27 C
Phnom Penh

ក្រុម​កូដករ​ណាហ្គា​ខកចិត្ត​ដែល​ឧទ្ធរណ៍​តម្កល់​សាលក្រម​ផ្ដន្ទាទោស​របស់​សាលាដំបូង​លើ​សំណុំ​រឿង​កញ្ញា ឈឹម ស៊ីថរ និង​សមាជិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​កូដករ​បង្ហាញ​ការ​សោកស្ដាយ និង​ចាត់ទុក​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ភ្នំពេញ ដែល​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​លើ​ថ្នាក់​ដឹកនាំ​សហជីព​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ និង​សមាជិក​ផ្សេង​ទៀត ថា​ជា​រឿង​អយុត្តិធម៌។

ការ​លើកឡើង​របស់​កូដករ​នេះ បន្ទាប់ពី​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៩ ខែ​តុលា បាន​បើក​សវនាការ​បណ្ដឹង​ជំទាស់​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ខែ​ឧសភា ឆ្នាំ​២០២៣។

ក្រោយ​ពី​បើក​សវនាការ​ពេញ​មួយ​ព្រឹក តុលាការ​ក៏​ប្រកាស​សាលដីកា​នា​រសៀល​ថ្ងៃ​ដដែល​នេះ ដោយ​សម្រេច​តម្កល់​សេចក្តី​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ផ្ដន្ទាទោស​អតីត និង​បច្ចុប្បន្ន​ជា​ថ្នាក់​ដឹកនាំ និង​សមាជិក​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍។

តំណាង​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ អ្នកស្រី ឈឹម សុខន ប្រាប់​អ្នក​សារព័ត៌មាន​បន្ទាប់ពី​ស្ដាប់​តុលាការ​ប្រកាស​សាលដីកា​ថា កន្លង​មក ពួកគេ​ធ្វើ​ការងារ​តស៊ូ​មតិ​ជាមួយ​ថៅកែ ដើម្បី​តែ​ផល​ប្រយោជន៍​របស់​កម្មករ​ខ្មែរ បែរ​ជា​មក​ទទួល​រង​អយុត្តិធម៌​ពី​តុលាការ​ម្ដង​ហើយ​ម្ដង​ទៀត។

អ្នកស្រី​បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​សេចក្ដី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ ទោះបីជា​ពួកគេ​បាន​បំភ្លឺ​បន្ថែម​នៅ​ខាងមុខ​ចៅក្រម​អំឡុង​ពេល​បើក​សវនាការ​ថា ពួកគាត់​មិន​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​តុលាការ​ថ្នាក់​ក្រោម​ចោទប្រកាន់​ហើយ​ក្ដី។

អំឡុង​ពេល​តុលាការ​កំពុង​បើក​សវនាការ និង​ប្រកាស​សាលដីកា ក្រុម​កូដករ​ក៏​បាន​នាំគ្នា​ទៅ​ប្រមូលផ្ដុំ​នៅ​ខាងមុខ​តុលាការ ដោយ​សរសេរ​នៅ​លើ​បដា​ថា «ពី​ជនរងគ្រោះ​ក្លាយ​ជា​អ្នកទោស និង​ដើម្បី​សិទ្ធិ​សហជីព មិន​មែន​ស៊ីឈ្នួល មិនមែន​បទ​ញុះញង់» ខណៈ​អ្នក​ខ្លះ​ទៀត​បាន​កាន់​រូបថត​របស់​កញ្ញា ឈឹម ស៊ីថរ ផង​ដែរ។

ថ្នាក់​ដឹកនាំ និង​សកម្មជន​សហជីព​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ខែ​ឧសភា ឆ្នាំ​២០២៣ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចន្លោះ​ពី ១​ឆ្នាំ​ដល់ ២​ឆ្នាំ ពី​បទ «ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍» តាម​មាត្រា ៤៩៤ និង ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ បន្ទាប់ពី​ពួកគេ​បាន​នាំគ្នា​ធ្វើ​កូដកម្ម​ទាមទារ​ដំណោះស្រាយ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍។

ថ្នាក់​ដឹកនាំ និង​សកម្មជន​សហជីព​ចំនួន ៨​នាក់​បាន​ដាក់​ពាក្យ​បណ្តឹង​ឧទ្ធរណ៍​ជំទាស់​នឹង​សេចក្តី​សម្រេច​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុង​នោះ កញ្ញា ឈឹម ស៊ីថរ ដែល​ត្រូវ​បាន​សាលាដំបូង​ផ្ដន្ទាទោស​ពន្ធនាគារ​រយៈពេល ២​ឆ្នាំ។

ចំណែក​អ្នកស្រី ឈឹម សុខន អ្នកស្រី ហៃ សុភាព អ្នកស្រី ឃ្លាំង សុបិន្ដ កញ្ញា ស៊ុន ស្រីពេជ្រ និង​អ្នកនាង ទូច សិរីមាស ត្រូវ​បាន​សាលាដំបូង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន ១៨​ខែ រួម​ទាំង​លោក សុខ ណារិទ្ធ និង​អ្នកស្រី រី សុវណ្ណឌី ត្រូវ​បាន​សាលាដំបូង​ផ្ដន្ទាទោស​ចំនួន ១​ឆ្នាំ ប៉ុន្តែ​ទោស​ទាំងនោះ​ត្រូវ​ព្យួរ។

សមាជិក​សហជីព​ណាហ្គា​វើលដ៍ បាន​ធ្វើ​កូដកម្ម​ចាប់តាំងពី​ខែ​ធ្នូ ឆ្នាំ​២០២១ បន្ទាប់ពី​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា​វើលដ៍ បាន​បញ្ឈប់​បុគ្គលិក​ដែល​ភាគច្រើន​សុទ្ធតែ​ជា​សមាជិក និង​ថ្នាក់​ដឹកនាំ​សហជីព​ណាហ្គា​វើលដ៍។ សកម្មជន​សហជីព​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​ធ្នូ ឆ្នាំ​២០២១ និង​ខែ​មករា ឆ្នាំ​២០២២ ហើយ​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​រហូត​ដល់​ខែ​មីនា ឆ្នាំ​២០២២។

ចំណែក​កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ម្តង​ទៀត​នៅ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០២២ ដោយ​អាជ្ញាធរ​បាន​លើកឡើង​ថា កញ្ញា​បាន​ល្មើស​នឹង​វិធានការ​ក្នុង​ការ​ត្រួតពិនិត្យ​របស់​តុលាការ។ តាំងពី​ពេល​នោះ​មក កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ «ម​២» នៅ​ព្រៃស ហើយ​សកម្មជន​សហជីព​ដទៃ​ទៀត​នៅ​បន្ត​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​រហូត​ដល់​សាលក្រម​ចូល​ជា​ស្ថាពរ។

ចាប់តាំងពី​ខែ​ធ្នូ ឆ្នាំ​២០២១ ដល់​ខែ​តុលា ឆ្នាំ​២០២៣ នេះ ក្រុម​កូដករ​នៅ​មិន​ទាន់​បាន​ទទួល​ដំណោះស្រាយ​នៅឡើយ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស