38.3 C
Phnom Penh

លោក ចូ បៃដិន នៅតែ​ចាត់ទុក​លោក ស៊ី ជីនពីង ជា​មេដឹកនាំ​ផ្ដាច់ការ​នៅ​ប្រទេស​ចិន​កុម្មុយនីស្ត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជំនួប​កំពូល​រវាង​លោក ចូ បៃដិន ប្រធានាធិបតី​សហរដ្ឋ​អាមេរិក និង​សមភាគី​ចិន លោក ស៊ី ជីនពីង បាន​បិទ​បញ្ចប់​ដោយ​ស្រមោល​អតីតកាល​នៅ​ពីក្រោយ។

នៅ​ថ្ងៃទី​១៧ វិច្ឆិកា នេះ បណ្ដាញ​ផ្សាយ​ព័ត៌មាន​អាមេរិក CNN បាន​ទម្លាយ​រឿង​មួយ​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នៅ​ពីក្រោយ​ជំនួប​របស់​មេដឹកនាំ​ប្រទេស​មហាអំណាច​ពីរ​នេះ គឺ​លោក បៃដិន នៅតែ​ប្រកាន់​ជំហរ​របស់​លោក​ហៅ​មេដឹកនាំ​ចិន ស៊ី ជីនពីង ថា​ជា​មេដឹកនាំ​ផ្ដាច់ការ។

លោក ចូ បៃដិន បាន​និយាយ​ថា លោក​បាន​ធ្វើ​ឱ្យ​មាន​លទ្ធផល​ជា​វិជ្ជមាន​ក្នុង​អំឡុង​នៃ​ជំនួប​ដ៏​តានតឹង​អស់​ជាច្រើន​ម៉ោង​ជាមួយ​ប្រធានាធិបតី​ចិន។

ក្នុង​ជំនួប​ដោយ​ប្រើ​រយៈពេល ៤​ម៉ោង​កាលពី​ថ្ងៃ​ពុធ ទី​១៥ ខែ​វិច្ឆិកា មេដឹកនាំ​ទាំង​ពីរ​បាន​ព្រមព្រៀង​បង្កើត​ទំនាក់ទំនង​យោធា​ដែល​បាន​ជាប់​គាំង ដោយ​សំដៅ​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​តាមរយៈ​ការ​សន្ទនា​គ្នា​តាម​ទូរសព្ទ​រវាង​រូបលោក និង​លោក ស៊ី ឬ​រវាង​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ ដែល​អ្នក​សង្កេតការណ៍​បាន​ហៅ​ថា​ជា​លទ្ធផល​ជា​វិជ្ជមាន​កើត​ចេញពី​ជំនួប​របស់​មេដឹកនាំ​ប្រទេស​មហាអំណាច​ពីរ​នេះ។

តែ​នៅ​ពេល​អ្នកកាសែត​នៃ​បណ្ដាញ​ផ្សាយ​ព័ត៌មាន CNN សាកសួរ​អំពី​ចរិត​លក្ខណៈ​របស់​លោក ស៊ី លោក បៃដិន មិន​បាន​បន្ត​លាក់​ក្នុង​ចិត្ត​នោះ​ទេ។ លោក​នៅតែ​មើល​ឃើញ​មេដឹកនាំ​ចិន​ដ៏​មាន​អំណាច​រូប​នេះ​ថា​ជា​ជន​ផ្ដាច់ការ។

លោក បៃដិន បាន​ថ្លែង​ដូចនេះ​ដោយ​ឆ្លើយតប​ចំពោះ​សំណួរ​ដែល​ក្រុម​អ្នកកាសែត​បាន​ស្រែក​សួរ ហើយ​ក្នុង​នោះ​ក៏​មាន​អ្នក​សារព័ត៌មាន CNN ផង​ដែរ​នៅ​កន្លែង​ជំនួប​ដែល​បាន​គ្រោងទុក​នៅ​ក្នុង​ទីក្រុង San Francisco ជា​ទី​កន្លែង​ដែល​ប្រទេស​មាន​សេដ្ឋកិច្ច​នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ហៅ​កាត់​ថា APEC កំពុង​ជួប​ប្រជុំ​គ្នា ក្នុង​នោះ​ក៏​មាន​វត្តមាន​ទាំង​លោក ស៊ី និង​លោក បៃដិន ផង​ដែរ។

លោក បៃដិន បាន​ថ្លែង​បន្ត​ទៀត​ថា លោក ស៊ី ជា​មេដឹកនាំ​ផ្ដាច់ការ​ក្នុង​ស្ថានភាព​ដែល​លោក​ជា​មេដឹកនាំ​ប្រទេស​ប្រកាន់​យក​របប​កុម្មុយនីស្ត មាន​ភាព​ខុស​គ្នា​ស្រឡះ​ពី​សហរដ្ឋ​អាមេរិក។

លោក បៃដិន បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​តែ​ម្នាក់​ឯង​ក្រោយពី​កិច្ច​ពិភាក្សា​គ្នា​ដ៏​តានតឹង​ជាមួយ​លោក ស៊ី។ នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ល្បីៗ​ជាច្រើន លោក បៃដិន បាន​ថ្លែង​ថា ដោយ​ឥត​លាក់លៀម​អំពី​បញ្ហា​លំបាក​ជាច្រើន​ដែល​បាន​ធ្វើ​ឱ្យ​ប្រទេស​ទាំង​ពីរ​មាន​ការ​ខ្វែង​គំនិត​គ្នា ដូចជា​បាន​ឃើញ​នៅ​ក្នុង​ការ​ដែល​ពលរដ្ឋ​ចិន​មក​ទទួល​លោក ស៊ី ដែល​ពលរដ្ឋ​នៅ​ក្នុង​ទីក្រុង San Francisco មាន​ជាតិ​សាសន៍​ចម្រុះ បាន​ផ្តល់​ឱ្យ​មេដឹកនាំ​ចិន​រូប​នេះ​មាន​ទាំង​បាតុករ​ប្រឆាំង​កុម្មុយនីស្ត និង​ក្រុម​អ្នក​ស្វាគមន៍​លោក ស៊ី ដែល​បាន​តម្រង់​ជួរ​នៅ​តាម​ផ្លូវ​នានា។

ក្នុង​ទិដ្ឋភាព​ដូច​នេះ​ហើយ​ដែល​គេ​សង្កេត​ឃើញ​មេដឹកនាំ​ផ្ដាច់ការ​ជាច្រើន តែងតែ​ជួប​រឿង​ដូចនេះ​នៅ​ពេល​ពួកគាត់​ទៅ​ក្រៅ​ប្រទេស។

លោក ស៊ី ត្រូវ​បាន​គេ​ចាត់ទុក​ជា​មេដឹកនាំ​ចិន ដែល​មាន​អំណាច​ខ្លាំងក្លា​បំផុត​នៅ​ប្រទេស​ចិន ព្រោះ​តែ​លោក​អាច​បន្ត​កាន់​អំណាច​ទី​៣ និង​អាច​ទី​៤ ទៀត ដោយ​សភា​ប្រជាជន​ចិន ក្រោម​ឥទ្ធិពល​របស់​លោក​ជួយ​ប្រថាប់ត្រា។

ភ្លាមៗ​នេះ​មិន​ទាន់​មាន​ប្រតិកម្ម​ណា​មួយ​ពី​គណៈប្រតិភូ​ចិន​នៅឡើយ​ទេ ដែល​បាន​ធ្វើ​ដំណើរ​មក​កាន់​សហរដ្ឋ​អាមេរិក ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល APEC នៅ​ទីក្រុង San Francisco។ តែ​ក្នុង​សន្និសីទ​ប្រចាំ​ថ្ងៃ​នៅ​ទីក្រុង​ប៉េកាំង អ្នក​នាំពាក្យ​សម្រាប់​ក្រសួង​ការបរទេស​ចិន អ្នកស្រី Moa Ning បាន​ប្រតិកម្ម​ទៅ​នឹង​លោក បៃដិន។ អ្នកស្រី​បាន​ហៅ​លោក បៃដិន ថា​ជា​មេដឹកនាំ​អាមេរិក​ដែល​មិន​មាន​ការ​ទទួល​ខុសត្រូវ និង​ជា​អ្នក​នយោបាយ​អាមេរិក​មាន​ចរិត​ជ្រុល​និយម។ អ្នកស្រី​ថា ចិន​សូម​ប្រឆាំង​នឹង​ការ​លើកឡើង​របស់​លោក បៃដិន។

តាមរយៈ​ជំនួប​កំពូល​នេះ លោក​ប្រធានាធិបតី​នៃ​មហាអំណាច​ទាំង​ពីរ បាន​ព្រមព្រៀង​គ្នា​ភ្ជាប់​ទំនាក់ទំនង​យោធា​ឡើងវិញ បន្ទាប់ពី​ជួប​ភាព​រកាំរកូស​ខ្លាំង​ជិត ១​ឆ្នាំ​មក​នេះ។ តែ​ទន្ទឹម​នឹង​នេះ ភាគី​ទាំង​ពីរ​បាន​បង្ហាញ​ជំហរ និង​ការ​យល់​ឃើញ​ខុស​គ្នា​លើ​បញ្ហា​ជាច្រើន ជាពិសេស​ករណី​កោះ​តៃវ៉ាន់។

ករណី​នេះ ចិន​ចេះ​តែ​គំរាម​ចង់​លេប​ដែន​កោះ​នេះ សម្រាប់​លោក បៃដិន នៅតែ​សច្ចា​ជួយ​តៃវ៉ាន់ ក្នុង​បុព្វហេតុ​ដើម្បី​ប្រជាធិបតេយ្យ ខណៈ​លោក ស៊ី នៅតែ​ទាមទារ​ឱ្យ​សហរដ្ឋ​អាមេរិក​បញ្ឈប់​ការ​បញ្ជូន​អាវុធ​ទៅ​ឱ្យ​តៃវ៉ាន់។

លោក បៃដិន បាន​ស្វាគមន៍​លោក ស៊ី ដែល​សម្រេច​មក​ចូលរួម​វេទិកា​នៃ​កិច្ចសហការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក ហើយ​យល់ព្រម​ជួប​រូបលោក ប៉ុន្តែ​លោក បៃដិន បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក ស៊ី បាន​គាបសង្កត់​លោក​ឱ្យ​បញ្ឈប់​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ក្រុមហ៊ុន​ចិន និង​មន្ត្រី​ជាន់ខ្ពស់​របស់​ចិន។

យ៉ាងណា នេះ​មិន​មែន​ជា​លើក​ទី​មួយ​នោះ​ទេ​ដែល​លោក បៃដិន ហៅ​លោក ស៊ី ជា​មេដឹកនាំ​ផ្ដាច់ការ។ កាលពី​ខែ​មករា ឆ្នាំ​២០២២ និង​កាលពី​ខែ​មិថុនា ឆ្នាំ​២០២៣ ក៏​លោក បៃដិន បាន​ហៅ​លោក ស៊ី ដូច​នេះ​ដែរ ខណៈ​ស្ថានភាព​តានតឹង​ខ្លាំង​បន្ទាប់ពី​ចិន​បង្ហោះ​បាឡុង​លើ​ដែនអាកាស​សហរដ្ឋ​អាមេរិក ហើយ​កងទ័ព​អាកាស​អាមេរិក​បាញ់​ទម្លាក់​ដោយ​ចាត់ទុក​បាឡុង​នោះ​ជា​ឧបករណ៍​ចារកម្ម​របស់​ចិន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស