34.7 C
Phnom Penh

អ្នក​សង្កេតការណ៍​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​ឯកសារ​ស្រប​ច្បាប់​ដល់​ពលករ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​ករណី​លួច​ឆ្លងដែន​ទៅ​ធ្វើការ​ខុស​ច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ជួយ​ដោះស្រាយ​ពលករ​ខ្មែរ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​រាប់​រយ​នាក់​កាលពី​ពេល​ថ្មីៗ​នេះ និង​ផ្តល់​ឯកសារ​ស្រប​ច្បាប់​ដល់​ពួកគេ ដើម្បី​ជួយ​លើកស្ទួយ​ពលករ​ចំណាកស្រុក​ក្នុង​ការ​ធានា​នូវ​សុវត្ថិភាព​ការងារ​របស់​ពួកគេ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៨ តុលា នេះ​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្លាប់​បាន​លើកឡើង​ពី​គោលនយោបាយ​របស់​ខ្លួន​ដែល​ត្រូវ​ជួយ​ទៅ​ដល់​កម្មករ​ដែល​កំពុង​បម្រើ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ដែល​ខ្លួន​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​កាលពី​ចុង​ខែ​សីហា កន្លង​ទៅ ប៉ុន្តែ​លោក​ក៏​មិន​ត្រូវ​ភ្លេច​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ជិតខាង​ដែរ ជាពិសេស​ពលរដ្ឋ​ខ្មែរ​ដែល​គ្មាន​ឯកសារ​ស្រប​ច្បាប់​ត្រឹមត្រូវ​ដោយសារតែ​ចាញ់បោក​មេខ្យល់ ហើយ​កំពុង​រស់នៅ​តែលតោល​នៅ​ក្រៅ​ប្រទេស​សព្វថ្ងៃ​នេះ។

លោក សេក សុជាតិ លើកឡើង​ថា ក្រសួង​ការងារ​កម្ពុជា​តែងតែ​បង្ហាញ​របាយការណ៍​ស្ដីពី​តួលេខ​ប្រាក់ចំណូល​សេដ្ឋកិច្ច​ជាតិ​ដែល​កម្ពុជា​ទទួល​បាន​ពី​ពលករ​ចំណាកស្រុក ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ជិតខាង ប៉ុន្តែ​ក្រសួង​ការងារ និង​រដ្ឋាភិបាល​កម្ពុជា មិន​ទាន់​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​របស់​ខ្លួន ដើម្បី​ជួយ​លើកស្ទួយ​ពលករ​ចំណាកស្រុក​ក្នុង​ការ​ធានា​នូវ​សុវត្ថិភាព​ការងារ​របស់​ពួកគេ​នៅឡើយ​ទេ ជាពិសេស​ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ និង​ប្រទេស​ជប៉ុន ដែល​គ្មាន​ឯកសារ​ស្រប​ច្បាប់​ត្រឹមត្រូវ ដោយសារ​ចាញ់បោក​មេខ្យល់ ហើយ​កំពុង​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​ពី​សមត្ថកិច្ច​របស់​ប្រទេស​ដែល​ពួកគេ​កំពុង​រស់នៅ​សព្វថ្ងៃ​នេះ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ បញ្ជាក់​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​គ្មាន​សមត្ថភាព​បង្កើត​ការងារ និង​ប្រាក់ចំណូល​គ្រប់គ្រាន់​ឱ្យ​ពលរដ្ឋ​របស់​ខ្លួន​ធ្វើការ​នៅ​ក្នុង​ប្រទេស​ទេ រដ្ឋាភិបាល​គួរតែ​ជួយ​គាំពារ​ដល់​ពលរដ្ឋ​ដែល​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ជិតខាង​ឱ្យ​បាន​ល្អ ដើម្បី​ឱ្យ​ស័ក្តិសម​នឹង​គោលនយោបាយ​ដែល​ខ្លួន​បាន​លើកឡើង​សម្រាប់​រដ្ឋាភិបាល​ថ្មី និង​ក្នុង​នាម​ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​ក្នុង​អាណត្តិ​ទី​៧ នេះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ពលករ​ខ្មែរ​ជាង ៤០០​នាក់​ត្រូវ​បាន​ប៉ូលិស​ថៃ ចាប់​ខ្លួន​បន្ទាប់ពី​ពួកគេ​លួច​ឆ្លងដែន​ចូល​ទៅ​ធ្វើការ​ដោយ​គ្មាន​ឯកសារ​ស្រប​ច្បាប់​ក្នុង​ប្រទេស​ថៃ កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​ថ្ងៃទី​១២ ខែ​តុលា ឆ្នាំ​២០២៣ ប៉ូលិស​ថៃ បាន​ចាប់​ខ្លួន​ពលករ​ខ្មែរ​ជាង ៤០០​នាក់​នៅ​ខេត្ត​អយុធ្យា ដែល​ភាគច្រើន​ជា​កម្មករ​សំណង់ បន្ទាប់ពី​មេខ្យល់​របស់​ពួកគេ​ខកខាន​ផ្តល់​ឯកសារ​ស្រប​ច្បាប់​ដល់​ពលករ​ខ្មែរ​ទាំងនោះ ប៉ុន្តែ​ក្រោយ​ការ​ចាប់​ខ្លួន ពលករ​ទាំងនោះ​ក៏​បាន​ទាក់ទង​ទៅ​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ​ផង​ដែរ ដើម្បី​ស្នើសុំ​ឱ្យ​អាជ្ញាធរ​ថៃ​ដោះលែង​ពួកគេ​ដែរ ប៉ុន្តែ​រហូត​ដល់​ពេលនេះ នៅ​មិន​ទាន់​មាន​ការ​ធ្វើ​អន្តរាគមន៍​ណា​មួយ​ជា​វិជ្ជមាន​ពី​មន្ត្រី​ស្ថានទូត​ខ្មែរ​នៅឡើយ​ទេ។

ជុំវិញ​បញ្ហា​នេះ មន្ត្រី​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) លោក លឹង សុផុន ដែល​ប្រចាំ​ក្នុង​ប្រទេស​ថៃ បាន​អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ប៉ូលិស​ថៃ​បាន​ចាប់​ខ្លួន​មនុស្ស​ជាង ១​ពាន់​នាក់​ដែល​ឆ្លងដែន​មកពី​ប្រទេស​កម្ពុជា វៀតណាម និង​ភូមា មក​ធ្វើការ​នៅ​ការដ្ឋាន​សំណង់​ជាច្រើន​កន្លែង​ក្នុង​ប្រទេស​ថៃ ក្នុង​នោះ​ក៏​មាន​ពលករ​ខ្មែរ​ដែល​គ្មាន​ឯកសារ​ស្រប​ច្បាប់​ជាង ៤០០​នាក់​ដែរ ប៉ុន្តែ​កម្មករ​ជាង ៣០០​នាក់​ត្រូវ​បាន​ថៅកែ​ក្រុមហ៊ុន​ធានា​ដោយ​ការ​ស្នើសុំ​ប៉ូលិស​ថៃ ឱ្យ​ដោះលែង​ពួកគេ​ស្ថិត​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ខណៈ​ពលករ​ផ្សេង​ទៀត​កំពុង​រង់ចាំ​ការ​ដោះស្រាយ​ពី​ថៅកែ​របស់​ខ្លួន។

កាលពី​ថ្ងៃទី​៥ ខែ​កក្កដា ឆ្នាំ​២០២៣ គណៈរដ្ឋមន្ត្រី​ថៃ បាន​យល់ព្រម​ក្នុង​ការ​បន្ត​ពេលវេលា​សម្រាប់​ពលករ​បរទេស​ដែល​បាន​ដាក់​ស្នើ​បញ្ជី​ឈ្មោះ​អាច​ស្នាក់នៅ និង​ធ្វើការ​បាន​ក្នុង​ប្រទេស​ថៃ រហូត​ដល់​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៥ និង​ពន្យារ​ពេល​សម្រាប់​ពលករ​ដែល​បាន​ចុះ​អនុសារណៈ​យោគយល់ (MoU) ដែល​បាន​បញ្ចប់​កិច្ចសន្យា ៤​ឆ្នាំ អាច​បន្ត​ធ្វើការ​រហូត​ដល់​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០២៤ ជាមួយ​នឹង​ការ​បញ្ចុះ​តម្លៃ​វីសា​ពី ២​ពាន់​បាត មក​ត្រឹមតែ ៥០០​បាត ខណៈ​តម្លៃ​ឯកសារ​ស្នើសុំ​បន្ត​ស្នាក់នៅ​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន គឺ​បន្ថយ​ពី ១៩០០​បាត មក​ត្រឹម ៥០០​បាត​ប៉ុណ្ណោះ។

គណៈរដ្ឋមន្ដ្រី​ថៃ បាន​អនុម័ត​ទៅ​លើ​សំណើ​របស់​ក្រសួង​ការងារ​ថៃ ដូចជា​បន្ធូរ​បន្ថយ​ដល់​ពលករ​បរទេស ក្នុង​នោះ​ថៅកែ​រោងចក្រ​ដែល​បាន​ស្នើ​បញ្ជី​ឈ្មោះ​ពលករ​ត្រឹម​ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០២៣ ស្រប​តាម​ការ​ណែនាំ​របស់​គណៈរដ្ឋមន្ត្រី គឺ​អនុញ្ញាត​ឲ្យ​ពលករ​បរទេស​ទាំងនោះ​អាច​ស្នាក់នៅ និង​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ​រហូត​ដល់​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៥។

ជាង​នេះ​ទៀត ពលករ​ដែល​មកពី​ប្រទេស​កម្ពុជា ឡាវ និង​មីយ៉ាន់ម៉ា ដែល​បាន​បញ្ចប់​កិច្ចសន្យា (MOU) រយៈពេល ៤​ឆ្នាំ​ចន្លោះ​ថ្ងៃទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០២០ និង​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២៣ អាច​ស្នាក់នៅ និង​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ រហូត​ដល់​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០២៤ ដែល​អំឡុង​ពេល​នោះ ថៅកែ​រោងចក្រ​ត្រូវតែ​រៀបចំ​ដំណើរការ​ស្នើសុំ​ការ​អនុញ្ញាត​ជ្រើសរើស​ពលករ​តាម​ប្រព័ន្ធ (MoU)។ បន្ទាប់ពី​ពេល​នោះ ពលករ​បរទេស​ទាំងនោះ​អាច​ត្រឡប់​ទៅ​កាន់​ប្រទេស​កំណើត​វិញ ដើម្បី​ដំណើរការ និង​ត្រឡប់​មក​កាន់​ប្រទេស​ថៃ​វិញ ដោយ​មិន​ចាំបាច់​ត្រូវ​រង់ចាំ​រហូត​រយៈពេល​ដល់ ៣០​ថ្ងៃ​ឡើយ។

ទាក់ទិន​នឹង​បញ្ហា​នេះ របាយការណ៍​របស់​អង្គការ​សង់ត្រាល់ បាន​បង្ហាញ​កាលពី​ពេល​ថ្មីៗ​នេះ​ថា គិត​ត្រឹម​ដើម​ឆ្នាំ​២០២៣ នេះ ពលករ​ខ្មែរ​ដែល​កំពុង​រស់នៅ និង​ធ្វើ​ការងារ​នៅ​ក្នុង​ប្រទេស​ថៃ មាន​ជាង ២​លាន​នាក់ ក្នុង​នោះ​ពលករ​ខ្មែរ​ប្រមាណ ១​លាន​នាក់​ដែល​មិន​មាន​ឯកសារ​ស្រប​ច្បាប់ កំពុង​ប្រឈម​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម និង​បារម្ភ​ចំពោះ​ការ​ចាប់​ខ្លួន​ពី​សមត្ថកិច្ច​ថៃ។

ជាង​នេះ​ទៀត ប្រធាន​កម្មវិធី​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ទេសន្តរប្រវេសន៍​នៃ​អង្គការ​សង់ត្រាល់ លោក ឌីថេ ហូយ៉ា បាន​អះអាង​កាលពី​ពេល​កន្លង​ទៅ​ថា ក្នុង​ចំណោម​ពលករ​ខ្មែរ​ជាង ១​លាន​នាក់​ដែល​មិន​មាន​ឯកសារ​ផ្លូវ​ច្បាប់​នេះ មួយ​ចំនួន​ចូល​ទៅ​ទឹកដី​ថៃ​ដោយ​ខុស​ច្បាប់ និង​មួយ​ចំនួន​ទៀត​មាន​ឯកសារ​ផ្លូវ​ច្បាប់​ផុតកំណត់ តែ​មិន​បាន​បន្ត​សុពលភាព។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​៣ ខែ​តុលា ឆ្នាំ​២០២៣ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស សុខា បាន​ចេញ​សេចក្តី​ណែនាំ​មួយ​ដោយ​បញ្ជា​ឱ្យ​អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​គ្រប់​ខេត្ត បិទ​ច្រក​របៀង​ខុស​ច្បាប់​ទាំងអស់​ជាបន្ទាន់។

លោក ស សុខា បញ្ជាក់​ថា ក្រសួង​មហាផ្ទៃ​បាន​កត់សម្គាល់​ឃើញ​ពី​ភាព​ខ្វះ​ចន្លោះ និង​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ដែល​កើត​ចេញពី​ការ​ធ្វេសប្រហែស​ក្នុង​ការ​អនុវត្ត​តួនាទី​ភារកិច្ច​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​នា​ពេល​កន្លងមក ដូច្នេះ​ដើម្បី​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​រាល់​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ និង​បញ្ឈប់​នូវ​ការ​ចេញ​ឯកសារ​ឆ្លងដែន​មិន​ប្រក្រតី គឺ​មាន​តែ​បិទ​ច្រក​របៀង​ខុស​ច្បាប់​ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស