40 C
Phnom Penh

ប្រធាន​រដ្ឋសភា​កម្ពុជា​នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​សភា​លើកដំបូង​កម្ពុជា-ឡាវ-វៀតណាម​ស្ដីពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នៅ​ដើម​ខែ​ធ្នូ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​រដ្ឋសភា​កម្ពុជា អ្នកស្រី ឃួន សុដារី គ្រោង​នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​សភា​រវាង​កម្ពុជា ឡាវ និង​វៀតណាម ស្ដីពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV) ជា​លើកដំបូង​ក្រោយពី​ឡើង​កាន់​តំណែង​របស់​ខ្លួន​ចាប់ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០២៣ នៅ​ទីក្រុង​វៀងចន្ទន៍ ដែល​រដ្ឋសភា​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ធ្វើ​ជា​ម្ចាស់​ផ្ទះ។

អគ្គលេខាធិការដ្ឋាន​នៃ​រដ្ឋសភា​កម្ពុជា ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នេះ​ថា កិច្ចប្រជុំ​កំពូល​សភា​នៃ​ប្រទេស​ទាំង​បី ធ្វើឡើង​ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​នានា​ឱ្យ​កាន់តែ​ស៊ីជម្រៅ​គ្រប់​ជ្រុងជ្រោយ ក្នុង​ការ​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​បី ដែល​បាន​បង្កើត​ឡើង​នូវ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV-DTA) កាលពី​ឆ្នាំ​១៩៩៩ និង​ក្នុង​គោលដៅ​ប្រែ​ក្លាយ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ​ឱ្យ​ក្លាយ​ទៅ​ជា​តំបន់​សន្តិភាព និង​អភិវឌ្ឍន៍ ប្រកប​ដោយ​និរន្តរភាព​ស្រប​តាម​ទស្សនៈ​ដើម​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន។

អគ្គលេខាធិការដ្ឋាន​នៃ​រដ្ឋសភា​កម្ពុជា អះអាង​ថា មុន​នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​សភា​នៃ​ប្រទេស​ទាំង​បី ប្រធាន​រដ្ឋសភា​កម្ពុជា អ្នកស្រី ឃួន សុដារី នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ដល់​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០២៣ ដើម្បី​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​អគ្គលេខាធិការ​បក្ស​វៀតណាម លោក ង្វៀន ភូជុង (NGUYEN Phu Trong) ប្រធាន​រដ្ឋ​វៀតណាម លោក វូ វ៉ាន់ធួង (VO Van Thuong) និង​ប្រធាន​រដ្ឋសភា​វៀតណាម លោក វឿង ឌិញហ្វេ (VUONG Dinh Hue) ផង​ដែរ។

សេចក្តី​ជូនដំណឹង​ស្ដីពី​កិច្ចប្រជុំ​កំពូល​សភា​កម្ពុជា ឡាវ និង​វៀតណាម នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា វៀតណាម​កំពុង​ប្រើ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ​គ្រប់គ្រង​ប្រទេស​កម្ពុជា និង​ឡាវ ទៅ​ថ្ងៃ​មុខ។

តំបន់​អភិវឌ្ឍន៍​ត្រីកោណ (ឬ​ហៅថា CLV) បាន​ព្រមព្រៀង​បង្កើត​ឡើង​កាលពី​ឆ្នាំ​១៩៩៩ ដោយ​រដ្ឋាភិបាល​កម្ពុជា ឡាវ និង​វៀតណាម ក្នុង​នោះ​មាន​ខេត្ត​ចំនួន ១២ ដែល​ភាគី​នីមួយៗ​បាន​ដាក់​បញ្ចូល​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ រួម​មាន ខាង​ភាគី​កម្ពុជា បាន​ដាក់​ខេត្ត​ក្រចេះ ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី រីឯ​ភាគី​ឡាវ បាន​ដាក់​ខេត្ត ៤ ដែរ​ដូចជា​ខេត្ត​ចំប៉ាសាក់ សាលវ៉ាន់ សេកុង និង​ខេត្ត​អាតាពើ។ ចំណែក​ភាគី​វៀតណាម សម្រេច​ដាក់​ខេត្ត ៤ ដូច​គ្នា គឺ​ខេត្ត​យ៉ាឡាយ កនតុម ដាក់ឡាក់ និង​ខេត្ត​ប៊ិញភឿក។

ខេត្ត​ទាំង ៤ របស់​កម្ពុជា មាន​ចំនួន​ប្រជាជន​សរុប​ប្រមាណ​ជា ៥០​ម៉ឺន​នាក់​ប៉ុណ្ណោះ ខណៈ​ខេត្ត​ទាំង ៤ របស់​ប្រទេស​ឡាវ មាន​ប្រជាជន​ប្រមាណ​ជា ៧០​ម៉ឺន​នាក់ ដោយឡែក​ខេត្ត​ទាំង ៤ របស់​ប្រទេស​វៀតណាម មាន​ប្រជាជន​សរុប​ប្រមាណ​ជាង ៧​លាន​នាក់​ឯណោះ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ប្រសិនបើ​ប្រទេស​វៀតណាម គ្រាន់តែ​បញ្ជូន​ប្រជាជន​របស់​គេ​ត្រឹមតែ ១​លាន​នាក់​ចូល​មក​ធ្វើការ និង​រកស៊ី​ក្នុង​ខេត្ត​ទាំង ៤ របស់​កម្ពុជា ដែល​បាន​ដាក់​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ ក៏​ជនជាតិ​វៀតណាម​ច្រើន​ជាង​ពលរដ្ឋ​ខ្មែរ​ដល់​ទៅ​ពាក់កណ្ដាល​ដែរ ដូច្នេះ​គឺ​ពិត​ជា​គ្រោះថ្នាក់​ខ្លាំង​ណាស់​សម្រាប់​កម្ពុជា ខណៈ​បរទេស​ឈ្លានពាន​មួយ​នេះ​នៅតែ​ចិញ្ចឹម​មហិច្ឆតា​រំលោភ​កាន់កាប់​កម្ពុជា​ជាប់​មិន​ដាច់​រហូត​ដល់​ពេលនេះ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៩ វិច្ឆិកា នេះ​ថា កម្ពុជា​ត្រូវតែ​ដក​ខ្លួន​ចេញពី​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (Development Triangle Area) ជាបន្ទាន់ ព្រោះ​ថា​គម្រោង​នេះ​គ្រាន់តែ​ជា​ផែនការ​របស់​វៀតណាម ដើម្បី​ឈ្លានពាន​ព្រំដែន សេដ្ឋកិច្ច និង​នយោបាយ​ប្រជាសាស្ត្រ​លើ​កម្ពុជា​ប៉ុណ្ណោះ ដូច្នេះ កម្ពុជា​មិន​ទទួល​បាន​ផល​ចំណេញ​ពី​គម្រោង​នេះ​ទេ គឺ​មាន​តែ​ខាតបង់​ប៉ុណ្ណោះ។

លោក ម៉ែន ណាត បញ្ជាក់​ថា ខេត្ត​ខ្មែរ​ដែល​ស្ថិត​ក្នុង​តំបន់​ត្រីកោណ​នេះ រួម​មាន​ខេត្ត​រតនគិរី មណ្ឌលគិរី ក្រចេះ និង​ស្ទឹងត្រែង ពុំ​មាន​ការ​រីកចម្រើន​ទេ ប៉ុន្តែ​ព្រៃឈើ​ប្រណិត​របស់​ខ្មែរ​នៅ​ខេត្ត​ទាំងនោះ​មាន​តែ​ហិនហោច​ទៅៗ។

កាលពី​ចុង​ខែ​មេសា ឆ្នាំ​២០២៣ បណ្ឌិត ឌី ការ៉េត បាន​លើកឡើង​ពី​ប្រវត្តិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ថា​ជា​គណបក្ស​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​វៀតណាម ដើម្បី​គ្រប់គ្រង​ប្រទេស​កម្ពុជា តាមរយៈ​នៃ​ការ​បង្កើត​ឱ្យ​មាន​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​រវាង​កម្ពុជា ឡាវ និង​វៀតណាម សព្វថ្ងៃ​នេះ។

បណ្ឌិត ឌី ការ៉េត អះអាង​ថា តំបន់​ត្រីកោណ​អភិវឌ្ឍន៍​រវាង​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម គឺ​ជា​ផែនការ​របស់​វៀតណាម ដែល​មាន​ចេតនា​បង្កប់​កងទ័ព​យួន​ឱ្យ​ចូល​ទៅ​ក្នុង​ទឹកដី​ខ្មែរ ដើម្បី​គ្រប់គ្រង​ខ្មែរ​ប៉ុណ្ណោះ។

លោក​បន្ថែម​ថា តំបន់​ត្រីកោណ​នេះ គឺ​មាន​ឈ្មោះ​ដើម​ថា សហព័ន្ធ​ឥណ្ឌូចិន​វៀតណាម ប៉ុន្តែ​ក្រោយ​មក​ដោយ​ខ្លាច​មាន​ការ​តវ៉ា​ពី​ប្រជាពលរដ្ឋ​ខ្មែរ វៀតណាម​ក៏​បាន​កែ​ឈ្មោះ​មក​ជា តំបន់​ត្រីកោណ​អភិវឌ្ឍន៍​វិញ។

អ្នកជំនាញ​ព្រំដែន​រូប​នេះ​បញ្ជាក់​ថា ផែនការ​របស់​វៀតណាម ក្នុង​ការ​គ្រប់គ្រង​ទឹកដី​ខ្មែរ គឺជា​ផែនការ​សម្ងាត់​របស់​លោក ហ៊ុន សែន ជាមួយ​នឹង​វៀតណាម ជា​យូរ​មក​ហើយ ព្រោះ​ថា​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ ត្រូវ​បាន​វៀតណាម​ដាក់​ផែនការ​ពង្រីក​បន្តិច​ម្តងៗ​តាមរយៈ​នៃ​ការ​ដាក់​ខេត្ត​ខ្មែរ​ចូល​ក្នុង​តំបន់​នេះ​ម្តង​មួយ​ជំហានៗ។ ជាក់ស្តែង ពេល​ចាប់ផ្តើម​ដំបូង ពួកគេ​ដាក់​ខេត្ត​ត្រឹមតែ​ពីរ​ប៉ុណ្ណោះ ប៉ុន្តែ​ពួកគេ​បាន​ព្យាយាម​បញ្ចូល​ខេត្ត​ផ្សេង​ទៀត​ជា​បន្តបន្ទាប់​រហូត​ដល់ ៤​ខេត្ត​ដូច​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស