29 C
Phnom Penh

លោក ហ៊ុន ម៉ាណែត ប្រកាស​ត្រៀម​អនុវត្ត​ពេញ​ទំហឹង​នូវ​ផែនការ​ខ្សែក្រវាត់​និង​ផ្លូវ​របស់​មេដឹកនាំ​ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត ប្រកាស​ជំហរ​គាំទ្រ និង​ត្រៀម​ខ្លួន​ពេញ​ទំហឹង​ក្នុង​ការ​សហការ និង​អនុវត្ត​នូវ​គោលការណ៍​មួយ​ចំនួន​ដែល​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង ប្រកាស​ក្នុង​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ​លើក​ទី​៣ ដែល​ទើប​នឹង​បញ្ចប់​កាលពី​ថ្ងៃ​ពុធ ទី​១៨ តុលា។

ក្រសួង​ការបរទេស​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​១៩ ខែ​តុលា ឆ្នាំ​២០២៣ នេះ​ថា លោក ហ៊ុន ម៉ាណែត បាន​បញ្ជាក់​យ៉ាង​ច្បាស់​ក្នុង​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​ចិន លោក លី ឈាង និង​មន្ត្រី​ជាន់ខ្ពស់​បក្ស​កុម្មុយនីស្ត​ចិន​ជាច្រើន​ទៀត​ថា កម្ពុជា​នឹង​ធ្វើ​ឱ្យ​ស៊ីជម្រៅ​នូវ​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា-ចិន ដូចជា​ការ​កសាង​បណ្ដាញ​ត​ភ្ជាប់​ពហុ​វិស័យ​ខ្សែក្រវាត់ និង​ផ្លូវ គាំទ្រ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​រវាង​ប្រជាជន និង​ប្រជាជន និង​ការ​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​ខ្សែក្រវាត់ និង​ផ្លូវ ជាដើម។

លោក ហ៊ុន ម៉ាណែត អះអាង​ថា លោក​បាន​ប្រកាស​រួម​គ្នា​ជាមួយ​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង ដោយ​កំណត់​យក​ឆ្នាំ​២០២៤ ជា​ឆ្នាំ​ឯកភាព​គ្នា​ពន្លឿន​ការ​អភិវឌ្ឍ​ច្រក​របៀង អភិវឌ្ឍ​កសិកម្ម និង​ច្រក​របៀង​មច្ឆា និង​អង្គរ ក្នុង​គោលបំណង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ឧស្សាហកម្ម និង​កសិកម្ម​ទ្វេភាគី ដើម្បី​ធ្វើ​ទំនើបកម្ម​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ផង​ដែរ។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា កម្ពុជា-ចិន បាន​ឯកភាព​គ្នា​បង្កើន​នូវ​កិច្ច​សហប្រតិបត្តិការ​ខ្សែក្រវាត់ និង​ផ្លូវ​បន្ថែម​ទៀត ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ល្បែង​ភ្នាល់​ឆ្លងដែន ការ​ជួញដូរ​មនុស្ស និង​គ្រឿងញៀន ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត និង​ព័ត៌មាន​ក្លែងក្លាយ ជាដើម។ ជាង​នេះ​ទៀត កម្ពុជា​ក៏​បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន​នូវ​ការ​ប្រកាន់​ខ្ជាប់​នូវ​គោលនយោបាយ​ចិន​តែ​មួយ​ផង​ដែរ។

កាលពី​ថ្ងៃទី​១៦ ខែ​តុលា ឆ្នាំ​២០២៣ លោក ហ៊ុន ម៉ាណែត បាន​ដឹកនាំ​មន្ត្រី​រដ្ឋាភិបាល​របស់​ខ្លួន​ទៅ​ចូលរួម​ក្នុង​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដែល​មាន​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​១៩ ខែ​តុលា ឆ្នាំ​២០២៣ នេះ។

មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ធ្លាប់​បាន​អះអាង​ថា គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ​របស់​ចិន គឺ​ជា​យន្តការ​ឈ្នះ​ឈ្នះ ដែល​នឹង​អាច​ជួយ​ជំរុញ​ស្ថានភាព​អភិវឌ្ឍន៍​របស់​កម្ពុជា​ឱ្យ​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​នៅ​ឆ្នាំ​២០៣០ តាមរយៈ​នៃ​ការ​កសាង​មូលដ្ឋាន​សេដ្ឋកិច្ច បន្ទាប់ពី​កម្ពុជា​ចូល​ជា​សមាជិក​នៃ​គំនិត​ផ្ដួចផ្ដើម «ខ្សែក្រវាត់ និង​ផ្លូវ» របស់​ចិន កាលពី​ឆ្នាំ​២០១៦។

ប៉ុន្តែ​អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២០ តុលា នេះ​ថា ការ​ប្រកាស​ជំហរ​របស់​លោក ហ៊ុន ម៉ាណែត អនុវត្ត​តាម​ប្រព័ន្ធ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​របស់​ចិន ក្នុង​វេទិកា ខ្សែក្រវាត់ និង​ផ្លូវ​នេះ គឺ​ដោយសារតែ​គាត់​ដឹង​ថា រដ្ឋាភិបាល​ថ្មី​របស់​គាត់​មិន​មាន​ការ​គាំទ្រ​ពី​បស្ចិម​ប្រទេស​នោះ​ទេ។

លោក​បន្ត​ថា ប្រទេស​ប្រជាធិបតេយ្យ​សេរី​នៅ​លើ​ពិភពលោក​ក៏​មិន​ទាន់​មាន​ប្រទេស​ណា​មួយ​ចេញ​មុខ​ប្រកាស​ជំហរ​ដក​ទណ្ឌកម្ម​ពី​រដ្ឋាភិបាល​ថ្មី​នេះ​ដែរ។ លើស​ពី​នេះ​ទៅ​ទៀត ក្រោយ​កិច្ចប្រជុំ​នៅ​ឯ​អង្គការ​សហប្រជាជាតិ ក៏​គេ​នៅ​មិន​ទាន់​ឃើញ​ក្រុមហ៊ុន​បស្ចិម​ប្រទេស​ណា​មួយ​មក​បោះទុន​វិនិយោគ​នៅ​កម្ពុជា​នោះ​ដែរ។

លោក គឹម សុខ បញ្ជាក់​ថា ប្រព័ន្ធ​សេដ្ឋកិច្ច​របស់​កម្ពុជា​ជា​ប្រព័ន្ធ​មួយ​ដែល​ទន់ខ្សោយ ដូច្នេះ​ការ​ប្រជ្រៀត​ខ្លួន​កាន់តែ​ខ្លាំង​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​ចិន អាច​នឹង​នាំ​ឱ្យ​រូបិយប័ណ្ណ​របស់​ចិន ហូរ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​របស់​កម្ពុជា​កាន់តែ​ងាយ ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ និង​អ្នក​វិនិយោគ​ខ្មែរ​នៅ​មិន​ទាន់​ឱ្យ​តម្លៃ​លើ​រូបិយប័ណ្ណ​ចិន របស់​ចិន​នៅឡើយ ហើយ​បញ្ហា​នេះ​អាច​នឹង​នាំ​ឲ្យ​មាន​វិបត្តិ​សេដ្ឋកិច្ច​ដល់​កម្ពុជា​កាន់តែ​ស្មុគស្មាញ​ទៅ​វិញ។

លោក​បន្ថែម​ថា ការ​ប្រឹង​ប្រជ្រៀត​ខ្លួន​ចូល​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​ចិន ដើម្បី​ត្រដរ​ខំ​រស់​របស់​លោក ហ៊ុន ម៉ាណែត នៅ​ពេលនេះ ក៏​មិន​ប្រាកដ​ថា​រដ្ឋាភិបាល​របស់​គាត់​អាច​រស់​បាន​ដែរ ព្រោះ​ថា​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ពិភពលោក​បច្ចុប្បន្ន នៅតែ​ពឹងផ្អែក​លើ​លុយ​ដុល្លារ​របស់​អាមេរិក​តែប៉ុណ្ណោះ។

លោក​បញ្ជាក់​ថា ចិន​នឹង​បង្ហូរ​លុយ​របស់​គេ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ខ្ចី​កាន់តែ​ច្រើន​ដោយ​គ្មាន​តម្លាភាព ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​កម្ពុជា​ធ្លាក់​ចូល​ទៅ​ក្នុង​អន្ទាក់​បំណុល​កាន់តែ​ជ្រៅ។

លោក​បន្ថែម​ថា នៅ​ពេល​នោះ កម្ពុជា​ជំពាក់​លុយ​ចិន​កាន់តែ​ច្រើន ប៉ុន្តែ​ការ​អភិវឌ្ឍ និង​ការ​វិនិយោគ​នានា ដូចជា ផ្លូវ​ល្បឿន​លឿន ព្រលាន​យន្តហោះ និង​វារីអគ្គិសនី ជាដើម គឺ​ចិន​ជា​អ្នក​គ្រប់គ្រង​ទាំងអស់ ខណៈ​ផល​ប្រយោជន៍​ដែល​ទទួល​បាន​មក​ពី​វិនិយោគ​ទាំងនេះ គឺ​ចិន​ជា​អ្នក​ក្តោប​ក្តាប់​រហូត​ដល់​កន្លះ​សតវត្ស ចំណែក​កម្ពុជា​បាន​ត្រឹម​ខូចខាត​ទ្រព្យសម្បត្តិ​ជាតិ និង​ក្លាយ​ជា​កូនបំណុល​របស់​ចិន​ប៉ុណ្ណោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ វិទ្យាស្ថាន Kiel Institute ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អាល្លឺម៉ង់ ធ្លាប់​អះអាង​ថា កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​អត្រា​ជំពាក់​បំណុល​ចិន​ច្រើន​ជាង​គេ​បំផុត​លំដាប់​ទី​៦ ក្នុង​ចំណោម​ប្រទេស ៥០ លើ​ពិភពលោក ដែល​ជា​បំណុល​មាន​ហានិភ័យ ការប្រាក់​ខ្ពស់ និង​កង្វះ​តម្លាភាព។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​អំឡុង​ខែ​តុលា ឆ្នាំ​២០២០ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា បាន​ព្យាករ​ថា នៅ​ក្នុង​ឆ្នាំ​២០២០ កម្ពុជា​បាន​បង្កើន​កម្ចី​ពី​បរទេស​ដល់​ទៅ​ជាង ៨,៦​ពាន់​លាន​ដុល្លារ​អាមេរិក ខណៈ​ឆ្នាំ​២០២១ ខ្លួន​នឹង​បង្កើន​កម្ចី​ឱ្យ​ដល់​ជាង ១០​ពាន់​លាន​ដុល្លារ ចំណែក​ឆ្នាំ​២០២២ នឹង​បង្កើន​កម្ចី​ឱ្យ​បាន​ជាង ១១​ពាន់​លាន​ដុល្លារ រីឯ​នៅ​ឆ្នាំ​២០២៣ នឹង​បង្កើន​កម្ចី​បន្ថែម​ឱ្យ​បាន​ជាង ១២​ពាន់​លាន​ដុល្លារ។ ដោយឡែក​នៅ​ឆ្នាំ​២០២៤ កម្ពុជា​ក៏​នឹង​គ្រោង​បង្កើន​កម្ចី​ឱ្យ​បាន​ជាង ១៣,៩​ពាន់​លាន​ដុល្លារ​អាមេរិក​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស