35 C
Phnom Penh

លោក ស៊ី ជីនពីង គ្រោង​ទៅ​ទស្សនកិច្ច​ទីក្រុង​ហាណូយ ខណៈ​វៀតណាម​កាន់តែ​ខិត​ទៅ​រក​សហរដ្ឋ​អាមេរិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ឱ្យ​ដឹង​ថា មន្ត្រី​ចិន និង​វៀតណាម កំពុងតែ​ត្រៀម​រៀបចំ​សម្រាប់​ដំណើរ​ទស្សនកិច្ច​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង ទៅ​កាន់​ទីក្រុង​ហាណូយ ដែល​អាច​កើត​ឡើង​នៅ​ចុងខែ​តុលា ឬ​ដើម​ខែ​វិច្ឆិកា ឆ្នាំ​នេះ។

ទស្សនកិច្ច​របស់​កំពូល​មេដឹកនាំ​ចិន ដែល​គ្រោង​ធ្វើឡើង​នៅ​ក្រុង​ហាណូយ គឺជា​លើក​ពីរ​ដែល​នៅ​ឆ្នាំ​២០១៧ លោក ស៊ី ទៅ​វៀតណាម​ម្ដង​ហើយ ខណៈ​លោក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី-ប៉ាស៊ីហ្វិក ជាមួយ​លោក ដូណាល់ ត្រាំ លោក វ៉ា្លឌីមៀ ពូទីន និង​មេដឹកនាំ​ពិភពលោក​ផ្សេង​ទៀត។

ប៉ុន្តែ​វត្តមាន​លោក ស៊ី នៅ​ក្រុង​ហាណូយ គេ​មិន​បាន​ដឹង​ថា ធ្វើ​នៅ​ក្រោយ​លោក​ប្រធានាធិបតី​រុស្ស៊ី វ៉ា្លឌីមៀ ពូទីន ទៅ​កាន់​ក្រុង​ប៉េកាំង ឬ​ក៏​មុន​នោះ​ទេ។ តែ​ដំណឹង​ដែល​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ទាញ​ឱ្យ​មាន​ការ​លើកឡើង​ថា របប​កុម្មុយនីស្ត​នៅ​ក្រុង​ប៉េកាំង យ៉ាងហោច​ណាស់​មាន​ការ​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​វៀតណាម កាន់តែ​កៀក​ទៅ​រក​សហរដ្ឋ​អាមេរិក ចាប់​តាំងពី​ប្រធានាធិបតី​អាមេរិក​យ៉ាងតិច ៥​នាក់​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ក្រុង​ហាណូយ តាម​ការ​អញ្ជើញ​របស់​មេដឹកនាំ​វៀតណាម ដែល​ចាប់​តាំងពី​អាមេរិក និង​វៀតណាម បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយ​គ្នា​ឡើងវិញ​នៅ​ឆ្នាំ​១៩៩៥ ដែល​ជា​ការ​បិទ​បញ្ចប់​ភាព​ជា​សត្រូវ​នឹង​គ្នា​ដោយសារ​ផ្ទុះ​សង្គ្រាម​វៀតណាម​ខាងត្បូង​ពី​រវាង​ឆ្នាំ​១៩៦៤ ដល់​ឆ្នាំ​១៩៧៥។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ៥​នាក់​ដែល​ទៅ​កាន់​ប្រទេស​វៀតណាម មាន​លោក បីល ឃ្លិនតុន លោក ហ្ស៊ក ឌឹបបែលយូ ប៊ូស លោក បារ៉ាក់ អូបាម៉ា លោក ដូណាល់ ត្រាំ និង​លោក ចូ បៃដិន។

ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​វៀតណាម លោក បៃដិន បាន​ជួប​ដាច់ដោយឡែក​ពី​គ្នា​ទាំង​អគ្គលេខាបក្ស​កុម្មុយនីស្ត​វៀតណាម ទាំង​ប្រធានាធិបតី និង​នាយករដ្ឋមន្ត្រី។ វត្តមាន​លោក បៃដិន មាន​កម្រិត​ជា​ប្រវត្តិសាស្ត្រ ដោយ​មាន​ការ​ទទួល​ជា​លក្ខណៈ​ផ្លូវ​រដ្ឋ​ដោយ​ក្រាល​កម្រាល​ព្រំ​ក្រហម និង​ទ័ព​ពិធីការ​ប្រគំ​ត្រែ​កិត្តិយស។

អ្នក​សារព័ត៌មាន​បាន​បន្ត​ចងក្រង​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ជា​ថ្មី​ទៀត​នៃ​ដំណើរ​ទស្សនកិច្ច​លោក បៃដិន ជាន់​ទឹកដី​វៀតណាម ជា​ប្រទេស​មួយ​នៅ​ក្នុង​សមាគម​អាស៊ី​អាគ្នេយ៍ ដែល​ប្រទេស​មួយ​នេះ​ធ្លាប់​ជា​សត្រូវ​នឹង​គ្នា​ក្នុង​សង្គ្រាម​វៀតណាម​ខាងត្បូង​កាលពី​ក្នុង​សង្គ្រាម​ត្រជាក់។

តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP មេដឹកនាំ​សហរដ្ឋ​អាមេរិក និង​មេដឹកនាំ​វៀតណាម ចុះ​កិច្ចព្រមព្រៀង​រួម​គ្នា​ព្រមាន​ប្រឆាំង​ការ​គំរាមកំហែង ឬ​ការ​ប្រើប្រាស់​កម្លាំង​បាយ​ករណី​ជម្លោះ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ដែល​ជា​សារ​ផ្ញើ​ទៅ​ប្រទេស​ចិន។

លោក ចូ បៃដិន និង​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម លោក Nguyen Phu Trong បាន​លើកឡើង​ថា បញ្ហា​នៃ​ការ​ទាមទារ​ដែន​អធិបតេយ្យ​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង ចាំបាច់​ត្រូវតែ​ដោះស្រាយ​នៅ​ក្រោម​បទដ្ឋាន​អន្តរជាតិ​នៃ​អនុសញ្ញា​អន្តរជាតិ ឬ​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២។

សេចក្តី​ថ្លែងការណ៍​នេះ​ធ្វើឡើង​មួយ​ថ្ងៃ​បន្ទាប់ពី​លោក បៃដិន និង​លោក Phu Trong បាន​ចុះ​កិច្ចព្រមព្រៀង​ដើម្បី​ធ្វើ​ឱ្យ​កិច្ច​សហប្រតិបត្តិការ​ប្រទេស​ទាំង​ពីរ​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត ខណៈ​ត្រូវ​គេ​មើល​ឃើញ​ថា គឺជា​កិច្ចប្រឹងប្រែង​មួយ​ដើម្បី​ព្យាយាម​ទប់ទល់​ការ​កើន​ឡើង​ឥទ្ធិពល​ចិន​នៅ​ក្នុង​តំបន់។

ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​មាន​ជម្លោះ​ជាមួយ​ចិន ករណី​សមុទ្រ​ចិន​ខាងត្បូង មាន​វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ប្រ៊ុយណេ។ ប្រទេស ៥ នេះ បាន​ទាមទារ​ឱ្យ​ចិន គោរព​ច្បាប់​សមុទ្រ​អន្តរជាតិ​ឆ្នាំ​១៩៨២ ជាពិសេស​ប្រទេស​វៀតណាម និង​ហ្វីលីពីន ដែល​តែង​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​ចិន ដែល​នាវា​ចិន​បំពាន​ចូល​ដែនទឹក និង​ដែន​កោះ​របស់​ពួកគេ។

សេចក្ដី​ថ្លែងការណ៍​រួម​របស់​មេដឹកនាំ​ទាំង​ពីរ បាន​ឈាន​ដល់​ការ​លើក​កម្ពស់​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង​ពីរ ដែល​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ទីក្រុង​វ៉ាស៊ីនតោន ក្នុង​ការ​បង្កើត​បណ្ដាញ​សម្ព័ន្ធមិត្ត​អាស៊ី និង​ប៉ាស៊ីហ្វិក ចំពោះ​មុខ​ការ​កើន​ឡើង​ឥទ្ធិពល​ចិន។

ចំណែក​សហរដ្ឋ​អាមេរិក បាន​ហៅ​សមុទ្រ​ចិន​ខាងត្បូង​ជា​តំបន់​ផ្លូវទឹក​អន្តរជាតិ ដែល​ប្រទេស​ចិន​ពុំ​មាន​សិទ្ធិ​កាន់កាប់​ផ្ដាច់មុខ​ឡើយ។

ទស្សនកិច្ច​របស់​លោក ស៊ី ជីនពីង ទៅ​វៀតណាម បើ​ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោងទុក​មែន​នោះ វា​ជា​រឿង​ដែល​ចិន បារម្ភ​ពី​វៀតណាម​រំកិល​ខ្លួន​កាន់តែ​ជិតស្និទ្ធ​នឹង​សហរដ្ឋ​អាមេរិក។ វៀតណាម និង​ចិន រយៈពេល​ចុងក្រោយ​នេះ​មាន​ភាព​តានតឹង​នឹង​គ្នា​ជា​ខ្លាំង។ តាមរយៈ​ភាព​តានតឹង​នេះ​ហើយ​ដែល​នាំ​ឲ្យ​វៀតណាម ចេះតែ​លែង​ទុកចិត្ត​ចិន ហើយ​សម្រេច​ងាក​ទៅ​រក​សហរដ្ឋ​អាមេរិក បើ​ទោះបីជា​សហរដ្ឋ​អាមេរិក​ធ្លាប់​ជា​សត្រូវ​នឹង​គ្នា​ក៏ដោយ តែ​ចិន និង​វៀតណាម ក៏​ធ្លាប់​ជា​សត្រូវ​នឹង​គ្នា​ផង​ដែរ។

វៀតណាម និង​ចិន ផ្ទុះ​សង្គ្រាម​វាយ​ប្រយុទ្ធ​គ្នា​យ៉ាងតិច​ពីរ​លើក​មក​ហើយ។ វា​ជា​សង្គ្រាម​ដណ្ដើម​ដែនដី និង​សង្គ្រាម​ឈ្លានពាន។ នៅ​ឆ្នាំ​១៩៧៤ វៀតណាម​លើក​ទ័ព​ចូល​កាន់កាប់​កោះ​ជាច្រើន​នៅ​ប្រជុំ​កោះ​ប៉ារ៉ាសែល នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​វៀតណាម​អះអាង​ថា​ជា​ដែនទឹក​របស់​ខ្លួន ហើយ​នៅ​ឆ្នាំ​១៩៧៩ ចិន​លើក​ទ័ព​រាប់​ម៉ឺន​នាក់​ចូល​លុកលុយ​ប្រទេស​វៀតណាម ដោយ​ដាក់​សម្ពាធ​វៀតណាម​ឲ្យ​ដក​ទ័ព​ចេញពី​កម្ពុជា។

តែ​នៅ​ពេល​នោះ ចិន​សម្រេច​ដក​ទ័ព​ចេញពី​យៀកណាម ដោយសារតែ​សហភាព​សូវៀត​គាបសង្កត់​ដោយ​លើក​ទ័ព​លើក​រថក្រោះ​រាប់​រយ​គ្រឿង​ទៅ​ដាក់​ពង្រាយ​នៅ​ព្រំដែន​រុស្ស៊ី​ជាប់​នឹង​ចិន ហើយ​គំរាម​វាយ​ចូល​ប្រទេស​ចិន ទើប​ចិន​សម្រេច​ដក​ទ័ព​ចេញពី​វៀតណាម។

ចុងក្រោយ​នេះ គេ​អាច​គិត​ថា រុស្ស៊ី​កាន់តែ​ស្និទ្ធ​ជាមួយ​នឹង​ចិន នាំ​ឲ្យ​វៀតណាម​មិន​សូវ​ជា​ទុកចិត្ត​រុស្ស៊ី​ដូច​សហភាព​សូវៀត​ទៀត​នោះ​ទេ។ ដូចនេះ វៀតណាម​សម្រេច​ចាប់​ដៃ​ជាមួយ​អតីត​សត្រូវ​របស់​ខ្លួន គឺ​សហរដ្ឋ​អាមេរិក ជាជាង​ទុកចិត្ត​រុស្ស៊ី​ដែល​ទោរទន់​ខ្លាំង​ទៅ​រក​ចិន ខណៈ​រុស្ស៊ី​ទប់​ខ្លួន​យ៉ាង​ខ្លាំង​ក្នុង​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន ព្រោះតែ​សហរដ្ឋ​អាមេរិក និង​ក្រុម​បស្ចិម​ប្រទេស​ជួយ​អ៊ុយក្រែន​យ៉ាង​ខ្លាំងក្លា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស