40.8 C
Phnom Penh

USAID បើក​គម្រោង​អភិរក្ស​ថ្មី​ចំណាយ​២៤​លាន​ដុល្លារ​ដើម្បី​គាំទ្រ​ការ​អភិរក្ស​ជីវចម្រុះ ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​សំខាន់ៗ​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID) ប្រកាស​បើក​គម្រោង​ថ្មី​មួយ​ឈ្មោះ​ថា «USAID អភិរក្ស» មាន​រយៈពេល ៥​ឆ្នាំ និង​មាន​ទឹកប្រាក់ ២៤​លាន​ដុល្លារ ដើម្បី​គាំទ្រ​ដល់​ការ​អភិរក្ស​ជីវចម្រុះ ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​សំខាន់ៗ និង​លើក​កម្ពស់​ជីវភាព​របស់​សហគមន៍​នៅ​ជុំវិញ​តំបន់​ការពារ​ធម្មជាតិ​ក្នុង​ខេត្ត​ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង និង​ខេត្ត​ក្រចេះ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ USAID Cambodia គម្រោង «USAID អភិរក្ស» នឹង​ពង្រីក​ការ​គាំទ្រ​របស់​ខ្លួន​ទៅ​ដល់​សហគមន៍​ដែល​រស់នៅ​ក្នុង និង​ជុំវិញ​តំបន់​ការពារ​ធម្មជាតិ​ក្នុង​ខេត្ត​ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង និង​ខេត្ត​ក្រចេះ។ ក្រៅពី​នោះ គម្រោង​ក៏​នឹង​អនុវត្ត​គំនិត​ផ្ដួចផ្ដើម​ថ្មីៗ​សម្រាប់​សហគមន៍​ទាំងឡាយ​ដែល​រស់នៅ​ជុំវិញ​បឹង​ទន្លេសាប និង​តាម​តំបន់​ឆ្នេរ​នៃ​ខេត្ត​កោះកុង និង​ខេត្ត​ព្រះសីហនុ ផង​ដែរ។

គម្រោង​នេះ​នឹង​បង្កើត​យុទ្ធនាការ​ផ្លាស់ប្ដូរ​ឥរិយាបថ​សង្គម​នៅ​ថ្នាក់​ជាតិ ខេត្ត ស្រុក និង​ឃុំ ដែល​ផ្ដោត​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​សត្វ​ព្រៃ​ខុស​ច្បាប់។ USAID ក៏​ប្ដេជ្ញា​ពង្រីក​ការ​គាំទ្រ​បន្ត​ទៅ​លើ​គម្រោង​ហិរញ្ញប្បទាន​កាបូន​ព្រៃឈើ​ដែល​ធ្លាប់​បាន​ទទួល​ជោគជ័យ​កន្លង​មក តាមរយៈ​ការ​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​អភិវឌ្ឍ​គម្រោង​ប៊្លូកាបូន​នៅ​ក្នុង​តំបន់​ព្រៃ​លិច​ទឹក និង​តំបន់​ឆ្នេរ​កម្ពុជា។

លោកស្រី Kerry Pelzman នាយិកា​បេសកកម្ម​នៃ USAID បាន​លើកឡើង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា គម្រោង «USAID អភិរក្ស» បាន​ឆ្លុះបញ្ចាំង​អំពី​ការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​ការ​ធ្វើ​មូលដ្ឋានីយកម្ម​នៃ​ជំនួយ​អភិវឌ្ឍន៍​របស់​អាមេរិក។

តាមរយៈ​គម្រោង​នេះ USAID នឹង​ផ្ដល់​ការ​គាំទ្រ​ដល់​សហគមន៍​ក្នុង​ការ​បង្កើត​ការងារ​ក្នុង​ស្រុក ដោយ​ផ្អែក​លើ​ការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​និរន្តរភាព និង​ការ​ប្រើប្រាស់​ទុន​ឯកជន​ដើម្បី​វិនិយោគ​ក្នុង​ដំណោះស្រាយ​រយៈពេល​វែង​ចំពោះ​វិបត្តិ​អាកាសធាតុ។ តាមរយៈ​វិធីសាស្ត្រ​នេះ គម្រោង «USAID អភិរក្ស» នឹង​ផ្តល់​ការ​គាំទ្រ​ដល់​ការ​ប្ដេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​សម្រេច​បាន​នូវ​អព្យាក្រឹត​កាបូន​នៅ​ឆ្នាំ​២០៥០។

កាលពី​ថ្ងៃទី​១៧ ខែ​មិថុនា ឆ្នាំ​២០២១ ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ថា អាមេរិក​បាន​ធ្វើការ​ចំណាយ​ថវិកា​ចំនួន​ជាង ១០០​លាន​ដុល្លារ​លើ​កម្មវិធី​មួយ​ចំនួន​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់​នៅ​កម្ពុជា ប៉ុន្តែ​វា​ជា​រឿង​គួរ​ឲ្យ​ស្តាយ​ដែល​ស្ថានភាព​កាន់តែ​អាក្រក់​ទៅៗ ដែល​ពុំ​មាន​ការ​ថមថយ​នៃ​បទល្មើស​ព្រៃឈើ​ខ្មែរ​ទាល់តែសោះ។

ប្រភព​ដដែល​រិះគន់​ថា ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​កម្ពុជា នៅតែ​បន្ត​កើត​មាន​នៅ​ក្នុង​តំបន់ និង​ជុំវិញ​ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃឡង់ ប៉ុន្តែ​អាជ្ញាធរ​កម្ពុជា​មិន​បាន​ធ្វើការ​កាត់ទោស ឬ​ចាត់​វិធានការ​ច្បាប់​ចំពោះ​ឈ្មួញ​ទុច្ចរិត​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​លើ​សត្វ​ព្រៃ ឬ​បញ្ឈប់​សកម្មភាព​ខុស​ច្បាប់​ក្នុង​តំបន់​អភិរក្ស​ព្រៃឡង់​នោះ​ឡើយ។

ស្ថានទូត​សហរដ្ឋ​អាមេរិក អះអាង​ទៀត​ថា អាជ្ញាធរ​មិន​មាន​វិធានការ​ណា​មួយ​ជាក់លាក់​លើ​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​នោះ​ទេ តែ​ពួកគេ​បែរ​ជា​ព្យាយាម​បំបិទ​សំឡេង​សកម្មជន​បរិស្ថាន ហើយ​ធ្វើ​ទុក្ខបុកម្នេញ​សហគមន៍​មូលដ្ឋាន និង​សង្គម​ស៊ីវិល​ដែល​ជា​ដៃគូ​របស់​ខ្លួន ស្រប​ពេល​ពួកគេ​បាន​បង្ហាញ​ពី​កង្វល់​ដ៏​សម​ហេតុផល​លើ​ការ​បាត់បង់​ធនធាន​ធម្មជាតិ​របស់​កម្ពុជា​ទៅវិញ។

សហរដ្ឋ​អាមេរិក​បាន​ចំណាយ​ថវិកា​អស់​រាប់​សិប​លាន​ដុល្លារ​លើ​កម្មវិធី​មួយ​ចំនួន​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​បទល្មើស​ព្រៃឈើ​នៅ​កម្ពុជា តាមរយៈ​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​នេះ តែ​មិន​មាន​ប្រសិទ្ធភាព​ណា​មួយ​នៃ​វិធានការ​អាជ្ញាធរ​កម្ពុជា​លើ​បទល្មើស​ព្រៃឈើ​ទាំងនោះ​នៅឡើយ​ទេ។ សហរដ្ឋ​អាមេរិក​បាន​ប្រកាស​សម្រេច​បញ្ចប់​ជំនួយ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​លើ​គម្រោង​ព្រៃឡង់​បៃតង បន្ទាប់ពី​បទល្មើស​ព្រៃឈើ​ទាំងនោះ​នៅតែ​បន្ត​កើត​មាន​ឥត​ឈប់​ឈរ ខណៈ​អាជ្ញាធរ​កម្ពុជា​ក៏​មិន​មាន​ផែនការ​ជាក់លាក់​ក្នុង​ការ​បង្ក្រាប​បទល្មើស​ទាំងនោះ​ដែរ។

របាយការណ៍​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក បង្ហាញ​ថា តាំងពី​ឆ្នាំ​២០១៦ មក ទោះបីជា​មាន​ការ​គាំទ្រ​របស់​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID ដើម្បី​ឲ្យ​មាន​ការ​ដើរ​ល្បាត ការ​បណ្តុះបណ្តាល​ផ្នែក​អនុវត្ត​ច្បាប់ និង​ការ​រៀបចំ​បង្កើត​ប្រព័ន្ធ​គ្រប់គ្រង​តំបន់​ការពារ​ថ្នាក់​ជាតិ​ក៏ដោយ ក៏​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃឡង់​នៅតែ​បាត់បង់​ដដែល​លើ​ព្រៃឈើ​ប្រមាណ ៣​ម៉ឺន ៨​ពាន់​ហិកតារ ដែល​ជា​គម្រប​ព្រៃឈើ​នៅ​ទីនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស