35 C
Phnom Penh

លោក សុន ឆ័យ៖ ស្ថានភាព​នយោបាយ​កម្ពុជា​ធ្លាក់​ដល់​ចំណុច​អាក្រក់​សព្វថ្ងៃ​នេះ​គឺជា​ការ​បង្ក​ឡើង​ដោយ​ក្រុម​អ្នក​កាន់​អំណាច​និង​ក្រុម​ប្រឆាំង​មួយ​ចំនួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ភ្លើង​ទៀន ព្រមាន​ថា ស្ថានភាព​នយោបាយ​របស់​ប្រទេស​កម្ពុជា​ដែល​ធ្លាក់​ដល់​ចំណុច​អាក្រក់​សព្វថ្ងៃ​នេះ គឺជា​ការ​បង្ក​ឡើង​ដោយ​ក្រុម​អ្នក​កាន់​អំណាច និង​ក្រុម​ប្រឆាំង​មួយ​ចំនួន ដែល​ពួកគេ​តែង​ចោទប្រកាន់​ក្រុម​អ្នក​រិះគន់​របស់​ខ្លួន​ថា​ជា​ជន​ក្បត់ ជាដើម ហើយ​ដែល​អត្តចរិត​នយោបាយ​បែប​នេះ បាន​បំផ្លាញ​ប្រទេស​កម្ពុជា​រហូត​ដល់​ពេលនេះ។

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៣ វិច្ឆិកា នេះ​ថា ក្រុម​ប្រឆាំង​ក៏​មិន​ខុសពី​ក្រុម​អ្នក​កាន់​អំណាច​ដែរ គឺ​តែងតែ​ចោទប្រកាន់​ទៅ​លើ​អ្នក​ដែល​រិះគន់​នូវ​ទង្វើ​ខុសឆ្គង​របស់​ខ្លួន ថា​ជា​ជន​ក្បត់​ជានិច្ច ទោះបី​ការ​រិះគន់​នោះ​ដើម្បី​កែលំអ​ក៏ដោយ ដែល​បញ្ហា​នេះ​ធ្វើ​ឱ្យ​អ្នក​ដែល​មាន​និន្នាការ​កណ្តាល​ដែល​ចង់​ផ្តល់​មតិយោបល់​ដើម្បី​ស្ថាបនា ត្រូវ​រង​នូវ​ការ​ចោទប្រកាន់​យ៉ាង​អយុត្តិធម៌ និង​រង​នូវ​ការ​លាប​ពណ៌​យ៉ាង​សាហាវ។

លោក សុន ឆ័យ លើកឡើង​ថា ដោយសារតែ​មើល​ឃើញ​នូវ​ស្ថានភាព​ដ៏​អាក្រក់​បែប​នេះ​ហើយ ទើប​បក្ស​ភ្លើង​ទៀន កំណត់​គោលដៅ​កែប្រែ​ស្ថានភាព​នយោបាយ​ប្រទេស​ជាតិ​របស់​ខ្លួន​ឱ្យ​ល្អ​ប្រសើរ​ជាង​មុន ដើម្បី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ប៉ុន្តែ​ជា​អកុសល គណបក្ស​នេះ​ត្រូវ​រង​នូវ​ការ​រាំង​ខ្ទប់​គ្រប់​បែប​យ៉ាង​សព្វថ្ងៃ​នេះ ទាំង​ខាង​អ្នក​កាន់​អំណាច និង​ខាង​ក្រុម​ប្រឆាំង​មួយ​ចំនួន។

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​រូប​នេះ​ត្អូញត្អែរ​ថា ការ​តស៊ូ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ គឺ​ពិត​ជា​រង​នូវ​ការ​លំបាក​ណាស់ ប៉ុន្តែ​ដោយសារ​បក្ស​ភ្លើង​ទៀន គឺជា​បក្ស​តំណាង​ឱ្យ​ឆន្ទៈ​ពលរដ្ឋ បាន​ដាក់​គោលដៅ​នយោបាយ​របស់​ខ្លួន​ថា នឹង​ត្រូវ​ដឹកនាំ​នយោបាយ​ដោយ​តម្កល់​ផល​ប្រយោជន៍​ជាតិ និង​ពលរដ្ឋ​ជា​ធំ ដូច្នេះ​ហើយ​ទើប​គណបក្ស​នេះ​ព្យាយាម​តស៊ូ​ជម្នះ​ឧបសគ្គ​រហូត​ដល់​ពេលនេះ។

ចំណែក​អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត បាន​លើកឡើង​នៅ​ក្នុង​កម្មវិធី​ពិភាក្សា​នេះ​ដែរ​ថា បក្ស​កាន់​អំណាច​បាន​ប្រើ​វិធី​គ្រប់​បែប​យ៉ាង​ដើម្បី​គាបសង្កត់​បិទ​សេរីភាព​នយោបាយ​របស់​គណបក្ស​ភ្លើង​ទៀន ទាំង​យន្តការ​រដ្ឋបាល យន្តការ​ច្បាប់ និង​ការ​ប្រើ​អំណាច​របស់​លោក ហ៊ុន សែន តាមរយៈ​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​ស្ថិត​ក្រោម​សេណារីយ៉ូ​របស់​ខ្លួន​រហូត​មក។ លោក​បន្ថែម​ថា ស្ថានភាព​នេះ​ទោះបីជា​បក្ស​ភ្លើង​ទៀន​មាន​បំណង​ស្ដារ​ស្ថានភាព​នយោបាយ​របស់​កម្ពុជា​ឱ្យ​ល្អ​ប្រសើរ​ឡើងវិញ​ក៏ដោយ គឺ​ពិត​ជា​ពិបាក​មើល​ឃើញ​ពន្លឺ​ខ្លាំង​ណាស់។

លោក ម៉ែន ណាត លើកឡើង​ថា កម្ពុជា​ដែល​ធ្លាក់​ចូល​ក្នុង​ស្ថានភាព​អាក្រក់​បែប​នេះ ក៏​ដោយសារតែ​ពលរដ្ឋ​មាន​ការ​ភាន់ច្រឡំ​ទៅ​លើ​ក្រុម​អ្នក​កាន់​អំណាច​ថា​ជា​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ដែរ ដែល​ធ្វើ​ឱ្យ​ពួកគេ​យល់​ថា ទង្វើ​ក្រុម​អ្នក​កាន់​អំណាច​ទាំងនោះ​គឺ​ដើម្បី​ប្រជាធិបតេយ្យ និង​ដើម្បី​ផល​ប្រយោជន៍​របស់​ពលរដ្ឋ។

ការ​ដឹកនាំ​នយោបាយ​របស់​លោក ហ៊ុន សែន ចាប់តាំងពី​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ឆ្នាំ​១៩៨៥ មក ត្រូវ​គេ​មើល​ឃើញ​ថា មេដឹកនាំ​ខ្មែរ​រូប​នេះ​បាន​ប្រើ​អំណាច​ហួស​ដែន​កំណត់ ដោយ​ការ​រំលោភ​លើ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​ក្រុម​អ្នក​នយោបាយ​ក្រៅ​រដ្ឋាភិបាល រំលោភ​បំពាន​រដ្ឋធម្មនុញ្ញ រំលោភ​ព្រះមហាក្សត្រ និង​រំលោភ​លើ​ច្បាប់​អន្តរជាតិ​នានា ដូចជា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ជាដើម ដែល​ធ្វើ​ឱ្យ​បរិយាកាស​នយោបាយ​របស់​កម្ពុជា​អាប់អួរ​រហូត​ទល់​ពេលនេះ។

សហភាព​អឺរ៉ុប និង​បណ្តា​ប្រទេស​លោក​សេរី​ជាច្រើន នៅតែ​ជំរុញ​ឱ្យ​អ្នក​នយោបាយ​ខ្មែរ​វិល​ទៅ​រក​ការ​ចរចា​បញ្ចប់​ជម្លោះ​នយោបាយ ដោយ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ឱ្យ​ធំ​ជាង​ផល​ប្រយោជន៍​បុគ្គល ឬ​បក្ស​របស់​ខ្លួន ប៉ុន្តែ​មក​ទល់​ពេលនេះ ពន្លឺ​នៃ​ការ​ចរចា​នយោបាយ​របស់​អ្នក​នយោបាយ​កំពូលៗ​នៅ​កម្ពុជា នៅ​មិន​ទាន់​លេច​ចេញ​នៅឡើយ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប្រទេស​ដ៏​កម្សត់​មួយ​នេះ​ធ្លាក់​ចុះ​ទ្រុឌទ្រោម​ទាំង​សេដ្ឋកិច្ច និង​ប្រព័ន្ធ​នយោបាយ​របស់​ខ្លួន​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស