30 C
Phnom Penh

ក្រុម​កូដករ​ណាហ្គា​វើលដ៍​ចោទ​ក្រសួង​ស្ថាប័ន​ចំនួន​៥ ស្ថិត​ក្រោម​បង្គាប់​ថៅកែ​បនល្បែង​កាស៊ីណូ​ណាហ្គា​វើលដ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ចោទ​ក្រសួង​ស្ថាប័ន​ចំនួន ៥ កំពុង​ស្ថិត​ក្រោម​ការ​បង្គាប់​បញ្ជា​របស់​ថៅកែ​បនល្បែង​ស៊ីសង​ណាហ្គា​វើលដ៍ ទើប​ពួកគេ​មិន​ចេញ​មុខ​ដោះស្រាយ​វិវាទ​កម្មករ​ជាមួយ​ក្រុមហ៊ុន​មួយ​នេះ បើ​ទោះបីជា​ថៅកែ​ណាហ្គា​វើលដ៍​បាន​រំលោភ​បំពាន​សិទ្ធិ​ការងារ​ធ្ងន់ធ្ងរ​ដោយ​ខុស​ច្បាប់​របស់​ប្រទេស​កម្ពុជា​ក៏ដោយ។

ក្រុម​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​រាប់​សិប​នាក់ កាលពី​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០២៣ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ក្រុមហ៊ុន​បនល្បែង​ស៊ីសង​ណាហ្គា​វើលដ៍​២ ស្ថិត​ក្នុង​ភូមិ​៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ដោយ​រៀបចំ​ឱ្យ​មាន​អ្នក​ឈរ​ពាក់​មុខ​តំណាង​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ និង​កាន់​ខ្សែ ដែល​ពួកគេ​បាន​ចង​ទៅ​អ្នក​ផ្សេង​ទៀត ដែល​ចង​បដា​ពាក់​នឹង​ក ដែល​សរសេរ​អក្សរ​ថា «ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ សាលា​រាជធានី​ភ្នំពេញ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ តុលាការ​ក្រុង​ភ្នំពេញ និង​ក្រសួង​កិច្ចការ​នារី កំពុង​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​ថៅកែ​បនល្បែង​ណាហ្គា​វើលដ៍ សព្វថ្ងៃ​នេះ»

ក្រុម​កូដករ​ទាំងនេះ​លើកឡើង​ថា ការ​តវ៉ា​ទាមទារ​រក​យុត្តិធម៌​របស់​កម្មករ​រងគ្រោះ គឺ​ដើម្បី​ចូល​ធ្វើ​ការងារ​វិញ​ប៉ុណ្ណោះ មិន​មែន​ដើម្បី​ប្រឆាំង ឬ​មាន​ផែនការ​ផ្តួល​រំលំ​រដ្ឋាភិបាល​ដូចជា​ការ​ចោទប្រកាន់​កន្លង​មក​នោះ​ទេ។ ជាង​នេះ​ទៀត បើ​ពួកគេ​ចង់​ដឹង​ច្បាស់​ថា​ការ​ធ្វើ​កូដកម្ម​នេះ​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​មែន ឬ​ក៏​អត់ ពួកគេ​ផ្តល់​ការងារ​ឱ្យ​ក្រុម​កូដករ​ធ្វើការ​វិញ​ទៅ នោះ​នឹង​ដឹង​ហើយ។

ប្រភព​ដដែល​បញ្ជាក់​ថា បើ​បាន​ការងារ​ធ្វើ​ហើយ ក្រុម​កូដករ​នៅតែ​បន្ត​ធ្វើ​កូដកម្ម​ទៀត នោះ​ចាំ​ចោទ​ថា​ការ​ធ្វើ​កូដកម្ម​នេះ គឺជា​ផែនការ​ផ្តួល​រំលំ​រដ្ឋាភិបាល ប៉ុន្តែ​ការ​ដែល​ពួកគេ​ចោទ​កូដករ​ថា​មាន​ផែនការ​ផ្តួល​រំលំ​រដ្ឋាភិបាល​ទាំង​មិន​ឱ្យ​ពួកគេ​ចូល​ធ្វើ​ការងារ​វិញ​កន្លង​មក​នោះ គឺ​គ្រាន់តែ​ជា​ចេតនា​ដើម្បី​បង្ក្រាប​កូដករ និង​មិន​ចង់​ឱ្យ​កូដករ​ចូល​ធ្វើ​ការងារ​វិញ​ប៉ុណ្ណោះ។

ក្រុម​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ អះអាង​ថា ពួកគេ​គ្រាន់តែ​ទាមទារ​ឲ្យ​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ចេញ​មុខ​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​ឲ្យ​ពួកគេ ដើម្បី​ឱ្យ​កម្មករ​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​បញ្ឈប់​ពី​ការងារ​បាន​ចូល​ធ្វើការ​វិញ និង​ទម្លាក់​បទ​ចោទ​លើ​ប្រធាន​សហជីព កញ្ញា ឈឹម ស៊ីថរ ព្រមទាំង​សមាជិក​សហជីព​ដែល​កំពុង​រង​នូវ​ការ​ចោទប្រកាន់​ទាំង​អយុត្តិធម៌​សព្វថ្ងៃ​នេះ​ប៉ុណ្ណោះ ដូច្នេះ​ការ​ទាមទារ​នេះ គឺ​មិន​ហួសហេតុ​ទេ ហើយ​ក៏​មិន​បង្ហាញ​ពី​ចេតនា​ធ្វើ​បដិវត្តន៍​ពណ៌ ឬ​ផ្តួល​រំលំ​រដ្ឋាភិបាល​ដែរ។

ចាប់តាំងពី​ផ្ទុះ​ការ​តវ៉ា​កាលពី​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២១ មក តំណាង​ក្រុម​កូដករ​បាន​ស្វែងរក​ការ​ចរចា​ជាមួយ​តំណាង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ជាច្រើនលើក​ច្រើនសា និង​បាន​ដាក់​ញត្តិ​ទៅ​ក្រសួង​ការងារ ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ក៏ដូចជា​ភាគី​ពាក់ព័ន្ធ​ជា​បន្តបន្ទាប់ ប៉ុន្តែ​រហូត​មក​ទល់​នឹង​ពេលនេះ​មាន​រយៈពេល​ជិត ២​ឆ្នាំ​ហើយ ពួកគេ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​ណា​មួយ​ដើម្បី​បញ្ចប់​វិវាទ​នេះ​នៅឡើយ​ទេ។

ជាង​នេះ​ទៀត សហភាព​សហព័ន្ធ សម្ព័ន្ធ​សហជីព សហជីព​មូលដ្ឋាន និង​អង្គការ​សមាគម​ដែល​ធ្វើការ​លើ​វិស័យ​ការពារ​សិទ្ធិមនុស្ស និង​លើក​កម្ពស់​សិទ្ធិ​ការងារ ក៏​បាន​ស្នើ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​រក​ដំណោះស្រាយ​បញ្ចប់​វិវាទ​នេះ​ដែរ ប៉ុន្តែ​គ្មាន​ស្ថាប័ន​ណា​មួយ​ចេញ​មុខ​ដោះស្រាយ​ដើម្បី​បញ្ចប់​វិវាទ​នេះ​ឡើយ។

ទាក់ទិន​នឹង​បញ្ហា​នេះ គេ​សង្កេត​ឃើញ​ថា ក្រោយ​រដ្ឋាភិបាល​ថ្មី​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត លេច​ចេញ​ជា​រូបរាង​ចាប់តាំងពី​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២៣ មក នាយករដ្ឋមន្ត្រី​ថ្មី​រូប​នេះ​មិន​ដែល​លើកឡើង​ពី​វិវាទ​ការងារ​នៃ​ក្រុម​កូដករ​ណាហ្គា​វើលដ៍​ម្តង​ណា​ឡើយ បើ​ទោះបីជា​លោក ហ៊ុន ម៉ាណែត អះអាង​ថា រដ្ឋាភិបាល​ថ្មី​របស់​លោក​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​ពី​សុខទុក្ខ និង​ជីវភាព​របស់​កម្មករ​ក៏ដោយ។

កាលពី​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០២១ កន្លង​ទៅ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​ទើប​នឹង​ឡើង​កាន់​តំណែង លោក ហេង សួរ បាន​ចោទ​កម្មករ​និយោជិត​ថា ការ​តវ៉ា​របស់​កម្មករ​និយោជិត​ទាំងនោះ គឺជា​បច្ចេកទេស​មួយ​ដែល​រៀបចំ​ចលនា​បដិវត្តន៍​ពណ៌​ប៉ុណ្ណោះ។

ជាង​នេះ​ទៀត ឪពុក​នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​លោក ហ៊ុន សែន កាលពី​ខែ​មិថុនា ឆ្នាំ​២០២៣ បាន​លើកឡើង​ថា អតីត​បុគ្គលិក​ណាហ្គា​វើលដ៍​ដែល​នៅ​សេសសល់ គួរ​តែ​បញ្ឈប់​សកម្មភាព​តវ៉ា​បន្ត​ទៀត​ទៅ ព្រោះ​ថា​មិន​មែន​លោក​មិន​ដឹង​ថា​ពួកគេ​កំពុង​ស៊ីឈ្នួល​ធ្វើ​បាតុកម្ម​នោះ​ទេ។

លោក ហ៊ុន សែន លើក​ជា​សំណួរ​ថា កម្មករ​ដែល​អត់​មាន​ការងារ​ធ្វើ​សោះ តែ​មាន​លទ្ធភាព​ធ្វើ​បាតុកម្ម​រយៈពេល​ជិត ២​ឆ្នាំ​ដោយ​មិន​ចាំបាច់​ធ្វើ​ការងារ តើ​ជា​រឿង​ដែល​ទៅ​រួច​ដោយ​របៀប​ណា។ លោក​បន្ថែម​ថា នេះ​គឺ​ដោយសារ​មាន​អ្នក​ជួល​នៅ​ពី​ក្រោយ​ខ្នង​ឱ្យ​កម្មករ​ទាំងនោះ​ធ្វើ​បាតុកម្ម​ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស