40.8 C
Phnom Penh

អ្នក​គ្រប់គ្រង​សណ្ឋាគារ​និង​មគ្គុទ្ទេសក៍​ទេសចរណ៍​កម្ពុជា​ត្អូញត្អែរ​ពី​ការ​ប្រព្រឹត្ត​អំពើពុករលួយ​របស់​ប៉ូលិស​អន្តោប្រវេសន៍​ធ្វើ​ឱ្យ​ប៉ះពាល់​វិស័យ​ទេសចរណ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

វិស័យ​សណ្ឋាគារ និង​មគ្គុទ្ទេសក៍​ទេសចរណ៍​ជាច្រើន​នាក់ ត្អូញត្អែរ​ដូចៗ​គ្នា​ថា វិស័យ​ទេសចរណ៍​កម្ពុជា​ដែល​កំពុង​ប្រឈម​នឹង​ការ​កើន​ឡើង​យឺត ឬ​អាច​នឹង​ធ្លាក់​ចុះ​ទៅវិញ រួម​ទាំង​បង្ក​ឱ្យ​មាន​អសន្តិសុខ​ជាតិ​ផង​ដែរ បន្ទាប់ពី​មាន​ការ​ប្រព្រឹត្ត​អំពើពុករលួយ​ពី​សំណាក់​មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍​ដែល​ប្រចាំការ​នៅ​អាកាសយានដ្ឋាន​នានា​របស់​កម្ពុជា​សព្វថ្ងៃ​នេះ។

អ្នក​គ្រប់គ្រង​សណ្ឋាគារ និង​មគ្គុទ្ទេសក៍​ទេសចរណ៍​ជាច្រើន​នាក់​នៅ​ខេត្ត​សៀមរាប ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ក្នុង​បំណង​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍​នៅ​ថ្ងៃទី​២៩ វិច្ឆិកា នេះ​ថា ផ្នែក​បដិសណ្ឋារកិច្ច និង​ផ្នែក​ផ្តល់​សេវា​ដល់​ភ្ញៀវ​បរទេស ដូចជា សណ្ឋាគារ និង​មគ្គុទ្ទេសក៍​ទេសចរណ៍ ជាដើម តែង​រង​នូវ​ផល​ប៉ះពាល់​ដ៏​អាក្រក់​ដែល​កើត​ចេញពី​អំពើពុករលួយ​របស់​មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍​កម្ពុជា ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​រាងចាល​លែង​ហ៊ាន​មក​លេង​ប្រទេស​កម្ពុជា​បន្ត​ទៀត។

ប្រភព​ខាងលើ​លើកឡើង​ថា ប៉ូលិស​អន្តោប្រវេសន៍​ដែល​ប្រចាំការ​នៅ​អាកាសយានដ្ឋាន​នានា កំពុង​នាំគ្នា​សម្ងំ​ប្រព្រឹត្ត​អំពើពុករលួយ​ចំពោះ​ភ្ញៀវ​ទេសចរ​ដែល​បាត់​បណ្ណ​ព័ត៌មាន ដែល​ជា​បណ្ណ​កត់ត្រា​អំពី​ប្រវត្តិ​ធ្វើ​ដំណើរ កន្លែង​ស្នាក់នៅ និង​សម្ភារៈ​របស់​ភ្ញៀវ ជាដើម ដោយ​ពួកគេ​តម្រូវ​ឱ្យ​ភ្ញៀវ​បង់​លុយ​ក្នុង​តម្លៃ​ខ្ពស់​ចាប់ពី ១៥០​ដុល្លារ​អាមេរិក​ឡើង​ទៅ​ក្នុង​ម្នាក់ ជា​ថ្នូរ​ឱ្យ​ភ្ញៀវ​ទាំងនោះ​អាច​ចូល​មក​លេង​ក្នុង​ប្រទេស​កម្ពុជា​បាន ប៉ុន្តែ​បើ​ភ្ញៀវ​ណា​មិន​ព្រម​បង់​លុយ ពួកគេ​នឹង​ឃាត់​ខ្លួន​ឱ្យ​រង់ចាំ​នៅ​ក្នុង​ព្រលាន​យន្តហោះ​នោះ​ចាប់ពី ៣០​នាទី​រហូត​ដល់​ទៅ ១​ម៉ោង ទើប​ពួកគេ​ឱ្យ​ចាកចេញ​ពី​ព្រលាន ដែល​បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​ភ្ញៀវ​ខឹងសម្បា​យ៉ាង​ខ្លាំង រហូត​ធ្វើ​ឱ្យ​ពួកគេ​ជះ​កំហឹង​ដាក់​មគ្គុទ្ទេសក៍​ទេសចរណ៍ និង​ខាង​សណ្ឋាគារ​ថែម​ទៀត។

អ្នក​គ្រប់គ្រង​សណ្ឋាគារ និង​មគ្គុទ្ទេសក៍​ទេសចរណ៍​ខាងលើ បញ្ជាក់​ថា នៅ​ពេល​ដែល​ភ្ញៀវ​ទាំងនោះ​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដោយ​អំពើពុករលួយ​ពី​មន្ត្រី​អន្តោប្រវេសន៍​ទាំងនោះ ពួកគេ​បាន​ទាមទារ​ឱ្យ​ខាង​សណ្ឋាគារ​ដែល​ពួកគេ​ស្នាក់នៅ បន្ថែម​សេវា​ផ្សេងៗ​លើស​ពី​លក្ខខណ្ឌ ដូចជា ការ​ទាមទារ​ឱ្យ​បញ្ចុះ​តម្លៃ​ក្នុង​ការ​ស្នាក់នៅ ជាដើម ខណៈ​មគ្គុទ្ទេសក៍​ទេសចរណ៍​ក៏​រង​នូវ​ការ​ស្ដីបន្ទោស ឬ​និយាយ​ចំអក​ឡកឡាយ​ពី​ភ្ញៀវ​ទាំងនោះ​ផង​ដែរ ដូចជា ពាក្យ​ថា បើ​សេវា​ទេសចរណ៍​របស់​អ្នក​ល្អ ហេតុ​អ្វី​មាន​អំពើពុករលួយ ជាដើម។ ជាង​នេះ​ទៀត មាន​ភ្ញៀវ​ខ្លះ​ក៏​បាន​រិះគន់​សេវា​របស់​សណ្ឋាគារ ដោយ​ដាក់​ពិន្ទុ​ក្នុង​កម្រិត​ទាប​លើ​ការ​វាយតម្លៃ​តាម​អនឡាញ​ផង​ដែរ។

ប្រភព​ដដែល​គូស​បញ្ជាក់​ថា មាន​សណ្ឋាគារ​ខ្លះ​ត្រូវ​បង់ខាត​ធ្ងន់ធ្ងរ ដោយសារតែ​ពួកគេ​បង្ខំ​ចិត្ត​បង់​លុយ​ទៅ​ឱ្យ​ភ្ញៀវ​ទាំងនោះ​វិញ ជា​ថ្នូរ​នឹង​ការ​ទទួល​ពិន្ទុ​ខ្ពស់ ក្រោយពី​ការ​រិះគន់​របស់​ភ្ញៀវ​ទាំងនោះ ព្រោះ​ថា​ប្រសិនបើ​សណ្ឋាគារ​របស់​ពួកគេ​ទទួល​បាន​ពិន្ទុ​ទាប​ពី​ការ​វាយតម្លៃ​របស់​ភ្ញៀវ នោះ​សណ្ឋាគារ​ពួកគេ​នឹង​លែង​ទទួល​បាន​ការ​មក​ស្នាក់នៅ​របស់​ភ្ញៀវ​បរទេស​បន្ត​ទៀត​ជាមិនខាន។

អគ្គនាយក​គ្រឹះស្ថាន​អង្គរ​ដែល​ជា​ស្ថាប័ន​លក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ លោក លី សែ ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក «ថ្មីៗ» ស្រង់​សម្ដី​កាលពី​ថ្ងៃទី​២៨ វិច្ឆិកា នេះ​ថា ក្នុង​រដូវ​សម្បូរ​ភ្ញៀវ​ដែល​ចាប់ផ្ដើម​ពី​ខែ​តុលា ឆ្នាំ​២០២៣ នេះ សន្ទុះ​ភ្ញៀវ​ទេសចរ​មាន​ការ​ងើប​ឡើង​វិញ​គួរ​ឱ្យ​កត់សម្គាល់ ព្រោះ​ថា​ក្នុង​ខែ​តុលា កន្លង​ទៅ​នេះ ជា​មធ្យម​មាន​ភ្ញៀវ​ទេសចរ​បាន​ចូល​ទិញ​សំបុត្រ​ទស្សនា​រមណីយដ្ឋាន​អង្គរ​ចាប់ពី ១​ពាន់​ទៅ​ជាង ២​ពាន់​នាក់ ខណៈ​ខែ​វិច្ឆិកា នេះ ភ្ញៀវ​ទេសចរ​បាន​កើន​ឡើង​ជាង ៣​ពាន់​នាក់​ជា​រៀង​រាល់​ថ្ងៃ។

លោក លី សែ បញ្ជាក់​ថា ភ្ញៀវ​ទេសចរ​ដែល​ឈរ​លំដាប់​ទី​១ សម្រាប់​ខេត្ត​សៀមរាប គឺ​មកពី​អាមេរិក ចំណែក​ទី​២ គឺ​អង់គ្លេស ទី​៣ គឺ​បារាំង បន្ទាប់​មក​មាន​កូរ៉េ និង​ជប៉ុន ជាដើម។ ចំណែក​ភ្ញៀវ​ទេសចរ​ចិន ដែល​ធ្លាប់​ឈរ​កំពូល​តារាង​មុន​កូវីដ-១៩ មាន​ប្រមាណ​ជា ៦​ភាគរយ​ប៉ុណ្ណោះ​នៅ​ពេលនេះ ប៉ុន្តែ​ប្រសិនបើ​វិស័យ​ទេសចរណ៍​នៅតែ​ល្អ​ប្រសើរ​ដូច​ពេលនេះ នោះ​ខេត្ត​សៀមរាប រំពឹង​ថា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ក្នុង​រង្វង់ ៨០​ម៉ឺន​នាក់​នៅ​ដំណាច់​ឆ្នាំ​២០២៣ នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​ក្នុង​ពិធី​សម្ពោធ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី ដោយ​ប្រកាស​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ចិន ដែល​លោក​ចាត់ទុក​ជា​មិត្ត និង​បងប្អូន​ល្អ​របស់​កម្ពុជា ឱ្យ​នាំគ្នា​មក​ទស្សនា​កម្ពុជា​ឲ្យ​បាន​កាន់តែ​ច្រើន ជាពិសេស​មក​កាន់​ខេត្ត​សៀមរាប ទឹកដី​អង្គរ ដោយ​ធ្វើ​ដំណើរ​តាម​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី ដែល​ទើប​សម្ពោធ​ឱ្យ​ដំណើរការ​នៅ​ពេលនេះ។

ម្ចាស់​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ The Kanitha Show បាន​រៀបរាប់​ក្នុង​វីដេអូ​ស្រាវជ្រាវ​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៥ វិច្ឆិកា ថា ខ្សែភាពយន្ត​ចិន​រឿង “No More Bets” ដែល​បាន​និយាយ​អំពី​ការ​ចាប់​ជំរិត និង​ការ​ជួញដូរ​មនុស្ស ជាដើម បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។

ប្រភព​ដដែល​បន្ថែម​ថា ក្នុង​នោះ​ក៏​មាន​ការ​ស្ទង់មតិ​លើ​ប្រជាជន​ចិន​ផង​ដែរ ដែល​ប្រមាណ​ជា ៩០​ភាគរយ​នៃ​ប្រជាជន​ចិន បាន​បដិសេធ​ទៅ​លេង​ប្រទេស​កម្ពុជា។ ជាង​នេះ​ទៀត ជនជាតិ​ចិន​ដែល​បាន​ទិញ​សំបុត្រ​យន្តហោះ​ក្នុង​បំណង​ទៅ​លេង​ប្រទេស​កម្ពុជា​រួចរាល់​ហើយ ក៏​ត្រូវ​ប៉ូលិស​ចិន​នៅ​ព្រលាន​យន្តហោះ ហាមឃាត់​មិន​ឱ្យ​ទៅ​លេង​កម្ពុជា​ដែរ ដែល​ធ្វើ​ឱ្យ​អ្នក​ទាំងនោះ​លុប​ចោល​សំបុត្រ​យន្តហោះ​របស់​ខ្លួន​ភ្លាមៗ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស