34.7 C
Phnom Penh

លោក ហ៊ុន ម៉ាណែត នឹង​ដាក់​ចេញ​ផែនការ​កំណែ​ទម្រង់​រចនាសម្ព័ន្ធ​តាម​ក្រសួង​ឡើងវិញ​នៅ​ឆ្នាំ​២០២៤

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹង​ដាក់​ចេញ​ផែនការ​កំណែ​ទម្រង់​រចនាសម្ព័ន្ធ​តាម​ក្រសួង​ឡើងវិញ​នៅ​ឆ្នាំ​២០២៤ ខាងមុខ​នេះ ដើម្បី​កុំ​ឱ្យ​អនុវត្ត​ផែនការ​ការងារ​ជាន់​គ្នា ដែល​នាំ​ឲ្យ​ក្រសួង​នីមួយៗ​ពិបាក​ក្នុង​ការ​សម្រេច​ចិត្ត។

ថ្លែង​នៅ​ក្នុង​ពិធី​ប្រកាស​ឱ្យ​អនុវត្ត​ជា​ផ្លូវការ «កម្មវិធី​គោលនយោបាយ​អាទិភាព​ទី​៥ និង​ទី​៦» របស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧ ដែល​ផ្ដោត​លើ​វិស័យ​កសិកម្ម​នា​ព្រឹក​ថ្ងៃទី​២០ វិច្ឆិកា លោក ហ៊ុន ម៉ាណែត ថា​អាណត្តិ​ថ្មី​នៅ​ឆ្នាំ​២០២៤ នេះ គឺ​លោក​ដាក់​គោលដៅ​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ គឺ​គ្រប់​ក្រសួង​ត្រូវ​ពិនិត្យ​ឡើងវិញ​នូវ​រចនាសម្ព័ន្ធ​ផ្ទៃក្នុង ពិនិត្យ​តួនាទី​ភារកិច្ច​របស់​ខ្លួន ព្រោះ​កន្លែង​ខ្លះ​ជាន់​គ្នា។

លោក ហ៊ុន ម៉ាណែត ដែល​ទើប​តែ​ស្នង​តំណែង​ពី​ឪពុក​នា​ពេល​ថ្មីៗ​នេះ បាន​លើកឡើង​ថា ដោយសារ​ផែនការ និង​គោលនយោបាយ​មាន​ភាព​ប្រទាក់ក្រឡា​គ្នា​ជា​អន្តរ​ក្រសួង និង​ភាគី​ពាក់ព័ន្ធ ដូច្នេះ​លោក​ណែនាំ​ឱ្យ​មន្ត្រី​ចេះ​សហការ​គ្នា​អនុវត្ត​ផែនការ ដោយ​មិន​ត្រូវ​មើល​ស្រាល​ការងារ និង​ប្រចាំ​គ្នា​ដូច​ពាក្យ​ចាស់​ពោល​ថា «គ្នា​ច្រើន អន្សម​ខ្លោច​នោះ​ទេ»។

លោក​នាយករដ្ឋមន្ត្រី​កម្ពុជា ហ៊ុន ម៉ាណែត លើកឡើង​ថា ឧទាហរណ៍​ថា​បើ​ការងារ​នោះ​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម គឺ​រដ្ឋមន្ត្រី​កសិកម្ម ត្រូវ​ដឹកនាំ​ក្បាលម៉ាស៊ីន​រៀបចំ​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដូចជា ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ក្រសួង​អភិវឌ្ឍន៍​ជនបទ ជាដើម ក្នុង​ការ​ពិភាក្សា​គ្នា​រក​ចំណុច​រួម​មួយ​ដាក់​ចេញ​សកម្មភាព និង​ដំណោះស្រាយ​ឱ្យ​ចំ​គោលដៅ ទើប​ផែនការ​ការងារ​មាន​ប្រសិទ្ធភាព។

លោក​ថា ចំពោះ​ការ​បំពេញ​ការងារ​ទៀត គឺ​មិន​អាស្រ័យ​លើ​ការ​ចំណាយ​ច្រើន ទើប​មាន​ប្រសិទ្ធភាព​ទេ គឺ​ចេះ​ប្រើប្រាស់​ថវិកា​តិច តែ​ចំ​គោលដៅ​វិញ ដូច្នេះ​មន្ត្រី​ឱ្យ​ធ្វើការ​ដោយ​ចេញពី​បេះដូង។

ថ្លែង​ចំពោះ​មុខ​រដ្ឋមន្ត្រី និង​ថ្នាក់​ដឹកនាំ​ពាក់ព័ន្ធ​ទាំងអស់ ប្រមុខ​រដ្ឋាភិបាល​ក៏​មើល​ឃើញ​ដែរ​ពី​បញ្ហា​ធ្វើការ​ជាន់​គ្នា និង​ត្រួត​ស៊ី​គ្នា​របស់​ក្រសួង និង​ស្ថាប័ន​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​កន្លង​មក ដែល​រំខាន​ដល់​ការ​អនុវត្ត​ការងារ​ឱ្យ​មាន​ប្រសិទ្ធភាព។

លោក ហ៊ុន ម៉ាណែត លើកឡើង​ថា បញ្ហា​ការងារ​ជាន់​គ្នា និង​ត្រួត​ស៊ី​គ្នា​នេះ គឺ​លោក​ចង់​សំដៅ​លើ​កិច្ច​ការងារ​តែ​មួយ​ទេ តែ​វា​ពាក់ព័ន្ធ និង​ប្រទាក់ក្រឡា​គ្នា​ជា​អន្តរ​ក្រសួង ដែល​ពិបាក​ដល់​ការ​សម្រេច​ចិត្ត​នានា​របស់​ថ្នាក់ដឹកនាំ​ស្ថាប័ន​ទាំងនោះ ជាពិសេស​ពិបាក​រក​ចំណុច​ឯកភាព​គ្នា​ដែល​ប៉ះពាល់​ដល់​ការ​អនុវត្ត​ការងារ​ឱ្យ​មាន​ប្រសិទ្ធភាព។

លោក​ថា ដូចជា​ករណី​បូម​ខ្សាច់​កន្លង​មក គឺ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​រ៉ែ និង​ថាមពល​ផង ហើយ​ផ្នែក​ខ្លះ​ទៀត​ស្ថិត​ក្រោម​ការ​ទទួល​ខុសត្រូវ​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ផង។

អ្នក​ផ្តល់​ប្រឹក្សា​ផ្នែក​អភិវឌ្ឍ​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២០ វិច្ឆិកា នេះ​ថា តាម​ការ​សង្កេត​របស់​លោក​នៅ​ក្នុង​រដ្ឋាភិបាល​ថ្មី​នេះ​គឺ​មាន​ការ​តែងតាំង​អ្នក​ចាស់ ហើយ​និង​អ្នក​ថ្មី​ដែល​មើល​ទៅ​ឃើញ​ក្បាលម៉ាស៊ីន​ដឹកនាំ​ជាង​មុន ហើយ​ខ្លួន​តូច។

លោក​ថា ការ​តែងតាំង​នេះ​ជា​ដើមចម​ធ្វើ​ឲ្យ​មាន​ការ​អនុវត្ត​តួនាទី​ជាន់​គ្នា និង​ឱ្យ​ការ​អនុវត្ត​ការងារ​គ្មាន​ប្រសិទ្ធភាព។ លោក​ថា អ្នក​ចាស់​យល់ដឹង​ការងារ​ស៊ីជម្រៅ​ជាង​អ្នក​ថ្មី ដែល​ធ្វើ​ឲ្យ​អ្នក​ចាស់​លូក​ដៃ​ក្នុង​ការងារ​ស៊ីជម្រៅ​ជាង​អ្នក​ថ្មី។

ចំណែកឯ​អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​លើកឡើង​ថា លោក​ស្វាគមន៍​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល​ទៅ​លើ​ការ​កំណែ​ទម្រង់​នេះ ពីព្រោះ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បាន​តែងតាំង​មន្ត្រី​របស់​ខ្លួន​ច្រើន​លើសលប់ ជា​ហេតុ​ធ្វើ​ឲ្យ​ការ​អនុវត្ត​ការងារ​គ្មាន​ប្រសិទ្ធភាព និង​ចំណាយ​ថវិកា​របស់​រដ្ឋ​អស់​ច្រើន និង​មិន​ចំ​គោលដៅ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស