​សងគុណ​រដ្ឋការ​ក្រុង​ប៉េកាំង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ទៀត ព្រោះតែ​រឿង​ខ្ចី​បុល​ចាយវាយ​ឥត​សំចៃ​ដៃ។ ជា​ថ្នូរ​នឹង​បំណុល​ចិន​រុំ​សួត​នេះ រាជាណាចក្រ​កម្ពុជា​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​សម្បទាន​ដីធ្លី​ឲ្យ​ក្រុមហ៊ុន​ចិន​ធ្វើ​អាជីវកម្ម​ឲ្យ​សមាជិក​នៃ​កងទ័ព​រំដោះ​ប្រជាជន​ចិន បោះ​ទីតាំង​លើ​ទឹកដី​ខ្មែរ​ពី​មូលដ្ឋាន​នាវាចរណ៍​រាម ក្នុង​ខេត្ត​ព្រះសីហនុ ដល់​ខេត្ត​កោះកុង និង​ខេត្ត​កំពត។

អ្នកវិភាគ​បស្ចិម​ប្រទេស​ជាច្រើន​បាន​សរសេរ​ផ្សាយ​ក្នុង​ឆ្នាំ​២០២៣ នេះ​ថា ក្រុង​ប៉េកាំង​ព្យាយាម​បញ្ចេញ​ឥទ្ធិពល​នៃ​មហិទ្ធិឫទ្ធិ​របស់​ខ្លួន​ចេញពី​ព្រំដែន​ចិន​ដីគោក​ទៅ​កាន់​ទី​ឆ្ងាយៗ​ក្នុង​ពិភពលោក ក្នុង​ទិសដៅ​ប្រកួត​ជាមួយ​នឹង​មហាអំណាច​សហរដ្ឋ​អាមេរិក។

ក្នុង​ដំណើរការ​ស្ថាបនា​ទីតាំង​យោធា​តាម​ខេត្ត​មាត់សមុទ្រ​ប៉ែក​និរតី​ប្រទេស​កម្ពុជា ឧត្តមសេនីយ៍ ចៅ ផល្លី នៃ​ក្រសួង​ការពារ​ជាតិ បាន​ស្នើសុំ​បន្ត​ទិដ្ឋាការ​វីហ្សា​ឲ្យ​នាយទាហាន នាយទាហាន​រង​ពី​កង​នាវាចរណ៍​នៃ​កងទ័ព​រំដោះ​ចិន PLA-N ចំនួន ៤៩​នាក់ ដែល​បំពេញ​បេសកកម្ម​តាម​ទីតាំង​សម្ងាត់​ទាំងនោះ។

តាម​ប្រភព​ពី​ក្រុម​ស៊ើបការណ៍​បរទេស ផ្ទៃដី​ក្នុង​មូលដ្ឋាន​នាវាចរណ៍​ខេមរភូមិន្ទ​រាម ដែល​រាជរដ្ឋាភិបាល​ចុះ​កិច្ចសន្យា​ឲ្យ​ចិន​ប្រើប្រាស់​ដាច់​មុខ​រយៈពេល ៣០​ឆ្នាំ ជា​ទីតាំង​ដំឡើង​ស្ថានីយ​រ៉ាដា​ភ្ជាប់​ផ្កាយរណប​ដី-អាកាស បៃដាវ សម្រាប់​ឃ្លាំមើល​សកម្មភាព​នាវាចរណ៍​តាម​ឈូង​សមុទ្រ​ថៃ បញ្ជូន​សញ្ញា​ទាក់ទង​ដល់​នាវាចម្បាំង​ចិន និង​សម្រាប់​បញ្ជា​កាំជ្រួច​ការពារ​ដែន​អាកាស។

បុគ្គលិក​យោធា​ចិន កាន់​លិខិត​ឆ្លងដែន​ខ្មែរ មាន​សិទ្ធិ​កាន់​អាវុធ ហើយ​ទាហាន​ខ្មែរ​គ្មាន​សិទ្ធិ​ចេញ​ចូល​ទីតាំង​របស់​ចិន ដោយ​គ្មាន​ការ​អនុញ្ញាត​ជា​មុន​នោះ​ឡើយ។ ជាមួយ​គ្នា​នេះ ចិន​កំពុង​សិក្សា​លើ​គម្រោង​ជីក​ព្រែក​ពី​ឃុំ​ស្រែអំបិល ស្រុក​ស្អាង ខេត្ត​កណ្តាល តម្រង់​ទៅ​ខេត្ត​កែប កាត់​តាម​ខេត្ត​តាកែវ ដើម្បី​សម្រួល​ដំណើរ​ដល់​កង​នាវាចរណ៍​ចេញ​ចូល ចៀស​ឆ្លងកាត់​តាម​ប្រទេស​យៀកណាម។

គួរ​បញ្ជាក់​ថា សាធារណរដ្ឋ​សង្គម​និយម​យៀកណាម បាន​ស្ថាបនា​បញ្ជាការដ្ឋាន​មូលដ្ឋាន​នាវាចរណ៍​ទី​៥ របស់​ខ្លួន​នៅ​លើ​កោះត្រល់ ឬ​ហៅថា ភូគួក ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ១៥​គីឡូម៉ែត្រ​ពី​ខេត្ត​កំពត។

បន្ថែម​លើ​នេះ ចិន​បាន​សង់​មណ្ឌល​ហ្វឹកហ្វឺន​កង​កាំភ្លើងធំ និង​កាំជ្រួច ក្នុង​ទឹកដី​ខេត្ត​កំពង់ឆ្នាំង ជាប់​ខេត្ត​កំពង់ស្ពឺ ហើយ​គ្រោង​នឹង​សង់​ថ្នល់​ទំនើប​ពី​ខេត្ត​កំពង់ឆ្នាំង ទៅ​ខេត្ត​កំពង់ធំ សម្រាប់​ធ្វើ​ចលនា​កងទ័ព​ចល័ត។ នេះ​មិន​ទាន់​និយាយ​អំពី​សម្បទាន​ដី​សេដ្ឋកិច្ច និង​រ៉ែ​មាស​តាម​តំបន់​ភ្នំ ដែល​រាជរដ្ឋាភិបាល​ឲ្យ​ក្រុមហ៊ុន​ចិន​ធ្វើ​អាជីវកម្ម សងគុណ​ចិន​ដែល​ឲ្យ​ជំពាក់​បំណុល​វ័ណ្ឌក​នោះ​ផង។

ក្នុង​ទិសដៅ​ពង្រីក​ឥទ្ធិពល​ត​ទៅ​មុខ​ទៀត ក្រុង​ប៉េកាំង ប្រើ​ប្រាក់​ជា​ត្រីមុខ​ដៅ​យក​មេដឹកនាំ​ប្រទេស​ក្រៗ ហើយ​ពុករលួយ ដើម្បី​ទិញ​ទឹកចិត្ត។ បន្ទាប់​មក តម្រូវ​ឲ្យ​កូន​បំណុល​ជួយ​បំពេញ​បំណង​តប​វិញ​ជា​របៀប​រក​ទីតាំង​បម្រើ​យុទ្ធសាស្ត្រ​សម្រាប់​ប្រយោជន៍​របស់​ខ្លួន។

សម័យ​សង្គម​រាស្ត្រ​និយម សម្តេច​ព្រះ នរោត្តម សីហនុ សុខ​ព្រះទ័យ​យក​ជំនួយ​ចិន​ដើម្បី​យក​ទៅ​ជួយ​កូនអុក​យៀកណាម​ខាងជើង ហើយ​សង្ឃឹម​ថា ប្រទេស​កុម្មុយនីស្ត​ទាំង​ពីរ​នឹង​ការពារ​ឲ្យ​ព្រះអង្គ​បាន​សុខ។ សម័យ​នេះ លោក ហ៊ុន សែន សុខចិត្ត​យក​ជំនួយ​ចិន​ដើម្បី​ឲ្យ​ចិន​ជួយ​ការពារ​អំណាច​ទប់ទល់​នឹង​ក្រុម​ប្រឆាំង។

កំពង់ផែ​សមុទ្រ​ខេត្ត​កំពត ក៏ដូចជា​នៅ​រាម មាន​ជម្រៅ​ជិត ១៥​ម៉ែត្រ​ទៅ​ក្នុង​ទឹក មាន​ស្ពាន​ចាក់​សសរ​លយ​ចូល​ទៅ​សមុទ្រ ហៅ​តាម​អង់គ្លេស​ថា pier ចំនួន​ពីរ ប្រវែង​ពី ៣៥៥ ទៅ ៣៦៣​ម៉ែត្រ មាន​សណ្ឋាន​ដូច​ផែ​សមុទ្រ​នៅ​ប្រទេស​ជីប៊ូទី ទ្វីប​អាហ្វ្រិក​ខាងកើត​សុទ្ធសាធ ដែល​សង់​សម្រាប់​នាវា​ផ្ទុក​យន្តហោះ​ចូល​អែប​សំចត​សងខាង ដូចជា៖

  • នាវា​ផ្ទុក​យន្តហោះ​ឈ្មោះ Liaoning CV-16 ប្រវែង ៣០៤​ម៉ែត្រ​កន្លះ ផ្ទុក​យន្តហោះ​ចម្បាំង​ចំនួន​ពី ១៨ ទៅ ២៤​គ្រឿង
  • នាវា​ផ្ទុក​យន្តហោះ​ឈ្មោះ Shandong CV-17 ប្រវែង ៣០៤​ម៉ែត្រ​កន្លះ ផ្ទុក​យន្តហោះ​ចម្បាំង​ចំនួន ៣២​គ្រឿង
  • និង​នាវា​ផ្ទុក​យន្តហោះ​ឈ្មោះ Fujian CV-18 ប្រវែង ៣០៤​ម៉ែត្រ​កន្លះ ផ្ទុក​យន្តហោះ​ចម្បាំង​ចំនួន ៦០​គ្រឿង។

នៅ​តារាសាគរ ខេត្ត​កោះកុង ចិន​ស្ថាបនា​អាកាសយានដ្ឋាន​អន្តរជាតិ​ប្រវែង ៣២០០​ម៉ែត្រ លើ​ផ្ទៃដី​ទំហំ ៤៥០​គីឡូម៉ែត្រ​ការ៉េ សម្រាប់​យន្តហោះ​ដឹក​អ្នក​ដំណើរ​ធុន​ធ្ងន់​ប្រភេទ Boeing 747 និង​ប្រភេទ Airbus 380 វែង​ជាង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ២០០​ម៉ែត្រ វែង​ជាង​វាល​យន្តហោះ​សៀមរាប ៥០០​ម៉ែត្រ វែង​ជាង​វាល​យន្តហោះ​ក្រុង​ហូជីមិញ ១៥២​ម៉ែត្រ តែ​ខ្លី​ជាង​វាល​យន្តហោះ​អន្តរជាតិ​ថៃ សុវណ្ណ​ភូមិ ៥០០​ម៉ែត្រ។

អម​ដោយ​ការ​ស្ថាបនា​កំពង់ផែ​ទឹក​ជ្រៅ​មួយ​នៅ​ទីនោះ គេ​សួរ​ថា តើ​សំណង់​អាកាសយានដ្ឋាន​អន្តរជាតិ​ដ៏​ធំ​ក្នុង​ខេត្ត​មាន​ប្រជាពលរដ្ឋ​តែ​ប្រមាណ ១​សែន​នាក់​នោះ ធ្វើឡើង​សម្រាប់​ទេសចរ​ឬ?

អ្នកជំនាញ​និយាយ​ថា ផ្លូវ​យន្តហោះ​ធុន​ធំ​ចុះ​ឡើង​ប្រវែង​ជាង ៣​គីឡូម៉ែត្រ អាច​ឲ្យ​យន្តហោះ​ចម្បាំង​ចុះ​ឡើង​បាន​ដូច​គ្នា។ ចិន​មិន​ត្រឹមតែ​យក​ស្រុក​ខ្មែរ​បង្ហាញ​ឥទ្ធិពល​ខ្លួន​ប៉ុណ្ណោះ​ទេ។ តាម​សេចក្តី​រាយការណ៍​ពី​វិទ្យាស្ថាន Rand Corp នា​ខែ​ធ្នូ ឆ្នាំ​២០២២ ក្រុង​ប៉េកាំង បាន​ព្យាយាម​ចង់​បាន​ប្រទេស​បង់ក្លាដេស ភូមា និង​ប៉ាគីស្ថាន បន្ថែម​ទៀត។ ចំពោះ​ភូមិសាស្ត្រ​ត្រង់​ចំណុច​នេះ ប្រទេស​ឥណ្ឌា មើល​ឃើញ​ថា ចិន​ដូចជា​បែងក្រឡា​ឡោមព័ទ្ធ​រារាំង​គោលនយោបាយ​ឥណ្ឌា “សម្ដែង​ទៅ​ខាង​កើត” (Act East) បន្ថែម​ទៅ​នឹង​ទីតាំង​ចិន​ក្នុង​មូលដ្ឋាន​នាវាចរណ៍​នៅ​រាម។

ក្នុង​មហាសមុទ្រ​ឥណ្ឌា ចិន​សាងសង់​រចនាសម្ព័ន្ធ​នៅ​ប្រទេស​សិរីលង្កា កោះ​ម៉ាល់ឌីវ ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក កោះ​សល់ឡូម៉ុន ដែល​ស្ថិត​នៅ​ចម្ងាយ ២​ពាន់​គីឡូម៉ែត្រ​ពី​ប្រទេស​អូស្ត្រី។

សេចក្តី​រាយការណ៍​នៃ​សារព័ត៌មាន Asia Times កាលពី​ខែ​កក្កដា ឆ្នាំ​២០២៣ គេ​បាន​ឃើញ​សកម្មភាព​រួម​គ្នា​រវាង​ភូមា និង​ចិន ស្ថាបនា​ផ្លូវ​យន្តហោះ​ចុះ​ឡើង​ប្រវែង ២៣០០​ម៉ែត្រ សង់​ជម្រក​ចត​យន្តហោះ សង់​ស្ថានីយ​វិទ្យុ​ទាក់ទង ព្រមទាំង​សកម្មភាព​បញ្ជូន​សារ​សញ្ញា​ចេញពី​កោះ​មួយ​ចំនួន​ក្នុង​សមុទ្រ​អាន់ដាម៉ាន់ ក្នុង​មហាសាគរ​ឥណ្ឌា ក្បែរ​កោះ​នីកូប (Nicobar) ដូចជា​កោះ​កូកូ កោះ​ម៉ាណង ហាំងជី ហ្សាដិតគី ហើយ​និង​សំណង់​ស្ថានីយ​រ៉ាដា​នៅ​មូលម៉េន និង​មើរហ្គុយ ក្បែរ​ទីក្រុង​យ៉ាំងហ្គោន ឬ​រ៉ង់ហ្គោន។

ពី​ស្ថានីយ​ទាក់ទង​លើ​កោះ​កូកូ គេ​អាច​ការពារ​ផ្លូវ​សេដ្ឋកិច្ច​ភូមាចិន​ពី​កំពង់ផែ​ខ្យោកភ្យូ ដល់​ខេត្ត​យុនណាន ប្រទេស​ចិន។ ពី​មូលដ្ឋាន​រាម ចិន​អាច​ឃាំង​បិទ​ខ្ទប់​ដំណើរ​នាវាចរណ៍​សហរដ្ឋ​អាមេរិក​នៅ​ច្រក​ម៉ាឡាកា។

អ្នក​វិភាគ​យោធា​បរទេស​ប្រាប់​សារព័ត៌មាន​ជប៉ុន Nikkei ថា បើសិន​ជា​មាន​ហេតុការណ៍​តានតឹង​តាម​ផ្លូវ​សមុទ្រ​ក្នុង​លំហ​សមុទ្រ​ចិន​ខាងត្បូង ឬ​ច្រក​ម៉ាឡាកា រវាង​ចិន និង​សហរដ្ឋ​អាមេរិក ក្រុង​វ៉ាស៊ីនតុន អាច​ទម្លាក់​គ្រាប់បែក​កម្ទេច​មូលដ្ឋាន​រាម។

ចំពោះ​ហេតុការណ៍​រឿងរ៉ាវ​ពិពណ៌នា​កន្លងមក​ចុងក្រោយ​អម្បាញ់មិញ​នេះ ពលរដ្ឋ​ភូមា បាន​ងើប​តវ៉ា​ប្រឆាំង​យ៉ាង​ក្តៅ​គគុក​ចំពោះ​គោលនយោបាយ​រដ្ឋការ​យោធា ដែល​ចង​សម្ព័ន្ធភាព​ជាមួយ​ចិន ឲ្យ​ចិន​ទាញ​យក​ផល​ប្រយោជន៍​យុទ្ធសាស្ត្រ​របស់​គេ ហើយ​ឲ្យ​ពលរដ្ឋ​ភូមា​រង​ទុក្ខ​ខ្លោចផ្សា។ សេចក្តី​រាយការណ៍​សរសេរ​ដោយ សុទ្ធៈ រ៉ាម៉ាចន្ទ្រាន់ ផ្សាយ​ក្នុង​ព្រឹត្តិបត្រ Jamestown Foundation ឲ្យ​ដឹង​ថា មាន​ការ​ប៉ះទង្គិច​រវាង​កងទ័ព និង​ប្រជាពលរដ្ឋ​ចំនួន ៧៨០០​លើក​នៅ​ទូទាំង​ប្រទេស ៣០០​លើក​នៅ​ទីតាំង​គម្រោង​ការដ្ឋាន​ក្រុមហ៊ុន​ចិន ១០០​លើក​នៅ​តាម​ទីប្រជុំជន​ដែល​មាន​បំពង់​បង្ហូរ​ប្រេងឥន្ធនៈ និង​ឧស្ម័ន​ធម្មជាតិ​របស់​ក្រុមហ៊ុន​ចិន។

នៅ​ប្រទេស​កម្ពុជា ក្រុមហ៊ុន បុគ្គលិក​យោធា​យៀកណាម ក្រុមហ៊ុន បុគ្គលិក​យោធា​ចិន ធ្វើ​អ្វី​បាន​តាម​ចិត្ត ដោយ​បំពាន​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ១៩៩១ និង​មាត្រា​៥៣ នៃ​រដ្ឋធម្មនុញ្ញ ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ ទាំង​បក្ស​នយោបាយ ទាំង​ប្រជាពលរដ្ឋ​ធ្វើ​ធម្មតា ត្រជាក់​រហឹម។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ បញ្ជាការដ្ឋាន​កង​អង្គរក្ស​បាន​ផ្តល់​កម្លាំង​រាប់​រយ​នាក់​ជួយ​ការពារ​ដី​ចម្ការ​អំពៅ ចេក ដី​រ៉ែ​មាស ដែល​ក្រុមហ៊ុន​ចិន​ធ្វើ​អាជីវកម្ម​យ៉ាង​ពេញ​ទំហឹង​ថែម​ទៀត​ផង។

តើ​ចំណេះ​នឹង​ជិះ​ក​គេ ឬ​ជិះ​ក​យើង​ទៅ​ថ្ងៃ​មុខ?

ទស្សនវិទូ​អាមេរិកាំង លោក Henry David Thoreau (១៨១៧-១៨៦២) រំឭក​ជាតិ​សាសន៍​លោក​ថា៖ “ត្រូវ​ចេះ​គិត​ខ្លួនឯង បើ​មិន​ដូច្នោះ​ទេ អ្នក​ដទៃ​នឹង​គិត​ជំនួស​ខ្លួន​អ្នក ដោយ​មិន​គិត​ពី​ខ្លួន​អ្នក​ឡើយ”

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស