30 C
Phnom Penh

អ្នក​ឃ្លាំមើល៖ សន្ទុះ​សេដ្ឋកិច្ច​ថៃ​និង​វៀតណាម កំពុង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​វិស័យ​ជាច្រើន​របស់​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​ព្រមាន​ថា សន្ទុះ​នៃ​ការ​ប្រកួតប្រជែង​សេដ្ឋកិច្ច​រវាង​រដ្ឋាភិបាល​វៀតណាម និង​រដ្ឋាភិបាល​ថៃ ចាប់ពី​ពេលនេះ​តទៅ នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​វិស័យ​ជាច្រើន​របស់​កម្ពុជា។

អ្នកជំនាញ​ខាង​ផ្នែក​កិច្ចការ​រដ្ឋបាល​លោក ឱក សេរីសោភក្តិ៍ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ​ថា ថៃ​បាន​ដោះស្រាយ​បញ្ហា​នយោបាយ​ដែល​ចាក់ស្រេះ​ជាប់​គាំង​យូរ​មក​ហើយ​នោះ​បាន​ដោយ​ជោគជ័យ​នៅ​ពេលនេះ ហើយ​ដំណោះស្រាយ​នេះ​ជា​ដំណោះស្រាយ​ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​ស្ថិតស្ថេរ​យូរ​អង្វែង​ថែម​ទៀត។

លោក ឱក សេរីសោភក្តិ៍ អះអាង​ថា ក្រោម​ការ​ផ្សះផ្សា​បង្រួបបង្រួម​នៃ​ឧត្តមគតិ​ជាតិ​របស់​ឥស្សរជន​ដែល​ជា​មន្ត្រី​ជាន់ខ្ពស់​របស់​ថៃ ដូចជា លោក ស៊ូ រ៉ាយុទ្ធ ប្រធាន​ឧត្ដមក្រុមប្រឹក្សា​ព្រះមហាក្សត្រ​ថៃ លោក ប្រាយុទ្ធ ចាន់អូចារ នាយករដ្ឋមន្ត្រី​ទើប​ចុះ​ចេញពី​តំណែង លោក ស្រេតថា ថាវីស៊ីន នាយករដ្ឋមន្ត្រី​ទើប​ឡើង​កាន់​តំណែង និង​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីត​នាយករដ្ឋមន្ត្រី​ថៃ ជាដើម ដែល​ពួកគេ​បាន​ចរចា​គ្នា​ជា​សម្ងាត់​រហូត​មក។

អ្នកជំនាញ​ខាង​កិច្ចការ​រដ្ឋបាល​រូប​នេះ​លើកឡើង​ថា គោលនយោបាយ​សង្គម និង​សេដ្ឋកិច្ច​ថ្មីៗ​របស់​លោក ស្រេតថា ថាវីស៊ីន នាយករដ្ឋមន្ត្រី​ថ្មី​របស់​ថៃ បាន​កំណត់​ជាពិសេស​ដល់​ការ​ជួយ​កសិករ​ក្នុង​ការ​សង​ប្រាក់​កម្ចី​ធនាគារ​រយៈពេល ៣​ឆ្នាំ និង​ជួយ​ដល់​កម្មករ​តាមរយៈ​នៃ​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ប្រចាំ​ថ្ងៃ​ដែល​សមាមាត្រ​ទៅ​នឹង​កម្រិត​ជីវភាព​របស់​ពលរដ្ឋ​ថៃ​នៅ​ពេលនេះ បាន​ទាក់ទាញ​ទំនុក​ចិត្ត​ពី​ប្រជាពលរដ្ឋ​ថៃ​យ៉ាង​ខ្លាំង រហូត​អាច​ឈាន​ទៅ​ដល់​ការ​ផ្សះផ្សា​ដំបៅ​នយោបាយ ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ ហក់​ឡើង​ខ្លាំង​ជាង​មុន​តាមរយៈ​នៃ​ការ​ស្រូប​ទាញ​អ្នក​វិនិយោគ​យ៉ាង​គំហុក​សម្រាប់​រដ្ឋាភិបាល​ថ្មី​នេះ។

លោក ឱក សេរីសោភក្តិ៍ ត្អូញត្អែរ​ថា ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ត្រូវតែ​ព្យាបាល​ជំងឺ​តួឯក និង​ព្យាបាល​ជំងឺ​ទន់ជ្រាយ​ហួសហេតុ ដែល​នាំ​ឲ្យ​ខ្លួន​វង្វេងវង្វាន់ ដើម្បី​ងាក​មក​រក​ការ​រួម​គ្នា​បម្រើ​ពលរដ្ឋ​ដោយ​ពិតប្រាកដ​វិញ ទោះ​ពេល​ខ្លះ​ត្រូវ​បង្ខំ​ចិត្ត​ដាក់​ចេញ​នូវ​គោលនយោបាយ​ដែល​ប៉ះពាល់​ដល់​ទឹកចិត្ត​របស់​ពលរដ្ឋ​ក៏ដោយ ក៏​ត្រូវតែ​អនុវត្ត​ដែរ ប៉ុន្តែ​ត្រូវ​ពន្យល់​ពលរដ្ឋ​ដោយ​សេចក្តី​គោរព និង​ទុក​ពេល​សម​ល្មម​ឲ្យ​ពលរដ្ឋ​ដើម្បី​ឱ្យ​ពួកគាត់​ត្រៀម​ខ្លួន​ឱ្យ​បាន​រួចរាល់។

អ្នក​ឃ្លាំមើល​សង្គម​រូប​នេះ​បញ្ជាក់​ថា ដើម្បី​ជំរុញ​នយោបាយ​ខ្មែរ​ឱ្យ​បោះ​ជំហាន​ទៅ​មុខ​ដោយ​ថ្កុំថ្កើង ដាច់ខាត​ត្រូវតែ​កសាង​ម៉ាស៊ីន​បច្ចេកទេស​រដ្ឋ​មួយ​ដែល​មិន​រណប​ផល​ប្រយោជន៍​គណបក្ស តាមរយៈ​នៃ​ការ​បណ្តុះបណ្តាល​មន្ត្រី​ស្អាតស្អំ និង​មាន​សមត្ថភាព។ បន្ថែម​ពី​នេះ ក៏​ត្រូវ​ធ្វើការ​វះកាត់​ជំងឺ​រលេះរលួយ​ដែល​ខ្លួន​មាន ចេញ​ឲ្យ​អស់​ដែរ ព្រោះ​ជំងឺ​នេះ​នឹង​ធ្វើ​ឱ្យ​ស្លាប់​ប្រទេស​ជាតិ​ទៅ​ថ្ងៃ​មុខ​យ៉ាង​ពិតប្រាកដ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​ដែល​ទើប​នឹង​មាន​អាយុ​ជាង ៣០​ថ្ងៃ​ក្នុង​អាណត្តិ​ថ្មី​នេះ មិន​ត្រឹមតែ​មិន​អាច​ព្យាបាល​ជំងឺ​ដែល​សេសសល់​ពី​រដ្ឋាភិបាល​ចាស់​បាន​ទេ ប៉ុន្តែ​បែរ​ជា​បង្ក​ជំងឺ​នេះ​ឱ្យ​រីក​រាលដាល​កាន់តែ​ខ្លាំង​ឡើង​ទៅ​វិញ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​កម្ពុជា​មិន​អាច​មាន​សន្ទុះ​ក្នុង​ការ​ប្រកួតប្រជែង​សេដ្ឋកិច្ច​របស់​ខ្លួន​ជាមួយ​ប្រទេស​ជិតខាង​បាន​ឡើយ។

អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៩ កញ្ញា នេះ​ថា ប្រទេស​ជិតខាង ដូចជា ថៃ ជាដើម កំពុង​បោះ​ជំហាន​ទៅ​រក​ការ​អភិវឌ្ឍ​មួយ​តាមរយៈ​នៃ​ការ​ជួយ​ឱ្យ​សេដ្ឋកិច្ច​របស់​គេ​កាន់តែ​ល្អ​ប្រសើរ​ជាង​មុន តាមរយៈ​នៃ​ការ​បង្កើត​គោលនយោបាយ​ថ្មី​ដោយ​ការ​ជួយ​ពលរដ្ឋ​ថៃ ដូចជា ការ​ចែក​លុយ​ដល់​ពលរដ្ឋ​ថៃ ផ្អាក​ការ​ទូទាត់​បំណុល​រយៈពេល ៣​ឆ្នាំ​សម្រាប់​កសិករ ព្រមទាំង​បញ្ចុះ​តម្លៃ​ប្រេងឥន្ធនៈ និង​តម្លៃ​អគ្គិសនី ជាដើម ប៉ុន្តែ​កម្ពុជា​បែរ​ជា​មាន​ផែនការ​រឹត​បន្តឹង​ប្រមូល​លុយ​ពី​ពលរដ្ឋ​កាន់តែ​ខ្លាំង​ទៅវិញ។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា ដើម្បី​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​លូត​ទៅ​មុខ​ក្នុង​គោលដៅ​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ជិតខាង រដ្ឋាភិបាល​ថ្មី​ត្រូវតែ​រិះរក​វិធី​គ្រប់​បែប​យ៉ាង​ដើម្បី​ជួយ​ឱ្យ​ពលរដ្ឋ​មាន​លទ្ធភាព​ទទួល​បាន​ប្រាក់ចំណូល​គ្រប់គ្រាន់ តាមរយៈ​នៃ​ការ​បើក​អាជីវកម្ម​ខ្នាត​ធំ តូច និង​ខ្នាត​មធ្យម​របស់​ពួកគេ។ ជាង​នេះ​ទៀត ក៏​ត្រូវ​គិតគូរ​ពី​ការ​បញ្ចុះ​ថ្លៃ​សាំង ថ្លៃ​ភ្លើង និង​សម្រួល​ក្នុង​ការ​សង​បំណុល​ធនាគារ​របស់​ពលរដ្ឋ​ផង​ដែរ នោះ​ទើប​អាច​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​បោះ​ជំហាន​ទៅ​មុខ​បាន​លឿន មិនមែន​ខំ​ប្រមូល​ពន្ធ​ទាំង​ដែល​ពលរដ្ឋ​កំពុង​ដុនដាប​នោះ​ទេ។

កាលពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០២៣ នាយករដ្ឋមន្ត្រី​ថ្មី​របស់​ថៃ លោក ស្រេតថា ថាវីស៊ីន បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​រដ្ឋាភិបាល​ថ្មី​របស់​លោក ដោយ​ការ​ចែក​លុយ​ដល់​ពលរដ្ឋ​ថៃ​ចាប់ពី​អាយុ ១៦​ឆ្នាំ​ឡើង​ទៅ​ក្នុង​ម្នាក់ ២៨០​ដុល្លារ​អាមេរិក និង​ផ្អាក​ការ​ទូទាត់​បំណុល​រយៈពេល ៣​ឆ្នាំ​សម្រាប់​កសិករ​ខ្នាត​តូច សហគ្រាស​ធុន​តូច និង​មធ្យម ព្រមទាំង​បញ្ចុះ​តម្លៃ​ប្រេងឥន្ធនៈ និង​តម្លៃ​អគ្គិសនី ជាដើម ដើម្បី​ស្ដារ​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​ឡើងវិញ។ ជាង​នេះ​ទៀត គណៈរដ្ឋមន្ត្រី​ថៃ បាន​អនុម័ត​រួច​ហើយ​នូវ​កញ្ចប់​ថវិកា ៣៣​ពាន់​លាន​បាត ឬ​ស្មើ ៩០៨​លាន​ដុល្លារ​អាមេរិក ដើម្បី​ជួយ​សម្រាល​បំណុល​របស់​កសិករ​ក្នុង​រយៈពេល ៣​ឆ្នាំ​ទៅ​មុខ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស