31 C
Phnom Penh

នាយករដ្ឋមន្ត្រី​សាទរ​កម្មករ​កាត់ដេរ​ទទួល​បាន​ប្រាក់​ឈ្នួល​អប្បបរមា ២០៤​ដុល្លារ​នៅ​ឆ្នាំ​២០២៤

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​ត​ពូជ លោក ហ៊ុន ម៉ាណែត អបអរ​សាទរ​ចំពោះ​កម្មករ​និយោជិត​វិស័យ​កាត់ដេរ​ដែល​ទទួល​បាន​ការ​ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០២៤ ចំនួន ២០៤​ដុល្លារ​អាមេរិក​ក្នុង ១​ខែ នៅ​ឆ្នាំ​ក្រោយ​នេះ។

លោក ហ៊ុន ម៉ាណែត បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ​ថា លោក​ទទួល​បាន​របាយការណ៍​ពី​រដ្ឋមន្ត្រី​ក្រសួង​ការងារ អំពី​លទ្ធផល​បោះឆ្នោត​របស់​ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា​លើ​តួលេខ​ចំនួន ៣ គឺ​តួលេខ ២០២​ដុល្លារ តួលេខ ២០៤​ដុល្លារ និង​តួលេខ ២១៣​ដុល្លារ ដោយ​ក្នុង​នោះ​តួលេខ ២០២​ដុល្លារ​ទទួល​បាន​សំឡេង ៤៦​សំឡេង តួលេខ ២០៤​ដុល្លារ​ទទួល​បាន​សូន្យ​សំឡេង ហើយ​តួលេខ ២១៣​ដុល្លារ ទទួល​បាន ៥​សំឡេង​ក្នុង​ចំណោម​សំឡេង​សរុប ៥១​សំឡេង។ ហេតុ​ដូច្នេះ លោក​បន្ថែម ២​ដុល្លារ​ទៀត​ទៅ​លើ​តួលេខ ២០២​ដុល្លារ ដែល​នាំ​ឲ្យ​ប្រាក់ខែ​គោល​របស់​កម្មករ​និយោជិត​ទទួល​បាន ២០៤​ដុល្លារ​សម្រាប់​ឆ្នាំ​២០២៤ ខាងមុខ​តទៅ។

លោក ហ៊ុន ម៉ាណែត អះអាង​ថា ទន្ទឹម​នឹង​ការ​ដំឡើង​ប្រាក់ឈ្នួល​នេះ លោក​នឹង​បន្ត​ជំរុញ​ដល់​ក្រសួង​ស្ថាប័ន អាជ្ញាធរ​ពាក់ព័ន្ធ ពិនិត្យ​តាមដាន និង​ដាក់​វិធានការ​បន្ថែម​ដើម្បី​ពិនិត្យ​លទ្ធភាព​កាត់បន្ថយ​បន្ទុក​ចំណាយ​របស់​បងប្អូន​កម្មករ​និយោជិត​ផង​ដែរ។ ជាង​នេះ​ទៀត លោក​ក៏​មាន​ផែនការ​ជួប​ប្រជុំ​ជាមួយ​វិស័យ​ឯកជន ដើម្បី​កែលំអ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា សំដៅ​បង្កើន​ភាព​ប្រកួត​ប្រជែង និង​ទាក់ទាញ​វិនិយោគទុន​បន្ថែម ក្នុង​គោលដៅ​បង្កើត​ការងារ​ថ្មីៗ​ជូន​ពលរដ្ឋ​បន្ថែម​ទៀត។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា លោក​បាន​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​លើ​ការ​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​នេះ តាំងពី​ពេល​ចាប់​ផ្តើម​ដំបូង ក្នុង​បំណង​ដើម្បី​ជួយ​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ រួម​ទាំង​កម្មករ​និយោជិត ដែល​នេះ​គឺជា​កិច្ចការ​អាទិភាព​ខ្ពស់​បំផុត​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ។

ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ត្រឹម ២០៤​ដុល្លារ​នេះ ត្រូវ​បាន​អ្នកជំនាញ​ទទួល​បន្ទុក​សិទ្ធិ​ការងារ និង​កម្មករ មើល​ឃើញ​ថា ជា​ចំនួន​ដែល​មិន​អាច​ជួយ​ឱ្យ​ជីវភាព​កម្មករ​និយោជិត​ខាង​វិស័យ​កាត់ដេរ​អាច​រស់នៅ​សមរម្យ និង​ថ្លៃថ្នូរ​បាន​នៅឡើយ។

អ្នក​គ្រប់គ្រង​ផ្នែក​ការងារ​នៃ​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៩ កញ្ញា នេះ​ថា ផ្អែក​តាម​របាយការណ៍​របស់​សង់ត្រាល់ និង​សហជីព​ឯករាជ្យ​ជាច្រើន បាន​បង្ហាញ​ពី​ការ​ឱ្យ​ព្រួយបារម្ភ​ចំពោះ​ស្ថានភាព​ត្រដាបត្រដួស​កាន់តែ​ខ្លាំង​របស់​កម្មករ​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ ដែល​ចំណូល​របស់​ពួកគេ​កំពុង​ថយ​ចុះ ស្រប​ពេល​ដែល​ពួកគេ​ត្រូវ​រ៉ាប់រង​បន្ទុក​បំណុល​ដ៏​ធំ​ថែម​ទៀត។

លោក ឃុន ថារ៉ូ លើកឡើង​ថា ទោះបីជា​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មករ​នៅ​ពេលនេះ​ក៏ដោយ ក៏​ធ្វើឡើង​ក្នុង​ពេល​ដែល​ចំណូល​សរុប​របស់​ពួកគេ​កំពុង​ថយ​ចុះ​ដែរ។ ជាក់ស្តែង នៅ​ពេលនេះ កម្មករ​ជាច្រើន​មាន​ចំណូល​តិច​ជាង​មុន ដូចជា​ការ​ថយ​ចុះ​ប្រាក់​ថែម​ម៉ោង ការ​ថយ​ចុះ​ប្រាក់​រង្វាន់ និង​ការ​ថយ​ចុះ​អត្ថប្រយោជន៍​ផ្សេងៗ​ជាច្រើន​ទៀត ខណៈ​កំណើន​នៃ​ការ​ចំណាយ​លើ​ការ​រស់នៅ​ក៏​កើនឡើង​ជាង​មុន​ដែរ។

លោក​បន្ថែម​ថា ដើម្បី​ធានា​លទ្ធភាព​នៃ​ការ​ដំទ្បើង​ប្រាក់​ឈ្នួល​អប្បបរមា​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​សម្រាប់​កម្មករ រាជរដ្ឋាភិបាល​ត្រូវតែ​ដាក់​ចេញ​នូវ​វិធានការ​កាត់បន្ថយ​អតិផរណា​ផ្នែក​ចំណី​អាហារ ថ្លៃ​សាំង និង​ការ​អនុវត្ត​ច្បាប់​ជួល​ផ្ទះ​ក្នុង​កម្រិត​ទាប​ឱ្យ​មាន​ប្រសិទ្ធភាព ហើយ​ជាពិសេស ត្រូវ​សម្រួល​រចនាសម្ព័ន្ធ​ប្រាក់​ឈ្នួល និង​ប្រាក់​រង្វាន់ ព្រមទាំង​អត្ថប្រយោជន៍​ផ្សេង​ទៀត​ទៅ​ក្នុង​ប្រាក់​ឈ្នួល​អប្បបរមា និង​ដាក់​ចេញ​នូវ​វិធានការ ពិនិត្យ ពិចារណា​ក្នុង​ការ​ទម្លាក់​ថវិកា​ជាតិ​ដើម្បី​សម្រួល​លក្ខខណ្ឌ​បំណុល ដូចជា​ការ​ពន្យារ​ការ​បង់​ប្រាក់​ដើម និង​ការប្រាក់​ទៅ​ធនាគារ ដែល​កម្មករ​កំពុង​ប្រឈម​នៅ​ពេលនេះ​ជាបន្ទាន់​ផង​ដែរ។

លោក​បន្ត​ថា រដ្ឋាភិបាល​គួរ​សិក្សា​ឱ្យ​បាន​ច្បាស់លាស់​ពី​កម្រិត​ចំណេញ​របស់​និយោជក​ប្រកប​ដោយ​តម្លាភាព ហើយ​បើ​តាម​ស្ថានភាព​ជាក់ស្តែង​នៅ​ពេលនេះ រដ្ឋាភិបាល​គួរ​តែ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មករ​និយោជិត​ក្នុង​ភាព​សមរម្យ គឺ​ចន្លោះ​ពី ៣០០​ដុល្លារ​អាមេរិក​ទៅ​ដល់ ៥០០​អាមេរិក​សម្រាប់​រយៈពេល​វែង ទើប​អាច​ជួយ​ឱ្យ​កម្មករ​ឈាន​ទៅ​រក​ភាព​ធូរស្រាល​លើ​បន្ទុក​នៃ​ការ​ចំណាយ​របស់​ពួកគេ និង​អាច​រស់​ក្នុង​ភាព​ថ្លៃថ្នូរ​បាន។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​សហជីព​កម្ពុជា​បាន​បញ្ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ថា តាមរយៈ​នៃ​ការ​សិក្សា​ស្រាវជ្រាវ​បឋម​ក្នុង​ឆ្នាំ​២០២៣ បាន​រក​ឃើញ​ថា កម្មករ​ម្នាក់​បាន​ជាប់​បំណុល​ជា​មធ្យម​ពីរ​ស្ថាប័ន ហើយ​បញ្ហា​នេះ​បាន​បង្ក​ឱ្យ​ពួកគេ​មាន​វិបត្តិ​ផ្នែក​សេដ្ឋកិច្ច​រយៈពេល​វែង ជាពិសេស​ពលរដ្ឋ​ដែល​ត្រូវ​រស់នៅ​ក្រោម និង​ស្មើ ឬ​លើ​បន្ទាត់​ក្រីក្រ​បន្តិចបន្តួច ខណៈ​រដ្ឋាភិបាល​កម្ពុជា​មិនទាន់​មាន​ការ​កំណត់​ប្រាក់​ឈ្នួល​របស់​កម្មករ​ឱ្យ​អាច​រស់​នៅ​បាន​សមរម្យ​បាន​នៅ​ឡើយ​ទេ។

កាលពី​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០២២ ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង ត្រូវ​បាន​កំណត់​ត្រឹម ២០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ​សម្រាប់​ឆ្នាំ​២០២៣ ដែល​គេ​មើល​ឃើញ​ថា​ជា​ទំហំ​ប្រាក់​ឈ្នួល​មួយ​មិន​អាច​ធានា​នូវ​ការ​រស់នៅ​សមរម្យ​របស់​កម្មករ​និយោជិត​បាន​នៅឡើយ ខណៈ​ឆ្នាំ​២០២៤ ខាងមុខ​នេះ ត្រូវ​បាន​ឡើង​ត្រឹមតែ ៤​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស