40 C
Phnom Penh

ចលនា​មាតា​ធម្មជាតិ៖ តំបន់​អភិរក្ស​សត្វ​ព្រៃឡង់​ដែល​កំពុង​ទន្ទ្រាន​ពី​ក្រុមហ៊ុន​ចិន​ជា​តំបន់​អភិរក្ស​ឥត​ន័យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចលនា​មាតា​ធម្មជាតិ ចាត់ទុក​តំបន់​អភិរក្ស​សត្វព្រៃ​ព្រៃឡង់ ដែល​រដ្ឋាភិបាល​កម្ពុជា​ជួល​ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន Late Cheng Mining Development ដើម្បី​រុករក​រ៉ែ​មាស​សព្វថ្ងៃ​នេះ គឺជា​តំបន់​អភិរក្ស​ដែល​ឥត​ន័យ ព្រោះ​ថា​តំបន់​នេះ​មិន​បាន​ផ្តល់​ផល​ប្រយោជន៍​ឱ្យ​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​ទេ តែ​បែរ​ជា​ផ្តល់​ការ​គំរាមកំហែង​ដល់​ប្រជាពលរដ្ឋ និង​បរិស្ថាន​ទៅវិញ។

ចលនា​មាតា​ធម្មជាតិ សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ​២០២៣ នេះ​ថា ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​ទំហំ​ជាង ៤​សែន​ហិកតារ ត្រូវ​បាន​ដាក់​ជា​តំបន់​ការពារ​ដែន​ជម្រក​សត្វព្រៃ​កាលពី​ឆ្នាំ​២០១៦ ប៉ុន្តែ​ដែន​ជម្រក​សត្វព្រៃ​មួយ​នេះ​មិន​ត្រូវ​បាន​ការពារ​តំបន់​ព្រៃឡង់​ពី​ការ​បំផ្លិចបំផ្លាញ​ឡើយ ព្រោះ​ថា​សព្វថ្ងៃ​នេះ ដែន​ជម្រក​សត្វព្រៃ​មួយ​នេះ​កំពុង​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ដោយសារ​ការ​កាប់​បំផ្លាញ​ឈើ​ខុស​ច្បាប់ ការ​រុករក​រ៉ែ​ថ្មកំបោរ និង​ការ​បរបាញ់​សត្វ​ខុស​ច្បាប់ ជាដើម ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​នៅ​តំបន់​នោះ​យ៉ាង​ធ្ងន់ធ្ងរ។

ប្រភព​ដដែល​លើកឡើង​ថា ប្រសិនបើ​ក្រុមហ៊ុន​ចិន Late Cheng Mining Development ប្រើប្រាស់​សារធាតុ​គីមី​ស្យានីត (Cyanide) សម្រាប់​ចម្រាញ់​រ៉ែ​មាស​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ ដូច​របាយការណ៍​ស្រាវជ្រាវ​របស់​មូលនិធិ Bruno Manser Fonds មែន​នោះ គឺ​កំពុង​បង្ក​គ្រោះថ្នាក់​បំផុត​សម្រាប់​បរិស្ថាន និង​ជីវិត​មនុស្ស ព្រោះ​ថា​ប្រសិនបើ​សារធាតុ​គីមី​ទាំងនោះ​ធ្លាយ​ចូល​ទៅ​ក្នុង​ទឹក​ស្ទឹងជីនិត ដែល​ជា​កន្លែង​ក្រុមហ៊ុន​កំពុង​ទាញ​យក​រ៉ែ​មាស​នោះ ជីវិត​មនុស្ស សត្វ និង​ជីវចម្រុះ​ដែល​រស់នៅ​ក្នុង​ស្ទឹង​នេះ នឹង​មាន​គ្រោះថ្នាក់​ដោយ​ចៀស​ពុំ​រួច​ឡើយ។

ចលនា​មាតា​ធម្មជាតិ អះអាង​ថា ចាប់តាំងពី​ក្រុមហ៊ុន​ចិន​ទទួល​បាន​សិទ្ធិ​រុករក​រ៉ែ​កាលពី​ឆ្នាំ​២០២០ មក ពួកគេ​មិន​បាន​ធ្វើការ​ផ្សព្វផ្សាយ​អំពី​របាយការណ៍​ស្ដីពី​ផល​ប៉ះពាល់​បរិស្ថាន​ជុំវិញ​គម្រោង​របស់​គេ​ឡើយ ទោះបីជា​ក្រុមហ៊ុន​បាន​អះអាង​ថា ខ្លួន​បាន​ធ្វើ​ការ​សិក្សា​អំពី​ហេតុ​ដែល​នាំ​ឱ្យ​ប៉ះពាល់​បរិស្ថាន​នា​ពេល​កន្លង​មក​ក៏ដោយ ខណៈ​រដ្ឋាភិបាល​ក៏​មិន​បាន​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ខាងលើ​ផ្សព្វផ្សាយ​អំពី​របាយការណ៍​ស្ដីពី​ផល​ប៉ះពាល់​ចំពោះ​បរិស្ថាន​ជុំវិញ​គម្រោង​របស់​គេ​ដែរ។

ប្រភព​ខាងលើ​បង្ហាញ​ថា ប្រធាន​ក្រុមហ៊ុន​ចិន Late Cheng Mining Development Co Ltd គឺ​លោក Zhao Ing Ming ជា​ជនជាតិ​ចិន និង​ជនជាតិ​ចិន ៣​នាក់​ផ្សេង​ទៀត​ដែល​បាន​ចូល​សញ្ជាតិ​ខ្មែរ​តាមរយៈ​ភរិយា​របស់​លោក Zhao Ing Ming គឺ​អ្នកស្រី សឿន ពិសី មាន​ទំនាក់ទំនង​ជាមួយ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត និង​មេបញ្ជាការ​កង​អង្គរក្ស​លោក ហ៊ីង ប៊ុនហៀង យ៉ាង​ជិតស្និទ្ធ​បំផុត​សព្វថ្ងៃ​នេះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​របាយការណ៍​មួយ​របស់​មូលនិធិ Bruno Manser Fonds ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ស្វីស បាន​លាតត្រដាង​ពី​ផល​ប៉ះពាល់​ពី​ការ​រុករក​រ៉ែ​មាស​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​ពី​សំណាក់​ក្រុមហ៊ុន​ចិន ដែល​បាន​ប្រើប្រាស់​សារធាតុ​គីមី​សម្រាប់​ចម្រាញ់​រ៉ែ​មាស​សព្វថ្ងៃ​នេះ។

កាលពី​ថ្ងៃទី​២៤ ខែ​តុលា ឆ្នាំ​២០២៣ អង្គការ​អន្តរជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ស្វីស Bruno Manser Fonds បាន​លាតត្រដាង​របាយការណ៍​ស៊ើបអង្កេត​ដែល​ពួកគេ​បាន​ចងក្រង​ជាង ៨០​ទំព័រ អំពី​ផល​ប៉ះពាល់​ចំពោះ​បរិស្ថាន​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ ដែល​ក្រុមហ៊ុន Late Cheng Mining Development កំពុងតែ​អភិវឌ្ឍ​លើ​អណ្ដូងរ៉ែ​មាស​ខ្នាត​ធំ​ចំនួន​ពីរ នៅ​ក្នុង​ភូមិ​ស្នងអន ឃុំ​សុចិត្រ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ក្រោយ​រដ្ឋាភិបាល​កម្ពុជា​ចេញ​អាជ្ញាប័ណ្ណ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ឯកជន​ចិន​មួយ​នេះ​ធ្វើ​សកម្មភាព​រុករក​រ៉ែ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​សព្វថ្ងៃ​នេះ។

អង្គការ​អន្តរជាតិ​ខាងលើ ព្រមាន​ថា ក្រុមហ៊ុន​ចិន​ដែល​ទទួល​បាន​សិទ្ធិ​រុករក​រ៉ែ​មាស​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃឡង់​ពី​រដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ​នេះ មិន​ត្រឹមតែ​ជីក​យក​រ៉ែ​មាស និង​រ៉ែ​ថ្មកំបោរ​ទេ ថែមទាំង​កាប់​ឈើ​ខុស​ច្បាប់ និង​ធ្វើ​សកម្មភាព​បរបាញ់​សត្វ​ព្រៃ​ខុស​ច្បាប់​ថែម​ទៀត ដែល​សកម្មភាព​ទាំងនេះ​កំពុង​បង្ក​ការ​គំរាមកំហែង​ដល់​ព្រៃឈើ សត្វ​ព្រៃ និង​ជីវិត​របស់​ប្រជាជន​ក្នុង​តំបន់​នោះ​យ៉ាង​ធ្ងន់ធ្ងរ។

ព្រៃឡង់​មាន​ផ្ទៃដី​ប្រមាណ ៥០​ម៉ឺន​ហិកតារ គ្របដណ្ដប់​ខេត្ត​ចំនួន​៤ គឺ​ខេត្ត​ព្រះវិហារ កំពង់ធំ ក្រចេះ និង​ស្ទឹងត្រែង ដែល​ជា​ព្រៃ​ធំ​ជាងគេ​នៅ​កម្ពុជា និង​ត្រូវ​បាន​រដ្ឋាភិបាល​កំណត់​ជា​តំបន់​ការពារ​នៅ​ក្នុង​ឆ្នាំ​២០១៦ ក្នុង​នោះ ក្រសួង​រ៉ែ និង​ថាមពល ក៏​ធ្លាប់​ចេញ​លិខិត​ដាក់​ផ្ទៃដី​ជាង ១​ម៉ឺន​ហិកតារ (១៥១០០​ហិកតារ) ដែល​ភាគច្រើន​ស្ថិត​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃឡង់ កាលពី​អំឡុង​ខែ​មីនា ឆ្នាំ​២០២០ កន្លង​ទៅ​ផង​ដែរ សម្រាប់​ទទួល​ក្រុមហ៊ុន​ណា​ដែល​មាន​បំណង​ទៅ​វិនិយោគ​លើ​ការ​រុករក​រ៉ែ​នៅ​លើ​ទឹកដី​កម្ពុជា។

ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​កាលពី​ពេល​កន្លង​ទៅ​ថា ក្រុមហ៊ុន Late Cheng Mining Development ត្រូវ​បាន​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន ចំនួន ៤​នាក់​គឺ​លោក Dong Shuangyong លោក Feng Zhirong លោក Yin Guozhong និង​លោក Zhao Ying Ming ដែល​មាន​សិទ្ធិ​រុករក​រ៉ែ​មាស​លើ​ផ្ទៃដី​ជាង ១០០​គីឡូម៉ែត្រ​ក្រឡា (១៥១​គីឡូម៉ែត្រ​ក្រឡា) នៅ​ក្នុង​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ស្ថិត​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃឡង់ ដែល​ក្រុមហ៊ុន​នេះ​បាន​ចំណាយ​ទឹកប្រាក់​ចំនួន ១៣​លាន​ដុល្លារ​អាមេរិក ដើម្បី​ធ្វើ​សកម្មភាព​រុករក​រ៉ែ​រយៈពេល ១៥​ឆ្នាំ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស