39 C
Phnom Penh

លោក ពូទីន សម្រេច​ទៅ​ចិន​ដែល​ពុំ​មែន​ជា​សមាជិក​តុលាការ ICC ខណៈ​ចិន​ស្វាគមន៍​ទោះ​ជា​ដឹង​ថា​លោក ពូទីន ជា​ឧក្រិដ្ឋជន​សង្គ្រាម​ក៏ដោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន បាន​មក​ដល់​ប្រទេស​ចិន កាលពី​ថ្ងៃ​អង្គារ ទី​១៧ ខែ​តុលា ដោយ​រដ្ឋាភិបាល​ចិន ធ្វើ​ពិធី​ស្វាគមន៍​លោក​ក្នុង​នាម​ជា​មេដឹកនាំ​នៃ​ប្រទេស​រុស្ស៊ី ដែល​ដឹកនាំ​គណៈប្រតិភូ​ដើម្បី​ចូលរួម​វេទិកា​ខ្សែក្រវាត់​មួយ-ផ្លូវ​មួយ ជា​គម្រោង​អភិវឌ្ឍន៍​របស់​ចិន សំដៅ​ជួយ​អភិវឌ្ឍ​ផ្លូវ​ឆ្លងកាត់​ទ្វីប​អាស៊ី ទៅ​អាហ្វ្រិក និង​អឺរ៉ុប ទាំង​ផ្លូវ​គោក និង​ផ្លូវ​រថភ្លើង។ នេះ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AP ចុះផ្សាយ​នៅ​ថ្ងៃទី​១៨ តុលា។

ក្នុង​ដំណើរ​ទស្សនកិច្ច​ដែល​អ្នក​សង្កេតការណ៍​តាមដាន​មើល លោក ពូទីន បាន​បង្ហាញ​ទំនុកចិត្ត និង​ភាព​ជា​ដៃគូ​គ្មាន​ដែន​កំណត់​រវាង​ប្រទេស​រុស្ស៊ី និង​ចិន បើ​ទោះ​រុស្ស៊ី​កំពុង​ចុះ​ខ្សោយ​ឥទ្ធិពល​ជា​ខ្លាំង​ដោយ​ផុង​ខ្លួន​ក្នុង​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​បរទេស​លើក​ទី​ពីរ​តាំងពី​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC បាន​ចេញ​ដីកា​ចាប់​ខ្លួន​កាលពី​ខែ​មីនា ឆ្នាំ​២០២៣ មក លោក ពូទីន និង​មន្ត្រី​ហែហម​របស់​លោក​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុង​ប៉េកាំង កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ក្នុង​សប្ដាហ៍​នេះ។

នៅ​ព្រមាន​យន្តហោះ​ក្រុង​ប៉េកាំង លោក ពូទីន ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចិន លោក Wang Wentao។

ទស្សនកិច្ច​លើក​នេះ​ក៏​ជា​ទស្សនកិច្ច​ផ្លូវការ​ដំបូង​បង្អស់​របស់​លោក ពូទីន ទៅ​ក្រៅ​ដែនដី​អតីត​សហភាព​សូវៀត ដែល​កាលពី​សប្ដាហ៍​មុន លោក​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស Kyrgyzstan ដែល​ជា​អតីត​សាធារណរដ្ឋ​មួយ​របស់​សហភាព​សូវៀត។

តុលាការ ICC ដែល​បាន​ចោទប្រកាន់​លោក ពូទីន ថា​បាន​ចាប់​បង្ខំ​បញ្ជូន​កុមារ​ដោយ​ខុស​ច្បាប់​ពី​អ៊ុយក្រែន ទៅ​រុស្ស៊ី គឺជា​សំណុំរឿង​ឧក្រិដ្ឋកម្ម​សង្គ្រាម។ ករណី​នេះ នាំ​ឱ្យ​លោក ពូទីន ជាប់​ចោទ​ពី​ឧក្រិដ្ឋកម្ម​សង្គ្រាម។

តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ តម្រូវ​ឱ្យ​សមាជិក​ទាំង ១២៣​ប្រទេស​នៃ​តុលាការ​នេះ ត្រូវ​ចាប់​ខ្លួន​លោក ពូទីន និង​នាំ​ខ្លួន​កំពូល​មេដឹកនាំ​ផ្ដាច់ការ​រូប​នេះ​ទៅ​កាន់​ទីក្រុង​ឡាអេ នៃ​ប្រទេស​ហុឡង់ដ៍ ដើម្បី​បើក​សវនាការ​កាត់ទោស ប្រសិនបើ​លោក​ធ្វើ​ដំណើរ​ទៅ​ដល់​ទឹកដី​នៃ​ប្រទេស​ជា​សមាជិក​ទាំងនោះ។

តែ​យ៉ាងណា ទាំង​ប្រទេស Kyrgyzstan និង​ប្រទេស​ចិន សុទ្ធតែ​មិនមែន​ជា​សមាជិក​របស់​តុលាការ ICC នោះ​ទេ។

នៅ​ទីក្រុង​ប៉េកាំង លោក ស៊ី ជីនពីង បាន​ជួប​ជាមួយ​នឹង​លោក ពូទីន ដែល​ជា​មិត្ត​សម្លាញ់​នឹង​គ្នា។ លោក ស៊ី បាន​មក​ជួប​លោក ពូទីន ក្នុង​ទីក្រុង​មូស្គូ តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​តុលាការ ICC បាន​ចេញ​ដីកា​ចាប់​ខ្លួន​លោក ពូទីន។

នៅ​ពេល​នោះ លោក ស៊ី បាន​អញ្ជើញ​លោក ពូទីន ឱ្យ​ចូលរួម​នៅ​ក្នុង​វេទិកា​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ ដែល​ឆ្នាំ​នេះ​ចិន​ចាត់ទុក​ជា​វេទិកា​គម្រប់ ១០​ឆ្នាំ។

វេទិកា​ឆ្នាំ​នេះ ចិន​ប្រារព្ធ​ធ្វើឡើង​ដោយ​ពិធីការ​ដ៏​ធំ ក្នុង​ការ​ទទួល​មេដឹកនាំ​ប្រទេស​ដែល​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​សកល​របស់​ចិន ដែល​ផ្ដួចផ្ដើម​ដោយ​លោក ស៊ី។ ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង បាន​សាទរ​ចំណង​មិត្តភាព​ជិតស្និទ្ធ​របស់​លោក​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី ពូទីន។

លោក ស៊ី បាន​ប្រាប់​ទៅ​កាន់​លោក ពូទីន ថា ការ​ជឿ​ទុកចិត្ត​គ្នា​ទៅវិញ​ទៅមក​ផ្នែក​នយោបាយ​រវាង​ប្រទេស​ទាំង​ពីរ កំពុង​បន្ត​មាន​ភាព​ស៊ីជម្រៅ​កាន់តែ​ខ្លាំង។ តែ​ជាមួយ​គ្នា​នេះ លោក ស៊ី ក៏​បាន​អំពាវនាវ​ឱ្យ​មាន​កិច្ចប្រឹងប្រែង​រួម​រវាង​ចិន និង​រុស្ស៊ី ដើម្បី​រក្សា​ការពារ​សមធម៌ ក៏ដូចជា​យុត្តិធម៌​លើ​ពិភពលោក។

លោក ស៊ី បាន​រំលឹក​ថា រូបលោក​បាន​ជួប​លោក ពូទីន សរុប​ចំនួន ៤២​លើក​ហើយ​នៅ​ក្នុង​រយៈពេល ១០​ឆ្នាំ​មក​នេះ ហើយ​បាន​កសាង​ទំនាក់ទំនង​ការងារ​ដ៏​ល្អ​មួយ ព្រមទាំង​ចំណង​មិត្តភាព​យ៉ាង​ស៊ីជម្រៅ។

ទីក្រុង​ប៉េកាំង ដែល​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ស្វាគមន៍​មេដឹកនាំ និង​តំណាង​មកពី ១៣០​ប្រទេស សម្រាប់​វេទិកា​មួយ​ស្ដីពី​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់​មួយ-ផ្លូវ​មួយ ដែល​ជា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ និង​ពាណិជ្ជកម្ម​សកល​របស់​ចិន ក្រោម​ការ​ដឹកនាំ​របស់​លោក ស៊ី ជីនពីង។ មេដឹកនាំ​ដែល​មាន​ក្នុង​បញ្ជី​ឈ្មោះ​ភ្ញៀវ​កិត្តិយស ក៏​មាន​លោក ពូទីន មួយ​ដែរ។

លោក ពូទីន ដែល​បាន​ចូលរួម​នៅ​ក្នុង​ពិធី​បើក​ជា​ផ្លូវការ​នៃ​វេទិកា​នេះ​ដែល​រៀបចំ​ដោយ​ប្រទេស​ចិន នេះ លោក​ក៏​បាន​ជួប​ពិភាក្សា​ជាមួយ​មេដឹកនាំ​នៃ​ប្រទេស​វៀតណាម ថៃ ម៉ុងហ្គោលី ហុងគ្រី និង​ប្រទេស​ឡាវ ផង​ដែរ។

ក្នុង​ជំនួប​ដាច់ដោយឡែក​នេះ នាយករដ្ឋមន្ត្រី​ថៃ លោក ស្រេតថា ថាវិស៊ីន បាន​អញ្ជើញ​លោក ពូទីន ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ នៅ​ឆ្នាំ​ក្រោយ។ ជាមួយ​គ្នា​នេះ បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន VNA ប្រធានាធិបតី​វៀតណាម លោក Vo Van Thuong ក៏​បាន​អញ្ជើញ​លោក ពូទីន ឱ្យ​បំពេញ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​វៀតណាម ក្នុង​ពេល​ឆាប់ៗ ហើយ​ថា​លោក ពូទីន បាន​ទទួល​យក​ការ​អញ្ជើញ​នោះ​ដោយ​ក្តី​រីករាយ។

ចាប់តាំងពី​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ចេញ​ដីកា​ចាប់​ខ្លួន​មក លោក ពូទីន ពុំ​ដែល​ទៅ​ប្រទេស​ដែល​ជា​សមាជិក​របស់​តុលាការ ICC ទេ។ ចំណែក​ប្រទេស​ថៃ និង​វៀតណាម ពុំ​មែន​ជា​ប្រទេស​នៃ​សមាជិក​នៃ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស