40 C
Phnom Penh

អង្គការ Right Livelihood ស្នើ​តុលាការ​កម្ពុជា​ពិចារណា​ឡើង​វិញ​ចំពោះ​ការ​រារាំង​ក្រុម​យុវជន​មាតា​ធម្មជាតិ​ទៅ​ទទួល​ពានរង្វាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ Right Livelihood ស្នើ​ទៅ​តុលាការ​កម្ពុជា​ឲ្យ​ពិចារណា​ឡើង​វិញ​ចំពោះ​ការ​រារាំង​ក្រុម​យុវជន​មាតា​ធម្មជាតិ មិន​ឲ្យ​ទៅ​ទទួល​ពានរង្វាន់​នៅ​ប្រទេស​ស៊ុយអែត ក្រោម​ហេតុផល​ថា​ជា​ករណី​មិន​ចាំបាច់​នោះ។

អង្គការ Right Livelihood បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃទី​៣ ខែ​តុលា ដោយ​សម្ដែង​ការ​សោកស្ដាយ​ក្រោយ​ពី​អង្គការ​នេះ​ទទួល​ដំណឹង​ថា តុលាការ​ក្រុង​ភ្នំពេញ​មិន​ឲ្យ​ក្រុម​យុវជន​មាតា​ធម្មជាតិ​ចំនួន ៣​រូប​ទៅ​ទទួល​ពានរង្វាន់ Right Livelihood Award ដែល​នឹង​ធ្វើឡើង​នៅ​ប្រទេស​ស៊ុយអែត នា​ថ្ងៃទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ខាងមុខ​នេះ។

អង្គការ Right Livelihood បញ្ជាក់​ជំហរ​ថា ខ្លួន​នឹង​ឈរ​ជាមួយ​អង្គការ​មាតា​ធម្មជាតិ​កម្ពុជា​ចំពោះ​ការ​បន្ត​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ ដើម្បី​ការពារ​បរិស្ថាន និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​ជំនាន់​បច្ចុប្បន្ន និង​អនាគត។

តែ​យ៉ាងណា អង្គការ Right Livelihood ស្នើ​ទៅ​តុលាការ​ក្រុង​ភ្នំពេញ​ឲ្យ​ពិចារណា​ឡើងវិញ​ចំពោះ​ការ​រារាំង​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ។ ក្រៅពី​ទទូច​ទៅ​តុលាការ​កម្ពុជា​ហើយ អង្គការ​នេះ​ក៏​ស្នើ​ទៅ​សហគមន៍​អន្តរជាតិ ឲ្យ​ចូលរួម​អបអរ​ក្រុម​យុវជន​មាតា​ធម្មជាតិ​ដែល​បាន​តស៊ូ​មតិ ដើម្បី​សិទ្ធិ​សេរីភាព​របស់​ពួកគេ​ឲ្យ​ទទួលស្គាល់​នៅ​លើ​ពិភពលោក​ផង​ដែរ។

ការ​ស្នើ​របស់​អង្គការ Right Livelihood ធ្វើឡើង​បន្ទាប់ពី​តុលាការ​ក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី​២ ខែ​តុលា ឆ្នាំ​២០២៣ បាន​បដិសេធ​សំណើ​របស់​យុវជន​ចលនា​មាតា​ធម្មជាតិ ដែល​ស្នើសុំ​ទៅ​ទទួល​ពានរង្វាន់ Right Livelihood 2023 នៅ​ប្រទេស​ស៊ុយអែត នៅ​ចុង​ខែ​វិច្ឆិកា ខាងមុខ​នេះ។ ការ​បដិសេធ​នេះ ក្រោម​ហេតុផល​ថា​គ្មាន​ភាព​ចាំបាច់ បើ​ទោះជា​ការ​ទទួល​ពានរង្វាន់​នេះ​ជា​ការ​លើក​មុខមាត់​ឲ្យ​ប្រទេស​កម្ពុជា​ក៏ដោយ។

ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ បង្ហាញ​ការ​ហួសចិត្ត​ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ​បដិសេធ​សំណើ​ពួកគេ បើ​ទោះជា​ការ​ទទួល​ពានរង្វាន់ Right Livelihood 2023 នៅ​ប្រទេស​ស៊ុយអែត នេះ បាន​ជួយ​លើក​មុខមាត់​ប្រទេស​កម្ពុជា​ក៏ដោយ។

ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ ដូចជា​លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា លោក យីម លាងហ៊ី លោក លី ចន្ទ្រដារ៉ាវុធ និង​កញ្ញា ស៊ុន រដ្ឋា ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាលពី​អំឡុង​ខែ​មិថុនា ឆ្នាំ​២០២១ ក្រោយ​រដ្ឋាភិបាល​កម្ពុជា​ចោទ​ថា ពួកគេ​មាន​អង្គការ​ចាត់តាំង​ខុស​ច្បាប់​ពី​ក្រៅ​ប្រទេស ប្រើប្រាស់​ហិរញ្ញប្បទាន​ភេរវកម្ម និង​ធ្វើ​សកម្មភាព​បំបែកបំបាក់​ជាតិ ក្រោម​បទ​ចោទ «ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» បទ «រួម​គំនិត​ក្បត់» និង​បទ «ប្រមាថ​អង្គ​ព្រះមហាក្សត្រ»។

សកម្មជន​ទាំងនេះ​ត្រូវ​បាន​អាជ្ញាធរ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន កាលពី​ថ្ងៃទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ខណៈ​ការ​ដោះលែង​នេះ អ្នក​ខ្លះ​បាន​អនុវត្ត​ទោស​ចប់​តាម​ការ​កំណត់​របស់​តុលាការ ចំណែក​អ្នក​ខ្លះ​ទៀត​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដោយ​ទោស​ដែល​នៅ​សល់ ត្រូវ​ព្យួរ​សាកល្បង ប៉ុន្តែ​ពួកគេ​គ្រប់​គ្នា​សុទ្ធតែ​មាន​ទោស​ផ្សេង​ទៀត​ដែល​តុលាការ​មិនទាន់​ជំនុំជម្រះ​នៅឡើយ​ពី​បទ​ចោទ រួម​គំនិត​ក្បត់ និង​បទ ប្រមាថ​អង្គ​ព្រះមហាក្សត្រ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស