35 C
Phnom Penh

អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​ទទូច​ឱ្យ​រដ្ឋាភិបាល​ថ្មី​លុប​បំបាត់​អំពើ​ហិង្សា​គ្រប់​ទម្រង់​លើ​ស្ត្រី​និង​ក្មេង​ស្រី​ជា​អាទិភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​ពហុ​វិស័យ​ជាច្រើន​ស្ថាប័ន ទទូច​ឱ្យ​រដ្ឋាភិបាល​អាណត្តិ​ទី​៧ ជំរុញ​ក្រសួង​ចំនួន ៩ រួម​ជាមួយ​វិស័យ​ឯកជន ចាត់​វិធានការ​ឆ្លើយតប​ជា​អាទិភាព​ចំពោះ​តម្រូវការ​ចាំបាច់ និង​បន្ទាន់​របស់​ស្ត្រី ឆ្ពោះ​ទៅ​រក​ការ​លុប​បំបាត់​អំពើ​ហិង្សា​គ្រប់​ទម្រង់​លើ​ស្ត្រី និង​ក្មេង​ស្រី ដើម្បី​សេដ្ឋកិច្ច និង​យុត្តិធម៌​សង្គម​នៅ​កម្ពុជា​ទៅ​ថ្ងៃ​មុខ។

អង្គការ​សមាគម និង​សហជីព​នានា​ចំនួន ២០​ស្ថាប័ន ដូចជា សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក អង្គការ​សង់ត្រាល់ និង​អង្គការ​លីកាដូ ជាដើម បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​ក្នុង​យុទ្ធនាការ ១៦​ថ្ងៃ ក្រោម​ប្រធានបទ «គ្មាន​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេង​ស្រី ដើម្បី​សេដ្ឋកិច្ច និង​យុត្តិធម៌​សង្គម» នៅ​ថ្ងៃទី​២៨ វិច្ឆិកា ថា អង្គការ​សមាគម​ទាំងអស់​ទទួលស្គាល់​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​នានា​កន្លង​មក ប៉ុន្តែ​អស់​រយៈពេល​ជិត ៣០​ឆ្នាំ​មក​នេះ ពួកគេ​សង្កេត​ឃើញ​ថា ការ​រើសអើង​លើ​ស្ត្រី​នៅតែ​បន្ត​កើត​មាន​ស្ទើរតែ​គ្រប់​វិស័យ គ្រប់​ទម្រង់ និង​គ្រប់​ទីកន្លែង​ដដែល។

អង្គការ​សមាគម​ខាងលើ​លើកឡើង​ថា ដើម្បី​ធានា​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត​ច្បាប់ គោលនយោបាយ និង​ផែនការ​យុទ្ធសាស្ត្រ​នានា រួម​ទាំង​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​លើ​ស្ត្រី និង​កុមារី រួម​ទាំង​សមភាព​យេនឌ័រ​ប្រកប​ដោយ​ចីរភាព​នៅ​ឆ្នាំ​២០៣០ រដ្ឋាភិបាល​ត្រូវតែ​ជំរុញ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ អនុវត្ត​កិច្ចការ​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព ដូចជា ក្រសួង​កិច្ចការ​នារី ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​កសិកម្ម ក្រសួង​មហាផ្ទៃ ក្រសួង​ការបរទេស ទីស្ដីការ​គណៈរដ្ឋមន្ត្រី គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង​វិស័យ​ឯកជន​ផង​ដែរ។

អង្គការ​សមាគម​ទាំង ២០​ស្ថាប័ន អំពាវនាវ​ឱ្យ​រដ្ឋាភិបាល និង​ក្រសួង​ស្ថាប័ន​ខាងលើ ពិនិត្យ​ដោះស្រាយ​នូវ​តម្រូវការ​ទាំង ១៦​ចំណុច ដើម្បី​លុប​បំបាត់​អំពើ​ហិង្សា​គ្រប់​ទម្រង់​លើ​ស្ត្រី និង​ក្មេង​ស្រី ក្នុង​នោះ​រួម​មាន ត្រូវ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​បង្កើត​ឱ្យ​មាន​ជម្រក​សុវត្ថិភាព​រដ្ឋ​សម្រាប់​ស្ត្រី​រងគ្រោះ​ដោយសារ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ស្ត្រី​ជា​កម្មករ​ធ្វើ​ការងារ​តាម​ផ្ទះ កម្មករ​ចំណាកស្រុក និង​ស្ត្រី​នៅ​តាម​សហគមន៍ ព្រមទាំង​អនុវត្ត​ច្បាប់​ការពារ​សិទ្ធិមនុស្ស សិទ្ធិ​ដីធ្លី សិទ្ធិ​បរិស្ថាន និង​សិទ្ធិ​ការងារ​ឱ្យ​មាន​ប្រសិទ្ធភាព ជាដើម។

លើស​ពី​នេះ ត្រូវ​កែលំអ​លក្ខខណ្ឌ​ការងារ និង​ពង្រឹង​យន្តការ​ការពារ​អ្នក​ធ្វើ​ការងារ​តាម​ផ្ទះ ពង្រឹង​យន្តការ​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក​ពី​ការ​កេងប្រវ័ញ្ច​ពលកម្ម ការ​ជួញដូរ​មនុស្ស និង​ទាសភាព​សម័យ​ទំនើប ផ្តល់​សេវា​ជួយ​ដល់​ស្ត្រី ពិសេស​ស្ត្រី​មាន​ពិការភាព​ក្នុង​ការ​ទទួល​សេវា​គាំពារ​ផ្នែក​សុខភាព ផ្លូវចិត្ត និង​ផ្លូវច្បាប់ ដាក់​បញ្ចូល និង​ទទួលស្គាល់​កសិករ​ខ្នាត​តូច​នៅ​ជនបទ ពិសេស​កសិករ​ជា​ស្ត្រី​ក្នុង​គោលនយោបាយ កិច្ច​គាំពារ​សង្គម គាំទ្រ​បណ្តុះបណ្តាល​ជំនាញ និង​ឧបត្ថម្ភ​ទុន ជាដើម។

ជាង​នេះ​ទៀត រដ្ឋាភិបាល​ត្រូវ​ពង្រឹង និង​ពង្រីក​វិសាលភាព​នៃ​ប័ណ្ណ​សមាជិក ប.ស.ស តាមរយៈ​នៃ​ការ​ចុះ​ធ្វើ​អធិការកិច្ច និង​ជំរុញ​ឱ្យ​មាន​ការ​ចុះបញ្ជី និង​បង់​វិភាគទាន ប.ស.ស ក្នុង​ចំណោម​និយោជក ជាពិសេស​កម្មករ​នៅ​ក្នុង​វិស័យ​សំណង់ និង​រោងចក្រ​កាត់ដេរ វាយនភ័ណ្ឌ ដែល​ធ្វើការ​ស៊ីឈ្នួល​ដេរ​បន្ត ត្រូវ​រៀបចំ​ផ្ដល់​ទីកន្លែង​សម្រាប់​អ្នក​លក់ដូរ​តូចតាច​តាម​ចិញ្ចើម​ផ្លូវ​ក្នុង​តម្លៃ​ធូរ​ថ្លៃ រួម​មាន​តាម​ផ្សារ តាម​ឆ្នេរ និង​តំបន់​ទេសចរណ៍​នានា ព្រមទាំង​តម្រូវការ​ចាំបាច់​មួយ​ចំនួន​ទៀត​ផង​ដែរ។

ការ​អំពាវនាវ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លុបបំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេង​ស្រី ដើម្បី​សេដ្ឋកិច្ច និង​យុត្តិធម៌​សង្គម​នៅ​កម្ពុជា ក្នុង​យុទ្ធនាការ ១៦​ថ្ងៃ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​ពេលនេះ។

នៅ​ថ្ងៃទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នេះ គឺជា​យុទ្ធនាការ​ថ្ងៃទី​៤ ហើយ​នៃ​យុទ្ធនាការ ១៦​ថ្ងៃ​ប្រឆាំង​អំពើ​ហិង្សា​ផ្អែក​លើ​យេនឌ័រ ក្រោម​ប្រធានបទ “គ្មាន​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេង​ស្រី ដើម្បី​សេដ្ឋកិច្ច និង​យុត្តិធម៌​សង្គម” ដោយ​គិត​ចាប់ពី​ថ្ងៃទី​២៥ ខែ​វិច្ឆិកា ដល់​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០២៣ ដែល​ត្រូវ​នឹង​ទិវា​សិទ្ធិមនុស្ស ដើម្បី​បង្ហាញ​ពី​វិធានការ​ទប់ស្កាត់​ឱ្យ​មាន​ប្រសិទ្ធភាព​ចំពោះ​អំពើ​ហិង្សា និង​ការ​បៀតបៀន​គ្រប់​ទម្រង់​លើ​ក្មេង​ស្រី និង​ស្ត្រី។

កាលពី​ថ្ងៃទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ អង្គការ​ស្ថាប័ន​ចំនួន ២១ ដូចជា សហព័ន្ធ​សហជីព អង្គការ​សមធម៌​កម្ពុជា និង​អង្គការ​សមាគម​ធាងត្នោត ជាដើម បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​គ្នា​អំពី​យុទ្ធនាការ​ប្រឆាំង​អំពើ​ហិង្សា​យេនឌ័រ ១៦​ថ្ងៃ​ថា នៅ​ថ្ងៃទី​៣ ខែ​ធ្នូ ឆ្នាំ​២០២៣ ពួកគេ​នឹង​ចេញ​ផ្សាយ​វីដេអូ​មួយ​ស្ដីពី សិទ្ធិ​ស្ត្រី​ក្នុង​ការ​ចូលរួម​ការងារ​សង្គម និង​ការ​តស៊ូ​មតិ រួម​ទាំង​មាន​កម្មវិធី​ជួបជុំ​អ្នក​ចូលរួម​នៅ​ទីលាន​ប្រជាធិបតេយ្យ​ចំនួន ៥០០​នាក់ និង​ការ​ផ្សាយ​វីដេអូ​ខ្លី​ដែល​លើកឡើង​ពី​តម្រូវការ​ផ្សេងៗ​របស់​ស្ត្រី និង​ក្មេង​ស្រី​ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ ទិន្នន័យ​សង្គម​ស៊ីវិល​បង្ហាញ​ថា ចាប់តាំងពី​មាន​ការ​ញាំញី​ដោយសារ​ជំងឺ​កូវីដ-១៩ មក បាន​ធ្វើ​ឱ្យ​ជីវភាព​របស់​ពលរដ្ឋ​ងាយ​រងគ្រោះ​ធ្លាក់​ក្នុង​ស្ថានភាព​រងគ្រោះ​កាន់តែ​ខ្លាំង ជាពិសេស​ស្ត្រី និង​ក្មេង​ស្រី ដោយសារតែ​ពួកគេ​បាត់បង់​ប្រាក់​ចំណូល និង​ការ​កើន​ឡើង​បំណុល ហើយ​បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​កូនៗ​របស់​កម្មករ​និយោជិត​ដែល​ងាយ​រងគ្រោះ​ទាំងនោះ ត្រូវ​បង្ខំ​ចិត្ត​បោះបង់​ការ​សិក្សា ចេញ​ធ្វើ​ការងារ​ដើម្បី​ជួយ​ដោះ​បំណុល។

របាយការណ៍​ខាងលើ​បញ្ជាក់​ថា កម្មករ ៩១% បាន​ជំពាក់​បំណុល​គេ ខណៈ ៧០% បាន​កើន​បំណុល​កាន់តែ​ខ្លាំង​ចាប់តាំងពី​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩ មក ស្រប​ពេល​ដែល​ថៅកែ​ក្រុមហ៊ុន​បិទ​សហគ្រាស​ដោយ​មិន​មាន​ការ​ទូទាត់​ប្រាក់​សំណង​ដល់​កម្មករ និង​រំសាយ​បុគ្គលិក ព្រមទាំង​ថ្នាក់​ដឹកនាំ​សហជីព ដោយ​មិន​ជូនដំណឹង​ជា​មុន​ជា​បន្តបន្ទាប់ ដែល​នេះ​គឺជា​រូបភាព​នៃ​ការ​ប្រើ​អំពើ​ហិង្សា​យ៉ាង​ធ្ងន់ធ្ងរ​លើ​ពលរដ្ឋ​រងគ្រោះ​ដែល​ជា​ស្ត្រី​ទាំងនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស