28.7 C
Phnom Penh

សកម្មជន​សង្គម​រិះគន់​ថា​មេដឹកនាំ​បក្ស​ក្រៅ​រដ្ឋាភិបាល​ស្ទើរតែ​ទាំងអស់​មិន​ទាន់​រៀបចំ​គោលការណ៍​ផ្ទៃក្នុង​បក្ស​ឱ្យ​មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​សង្គម រិះគន់​ថា មេដឹកនាំ​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ស្ទើរតែ​គ្រប់​បក្ស​ទាំងអស់​នៅ​កម្ពុជា មិន​ទាន់​បាន​រៀបចំ​បក្ស​របស់​ពួកគេ​ឱ្យ​មាន​គោលការណ៍​ប្រជាធិបតេយ្យ​ពិតប្រាកដ​នៅ​ផ្ទៃក្នុង​បក្ស​របស់​ខ្លួន​នៅឡើយ​ទេ ហើយ​ពួកគេ​ក៏​មាន​ចំណុច​ខ្សោយ​ជាច្រើន​ផង​ដែរ។

សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២២ វិច្ឆិកា នេះ​ថា ប្រសិនបើ​បក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​អាច​រៀបចំ​ឱ្យ​មាន​ការ​អនុវត្ត​សកម្មភាព​នយោបាយ​នៅ​ផ្ទៃក្នុង​បក្ស​របស់​ខ្លួន​ស្រប​តាម​គោលការណ៍​ប្រជាធិបតេយ្យ​ឱ្យ​បាន​ត្រឹមត្រូវ នោះ​ពួកគេ​នឹង​ចៀស​ផុត​នូវ​ជម្លោះ​ផ្សេងៗ​ដែល​កើត​ចេញពី​សមាជិក​របស់​ខ្លួន​ជាមិនខាន ព្រោះ​ថា​សមាជិក​គ្រប់​រូប​ត្រូវ​អនុវត្ត​ទៅ​តាម​ច្បាប់​របស់​គណបក្ស​ដែល​ពួកគេ​គ្រប់​គ្នា​បាន​ចូលរួម​អនុម័ត ដូច្នេះ​គ្មាន​ហេតុផល​ណា​ដែល​ពួកគេ​ប្រឆាំង​នឹង​ច្បាប់​ដែល​ខ្លួនឯង​បាន​កំណត់​ឡើយ។

លោក ស្រ៊ុន ស្រ៊ន លើកឡើង​ថា បញ្ហា​ផ្ទៃក្នុង​បក្ស​ក្រៅ​រដ្ឋាភិបាល​ដែល​តែងតែ​កើត​មាន​នា​ពេល​កន្លង​មក គឺ​ដោយសារតែ​ពួកគេ​មិន​បាន​រៀបចំ​គោលការណ៍​ផ្ទៃក្នុង​បក្ស​តាម​គោលការណ៍​ប្រជាធិបតេយ្យ​ឱ្យ​បាន​ជាក់លាក់​ប៉ុណ្ណោះ។ ជាង​នេះ​ទៀត លោក​ក៏​មិន​ដែល​បាន​ឃើញ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ណា​មួយ បាន​យក​គោលការណ៍​ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ស្ដីពី​ការ​បង្កើត​បក្ស​នយោបាយ មក​ដាក់​ជា​គោលការណ៍​ផ្ទៃក្នុង​នៅ​ក្នុង​បក្ស​របស់​ពួកគេ​ដែរ។

សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​រូប​នេះ​បញ្ជាក់​ថា ការ​យក​គោលការណ៍​ប្រជាធិបតេយ្យ​មក​អនុវត្ត​នៅ​ផ្ទៃក្នុង​បក្ស​របស់​ខ្លួន គឺ​មាន​មាន​ប្រយោជន៍​សម្រាប់​បក្ស​នយោបាយ​របស់​ពួកគេ​យ៉ាង​ខ្លាំង ដែល​អាច​ទាក់ទាញ​ការ​គាំទ្រ​របស់​ប្រជាពលរដ្ឋ​ពី​គ្រប់​មជ្ឈដ្ឋាន រួម​ទាំង​អ្នក​ដែល​ធ្លាប់​គាំទ្រ​បក្ស​កាន់​អំណាច ត្បិត​អ្នក​ទាំងនោះ​ក៏​ចង់​បាន​លទ្ធិប្រជាធិបតេយ្យ​ដែរ។

លោក​បន្ថែម​ថា ហេតុផល​គឺ​នៅ​ត្រង់​ថា ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​សុទ្ធតែ​បាន​ទះ​ដៃ​អបអរ​សាទរ​នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​ប្រកាស​ទទួល​យក​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​សម្រាប់​ការ​ដឹកនាំ​របស់​ខ្លួន។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ត្រូវ​គេ​មើល​ឃើញ​ថា កំពុង​ត្រូវ​បាន​ជាន់ឈ្លី​ដោយ​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ ខណៈ​បក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ក៏​គេ​មិន​ទាន់​មើល​ឃើញ​បក្ស​ណា​មួយ​អនុវត្ត​ប្រជាធិបតេយ្យ​ឱ្យ​បាន​ពេញលេញ​ក្នុង​បក្ស​របស់​ពួកគេ​ដែរ។

អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ លើកឡើង​ក្នុង​កម្មវិធី​ដេញដោល​គំនិត​នេះ​ដែរ​ថា គណបក្ស​នយោបាយ​នៅ​កម្ពុជា​មាន​ចំនួន​ជាង ៤០​គណបក្ស ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​សព្វថ្ងៃ​នេះ ប៉ុន្តែ​ភាគច្រើន​នៃ​គណបក្ស​នយោបាយ​ទាំងនោះ ច្រើន​តែ​ប្រើ​អំណាច​បុគ្គល ឬ​ក្រុម​របស់​ខ្លួន​ធ្វើ​ជា​ច្បាប់​សម្រាប់​ដឹកនាំ​គណបក្ស​របស់​ពួកគេ ជាជាង​ប្រើ​ច្បាប់​ដែល​មាន​តម្លាភាព​ស្រប​តាម​គោលការណ៍​ប្រជាធិបតេយ្យ ដូចជា ការ​តែងតាំង​មន្ត្រី​ក្នុង​បក្ស ឬ​ដក​តំណែង​មន្ត្រី​ណា​ម្នាក់​ក្នុង​បក្ស​របស់​ខ្លួន ជាដើម។

លោក សេក សុជាតិ លើកឡើង​ថា ការ​ដឹកនាំ​របស់​គណបក្ស​នយោបាយ​ដោយ​ផ្អែកលើ​អំណាច​បុគ្គល ឬ​អំណាច​ក្រុម​ណា​មួយ នឹង​ធ្វើ​ឱ្យ​បក្ស​នោះ​បាត់បង់​ធនធាន​មនុស្ស​ទាំងអស់ ដែល​ជា​ថ្នូរ​មក​វិញ គឺ​ទទួល​បាន​តែ​អ្នក​ដែល​ចេះ​អែបអប​តែប៉ុណ្ណោះ ខណៈ​អ្នក​មាន​ជំនាញ និង​ចំណេះដឹង​អភិវឌ្ឍ​ប្រទេស​ជាតិ​ពិតប្រាកដ​ដែល​មាន​ស្មារតី​ឯករាជ្យ នឹង​ត្រូវ​ដើរ​ចេញ​ម្តង​ម្នាក់ៗ​រហូត​ធ្វើ​ឱ្យ​បក្ស​នយោបាយ​នោះ​បាត់បង់​នូវ​គោលដៅ​ជួយ​ជាតិ​របស់​ខ្លួន​ទាំងស្រុង។

មាត្រា​១ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា ប្រទេស​កម្ពុជា​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ប៉ុន្តែ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ចាប់តាំងពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​អស់​រយៈពេល​ជាង ៣០​ឆ្នាំ​មក​នេះ ត្រូវ​គេ​មើល​ឃើញ​ថា ស្ថិត​ក្នុង​ភាព​អាប់អួរ និង​ចុះ​អន់ថយ​ជា​បន្តបន្ទាប់ ទាំង​ការ​អនុវត្ត​ក្នុង​ប្រព័ន្ធ​ដឹកនាំ​របស់​រដ្ឋាភិបាល និង​ការ​អនុវត្ត​នៅ​ផ្ទៃក្នុង​របស់​គណបក្ស​នយោបាយ​នីមួយៗ បើ​ទោះបីជា​មេដឹកនាំ​បក្ស​ទាំងនោះ​អះអាង​ពី​ការ​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ​ក៏ដោយ។

អ្នកវិភាគ​នយោបាយ​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់​បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា បើ​ទោះជា​អ្នក​នយោបាយ​ខ្មែរ​មាន​ទស្សនៈ​ផ្ទុយ​គ្នា​ក៏ដោយ ប៉ុន្តែ​ត្រូវតែ​ស្ថិត​ក្នុង​គោលដៅ​តែ​មួយ គឺ​ដើម្បី​ប្រយោជន៍​ជាតិ និង​ប្រជាជន ដូច្នេះ​ដើម្បី​រក្សា​គោលដៅ​នេះ អ្នក​នយោបាយ​គ្រប់​និន្នាការ​មិន​អាច​ដើរ​ឆ្ងាយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ​បាន​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស