32 C
Phnom Penh

CCHR៖ អ្នក​ការពារ​សិទ្ធិមនុស្ស​និង​អ្នក​សារព័ត៌មាន​នៅតែ​បន្ត​រង​ការ​គាបសង្កត់​និង​រឹតត្បិត​សេរីភាព​បញ្ចេញមតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា រក​ឃើញ​ថា ស្ថានភាព​សេរីភាព​នៃ​ការ​បញ្ចេញមតិ សេរីភាព​សារព័ត៌មាន និង​សិទ្ធិ​ទទួល​ព័ត៌មាន​សម្រាប់​សាធារណជន នៅតែ​បន្ត​រង​ការ​គាបសង្កត់ និង​រឹតត្បិត​ក្នុង​ឆ្នាំ​២០២៣ ក្នុង​នោះ​យ៉ាងហោចណាស់​អ្នក​ការពារ​សិទ្ធិមនុស្ស និង​អ្នក​សារព័ត៌មាន​ជាង ១០០​នាក់ ត្រូវ​បាន​រដ្ឋាភិបាល​គាបសង្កត់​សិទ្ធិ​សេរីភាព​ផ្នែក​បញ្ចេញមតិ។

យោង​តាម​របាយការណ៍​កម្រាស់ ៦៦​ទំព័រ​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ ទី​២២ ខែ​វិច្ឆិកា បាន​រក​ឃើញ​ថា អ្នក​ការពារ​សិទ្ធិមនុស្ស និង​អ្នក​សារព័ត៌មាន​ជាង ១០០​នាក់ ត្រូវ​បាន​រដ្ឋាភិបាល​គាបសង្កត់​សិទ្ធិ​សេរីភាព​ផ្នែក​បញ្ចេញមតិ។ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​កត់សម្គាល់​ថា គោលការណ៍​ច្បាប់​របស់​កម្ពុជា​បាន​ក្លាយ​ជា​ឧបសគ្គ​រារាំង​ដល់​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ផ្នែក​បញ្ចេញមតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត ជា​អំណះអំណាង​មួយ​ដែល​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ចាត់ទុក​ថា​ជា​ការ​រឹតត្បិត​បន្ថែម​ទៀត​លើ​សេរីភាព​បញ្ចេញមតិ ដែល​ផ្ទុយ​ពី​កាតព្វកិច្ច​អន្តរជាតិ​របស់​កម្ពុជា។

របាយការណ៍​ដែល​សិក្សា​រយៈពេល ១​ឆ្នាំ ចាប់ពី​ខែ​កញ្ញា ឆ្នាំ​២០២២ ដល់​ខែ​សីហា ឆ្នាំ​២០២៣ ត្រូវ​បាន​ចងក្រង​ឡើង​តាមរយៈ​ធ្វើ​សម្ភាស​អ្នក​សារព័ត៌មាន​ចំនួន ៨​នាក់ អ្នក​ការពារ​សិទ្ធិមនុស្ស ៦​នាក់ និង​តាម​ការ​ប្រមូល​តាមរយៈ​ការ​តាមដាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រចាំ​ថ្ងៃ និង​ការ​រាយការណ៍​អំពី​ហេតុការណ៍​របស់​អ្នក​ឃ្លាំមើល​សេរីភាព​មូលដ្ឋាន​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា។

បើ​តាម​របាយការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា មាន​អ្នក​សារព័ត៌មាន ១៦​នាក់ ក្នុង​នោះ ៤​នាក់​ត្រូវ​បាន​អាជ្ញាធរ​កោះហៅ ៣​នាក់​ត្រូវ​សួរ​ចម្លើយ ៧​នាក់​ត្រូវ​ឃុំ និង​ម្នាក់​ត្រូវ​បង្ខំ​ឲ្យ​ចុះ​កិច្ចសន្យា ខណៈ​ដែល​អ្នក​ការពារ​សិទ្ធិមនុស្ស​ចំនួន ១០០​នាក់​ផ្សេង​ទៀត ត្រូវ​ប្រឈម​នឹង​បញ្ហា​ផ្លូវ​ច្បាប់ ដោយសារ​ការ​បញ្ចេញមតិ​រិះគន់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ចន្លោះ​ពី​ខែ​កញ្ញា ឆ្នាំ​២០២២ ដល់​ខែ​សីហា ឆ្នាំ​២០២៣។

សិទ្ធិ​សេរីភាព​ផ្នែក​បញ្ចេញមតិ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ តែងតែ​រង​នូវ​ការ​រារាំង ជាពិសេស​សម្រាប់​អ្នក​សារព័ត៌មាន នៅ​ពេល​រាយការណ៍​អំពី​ករណី​រសើប​ណា​មួយ។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ថា​ច្បាប់​ដែល​មាន​លក្ខណៈ​រឹតត្បិត គឺជា​ឧបករណ៍​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​ប្រើប្រាស់ ដើម្បី​បង្ក្រាប​សេរីភាព​ផ្នែក​បញ្ចេញមតិ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

តាម​របាយការណ៍ រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​សកម្មភាព​បំភិតបំភ័យ ការ​ឃ្លាំមើល ការ​គំរាមកំហែង ឬ​ការ​យាយី​តាម​ប្រព័ន្ធ​តុលាការ ក៏​ត្រូវ​បាន​ប្រើប្រាស់​ជា​ប្រចាំ ដើម្បី​កំណត់​មុខសញ្ញា​អ្នក​ដែល​ហ៊ាន​បញ្ចេញមតិ ជាពិសេស​អ្នក​សារព័ត៌មាន និង​អ្នក​ការពារ​សិទ្ធិមនុស្ស​ដែល​មាន​សំឡេង​ជំទាស់​នឹង​រដ្ឋាភិបាល​កម្ពុជា។

លោក ហួច ផន អ្នក​សម្របសម្រួល​គម្រោង​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លើកឡើង​ថា ស្ថានភាព​នៃ​សេរីភាព​ការ​បញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា គឺ​នៅតែ​បន្ត​ស្ថិត​ក្រោម​ការ​រឹតត្បិត ហើយ​អ្នក​សារព័ត៌មាន​ដែល​ហ៊ាន​រាយការណ៍​អំពី​បញ្ហា​រសើប តែងតែ​ជួប​នូវ​បញ្ហា​ជាច្រើន​ទាក់ទង​នឹង​ផ្លូវច្បាប់។

លោក​ថ្លែង​ថា រវាង​ឆ្នាំ​២០២២-២០២៣ គឺ​ថា​ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​លក្ខណៈ​រួម​តូច​ចង្អៀត ពិបាក​ក្នុង​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​សារព័ត៌មាន​របស់​ខ្លួន អ្នក​សារព័ត៌មាន​ដែល​ធ្វើ​ការ​ទាក់ទង​នឹង​ប្រធានបទ​រសើប​មួយ​ចំនួន គាត់​រង​នឹង​ផល​ជះ​វិញ​ដូចជា​រង​នូវ​បណ្តឹង រង​នូវ​ការ​យាយី ការ​បំភិតបំភ័យ និង​បង្ក​អំពើ​ហិង្សា​ទៅ​លើ​អ្នក​សារព័ត៌មាន​ដែល​រាយការណ៍ ហើយ​មួយ​ចុងក្រោយ គឺ​ទាក់ទង​ជាមួយ​នឹង​ការ​រើសអើង​ដែល​ផ្អែក​ទៅ​លើ​យេនឌ័រ ដែល​អ្នក​សារព័ត៌មាន​គាត់​បាន​ជួបប្រទះ​ដែរ ជាពិសេស​អ្នក​សារព័ត៌មាន​ជា​ស្ត្រី។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា របាយការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​ដែល​ទាក់ទង​នឹង​សិទ្ធិ​សេរីភាព​បញ្ចេញមតិ គឺ​កត់ត្រា​តែ​បញ្ហា​ដក​អាជ្ញាប័ណ្ណ និង​ការ​សាកសួរ​របស់​អាជ្ញាធរ​ទៅ​លើ​អ្នក​សារព័ត៌មាន​ប៉ុណ្ណោះ។ ផ្ទុយ​មក​វិញ របាយការណ៍​ទាំងនោះ​មិន​បាន​កត់ត្រា​ពី​មូលហេតុ​ដែល​អាជ្ញាធរ​សម្រេច​ដក​អាជ្ញាប័ណ្ណ​ពី​ក្រុម​អ្នក​សារព័ត៌មាន​នោះ​ឡើយ។

ប្រភព​ដដែល​បាន​លើកឡើង​ថា សិទ្ធិ​សេរីភាព​ផ្នែក​បញ្ចេញមតិ​នៅ​កម្ពុជា​មាន​គ្រប់គ្រាន់ និង​ត្រូវ​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា ក៏ប៉ុន្តែ​សិទ្ធិ​សេរីភាព​នោះ​ត្រូវតែ​អនុវត្ត​ត្រឹមត្រូវ​តាម​ក្របខ័ណ្ឌ​ច្បាប់​កម្ពុជា។

កាលពី​ខែ​ឧសភា ឆ្នាំ​២០២៣ អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Border) រក​ឃើញ​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​បន្ត​ស្ថិត​ក្នុង​ស្ថានភាព​អាក្រក់ ដោយសារ​ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​រដ្ឋាភិបាល​កម្ពុជា​មក​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​កើន​ឡើង។

បើ​តាម​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ​២០២៣ ដែល​បាន​វាយតម្លៃ​ស្ថានភាព​សារព័ត៌មាន​ក្នុង ១៨០​ប្រទេស ចេញ​ផ្សាយ​ក្នុង​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ថ្ងៃទី​៣ ឧសភា នេះ កម្ពុជា​ស្ថិត​នៅ​លំដាប់​លេខ​រៀង​ទី​១៤៧ លើ ១៨០​ប្រទេស​នៅ​ឆ្នាំ​២០២៣ ដែល​ថយ​ពី​លេខ​រៀង​ទី​១៤២ លើ ១៨០​ប្រទេស​កាលពី​ឆ្នាំ​មុន។ កម្ពុជា​ថយ​ចុះ ១​ពិន្ទុ គឺ​បាន​តែ ៤២​ពិន្ទុ​នៅ​ឆ្នាំ​២០២៣ ធៀប​នឹង ៤៣​ពិន្ទុ​នៅ​ឆ្នាំ​២០២២៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស