40 C
Phnom Penh

ក្រុម​តស៊ូ​មតិ​ព្រមាន​ថា​ខេត្ត​បួន​របស់​ខ្មែរ​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ជា​ការ​សម្បទាន​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅ​វៀតណាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក ព្រមាន​ថា តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ និង​វៀតណាម (CLV) ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ខេត្ត​ខ្មែរ​ចំនួន ៤ ជាមួយ​ឡាវ និង​វៀតណាម សព្វថ្ងៃ​នេះ គឺជា​ការ​សម្បទាន​របស់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ទៅ​វៀតណាម​គ្រប់គ្រង​ប៉ុណ្ណោះ មិន​មែន​ជា​ការ​សហការ​ដើម្បី​ផល​ប្រយោជន៍​ឱ្យ​គ្នា​ទៅវិញ​ទៅមក​នោះ​ទេ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៦ ធ្នូ ថា កម្រិត​សហការ​រវាង​ប្រទេស​ទាំង​បី​ចំពោះ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ និង​វៀតណាម (CLV) នេះ មេដឹកនាំ​វៀតណាម​បាន​រៀប​ផែនការ​ក្តោប​ក្តាប់​ប្រទេស​កម្ពុជា​មិន​ត្រឹមតែ​កម្រិត​រដ្ឋាភិបាល និង​រដ្ឋាភិបាល​ទេ គឺ​ឈាន​ដល់​កម្រិត​រដ្ឋសភា និង​រដ្ឋសភា​ហើយ​នៅ​ពេលនេះ ដែល​បញ្ហា​នេះ​គឺជា​គ្រោះថ្នាក់​យ៉ាង​ធំធេង​សម្រាប់​ប្រទេស​កម្ពុជា​ដែល​មាន​មេដឹកនាំ​ក្រោម​ការ​បង្គាប់​បញ្ជា​របស់​រដ្ឋាភិបាល​វៀតណាម​សព្វថ្ងៃ​នេះ។

លោក ម៉ែន ណាត លើកឡើង​ថា តំបន់​ត្រីកោណ​អភិវឌ្ឍន៍​មិន​បាន​កំណត់​ខណ្ឌសីមា​ក្នុង​ការ​ឆ្លងដែន​របស់​ជនជាតិ​វៀតណាម ទៅ​ប្រទេស​កម្ពុជា ទេ គឺ​មាន​ន័យ​ថា ជនជាតិ​វៀតណាម​ខុស​ច្បាប់​ចង់​ចូល​ទៅ​រស់នៅ​ក្នុង​ទឹកដី​ខ្មែរ​ក្នុង​ខេត្ត​ទាំង ៤ នោះ​ពេល​ណា​ក៏​បាន ដូច្នេះ​ខេត្ត​ទាំង ៤ នេះ គឺ​ស្មើ​នឹង​ទីតាំង​លាក់​ទុក​ជនជាតិ​វៀតណាម​ខុស​ច្បាប់ ដើម្បី​ត្រៀម​បញ្ជូន​ទៅ​រស់នៅ​តាម​បណ្តា​ខេត្ត​នានា​របស់​កម្ពុជា​ទៅ​ថ្ងៃ​មុខ​យ៉ាង​មាន​សុវត្ថិភាព​ដូច្នោះ​ដែរ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នៅ​ពេលនេះ គ្រាន់តែ​ជា​វត្ថុ​បញ្ចាំ​របស់​កម្ពុជា​ជាមួយ​រដ្ឋាភិបាល​វៀតណាម ក្នុង​ការ​ធានា​ជួយ​ជ្រោមជ្រែង​ពី​រដ្ឋការ​ក្រុង​ហាណូយ ឱ្យ​កូន​មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប​ដូចជា​លោក ហ៊ុន សែន ជាដើម ឱ្យ​បន្ត​កាន់​អំណាច​ផង​ដែរ។

លោក​បន្ថែម​ថា ពួកគេ​ក៏​នឹង​ត្រូវ​បន្ត​អនុវត្ត​ផែនការ​របស់​វៀតណាម ក្នុង​ការ​គ្រប់គ្រង​តំបន់​នេះ​ត​ទៅ​មុខ​ទៀត​ដែរ ដូច្នេះ​ផ្អែក​តាម​ហេតុផល​នេះ កម្ពុជា​កំពុង​រអិល​ធ្លាក់​ទៅ​ក្នុង​ការ​គ្រប់គ្រង​របស់​វៀតណាម​ដោយ​ចៀស​មិន​ផុត​ឡើយ បើ​ប្រទេស​ខ្មែរ​នៅតែ​ស្ថិត​ក្រោម​ការ​ក្តោប​ក្តាប់​បន្ត​ពូជ​អម្បូរ​លោក ហ៊ុន សែន ទៀត​នោះ។

កាលពី​ថ្ងៃទី​៥ ខែ​ធ្នូ ឆ្នាំ​២០២៣ ប្រធាន​រដ្ឋសភា​កម្ពុជា ឡាវ និង​វៀតណាម បាន​បើក​កិច្ចប្រជុំ​កំពូល​សភា​កម្ពុជា ឡាវ និង​វៀតណាម (CLV) ក្នុង​ប្រទេស​ឡាវ ក្នុង​គោលបំណង​លើក​កម្ពស់​យន្តការ​រដ្ឋសភា ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ និង​លើក​កម្ពស់​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​ប្រទេស​ទាំង​បី​ឱ្យ​កាន់តែ​ទូលំទូលាយ និង​ស៊ីជម្រៅ​ថែម​ទៀត។

ប្រធាន​រដ្ឋសភា​កម្ពុជា អ្នកស្រី ឃួន សុដារី អះអាង​ថា ការ​ពង្រឹង​យន្តការ​សភា​ក្នុង​ការ​ចូលរួម​ការ​អភិវឌ្ឍ​តំបន់​ត្រីកោណ (CLV) ជា​សក្ខីភាព​មួយ​បម្រើ​ឱ្យ​គោលដៅ​ជា​យុទ្ធសាស្ត្រ​ដែល​ឈរ​លើ​មូលដ្ឋាន​នៃ​ការ​គោរព និង​ជឿ​ទុកចិត្ត​គ្នា​ទៅវិញ​ទៅមក ដើម្បី​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​ផ្នែក​នយោបាយ វប្បធម៌ សេដ្ឋកិច្ច និង​សន្តិសុខ ដែល​រហូត​មក​ដល់​ពេលនេះ​បាន​នាំ​មក​នូវ​ផល​ប្រយោជន៍​ជាច្រើន​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំង​បី។

តំបន់​អភិវឌ្ឍន៍​ត្រីកោណ​នៃ​ប្រទេស​ទាំង​បី មាន ១៣​ខេត្ត ក្នុង​នោះ​ប្រទេស​វៀតណាម មាន ៥​ខេត្ត ប្រទេស​ឡាវ មាន​ចំនួន ៤​ខេត្ត និង​ប្រទេស​កម្ពុជា ក៏​មាន​ចំនួន ៤​ខេត្ត​ដែរ ដូចជា​ខេត្ត​រតនគិរី ខេត្ត​មណ្ឌលគិរី ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង ក្នុង​នោះ​ខេត្ត​ទាំង ៤ របស់​កម្ពុជា មាន​ចំនួន​ប្រជាជន​សរុប​ប្រមាណ​ជា ៥០​ម៉ឺន​នាក់​ប៉ុណ្ណោះ ខណៈ​ខេត្ត​ទាំង ៤ របស់​ប្រទេស​ឡាវ មាន​ប្រជាជន​ប្រមាណ​ជា ៧០​ម៉ឺន​នាក់ ដោយឡែក​ខេត្ត​ទាំង ៥ របស់​ប្រទេស​វៀតណាម មាន​ប្រជាជន​សរុប​ប្រមាណ​ជាង ៧​លាន​នាក់​ឯណោះ។

មុន​នឹង​ឈាន​ដល់​កិច្ចប្រជុំ​កំពូល​សភា​នៃ​ប្រទេស​ទាំង​បី ប្រធាន​រដ្ឋសភា​កម្ពុជា អ្នកស្រី ឃួន សុដារី ក៏​បាន​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​មេដឹកនាំ​វៀតណាម កាលពី​ថ្ងៃទី​២ ខែ​ធ្នូ ផង​ដែរ ក្នុង​នោះ អ្នកស្រី ឃួន សុដារី បាន​សន្យា​ជាមួយ​ប្រធាន​រដ្ឋសភា​វៀតណាម លោក វឿង ឌិញហ្វេ (VUONG Dinh Hue) ថា រដ្ឋាភិបាល​កម្ពុជា​នឹង​ជួយ​សម្រួល​ឯកសារ​ផ្លូវ​ច្បាប់​ដល់​ពលរដ្ឋ​វៀតណាម ដែល​កំពុង​រស់នៅ​ដោយ​ខុស​ច្បាប់​ក្នុង​ទឹកដី​កម្ពុជា​បន្ត​ទៀត ខណៈ​ពលរដ្ឋ​វៀតណាម​ប្រមាណ​ជាង ១​សែន​នាក់​បាន​ទទួល​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ទៅ​ហើយ​នោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៨ ខែ​តុលា ឆ្នាំ​២០២៣ ក្នុង​ជំនួប​ជាមួយ​ប្រធាន​រដ្ឋ​វៀតណាម លោក វ៉ វ៉ាន់ធឿង អំឡុង​ពេល​ចូលរួម​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រធាន​រដ្ឋ​វៀតណាម ក៏​បាន​ស្នើ​ឱ្យ​លោក ហ៊ុន ម៉ាណែត បន្ត​យកចិត្ត​ទុកដាក់​បង្កើត​លក្ខខណ្ឌ​កាន់តែ​ងាយស្រួល​សម្រាប់​សហគមន៍​វៀតណាម​នៅ​កម្ពុជា​ផង​ដែរ ទាំង​ការ​រស់នៅ ការ​ធ្វើ​ការងារ ព្រមទាំង​ដោះស្រាយ​បញ្ហា​ឯកសារ​ផ្លូវ​ច្បាប់​ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​ដែរ ខណៈ​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ក៏​មិន​បាន​បដិសេធ​នឹង​សំណើ​នេះ​ដែរ។

ជុំវិញ​បញ្ហា​នេះ កាលពី​ចុង​ខែ​មេសា ឆ្នាំ​២០២៣ បណ្ឌិត ឌី ការ៉េត បាន​លើកឡើង​ថា តំបន់​ត្រីកោណ​អភិវឌ្ឍន៍​រវាង​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម គឺជា​ផែនការ​របស់​វៀតណាម​ដែល​មាន​ចេតនា​បង្កប់​កងទ័ព​យួន​ឱ្យ​ចូល​ទៅ​ក្នុង​ទឹកដី​ខ្មែរ​ដើម្បី​គ្រប់គ្រង​ខ្មែរ​ប៉ុណ្ណោះ។

អ្នកជំនាញ​ព្រំដែន​រូប​នេះ​បញ្ជាក់​ថា ផែនការ​របស់​វៀតណាម​ក្នុង​ការ​គ្រប់គ្រង​ទឹកដី​ខ្មែរ គឺជា​ផែនការ​សម្ងាត់​របស់​លោក ហ៊ុន សែន ជាមួយ​នឹង​វៀតណាម​ជា​យូរ​មក​ហើយ ព្រោះ​ថា​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ ត្រូវ​បាន​វៀតណាម​ដាក់​ផែនការ​ពង្រីក​បន្តិច​ម្តងៗ​តាមរយៈ​នៃ​ការ​ដាក់​ខេត្ត​ខ្មែរ​ចូល​ក្នុង​តំបន់​នេះ​ម្តង​មួយ​ជំហានៗ។ ជាក់ស្តែង ពេល​ចាប់​ផ្តើម​ដំបូង ពួកគេ​ដាក់​ខេត្ត​ត្រឹមតែ ២​ប៉ុណ្ណោះ ប៉ុន្តែ​ពួកគេ​បាន​ព្យាយាម​បញ្ចូល​ខេត្ត​ផ្សេង​ទៀត​ជា​បន្តបន្ទាប់​រហូត​ដល់ ៤​ខេត្ត​ដូច​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស