28.9 C
Phnom Penh

បទ​អត្ថាធិប្បាយ៖ ព្រលាន​យន្តហោះ​ថ្មី​នៅ​ខេត្ត​សៀមរាប​បង្ហាញ​ថា​កម្ពុជា​ចង់​បាន​អ្វី​ពី​ចិន​ក៏​បាន​ដែរ ឱ្យ​តែ​ក្រោម​គម្រោង​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អត្ថបទ​ដោយ៖ ហាស់ សាន

ថ្មីៗ​នេះ ប្រទេស​កម្ពុជា​បាន​សម្ពោធ​ព្រលាន​យន្តហោះ​អន្តរជាតិ​សៀមរាប​អង្គរ ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​បង្អួច​ដ៏​មាន​សារសំខាន់​ចូល​ទៅ​កាន់​គម្រោង​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​របស់​ចិន ដែល​កំពុង​តែ​មាន​ការ​វិវឌ្ឍ ហើយ​ក៏​ជា​អ្វី​ដែល​អាច​ពាំនាំ​បន្ថែម​ទៀត​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ផង​ដែរ។

កាលពី​មួយ​ខែ​មុន​នៅ​ក្នុង​វេទិកា​ផ្លូវ​ខ្សែក្រវាត់ មាន​ការ​បញ្ចេញ​នូវ​បទ​អត្ថាធិប្បាយ​មួយ​អំពី​គម្រោង​ទុន​វិនិយោគ​ចិន ដែល​ទាក់ទិន​នឹង​ការ​ពិនិត្យ​ឡើងវិញ​នូវ​គម្រោង​ណា​ដែល​ជោគជ័យ គម្រោង​ណា​បរាជ័យ និង​គម្រោង​សម្រាប់​ពេល​អនាគត ដែល​អាច​ផ្ដល់​នូវ​អត្ថប្រយោជន៍​សេដ្ឋកិច្ច និង​នយោបាយ​ក្នុង​រយៈពេល ១០​ឆ្នាំ​កន្លង​មក ហើយ​អ្វី​ខ្លះ​ដែល​លោក​ខាងលិច​មិន​អាច​ទទួល​យក​បាន។

ចិន និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន បាន​អះអាង​ថា គំនិត​ផ្ដួចផ្ដើម​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ បាន​ផ្ដល់​ឲ្យ​នូវ​អត្ថប្រយោជន៍​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍។

ទោះជា​យ៉ាងនេះ​ក្ដី អ្នក​រិះគន់​កម្មវិធី​នេះ​បាន​លើកឡើង​ថា គំនិត​ផ្ដួចផ្ដើម​នេះ​នាំ​មក​នូវ​បន្ទុក​បំណុល​ដល់​ប្រទេស​ដែល​ពាក់ព័ន្ធ ហើយ​វា​ជះ​ឥទ្ធិពល​អាក្រក់​ដល់​អភិបាលកិច្ច​បរិស្ថាន និង​សូចនាករ​សង្គម ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​ពិភពលោក​ទៅវិញ​ទេ។

ការ​ស្ថាបនា​អាកាសយានដ្ឋាន​ថ្មី​នៅ​ប្រទេស​កម្ពុជា ដែល​មាន​តម្លៃ ១​ពាន់​លាន​ដុល្លារ ត្រូវ​បាន​ស្ថាបនា​ដោយ​ក្រុមហ៊ុន​រដ្ឋ​ចិន មកពី​ខេត្ត​យូណាន ហើយ​ក៏​មាន​ការ​ផ្ដល់​ទុន​វិនិយោគ​ដោយ​ស្ថាប័ន​ហិរញ្ញវត្ថុ​ចិន​ជាច្រើន​ទៀត។ ក្រុមហ៊ុន​អភិវឌ្ឍន៍​ចិន នេះ នឹង​ធ្វើ​ប្រតិបត្តិការ​លើ​វាល​យន្តហោះ​នេះ​នៅ​ក្រោម​កិច្ចសន្យា​រយៈពេល ៥៥​ឆ្នាំ ទើប​ផ្ទេរ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​គ្រប់គ្រង​ប្រាក់​ចំណូល និង​ប្រតិបត្តិការ​ថែរក្សា​វាល​យន្តហោះ​ថ្មី​នេះ ប៉ុន្តែ​សម្ភារៈ​សំណង់​នៅ​ទីនោះ គេ​មើល​ឃើញ​មាន​តែ​ឡាបូ និង​ចានបង្គន់​តែប៉ុណ្ណោះ ដែល​ជា​គ្រឿងសំណង់​ជា​ផលិតផល​សំណង់​ពី​សហរដ្ឋ​អាមេរិក។

វាល​យន្តហោះ​ថ្មី​នេះ​មាន​ចម្ងាយ​ជាង ៤០​គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប គឺ​ឆ្ងាយ​ណាស់​ពី​វាល​យន្តហោះ​ចាស់​ដែល​ជិត​នឹង​តំបន់​អង្គរ។ គេ​ថា​ការ​ដូរ​ទីតាំង​នេះ គឺ​ដើម្បី​អភិរក្ស​តំបន់​អង្គរ និង​ផ្ដល់​សុវត្ថិភាព​ក្នុង​ការ​ចុះចត។ វាល​យន្តហោះ​ថ្មី​នេះ ត្រូវ​គេ​រំពឹង​ថា នឹង​ទាញ​បាន​ភ្ញៀវ​ទេសចរ ៧​លាន​នាក់​ក្នុង​មួយ​ឆ្នាំ គឺ​កើន​ឡើង ២​លាន​នាក់ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន​ជាមួយ​នឹង​យន្តហោះ​ចុះចត​នៅ​វាល​យន្តហោះ​ចាស់។

គេ​ថា​សមត្ថភាព​ក្នុង​ការ​ទទួល​ភ្ញៀវ​ទេសចរ គឺ​ជា​មុខមាត់ និង​ជា​ការ​បង្កើន​សេដ្ឋកិច្ច​ដល់​ប្រទេស​កម្ពុជា ដែល​ពឹងផ្អែក​លើ​វិស័យ​ទេសចរណ៍​មកពី​ប្រទេស​ចិន និង​ប្រទេស​ផ្សេងៗ ខណៈ​បច្ចុប្បន្ន ការ​ធ្វើ​ដំណើរ​ទៅ​កាន់​អង្គរ​មាន​ការ​ឡើង​ចុះ​ដូច​ការ​បើក​ភ្លើង​បិទ​ភ្លើង។

ទោះជា​យ៉ាងណាក៏ដោយ អាកាសយានដ្ឋាន​ថ្មី​នេះ​ជា​សញ្ញាណ​ជំរុញ​ឱ្យ​មើល​ឃើញ​ថា គំនិត​ផ្ដួចផ្ដើម​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​នៃ​គម្រោង​អភិវឌ្ឍន៍​របស់​ចិន បាន​សម្ពោធ​ឡើង​ដោយ​មាន​ការ​តភ្ជាប់​រថយន្ត​ក្រុង និង​រថភ្លើង​ទៅ​កាន់​ខេត្ត​សៀមរាប ប៉ុន្តែ​ទន្ទឹម​នឹង​នេះ មាន​ការ​ខ្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ​ឆ្ពោះ​ទៅ​កាន់​អង្គរ។ គេ​មើល​ឃើញ​ថា តំបន់​ជុំវិញ​ក្រុង​សៀមរាប​អង្គរ គឺ​មិន​ទាន់​មាន​ការ​អភិវឌ្ឍ​នៅឡើយ​ទេ។

កសិករ​ខ្លះ​ត្រូវ​បាន​បង្ខំ​ឱ្យ​ផ្លាស់​ទីលំនៅ​ពេល​ការ​ស្ថាបនា​អាកាសយានដ្ឋាន​ថ្មី​នេះ​ចាប់ផ្ដើម។ ពួកគេ​បាន​ប្ដឹង​ទាមទារ​សំណង ហើយ​សំណង​ដែល​ពួកគេ​បាន​ទទួល គឺ​មិន​គ្រប់គ្រាន់​ទេ ទន្ទឹម​នឹង​ពេល​ដែល​ម្ចាស់​ដី​នៅ​តាម​បណ្តោយ​ផ្លូវ​អាកាសយានដ្ឋាន កំពុង​រៀបចំ​អចលនទ្រព្យ​របស់​ពួកគេ​សម្រាប់​លក់​ដល់​អ្នក​អភិវឌ្ឍន៍​ដែល​មាន​សក្ដានុពល​ដទៃ​ទៀត។

អាកាសយានដ្ឋាន​ថ្មី​ត្រូវ​បាន​ដំណើរការ​ដោយ​ក្រុមហ៊ុន​ចិន តែ​ក្រុមហ៊ុន​មួយ​ដែល​មកពី​ប្រទេស​បារាំង​ឈ្មោះ Vinci ត្រូវ​ចប់​កុងត្រា​នៅ​ឆ្នាំ​២០៤០។ នេះ​បើ​និយាយ​ពី​វាល​យន្តហោះ​ចាស់​នៅ​ក្រុង​សៀមរាប។ ក្រុមហ៊ុន​នេះ​ទាមទារ​ប្រាក់​សំណង​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ទំហំ​សាច់ប្រាក់ ៦៣​លាន​ដុល្លារ។ ក្រុមហ៊ុន​មកពី​ប្រទេស​បារាំង នេះ ក៏​ធ្លាប់​កាន់កាប់​ភាគហ៊ុន​របស់​ខ្លួន​លើ​ប្រតិបត្តិការ​មុខជំនួញ​នៅ​អាកាសយានដ្ឋាន​ចាស់​នៅ​ភ្នំពេញ​ដែរ។

គេ​មើល​ឃើញ​ថា វាល​យន្តហោះ​ថ្មី​នេះ​មាន​ភាព​ស្រដៀង​គ្នា​នឹង​វាល​យន្តហោះ​ថ្មី​ដ៏​ចម្រូងចម្រាស​ដែល​នៅ​ជិត​នឹង​រាជធានី​ភ្នំពេញ​ដែរ ប៉ុន្តែ​គម្រោង​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​នៃ​បណ្ដា​ប្រទេស​ដទៃ មិន​បាន​ជោគជ័យ​ទេ ហើយ​សម្រាប់​ប្រទេស​កម្ពុជា ត្រូវ​គេ​មើល​ឃើញ​ថា​នឹង​ដូច​ប្រទេស​ទាំងនោះ​ដែល​មិន​អាច​សង​បំណុល​ចិន​ទាន់​ពេលវេលា​នោះ​ទេ ទោះជា​ប្រទេស​កម្ពុជា​មាន​វាល​យន្តហោះ​ថ្មី​នៅ​ខេត្ត​សៀមរាប ជា​តំបន់​ទេសចរណ៍​ក៏ដោយ។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ សញ្ញាណ​គម្រោង​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ កំពុង​ធ្វើ​ឲ្យ​កម្ពុជា​ធ្លាក់​ក្នុង​ដៃ​របស់​ចិន​យ៉ាង​ងាយ។ អ្នក​គូសវាស​គោលនយោបាយ​ប្រទេស​កម្ពុជា មាន​ការ​ពឹងផ្អែក​ខ្លាំង​ទៅ​លើ​ប្រទេស​ចិន ព្រោះ​តែ​ចិន​មាន​សារសំខាន់​នៃ​ភាព​ជា​ដៃគូ​ពាណិជ្ជកម្ម​នឹង​រាជាណាចក្រ​នេះ និង​កិច្ចសន្យា​ជួយ​ខ្ចី​បុល ប៉ុន្តែ​មេដឹកនាំ​ខ្មែរ​ត្រូវ​គេ​មើល​ឃើញ​ថា​ពឹង​លើ​ចិន​ជា​ខ្លាំង ដែល​នាំ​ឱ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​មួយ​ទាញ​ឱ្យ​មាន​ការ​ប្រជែង​ឥទ្ធិពល​ភូមិសាស្ត្រ​នយោបាយ ហើយ​អ្វី​ក៏​ចិន​ធ្វើ​បាន​ដែរ ដើម្បី​តែ​ជា​ផល​ប្រយោជន៍​ចិន។

ទន្ទឹម​នឹង​ការ​មើល​ឃើញ​ពី​អត្ថប្រយោជន៍​សេដ្ឋកិច្ច​ដល់​ប្រទេស​កម្ពុជា​ជ្រុល​ពេក​នេះ គឺ​កិច្ចសហការ​ជាមួយ​នឹង​ចិន ស្ថិត​ក្រោម​សម្ពាធ​របស់​លោក​ខាងលិច សង្កត់​ក្រុង​ភ្នំពេញ​អំពី​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង​បញ្ហា​សិទ្ធិមនុស្ស ដែល​ចំណុច​ទាំង​ពីរ​កំពុង​ធ្លាក់​ចុះ​ជា​ខ្លាំង។

គម្រោង​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​របស់​ចិន ត្រូវ​គេ​មើល​ឃើញ​ថា ចូល​មក​ដល់​កម្ពុជា​នៅ​មុន​ឆ្នាំ​២០១៣ ជា​ឆ្នាំ​ប្រជែង​នយោបាយ​ខ្លាំង​ពី​ខាង​បក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ត្រូវ​បាន​រំលាយ។

ទោះបី​ក្នុង​គម្រោង​ធ្វើ​ឲ្យ​មាន​បរិស្ថាន​បៃតង តែ​សៀមរាប​អង្គរ​ហាក់បីដូចជា​មិន​មាន​បរិស្ថាន​បៃតង​ផ្ដោត​ជា​សំខាន់​អ្វី​នោះ​ទេ។ វា​ដូចជា​កាត់បន្ថយ​បរិស្ថាន​ទៅវិញ​ទេ។

ទោះ​វាល​យន្តហោះ​ថ្មី​នេះ​ក្លាយ​ទៅ​ជា​យ៉ាងណា​នោះ វា​នឹង​បង្ហាញ​ថា ចិន​អាច​ផ្ដល់​ឲ្យ​តាម​អ្វី​ដែល​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​ចង់​បាន ហើយ​វា​លើស​ពី​អន្ទាក់​បំណុល​ទៅ​ទៀត​ដែល​វា​អាច​រុញ​កម្ពុជា​ធ្លាក់​ក្នុង​បំណុល​ចិន​វ័ណ្ឌក។ ប្រទេស​កម្ពុជា​នៅតែ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​បង្ហាញ​ចំណាប់អារម្មណ៍​លើ​គម្រោង​គំនិត​ផ្ដួចផ្ដើម​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​កាន់តែ​ខ្លាំង​ឡើង ខណៈ​អំឡុង​ពេល​នាយករដ្ឋមន្ត្រី​ថ្មី លោក ហ៊ុន ម៉ាណែត ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប៉េកាំង ក៏​ស្វែងរក​ខ្ចី​ប្រាក់​ចិន​ច្រើន​ថែម​ទៀត។

គេ​មិន​ចាំបាច់​ឆ្ងល់​ពេក​ទេ ដរាបណា​ដៃគូ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដូច​កម្ពុជា​កាន់តែ​ទោរទន់​ខ្លាំង​ទៅ​រក​ចិន គឺ​គម្រោង​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ នឹង​នៅតែ​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា ទោះបីជា​បំណុល​កាន់តែ​គរ​ខ្ពស់​ដូច​ភ្នំ​ក៏ដោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស