35 C
Phnom Penh

លោក ស៊ុន ចាន់ថុល៖ ចិន​ផ្តល់​កម្ចី​និង​ជំនួយ​ឥត​សំណង​ដល់​កម្ពុជា​អស់​ជាង ៣០០០​លាន​ដុល្លារ​ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ស្ពាន​និង​ផ្លូវ​ថ្នល់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឧបនាយករដ្ឋមន្ត្រី អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) លោក ស៊ុន ចាន់ថុល បាន​លើកឡើង​ថា គិត​មក​ដល់​សព្វថ្ងៃ​នេះ មហាមិត្ត​ដែកថែប​ចិន​បាន​ផ្តល់​កម្ចី និង​ជំនួយ​ឥត​សំណង​ដល់​កម្ពុជា​ជាង ៣​ពាន់​លាន​ដុល្លារ ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​ស្ពាន។

ថ្លែង​ក្នុង​ពិធី​អបអរ​សាទរ​ខួប ១​ឆ្នាំ​នៃ​ការ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុង​ព្រះសីហនុ នៅ​ថ្ងៃទី​៧ វិច្ឆិកា លោក ស៊ុន ចាន់ថុល បាន​ឲ្យ​ដឹង​ថា មក​ទល់​សព្វថ្ងៃ ចិន​បាន​ផ្តល់​កម្ចី និង​ជំនួយ​ឥត​សំណង​ដល់​កម្ពុជា ៣៣៤០​លាន​ដុល្លារ ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​ស្ពាន។

ប្រភព​ដដែល​បាន​លើកឡើង​ថា ក្នុង​នោះ​មាន​ផ្លូវ​ធ្វើ​រួច ៣១​ខ្សែ ប្រវែង ៣០៧៧​គីឡូម៉ែត្រ ប្រើ​ថវិកា​អស់ ២១៨០​លាន​ដុល្លារ ខណៈ​ផ្លូវ ៦​ខ្សែ​ទៀត​កំពុង​សាងសង់​ឡើង​មាន​តម្លៃ ៦៧៥​លាន​ដុល្លារ និង​ស្ពាន​ធំៗ​ចំនួន ១១ រួម​ទាំង​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ខេត្ត​ក្រចេះ មាន​តម្លៃ​ជិត ៥០០​លាន​ដុល្លារ។

លោក​បន្ត​ថា ក្រៅពី​ផ្លូវថ្នល់ និង​ស្ពាន​នេះ ក៏​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ទៀត​ដែល​បាន​ពី​រដ្ឋាភិបាល​ចិន តាមរយៈ​គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ (BRI) នៃ​គំនិត​ផ្ដួចផ្ដើម​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង។

លោក​ថា គម្រោង BRI បាន​ជួយ​កម្ពុជា​ច្រើន ក៏​ដូច​ប្រទេស​នានា​ដែល​ជា​សមាជិក BRI ក្នុង​ការ​កសាង​ប្រទេស​ជាតិ។ BRI មិន​បាន​ធ្វើ​បាប​កម្ពុជា​ទេ។ BRI មិន​បាន​ដាក់​បន្ទុក ឬ​ជា​អន្ទាក់​ឱ្យ​ខ្មែរ​ជាប់​បំណុល​វ័ណ្ឌក​នោះ​ទេ។ ផ្ទុយទៅវិញ BRI បាន​ជួយ​យក​ថវិកា​មក​កសាង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា ដើម្បី​ឱ្យ​សេដ្ឋកិច្ច​ជាតិ​យើង​មាន​ការ​រីកចម្រើន។

លោក ស៊ុន ចាន់ថុល បាន​បន្ថែម​ថា មុន​ផ្ទុះ​ជំងឺ​កូវីដ-១៩ សេដ្ឋកិច្ច​កម្ពុជា​ដែល​មាន​កំណើន ៧​ភាគរយ​ក្នុង​មួយ​ឆ្នាំ​នោះ​មាន​មួយ​ចំណែក គឺ​បាន​ពី BRI។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​រដ្ឋាភិបាល​កម្ពុជា​គាំទ្រ​នូវ​គម្រោង​របស់​ចិន​នេះ។

យោង​តាម​សន្និធិ​បំណុល​សាធារណៈ​ដែល​ចេញ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​២០២៣ កម្ពុជា​ជំពាក់​បំណុល​បរទេស​ចំនួន ១០,៦៧​ពាន់​លាន​ដុល្លារ។

រហូត​ដល់​ដំណាច់​ឆ្នាំ​នេះ បំណុល​ក្រៅ​បរទេស​របស់​កម្ពុជា​កើន​ដល់ ១១,១៩​ពាន់​លាន​ដុល្លារ។ ទិន្នន័យ​ដដែល​បាន​បង្ហាញ​ថា ប្រទេស​ដែល​កម្ពុជា​ជាប់​បំណុល​ច្រើន​ជាង​គេ​នោះ គឺ​ចិន​មាន​ជាង ៤​ពាន់​លាន​ដុល្លារ​អាមេរិក។

ជុំវិញ​នៃ​ស្ថានភាព​បំណុល​ក្រៅ​បរទេស​នេះ កាលពី​ព្រឹក​ថ្ងៃទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ថ្លែង​ថា លុយ​ដែល​កម្ពុជា​ខ្ចី​ពី​បរទេស គឺ​យក​មក​ដើម្បី​វិនិយោគ​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ​លើ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ មិនមែន​យក​លុយ​គេ​មក​ដើម្បី​ទិញ​ឡាន ទិញ​យន្តហោះ​នោះ​ឡើយ។

លោក ហ៊ុន ម៉ាណែត លើកឡើង​ថា កុំ​ថា​ឡើយ​កម្ពុជា សូម្បីតែ​ជប៉ុន បារាំង អាម៉េរិក ក៏​មាន​បំណុល​សាធារណៈ​ដែរ។ លោក​ថា មាន​តិច​បំផុត​ក្នុង​ពិភពលោក​ដែល​ប្រទេស​អត់​មាន​បំណុល ហើយ​ប្រទេស​ដែល​អត់​មាន​បំណុល​ក្រៅ​បរទេស ក៏​ខ្ចី​លុយ​ពី​ពលរដ្ឋ​ខ្លួនឯង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​បំណុល​សាធារណៈ លោក អូន ព័ន្ធមុនីរ័ត្ន អះអាង​ថា បំណុល​របស់​កម្ពុជា​នៅតែ​ស្ថិត​ក្នុង​ភាព​អាច​គ្រប់គ្រង​បាន​ដដែល បើ​ទោះបីជា​សេដ្ឋកិច្ច​កម្ពុជា​ទទួល​រង​ផល​ប៉ះពាល់​ពី​ការ​រាលដាល​នៃ​វិបត្តិ​កូវីដ-១៩ និង​ពី​កត្តា​ខាងក្រៅ​ផ្សេង​ទៀត​ក្តី។

នាយក​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា ធ្លាប់​ប្រាប់​សារព័ត៌មាន The Cambodia Daily ថា ការ​ខ្ចី​បុល​បរទេស​តិច ឬ​ច្រើន ជា​រឿង​គួរ​ឱ្យ​ព្រួយ​បារម្ភ​មួយ​ទៅ​ហើយ ប៉ុន្តែ​ការ​ប្រើប្រាស់​លុយ​កម្ចី​ទាំងនោះ​ប្រកប​ដោយ​តម្លាភាព គឺជា​រឿង​កាន់តែ​គួរ​ឱ្យ​ព្រួយ​បារម្ភ​ថែម​ទៀត ព្រោះ​គេ​មិន​ដឹង​រដ្ឋាភិបាល​ប្រើប្រាស់​ប្រកប​ដោយ​តម្លាភាព ឬ​ក៏​អត់​នោះ​ទេ ខណៈ​ពលរដ្ឋ​ម្នាក់ៗ​មាន​កាតព្វកិច្ច​ត្រូវ​សង​បំណុល​ទាំងនោះ​តាមរយៈ​នៃ​ការ​បង់​ពន្ធ​គ្រប់​បែប​យ៉ាង។

យោង​តាម​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២៤ រដ្ឋាភិបាល​កម្ពុជា​មាន​តម្រូវការ​ហិរញ្ញប្បទាន​ជាង ១៦៥០​លាន​ដុល្លារ​ទៀត ស្មើ​នឹង ៤,៧០​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប (ផ.ស.ស/GDP) ដើម្បី​បំពេញ​ការ​ចំណាយ​ប្រចាំ​ឆ្នាំ​ដែល​មាន​ជាង ៩០០០​លាន​ដុល្លារ ក្នុង​នោះ រដ្ឋ​គ្រោង​ខ្ចី​លុយ​ពី​ពលរដ្ឋ​ក្នុង​ស្រុក​តាមរយៈ​ការ​បោះ​លក់​មូលបត្រ​រដ្ឋ​ចំនួន ១០៨​លាន​ដុល្លារ និង​ខ្ចី​ពី​បរទេស​ប្រមាណ ១៥០០​លាន​ដុល្លារ ស្មើ​នឹង ៤,៣៩​ភាគរយ​នៃ ផ.ស.ស។

បើ​យោង​តាម​ក្រសួង​សេដ្ឋកិច្ច ផ.ស.ស របស់​កម្ពុជា​ក្នុង​ឆ្នាំ​២០២៤ ស្ថិត​ក្នុង​រង្វង់ ១៤២៩៥៧​ពាន់​លាន​រៀល សមមូល​នឹង ៣៥១៦៨​លាន​ដុល្លារ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស