32 C
Phnom Penh

លោក នី ណាក់ ថា​រដ្ឋាភិបាល​នៅតែ​ទុក​ឲ្យ​ជន​ដែល​ប្រព្រឹត្ត​បទឧក្រិដ្ឋ​រស់នៅ​ក្រៅ​ច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​សង្គម លោក នី ណាក់ លើកឡើង​ថា រដ្ឋាភិបាល​នៅតែ​ទុក​ឲ្យ​ជន​ដែល​ប្រព្រឹត្ត​បទឧក្រិដ្ឋ​រស់នៅ​ក្រៅ​ច្បាប់ ដោយសារតែ​រយៈពេល​មួយ​ខែ​ហើយ​នៅ​មិន​ទាន់​រក​ឃើញ​ជន​ដែល​ប្រើ​អំពើ​ហិង្សា​លើ​រូបលោក​យក​មក​ផ្ដន្ទាទោស។

កាលពី​ថ្ងៃទី​១២ កញ្ញា ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​ស្លៀកពាក់​ខ្មៅ មាន​ពាក់​មួក​ឃ្លុប​បិទ​មុខ​ជិត ដៃ​កាន់​ដំបង​ដែក​សម្រុក​វាយ​សន្ធាប់​លើ​ក្បាល​លោក នី ណាក់ ឱ្យ​បែក​ក្បាល​ជាច្រើន​កន្លែង ឈាម​ស្រោច​ខ្លួន និង​សន្លប់​នៅ​នឹង​កន្លែង។

លោក នី ណាក់ បាន​រង​របួស​ធ្ងន់​ជាច្រើន​កន្លែង​នៅ​ត្រង់​ក្បាល​ដែល​មាន​ស្នាម​របួស​ដាច់​រហូត​ចំនួន ៥​កន្លែង និង​របួស​ដាច់​នៅ​ត្រង់​ចិញ្ចើម រួម​ទាំង​នៅ​លើ​ដៃ និង​ជើង ដែល​ត្រូវ​ដេរ​អស់​ជាង ៣០​ថ្នេរ និង​ត្រូវ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​អស់​រយៈពេល​មួយ​សប្ដាហ៍។

អ្នកជំនាញ​ខាង​កសិកម្ម និង​ជា​សកម្មជន​សង្គម លោក នី ណាក់ បាន​សរសេរ​លើ​ហ្វេសប៊ុក IMan-KH ថា គិត​ត្រឹម​ថ្ងៃទី​១២ ខែ​តុលា នេះ មាន​រយៈពេល​ខួប ១​ខែ​ហើយ​នៃ​អំពើ​ឃាតកម្ម​មក​លើ​រូប​លោក ប៉ុន្តែ​លោក​មិន​ទាន់​បាន​តម្រុយ​អ្វី​បន្តិច​ពី​ប៉ូលិស និង​ប៉េអិម និង​ស្នងការ​នោះ​ទេ។

លោក​បាន​ត្អូញត្អែរ​ថា យុត្តិធម៌​សម្រាប់​មក​ដល់​ពេលនេះ មិន​ដឹង​នៅ​ឯណា​ឡើយ។ លោក​ចាត់ទុក​ករណី​នេះ​ថា រដ្ឋាភិបាល​នៅតែ​ទុក​ឲ្យ​ជន​ដែល​ប្រព្រឹត្ត​បទឧក្រិដ្ឋ​រស់នៅ​ក្រៅ​ច្បាប់ ដោយ​ថា​មិន​យូរ​ទេ វិបត្តិ​សង្គម​ទូទាំង​ប្រទេស​វា​នឹង​ផ្ទុះ​ឡើង​មិន​ខាន​ឡើយ។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត យល់ស្រប​ចំពោះ​ការ​លើកឡើង​របស់​លោក នី ណាក់។ លោក​កត់សម្គាល់​ថា រដ្ឋាភិបាល​ដឹកនាំ​តាំងពី​លោក ហ៊ុន សែន រហូត​ដល់​លោក ហ៊ុន ម៉ាណែត នេះ ធ្វើ​ជា​ប៉ូលិស​ផង និង​ជា​ចោរ​ផង។ មាន​ន័យ​ថា រដ្ឋាភិបាល​កំពុង​ប្រើប្រាស់​មធ្យោបាយ​ទុច្ចរិត​បង្ក្រាប​ចំពោះ​អ្នក​ដែល​មាន​ទស្សនៈ​ផ្ទុយ ឬ​មិន​ស្រប​នឹង​ខ្លួន។

ជាក់ស្ដែង​កន្លងមក រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក ហេង សួរ ធ្លាប់​បាន​និយាយ​ក្នុង​សារ​សំឡេង​បែក​ធ្លាយ​ដោយ​បញ្ជា​ឲ្យ​សម្លាប់​ក្រៅ​ប្រព័ន្ធ​ច្បាប់ តាមរយៈ​គ្រោះថ្នាក់​ចរាចរណ៍​លើ​អ្នក​មាន​ទស្សនៈ​ផ្ទុយ​ពី​ពួក​អ្នក​កាន់​អំណាច ឬ​អ្នក​រិះគន់​គ្រួសារ​ត្រកូល​ហ៊ុន។

ក្រៅពី​បញ្ជា​ឲ្យ​សម្លាប់​ហើយ លោក ហេង សួរ ក៏​ធានា​ចិញ្ចឹម​ពួក​ឧក្រិដ្ឋជន ឬ​ជន​ដៃ​ដល់​ទាំងនោះ ខណៈ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​សកម្មជន​ដីធ្លី លើ​អ្នក​នយោបាយ​បក្ស​ប្រឆាំង និង​សកម្មជន​សង្គម ជាដើម សមត្ថកិច្ច​មិន​បាន​ចាប់​ខ្លួន​ជន​ដៃ​ដល់ ឬ​ក្រុម​ឧក្រិដ្ឋជន មក​ផ្ដន្ទាទោស​ឡើយ បើ​ទោះបីជា​មាន​កាមេរ៉ា​សុវត្ថិភាព និង​ភស្តុតាង​ផ្សេងៗ​ក៏ដោយ។

ដូច្នេះ លោក​ថា រដ្ឋាភិបាល​ត្រកូល​ហ៊ុន មិន​បាន​ការពារ​ប្រជាពលរដ្ឋ​ក្នុង​ការ​ស្វែងរក​ជន​ដៃ​ដល់​ទេ ផ្ទុយ​ទៅ​វិញ ពួកគេ​អ្នក​នៅ​ពីក្រោយ​ក្រុម​ឧក្រិដ្ឋជន​ទាំងនោះ ដោយ​មិន​អើពើ​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ។

លោក ម៉ែន ណាត អំពាវនាវ​ទៅ​រដ្ឋាភិបាល​ត្រូវ​អនុវត្ត​ច្បាប់ ដោយ​ចាប់​ខ្លួន​ជន​ដៃ​ដល់​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ដើម្បី​ជម្រះ​មន្ទិល​សង្ស័យ​នានា​កន្លងមក។

ការ​ប្រើ​អំពើ​ហិង្សា​លើ​លោក នី ណាក់ ធ្វើឡើង​បន្ទាប់ពី​លោក​បាន​រិះគន់​លើ​រដ្ឋាភិបាល​បក្ស​កាន់​អំណាច​ជា​បន្តបន្ទាប់​ចំពោះ​មន្ត្រី​អសកម្ម និង​ការ​តែងតាំង​មន្ត្រី​តាម​ក្រសួង​ស្ថាប័ន​ច្រើន​ហួសហេតុ ក្នុង​នោះ​កាលពី​ថ្ងៃទី​១១ ខែ​កញ្ញា នេះ លោក នី ណាក់ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ថា លោក​ធ្លាប់​ជាប់​គុក ១៨​ខែ​ពី​ការ​និយាយ​អំពី​កសិកម្ម​មាន់​ពាក់​ម៉ាស់ ដូច្នេះ​លោក​មិន​អាច​នៅ​ស្ងៀម​បាន​ទេ​ចំពោះ​ពួក​មន្ត្រី​កសិកម្ម​ដែល​ធ្វើការ​ដើម្បី​តែ​ដេក​ស៊ី​ប្រាក់ខែ​ដែល​ពលរដ្ឋ​បង់​ពន្ធ។

ករណី​ប្រើប្រាស់​អំពើ​ហិង្សា​លើ​អ្នកជំនាញ​ខាង​កសិកម្ម​លោក នី ណាក់ ជា​ករណី​នេះ​ទី​១ របស់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត។

ទាក់ទិន​នឹង​បញ្ហា​នេះ សង្គម​ស៊ីវិល​ធ្លាប់​បាន​បង្ហាញ​ទិន្នន័យ​របស់​ខ្លួន​ថា ចាប់តាំងពី​ដើម​ឆ្នាំ​២០១៩ មក សកម្មជន​សង្គម សកម្មជន​នយោបាយ ត្រូវ​ជន​មិន​ស្គាល់​មុខ​លប​វាយប្រហារ​បណ្តាល​ឲ្យ​មាន​របួស​ជា​បន្តបន្ទាប់ រហូត​មាន​អ្នក​ខ្លះ​បាក់​ដៃ បាក់​ជើង បាក់​ឆ្អឹងជំនីរ បែក​ក្បាល ជាដើម ខណៈ​សំណុំរឿង​ទាំងនោះ​មិន​ត្រូវ​បាន​សមត្ថកិច្ច​រដ្ឋាភិបាល​លោក ហ៊ុន សែន បើក​ការ​ស៊ើបអង្កេត​វែក​មុខ​រក​ជន​ដៃ​ដល់​ទាំងនោះ​ឡើយ ទោះបី​មាន​ខ្សែ​វីដេអូ​តាម​កាមេរ៉ា​សុវត្ថិភាព​បង្ហាញ​ពី​ភិនភាគ​ជនល្មើស​ទាំងនោះ​ក៏ដោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស