ក្រុមសង្គមស៊ីវិលបានដាក់សំណើចំនួន ៥ចំណុចជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជុំវិញកង្វល់រួមរបស់ពួកគេទៅលើការអនុវត្តសិទ្ធិសេរីភាពមូលដ្ឋានរបស់សហជីព និងបានអញ្ជើញលោក ហេង សួរ ឱ្យចូលរួមសន្ទនាពិគ្រោះយោបល់អំពីបញ្ហានេះនៅខែកុម្ភៈ ឆ្នាំ២០២៤។
តំណាងអង្គការមិនមែនរដ្ឋាភិបាល សមាគម សហព័ន្ធសហជីពជាច្រើនស្ថាប័នដែលធ្វើការលើកកម្ពស់សិទ្ធិការងារនៅកម្ពុជា បានប្រមូលផ្តុំគ្នានៅមុខក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ នេះ ដើម្បីប្រគល់សំណើទាំង ៥ចំណុចដែលជាក្តីកង្វល់រួមពាក់ព័ន្ធនឹងការអនុវត្តសិទ្ធិសេរីភាពមូលដ្ឋានរបស់សហជីពជូនក្រសួងការងារ យកទៅដោះស្រាយ។
អង្គការស្ថាប័នដដែលនេះ លើកឡើងថា ពិតមែនតែរដ្ឋាភិបាលបានធ្វើវិសោធនកម្មច្បាប់ស្ដីពីសហជីពកាលពីឆ្នាំ២០១៩ កន្លងទៅក៏ពិតមែន ប៉ុន្តែគេនៅតែមើលឃើញថា ការផ្លាស់ប្ដូរទាំងនេះគ្រាន់តែល្អមើលសម្បកក្រៅប៉ុណ្ណោះ។ ផ្ទុយទៅវិញ ចលនាសហជីពឯករាជ្យក្នុងវិស័យការងារ មិនត្រឹមតែស្ថិតក្រោមការគំរាមកំហែងប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានផ្ដោតជាមុខសញ្ញាជាក់លាក់ និងជាលក្ខណៈប្រព័ន្ធ ក្នុងការធ្វើទុក្ខបុកម្នេញពីថៅកែក្រុមហ៊ុនថែមទៀត។
ក្រុមអង្គការសមាគមដដែលរៀបរាប់ថា ដោយសារតែបញ្ហានេះ ពួកគេបានរកឃើញនូវបញ្ហាប្រឈមជាច្រើន ដូចជា ការចុះបញ្ជិកា ការចេញវិញ្ញាបនបត្រភាពជាតំណាង នៅតែមានលក្ខណៈស្មុគស្មាញសម្រាប់សហជីពនៅឡើយ។ ជាងនេះទៀត សហជីពភាគតិចដែលមិនត្រូវបានអនុញ្ញាតឱ្យតំណាងកម្មករនិយោជិតក្នុងវិវាទបុគ្គល នៅតែបង្កើតឱ្យមានការរឹតបន្តឹងលទ្ធភាពទទួលបានយុត្តិធម៌របស់កម្មកររងគ្រោះផងដែរ។
លើសពីនេះ ការប្រើប្រាស់កិច្ចសន្យាថេរវេលាមានកំណត់ នៅតែជាឧបករណ៍ក្នុងការបន្លាចកុំឱ្យមានការចងក្រងជាសហជីព ដែលជាទម្រង់មួយនៃការរើសអើងប្រឆាំងសហជីពយ៉ាងច្បាស់លាស់។ បន្ថែមពីនេះ លិខិតបទដ្ឋានគតិយុត្តិដែលរឹតបន្តឹងការប្រមូលផ្ដុំរបស់អង្គការសង្គមស៊ីវិល និងសហជីពក្នុងច្បាប់សហជីព និងច្បាប់កូវីដ-១៩ ចំពោះការតវ៉ា និងការធ្វើកូដកម្ម ត្រូវគេមើលឃើញថាជាការរំលោភបំពានសិទ្ធិប្រមូលផ្ដុំដោយសន្តិវិធីយ៉ាងពិតប្រាកដ។
អង្គការស្ថាប័នខាងលើគូសបញ្ជាក់ថា ការដែលសហជីពឯករាជ្យ និងសហជីពមកពីគ្រប់វិស័យទាំងអស់ពុំទាន់មានតំណាងពេញលេញសមស្របនៅក្នុងក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា និងការចាត់ទុកជាបទល្មើស និងការរើសអើងប្រឆាំងសហជីព រួមទាំងការគំរាមកំហែង និងសកម្មភាពហិង្សា ការរើសអើងថ្នាក់ដឹកនាំសហជីព និងសកម្មជន សិទ្ធិការងារពីការតស៊ូមតិនានារបស់សហជីពសព្វថ្ងៃនេះ សុទ្ធសឹងតែជាឧបសគ្គសម្រាប់កម្មករនិយោជិតគ្រប់គ្នាទាំងអស់។
ការដាក់សំណើនេះ ធ្វើឡើងដើម្បីទាមទារឱ្យក្រសួងការងារដោះស្រាយនូវកង្វល់រួមរបស់សហជីពដែលតែងតែរងនូវការគំរាមកំហែង និងរឹតត្បិតសិទ្ធិសេរីភាពដែលបានចែងក្នុងច្បាប់ពីភាគីក្រុមហ៊ុននៅកម្ពុជាសព្វថ្ងៃនេះ។
វិវាទការងារនៅក្នុងប្រទេសកម្ពុជានៅតែបន្តមានជាហូរហែ ដែលស្ថិតក្រោមរូបភាពផ្សេងៗគ្នា បើទោះជាមានក្រសួងការងារ ច្បាប់ការងារ និងសហជីពជាច្រើនត្រូវបានបង្កើតឡើង ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់និយោជិតក៏ដោយ ក៏ការរំលោភបំពានសិទ្ធិការងារពីសំណាក់និយោជក ក្រុមហ៊ុន ឬរោងចក្រ នៅតែកើតមានដដែល ដែលបណ្ដាលឱ្យមានការធ្វើកូដកម្ម និងបាតុកម្មតវ៉ាទាមទាររកយុត្តិធម៌ជាបន្តបន្ទាប់សព្វថ្ងៃនេះ។
ទាក់ទិននឹងបញ្ហានេះ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (Cambodia Labour Confederation) ធ្លាប់បានលើកឡើងថា ចលនាសហជីពនៅកម្ពុជា ជាពិសេសគឺសហជីពឯករាជ្យមានការលំបាក ហើយមានការរឹតបន្តឹងច្រើនជាទីបំផុត។ តែផ្ទុយទៅវិញ សហជីពដែលគាំទ្រក្រុមហ៊ុន និងរដ្ឋាភិបាលទៅជាមានឱកាសច្រើន ដែលធ្វើឱ្យអ្នកតំណាងពិតប្រាកដរបស់កម្មករមានការបាត់បង់ និងថយចុះដែលជាហេតុធ្វើឱ្យការទាមទារដោះស្រាយបញ្ហាកម្មករនៅកន្លែងការងារធ្លាក់ចុះផងដែរ។
លោក អាត់ ធន់ បញ្ជាក់ថា ផ្អែកតាមហេតុផលខាងលើ គេអាចសង្កេតឃើញថា នៅពេលអនាគត បើសហជីពឯករាជ្យមានចំនួនកាន់តែតិចទៅៗ ប៉ុន្តែសហជីពដែលគាំទ្រក្រុមហ៊ុន និងរដ្ឋាភិបាលមានកាន់តែច្រើនឡើងៗទៅវិញនោះ កម្មករនិយោជិតអាចនឹងមិនមានតំណាងពិតប្រាកដនៅក្នុងការដោះស្រាយវិវាទនៅថ្នាក់មូលដ្ឋាន ឬថ្នាក់ជាតិរបស់ពួកគាត់បន្តទៀតនោះទេ។
ថ្នាក់ដឹកនាំ និងសមាជិកសហជីពឯករាជ្យនៅតាមបណ្តាក្រុមហ៊ុនរោងចក្រនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃនេះ កំពុងរងនូវការរំលោភបំពានសិទ្ធិការងារពីសំណាក់ថៅកែក្រុមហ៊ុន ដោយបណ្តេញពីការងារជាបន្តបន្ទាប់ ក្រោយថ្នាក់ដឹកនាំ និងសមាជិកសហជីពទាំងនោះជួយតវ៉ាទាមទារលក្ខខណ្ឌការងារដល់បុគ្គលិករងគ្រោះ។ ជាងនេះទៀត ពួកគេក៏តែងរងនូវការចោទប្រកាន់ពីបទផ្សេងៗពីថៅកែរោងចក្រផងដែរ រហូតធ្វើឱ្យអ្នកទាំងនោះបាត់បង់ការងារ ឬប្រឈមមុខនឹងផ្លូវច្បាប់យ៉ាងធ្ងន់ធ្ងរថែមទៀត៕