35 C
Phnom Penh

ក្រុមហ៊ុន​ណាហ្គា​បិទ​ទ្វារ​រារាំង​មិន​ឱ្យ​បុគ្គលិក ៤​នាក់​ចូល​ធ្វើការ​វិញ​បន្ទាប់ពី​ក្រុមហ៊ុន​បញ្ឈប់​ពួកគេ​ទាំង​បង្ខំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ព្យាយាម​បិទ​ទ្វារ​ក្នុង​បំណង​រារាំង​មិន​ឱ្យ​បុគ្គលិក​ចំនួន ៤​នាក់​ចូល​ធ្វើ​ការងារ​វិញ​នៅ​ថ្ងៃ​អង្គារ នេះ បន្ទាប់ពី​ក្រុមហ៊ុន​បញ្ឈប់​អ្នក​ទាំងនោះ​ពី​ការងារ​ទាំង​បង្ខំ កាលពី​ពាក់កណ្តាល​ខែ​វិច្ឆិកា ឆ្នាំ​២០២៣ កន្លង​ទៅ។

បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ចំនួន ៤​នាក់ គឺ​កញ្ញា សៀក កញ្ញា កញ្ញា ទួន យូរី កញ្ញា ជឹម រដ្ឋា និង​កញ្ញា ប៉ុន ស្រីចិន្តា នៅ​ថ្ងៃទី​៥ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ នាំគ្នា​ត្រឡប់​ទៅ​ចូល​ទៅ​ធ្វើ​ការងារ​វិញ​នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល Naga Academy ក្នុង​សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ប៉ុន្តែ​ត្រូវ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​បិទ​ទ្វារ​របង​ដោយ​ចាក់​សោ​មិន​ឱ្យ​ពួកគេ​ចូល​ធ្វើការ​ទេ ខណៈ​សន្តិសុខ​ដែល​យាម​ប្រចាំ​ការ​នៅ​ទីនោះ ក៏​បាន​នាំគ្នា​គេច​ចេញ​ពី​កម្មករ​ទាំងនោះ​គ្រប់​គ្នា។

បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ខាងលើ​អះអាង​ថា ការ​ទាមទារ​ចូល​ធ្វើ​ការងារ​វិញ​នេះ គឺ​ពួកគេ​ធ្វើ​តាម​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដែល​បាន​អះអាង​ប្រាប់​ស្នងការ​នគរបាល​ជាតិ​កាលពី​ចុង​ខែ​វិច្ឆិកា ថា បុគ្គលិក​ដែល​មិន​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​បញ្ឈប់​ពី​ការងារ អាច​ចូល​ធ្វើ​ការងារ​វិញ​បាន ប៉ុន្តែ​នៅ​ពេល​ដែល​ក្រុម​បុគ្គលិក​ខាងលើ​ទាក់ទង​តាម​ទូរសព្ទ​ទៅ​អ្នក​គ្រប់គ្រង​ធនធាន​មនុស្ស​របស់​ក្រុមហ៊ុន គឺ​អ្នកស្រី គង់ សុខលីម ក៏​ត្រូវ​អ្នកស្រី​បិទ​ទូរសព្ទ​តែម្តង។

បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ទាំង ៤​នាក់ បញ្ជាក់​ថា ការ​បញ្ឈប់​ពួកគេ គឺជា​ការ​រើសអើង​ការងារ​ពី​ខាង​ភាគី​ក្រុមហ៊ុន​ប៉ុណ្ណោះ ដោយសារ​តែ​ពួកគេ​គឺជា​សមាជិក​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​របស់​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ និង​ធ្លាប់​បាន​ចូលរួម​ធ្វើ​កូដកម្ម​ជាមួយ​បុគ្គលិក​នានា ក្នុង​ការ​តវ៉ា​ទាមទារ​សិទ្ធិ​ការងារ​កាលពី​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០២១ ផង​ដែរ ដូច្នេះ​ហើយ​បាន​ជា​ក្រុមហ៊ុន​ព្យាយាម​បញ្ឈប់​ពួកគេ​ពី​ការងារ​ទាំង​បង្ខំ​បែប​នេះ។

បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដូចជា កញ្ញា សៀក កញ្ញា កញ្ញា ទួន យូរី កញ្ញា ជឹម រដ្ឋា និង​កញ្ញា ប៉ុន ស្រីចិន្តា ត្រូវ​បាន​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដាក់​បញ្ឈរ​ជើង​ជា​បុគ្គលិក​ផ្នែក​មជ្ឈមណ្ឌល​បណ្តុះបណ្តាល Naga Academy ចាប់តាំង​ពី​ពួកគេ​បាន​ចូលរួម​ធ្វើ​កូដកម្ម​តវ៉ា​ទាមទារ​សិទ្ធិ​ការងារ​ជាមួយ​បុគ្គលិក​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​បណ្តេញ​ចេញ​កាលពី​ចុង​ឆ្នាំ​២០២១ មក​ម្ល៉េះ។

ប៉ុន្តែ​នៅ​ថ្ងៃទី​១៤ ខែ​វិច្ឆិកា ក្រុមហ៊ុន​ក៏​បាន​បញ្ឈប់​កញ្ញា សៀក កញ្ញា ពី​ការងារ និង​បាន​បញ្ឈប់​កញ្ញា ទួន យូរី កញ្ញា ជឹម រដ្ឋា និង​កញ្ញា ប៉ុន ស្រីចិន្តា នៅ​ថ្ងៃទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ កន្លង​ទៅ​ផង​ដែរ ទោះបីជា​ពួកគេ​ទាំង ៤​នាក់​មិន​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​បញ្ឈប់​ពី​ការងារ​តាម​ការ​គំរាមកំហែង​របស់​ក្រុមហ៊ុន​ក៏ដោយ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​បំភ្លឺ​មួយ​ថា តំណាង​ក្រុមហ៊ុន មជ្ឈមណ្ឌល​បណ្តុះបណ្តាល NAGA Academy និង​បុគ្គលិក គ្រាន់តែ​បិទ​ទ្វារ​របង​ក្រុមហ៊ុន​ដើម្បី​ចរចា​រឿង​កុងត្រា​ការងារ​របស់​ក្រុមហ៊ុន​ប៉ុណ្ណោះ បន្ទាប់ពី​មាន​ការ​ផ្សព្វផ្សាយ​ថា អ្នក​គ្រប់គ្រង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល NAGA Academy បាន​បិទ​ទ្វារ​របង​បង្ខាំង​បុគ្គលិក​ដោយ​ខុស​ច្បាប់។

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាក់​ថា អ្នក​គ្រប់គ្រង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល NAGA Academy បញ្ជាក់​ថា ពួកគេ​បាន​ធ្វើការ​ចរចា​ត្រូវរ៉ូវ​គ្នា​អស់​ហើយ ក្នុង​នោះ​អ្នក​ដែល​ត្រូវ​បាន​ផ្អាក​ពី​ការងារ ឬ​ចង់​សម្រាក​ពី​ការងារ ក្រុមហ៊ុន​នឹង​ប្រគល់​ថវិកា​ជូន​តាម​កិច្ចសន្យា និង​គោលការណ៍​របស់​ក្រុមហ៊ុន ចំណែក​អ្នក​ចង់​បន្ត​ការងារ ក្រុមហ៊ុន​បាន​បន្ត​ឱ្យ​ធ្វើ​កិច្ចសន្យា​ដោយ​អនុញ្ញាត​ពួកគាត់​បន្ត​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​បន្ត​ទៀត​ផង​ដែរ។

យ៉ាងណា​ក៏ដោយ សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បាន​ចេញ​លិខិត​ឆ្លើយតប​នឹង​ស្នងការ​នគរបាល​ជាតិ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​១ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ​ថា បើ​តាម​ការ​អះអាង​របស់​តំណាង​ក្រុមហ៊ុន​ទៅ​កាន់​ស្នងការ​នគរបាល​ជាតិ មាន​ន័យ​ថា បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ទាំង ៤​នាក់ មិន​ត្រូវ​បាន​ក្រុមហ៊ុន​បញ្ឈប់​ពី​ការងារ​ទេ ដូច្នេះ​ពួកគេ​នឹង​ចូល​បម្រើ​ការងារ​វិញ​នៅ​ថ្ងៃទី​៥ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ។

សហជីព​ខាងលើ​អំពាវនាវ​ឱ្យ​ស្នងការ​នគរបាល​ជាតិ​រាជធានី​ភ្នំពេញ និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជួយ​អន្តរាគមន៍​លើ​បញ្ហា​នេះ ដើម្បី​ឱ្យ​បុគ្គលិក​ទាំង ៤​នាក់​នេះ​បាន​ចូល​ធ្វើ​ការងារ​វិញ ដោយ​ពុំ​មាន​ភាព​លម្អៀង​ទៅ​រក​ភាគី​ក្រុមហ៊ុន។

អ្នក​គ្រប់គ្រង​ផ្នែក​សិទ្ធិ​ការងារ​របស់​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៥ ធ្នូ នេះ​ថា កម្មករ​ដែល​ហ៊ាន​ចេញ​មុខ​ក្នុង​ការ​តវ៉ា​ទាមទារ​ឱ្យ​ក្រុមហ៊ុន​អនុវត្ត​ច្បាប់​ការងារ ត្រូវ​បាន​ភាគី​ក្រុមហ៊ុន​រំលោភ​សិទ្ធិ​ជា​បន្តបន្ទាប់ រួម​ទាំង​ប្រធាន​សហជីព​ផង​ដែរ ហើយ​ការ​ធ្វើ​បែប​នេះ គឺ​ជា​ទង្វើ​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​រំលោភ​សិទ្ធិ​ការងារ​លើ​បុគ្គលិក​កម្មករ​យ៉ាង​ធ្ងន់ធ្ងរ និង​បង្ហាញ​ពី​ការ​រំលោភ​បំពាន​ច្បាប់​ការងារ​របស់​ប្រទេស​កម្ពុជា​ថែម​ទៀត។

លោក ឃុន ថារ៉ូ បញ្ជាក់​ថា កន្លង​មក ករណី​នៃ​ការ​បញ្ឈប់​ការងារ​របស់​សមាជិក និង​ថ្នាក់​ដឹកនាំ​សហជីព​ដែល​ហ៊ាន​ចេញ​មុខ​ការពារ​សិទ្ធិ​កម្មករ ត្រូវ​បាន​សហជីព​ប្តឹង​ទៅ​ក្រសួង​ការងារ​ផង​ដែរ ប៉ុន្តែ​ករណី​ទាំងនោះ​នៅតែ​មិន​មាន​ដំណោះស្រាយ​ដដែល ខណៈ​ក្រសួង​ការងារ​ក៏​តែងតែ​ចាត់ទុក​វិវាទ​ការងារ​នៃ​ការ​បញ្ឈប់​ថ្នាក់​ដឹកនាំ​សហជីព​ទាំងនោះ ទៅ​ជា​វិវាទ​បុគ្គល​ទៅវិញ ដែល​ធ្វើ​ឱ្យ​បញ្ហា​នេះ​កាន់តែ​ស្មុគស្មាញ និង​ចេះតែ​បន្ត​កើត​មាន​ដល់​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស