32 C
Phnom Penh

ក្រសួង​អប់រំ​ហាម​សិស្ស​ប្រើ​ទូរស័ព្ទ​ឬ​ឧបករណ៍​អេឡិចត្រូនិក​ក្នុង​ថ្នាក់​រៀន​និង​បរិវេណ​សាលា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ដាក់​បម្រាម​មិន​ឲ្យ​សិស្សានុសិស្ស​ប្រើប្រាស់​ទូរស័ព្ទ ឬ​ឧបករណ៍​អេឡិចត្រូនិក​ក្នុង​ថ្នាក់​រៀន និង​នៅ​បរិវេណ​សាលា ដែល​មិន​បម្រើ​សកម្មភាព​សិក្សា​របស់​ពួកគេ។

ការ​ហាមឃាត់​នេះ ធ្វើឡើង​បន្ទាប់ពី​សង្កេត​ឃើញ​ថា យុវជន និង​កុមារ​វ័យ​ជំទង់​នៅ​កម្ពុជា​បច្ចុប្បន្ន កំពុង​វក់​លេង​ទូរសព្ទ និង​ហ្គេម​អនឡាញ ខណៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​កាន់តែ​ទំនើប។

ក្នុង​សេចក្តី​ណែនាំ​ស្ដីពី​ការ​ពង្រឹង​វិន័យ និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក​ក្នុង​បរិវេណ​គ្រឹះស្ថាន​សិក្សា​សាធារណៈ​ចេញ​កាលពី​ថ្ងៃទី​២៤ ខែ​តុលា ដោយ​ក្រសួង​អប់រំ បាន​ណែនាំ​ទៅ​គ្រប់​ស្ថាប័ន​សិក្សា​សាធារណៈ គ្រូបង្រៀន និង​សិស្សានុសិស្ស​ទាំងអស់ ឲ្យ​អនុវត្ត​ការ​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក​ទាំង​នៅ​ក្នុង​ថ្នាក់​រៀន និង​ក្នុង​បរិវេណ​សាលារៀន​ឲ្យ​បាន​ត្រឹមត្រូវ ស្រប​នឹង​គោលបំណង​នៃ​ការ​អប់រំ។

សេចក្តី​ណែនាំ​ដដែល ក៏​បាន​ហាមឃាត់​ការ​ប្រើប្រាស់​ទូរសព្ទ​ដៃ ឬ​ឧបករណ៍​អេឡិចត្រូនិក​ក្នុង​ថ្នាក់​រៀន ឬ​ម៉ោង​សិក្សា ដែល​មិន​បម្រើ​ឲ្យ​សកម្មភាព​សិក្សា ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​គ្រូ​កំពុង​បង្រៀន ជាពិសេស​ការ​លេង​ហ្គេម និង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដែល​មិន​ពាក់ព័ន្ធ​នឹង​សកម្មភាព​សិក្សា។

ចំណែក​ប្រធាន​ថ្នាក់​វិញ ត្រូវ​ណែនាំ​សិស្ស​ក្នុង​ថ្នាក់ ដើម្បី​កុំ​ឲ្យ​ពួកគេ​ប្រើប្រាស់​ទូរសព្ទ​ដៃ ឬ​ឧបករណ៍​អេឡិចត្រូនិក​ដែល​នាំ​ឲ្យ​ខាត ឬ​រំខាន​ដល់​ការ​សិក្សា​អំឡុង​ពេល​គ្រូ​កំពុង​បង្រៀន​នៅ​ក្នុង​ថ្នាក់។ លើស​ពី​នេះ ក្រសួង​ក៏​បាន​ណែនាំ​ទៅ​គណៈ​គ្រប់គ្រង​គ្រឹះស្ថាន​សិក្សា ឲ្យ​ប្រាប់​ជា​ប្រចាំ​អំពី​វិន័យ និង​បទបញ្ជា​ផ្ទៃក្នុង​របស់​សាលារៀន​ដល់​សិស្សានុសិស្ស ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ទូរសព្ទ​ដៃ និង​ឧបករណ៍​អេឡិចត្រូនិក​ឲ្យ​ស្រប​នឹង​គោលបំណង​នៃ​ការ​អប់រំ។

ក្រសួង​អប់រំ ជំរុញ និង​លើក​ទឹកចិត្ត​ឱ្យ​សិស្ស​មាន​ទម្លាប់​ធ្វើ​ស្វ័យ​សិក្សា អាន និង​ស្រាវជ្រាវ​ក្នុង​បណ្ណាល័យ បង្កើត​និង​អនុវត្ត​ការ​អប់រំ​ក្រៅ​ម៉ោង​សិក្សា ដូចជា​ក្លឹប​សិក្សា​តាម​កម្រិត​ថ្នាក់ និង​តាម​មុខវិជ្ជា។

ក្រៅពី​ណែនាំ​ទៅ​គណៈ​គ្រប់គ្រង​គ្រឹះស្ថាន​សិក្សា ក្រសួង​អប់រំ​ក៏​បាន​ស្នើ​ដល់​មាតាបិតា និង​អ្នក​អាណាព្យាបាល ត្រូវ​ចូលរួម​តាមដាន និង​ជំរុញ​ការ​ប្រើប្រាស់​ទូរសព្ទ​ដៃ និង​ឧបករណ៍​អេឡិចត្រូនិក​របស់​កូនចៅ​ឲ្យ​ស្រប​តាម​គោលបំណង​នៃ​ការ​អប់រំ ខណៈ​ការ​ផ្សព្វផ្សាយ​ហ្គេម​អនឡាញ​នៅ​លើ​ស្មាតហ្វូន និង​កុំព្យូទ័រ​កំពុង​ពេញ​និយម ដែល​ជំរុញ​ឲ្យ​យុវជន និង​កុមារ​វ័យ​ជំទង់​លេង​ទាំង​អំឡុង​ពេល​ពួកគេ​នៅ​សាលារៀន និង​នៅ​ផ្ទះ ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស