35 C
Phnom Penh

លោក អ៊ុំ សំអាន៖ អំពើពុករលួយ​នៅ​កម្ពុជា​ក្លាយ​ជា​ជំងឺ​មហារីក​មិន​អាច​ព្យាបាល​បាន បើ​ការ​ដឹកនាំ​នៅ​ក្រោម​ត្រកូល​ហ៊ុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន លើកឡើង​ថា អំពើពុករលួយ​ដែល​កើត​ឡើង​ជា​ប្រព័ន្ធ​នៅ​កម្ពុជា បាន​ជា​ក្លាយ​ជំងឺ​មហារីក​ដោយ​មិន​អាច​ព្យាបាល​បាន​ឡើយ ក្រោម​ការ​ដឹកនាំ​របស់​គ្រួសារ​ត្រកូល​ហ៊ុន។

ការ​លើកឡើង​របស់​មន្ត្រី​បក្ស​ប្រឆាំង​នេះ បន្ទាប់ពី​ឧកញ៉ា សឹង ចាតវិជ្ជា (Soeng Chatvichea) បាន​សរសេរ​រៀបរាប់​លើ​ហ្វេសប៊ុក​ពី​អំពើពុករលួយ​អំឡុង​ពេល​ដំណើរ​អាជីវកម្ម​នៅ​កម្ពុជា​នា​ពេល​ថ្មីៗ​នេះ​ថា គ្មាន​ប្រទេស​ណា​ចង់​មក​រកស៊ី​នៅ​កម្ពុជា​ឡើយ ដោយសារ​តែ​មាន​ព័ត៌មាន​អាក្រក់ និង​អំពើពុករលួយ ហើយ​រឿង​នេះ​អ្នក​ណា​ក៏​ដឹង​ដែរ។

ប្រភព​ដដែល​ថា លោក​បាន​សុំ​ដៃគូ​ពី​បរទេស ជាពិសេស​កូរ៉េ មក​វិនិយោគ​នៅ​កម្ពុជា​ច្រើន​ណាស់ ដោយ​ធានា​អះអាង​ថា​កម្ពុជា​ស្អាតស្អំ ងាយស្រួល​រកស៊ី ប៉ុន្តែ​ពេល​សាងសង់​រោងចក្រ​រួចរាល់ បែរ​ជា​មហា​វេទនា ព្រោះ​តែ​ការ​អូស​បន្លាយ​ពេលវេលា និង​ការ​តម្រូវ​កែ​នេះ កែ​នោះ មិន​ចេះ​គ្រប់គ្រាន់ បើ​ទោះបីជា​មាន​ការ​ឯកភាព​លើ​ប្លង់​ក៏ដោយ។

ឧកញ៉ា​រូប​នេះ​ថា​មក​ទល់​ពេលនេះ ក្រុមហ៊ុន​របស់​ខ្លួន​មាន​ការ​ខាតបង់​ច្រើន​ណាស់ រួម​ទាំង​លោក​ផ្ទាល់ អស់​ទាំង​លុយ​រាប់​សែន​ដុល្លារ អស់​ទាំង​ទំនុកចិត្ត ដូច្នេះ​កុំ​ថា​គ្មាន​អ្នក​មាន​ចង់​រកស៊ី​វិស័យ​សហគ្រាស ផលិតកម្ម គឺ​គេ​រក​ដែរ តែ​វា​របួស ហើយ​ទើប​គេ​មិន​រក។

ឧកញ៉ា​រូប​នេះ​រៀបរាប់​ថា ប្រសិនបើ​ជា​លោក​មាន​ឱកាស លោក​នឹង​បកស្រាយ​រឿង​នេះ ហើយ​បើ​កម្ពុជា​មិន​រៀបចំ​សម្របសម្រួល​ការ​វិនិយោគ និង​មិន​រៀបចំ​មន្ត្រី​ឲ្យ​បាន​ត្រឹមត្រូវ​ទេ កុំ​ថា​ឡើយ​ចង់​ឃើញ​ខ្មែរ​រីកចម្រើន សូម្បីតែ​ឈើ​ចាក់​ធ្មេញ និង​ទឹក​សុទ្ធ​ក៏​ត្រូវ​ប្រើ​របស់​វៀតណាម​ដែរ។

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន បាន​លើកឡើង​ថា អំពើពុករលួយ​មិន​អាច​លុបបំបាត់​បាន​ឡើយ បើ​កម្ពុជា​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​គ្រួសារ​ត្រកូល​ហ៊ុន​នោះ។ លោក​ថា អំពើពុករលួយ​កើត​មាន​ជា​លក្ខណៈ​ប្រព័ន្ធ​នៅ​កម្ពុជា​តាំង​ពី​លើ​រហូត​ដល់​ក្រោម ដែល​វា​បាន​ក្លាយ​ជា​ជំងឺ​មហារីក​ទៅ​ហើយ។ ហេតុ​នេះ លោក អ៊ុំ សំអាន ថា​អ្នក​វិនិយោគទុន​បរទេស ជាពិសេស​អ្នក​វិនិយោគ​លោក​ខាងលិច គេ​មិន​ទុកចិត្ត ទើប​គេ​ទៅ​វិនិយោគ​នៅ​ប្រទេស​វៀតណាម ប្រទេស​ថៃ ជាដើម ដូច្នេះ​សូម្បីតែ​ឈើ​ចាក់​ធ្មេញ ក៏​កម្ពុជា​នាំចូល​ទំនិញ​មក​ពី​ប្រទេស​ថៃ និង​វៀតណាម ដែរ។

កាលពី​ខែ​កញ្ញា កន្លងទៅ នាយករដ្ឋមន្ត្រី​លើក​បន្តុប លោក ហ៊ុន ម៉ាណែត ជំរុញ​មន្ត្រី​ថ្នាក់​ក្រោម​ឲ្យ​ជួយ​សម្របសម្រួល និង​ទាក់ទាញ​វិនិយោគិន​ចូល​ទៅ​កាន់​ខេត្ត​របស់​ខ្លួន​រៀងៗ​ខ្លួន ដោយ​អួត​ថា លោក​ខំប្រឹង​ដើរ​ទាក់​ម៉ូយ​ដើម្បី​ឲ្យ​អ្នក​វិនិយោគ​មក​បណ្ដាក់​ទុន ឬ​មក​រកស៊ី​នៅ​ស្រុក​ខ្មែរ។

ការ​ប្រកាស​ដើរ​ទាក់​ម៉ូយ​របស់​លោក ហ៊ុន ម៉ាណែត នេះ ស្រប​ពេល​វិស័យ​អចលនទ្រព្យ និង​ម្ចាស់​អាជីវកម្ម​មួយ​ចំនួន​នៅ​កម្ពុជា​ដួល​រលំ ហើយ​បិទ​ទ្វារ​ដោយសារតែ​វិបត្តិ​សេដ្ឋកិច្ច និង​អំពើពុករលួយ ខណៈ​អំពើពុករលួយ​នៅ​កម្ពុជា​ស្ថិត​ក្នុង​ស្ថានភាព​អាក្រក់​ដដែល។

កាលពី​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០២៣ អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) បាន​ចេញ​របាយការណ៍​ថ្មី​មួយ​ដាក់​ចំណាត់ថ្នាក់​អំពើពុករលួយ​របស់​កម្ពុជា​ក្នុង​ឆ្នាំ​២០២២ ស្ថិត​នៅ​ក្នុង​លេខ​រៀង​១៥០ ក្នុង​ចំណោម ១៨០​ប្រទេស។

ចំណាត់ថ្នាក់​នេះ ធ្វើ​ឲ្យ​កម្ពុជា​ជាប់​ក្នុង​កម្រិត​អំពើពុករលួយ​ធ្ងន់ធ្ងរ ឬ​អាក្រក់​ដូច ៤​ឆ្នាំ​កន្លង​មក​ដែរ បើ​ទោះបី​ពេលនេះ​ពិន្ទុ​កម្ពុជា​មាន​ការ​កើន​ឡើង​ជា​លំដាប់​ពី ២០​ពិន្ទុ​ក្នុង​ឆ្នាំ​២០១៨ ដល់ ២៤​ពិន្ទុ​ក្នុង​ឆ្នាំ​២០២២។

របាយការណ៍​ដដែល​ថា ប្រទេស​កម្ពុជា​បាន​បន្ត​បោះ​ជំហាន​យ៉ាង​យឺត​ពីក្រោយ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី ក៏ដូចជា​សកល​លោក​ដែរ។ កត្តា​ដែល​បន្ត​រារាំង​កម្ពុជា​មិន​ឲ្យ​ទទួល​បាន​ពិន្ទុ​ខ្ពស់ និង​ចំណាត់ថ្នាក់​ល្អ ដោយសារ​ការ​ខ្វះខាត​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​អភិបាលកិច្ច​ល្អ លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស