30 C
Phnom Penh

រដ្ឋាភិបាល​ដាក់​ជំនាញ​វិជ្ជាជីវៈ​ដូនតា​ចូល​ក្នុង​កម្មវិធី​ជាតិ​ជំនួយ​សង្គម​សម្រាប់​យុវជន​មកពី​គ្រួសារ​ក្រីក្រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​កម្ពុជា​ចេញ​អនុក្រឹត្យ​ស្ដីពី​ការ​អនុវត្ត​កម្មវិធី​ជាតិ​ជំនួយ​សង្គម​ផ្នែក​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ដូនតា​សម្រាប់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​នូវ​ហានិភ័យ ដើម្បី​ផ្តល់​ឱកាស​ស្មើៗ​គ្នា​ដល់​ពួកគេ​ក្នុង​ការ​ទទួល​បាន​ការ​អភិវឌ្ឍ​ជំនាញ និង​ឱកាស​ការងារ​កាន់តែ​ល្អ​ប្រសើរ​សម្រាប់​បង្កើន​ប្រាក់​ចំណូល និង​ជីវភាព​រស់នៅ។

យោង​តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ចុះ​ថ្ងៃទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នេះ បាន​បញ្ជាក់​ថា សិស្ស​ដែល​បាន​ចុះឈ្មោះ​ចូល​រៀន​ជំនាញ​វិជ្ជាជីវៈ​ដូនតា នឹង​ទទួល​បាន​ការ​សិក្សា​ដោយ​មិន​បង់​ថ្លៃ ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​ចំនួន ២៨​ម៉ឺន​រៀល​ក្នុង​មួយ​ខែ ហើយ​ដែល​កម្មវិធី​សិក្សា​នេះ​មាន​ការ​សម្របសម្រួល​បណ្តុះបណ្តាល​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ។ វគ្គ​សិក្សា​នេះ​មាន​រយៈពេល ៤​ខែ។

ក្នុង​ករណី​សិក្សា​នៅ​វេន​យប់ ឬ​ចុង​សប្តាហ៍ ប្រាក់​ឧបត្ថម្ភ​នឹង​ត្រូវ​កំណត់​ក្នុង​សៀវភៅ​គោល​ស្ដីពី​ការ​អនុវត្ត​កម្មវិធី។ សម្រាប់​ជំនាញ​វិជ្ជាជីវៈ​ផ្សេង​ទៀត ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​មិន​ត្រូវ​លើស​ពី ១​លាន ២​សែន​រៀល​ក្នុង ១​វគ្គ​សិក្សា​នោះ​ទេ។

អនុក្រឹត្យ​ដដែល​បាន​លើកឡើង​ថា ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ជា​អ្នក​ទទួល​ខុសត្រូវ​ក្នុង​ការ​ចុះឈ្មោះ​ចូល​រៀន​កម្មវិធី​ជំនាញ​វិជ្ជាជីវៈ​ដូនតា និង​បញ្ជាក់​ពី​លក្ខខណ្ឌ​សិក្សា​របស់​យុវជន​មកពី​គ្រួសារ​មាន​បណ្ណ​សមធម៌ និង​បណ្ណ​សម្គាល់​គ្រួសារ​ងាយ​រង​ហានិភ័យ។

ការ​រៀន​ជំនាញ​វិជ្ជាជីវៈ​ដូនតា នឹង​រៀបចំ​ឡើង​តាម​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល និង​សាលា​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ដូនតា​នៅ​តាម​សហគមន៍ ដែល​ទទួលស្គាល់​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ។

កម្មវិធី​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​បច្ចេកទេស​នេះ នឹង​ជួយ​ដល់​និស្សិត​ក្រីក្រ​ជាង ១,៥​លាន​នាក់។ កាលពី​ដើម​ឆ្នាំ​២០២៣ លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ស្នើ​ឱ្យ​និស្សិត​យ៉ាងហោច​ណាស់​ពី ២% ទៅ ៤% សិក្សា​វិជ្ជាជីវៈ​ជំនាញ​ដូនតា។

ជំនាញ​វិជ្ជាជីវៈ​ដូនតា​មាន​ដូចជា ជាង​ចម្លាក់ ស្មូន គំនូរ និង​តម្បាញ​ហូល​ផាមួង ជាដើម។

ក្រសួង​វប្បធម៌ មាន​តួនាទី​អនុវត្ត​ការងារ​ចាំបាច់​នានា​ក្នុង​ដំណើរការ​បណ្ដុះបណ្ដាល​នេះ រហូត​ដល់​ការ​ផ្ដល់​សេវា​ប្រឹក្សា​ការងារ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​គុណភាព។ ទន្ទឹម​នឹង​នេះ ក្រសួង​វប្បធម៌ ត្រូវ​ធ្វើ​របាយការណ៍​ទិន្នន័យ​ព័ត៌មាន និង​ផ្ទៀង​ទិន្នន័យ​ផ្សេងៗ​តាម​តម្រូវការ​របស់​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស