39 C
Phnom Penh

សហរដ្ឋ​អាមេរិក​សង្ស័យ​ថា​កង​នាវាចម្បាំង​ចិន​ចាប់ផ្ដើម​មាន​វត្តមាន​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហរដ្ឋ​អាមេរិក​បាន​អំពាវនាវ​ឱ្យ​មាន​ការ​បញ្ចេញ​ព័ត៌មាន​ដោយ​តម្លាភាព​អំពី​ការ​មក​ដល់​នៃ​កង​នាវាចម្បាំង​របស់​ចិន ដែល​ចូល​ចត​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម ក្នុង​ប្រទេស​កម្ពុជា ខណៈ​ក្រុង​វ៉ាស៊ីនតោន បារម្ភ​អំពី​វត្តមាន​ទ័ព​ចិន​ចាប់ផ្ដើម​មាន​នៅ​កម្ពុជា​ហើយ។

អ្នក​នាំពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក Wesley Holzer បាន​លើកឡើង​ថា លោក​បាន​ស្នើ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​បង្ហាញ​ព័ត៌មាន​អំពី​តម្លាភាព​ពាក់ព័ន្ធ​នឹង​វត្តមាន​នាវាចម្បាំង​របស់​ចិន ដែល​ចូល​ចត​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​កម្ពុជា ហើយ​ស្នើ​ទៅ​ប្រទេស​ជិតខាង​កម្ពុជា ក៏​ត្រូវ​បញ្ចេញ​ព័ត៌មាន​អំពី​ដំណឹង​នៃ​ការ​មក​ដល់​របស់​កង​នាវាចម្បាំង​ចិន​ផង​ដែរ។

លោក Wesley Holzer បាន​បញ្ជាក់​ដូចនេះ​នៅ​ពេល​លោក​ឆ្លើយតប​ទៅ​នឹង​សំណួរ​របស់​អ្នកកាសែត Bloomberg News ហើយ​ត្រូវ​បាន​កាសែត​បាងកក​ប៉ុស្តិ៍​ចុះផ្សាយ​នៅ​ថ្ងៃ​សុក្រ ទី​៨ ខែ​ធ្នូ នេះ។

បើ​តាម​លោក Wesley Holzer ឲ្យ​ដឹង​ថា ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ រួម​ទាំង​សហរដ្ឋ​អាមេរិក កំពុង​តាមដាន​ជា​ខ្លាំង​នៃ​ការ​មក​ដល់​របស់​កង​នាវាចម្បាំង​របស់​ចិន ដែល​បាន​បើក​ចូល​មក​ក្នុង​សមុទ្រ​របស់​ប្រទេស​កម្ពុជា និង​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​របស់​កម្ពុជា​នោះ ថា​តើ​វា​អាច​ក្លាយ​ជា​មូលដ្ឋាន​កងទ័ព​ចិន ឬ​ដូច​ម្ដេច​ទៅ​ថ្ងៃ​ខាងមុខ។

កង​នាវាចម្បាំង​ចិន ចូល​មក​ដល់​សមុទ្រ​រាម​កម្ពុជា​កាលពី​ថ្ងៃ​អង្គារ​ដើម​សប្ដាហ៍​នេះ។

ជាមួយ​នឹង​វត្តមាន​របស់​នាវាចម្បាំង​ចិន លោក ទៀ សីហា រដ្ឋមន្ត្រី​នៃ​ក្រសួង​ការពារ​ជាតិ​កម្ពុជា ដែល​ឡើង​កាន់​តំណែង​ជំនួស​ឪពុក បាន​និយាយ​ថា នាវាចម្បាំង​របស់​ចិន ដែល​មក​កម្ពុជា​នេះ គឺ​មក​ធ្វើ​សមយុទ្ធ​ជាមួយ​កងទ័ព​ជើងទឹក​កម្ពុជា ប៉ុន្តែ​ទាំង​ក្រសួង​ការបរទេស និង​ក្រសួង​ការពារ​ជាតិ​កម្ពុជា មិន​បាន​ទាន់​ឃើញ​ឆ្លើយតប​នឹង​ការ​លើកឡើង​របស់​មន្ត្រី​ស្ថានទូត​អាមេរិក​នៅឡើយ​ទេ។

យ៉ាងណា នេះ​ជា​លើកដំបូង​ហើយ​ដែល​កង​នាវាចម្បាំង​ចិន ចូល​ចត​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​កម្ពុជា ដែល​ប្រទេស​ចិន ចំណាយ​ប្រាក់​រាប់​លាន​ដុល្លារ​ដើម្បី​ស្ថាបនា​ឡើងវិញ និង​ធ្វើ​ឱ្យ​កាត់​តែ​ធំ​ទូលាយ​ចូល​កាន់តែ​ជ្រៅ​ក្នុង​លំហ​សមុទ្រ។

ចិន ជា​ប្រទេស​ម្ចាស់បំណុល​ពាន់​លាន​ដុល្លារ​របស់​កម្ពុជា។ សេដ្ឋកិច្ច​របស់​កម្ពុជា ភាគច្រើន​ពឹង​លើ​ដង្ហើម​របស់​ចិន។ លោក ហ៊ុន សែន និង​បក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​ពួក​បស្ចិម​ប្រទេស​ចាត់ទុក​ជា​មេដឹកនាំ​នៅ​អាស៊ី​អាគ្នេយ៍​ម្នាក់​ដែល​មាន​ភាព​ទន់ភ្លន់ និង​ក្រោម​ឥទ្ធិពល​របស់​បក្ស​កុម្មុយនីស្ត​ចិន។

កាលពី​ឆ្នាំ​២០២២ លោក ចូ បៃដិន ដែល​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន លោក​បាន​ថ្លែង​នៅ​ចំពោះ​មុខ​លោក ហ៊ុន សែន អំពី​មូលដ្ឋាន​ទ័ព​ចិន​នៅ​សមុទ្រ​រាម​កម្ពុជា​ថា តើ​អនាគត​អាច​ជា​របស់​ចិន ឬ​ក៏​របស់​កម្ពុជា។

លោក ចូ បៃដិន ក៏ដូចជា​រដ្ឋមន្ត្រី​ការបរទេស​របស់​លោក​ផង​ដែរ តែងតែ​ប្រាប់​មន្ត្រី​កម្ពុជា​ថា​កុំ​យក​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​របស់​កម្ពុជា​នេះ ធ្វើ​ជា​ទីតាំង​សម្រាប់​កងទ័ព​ចិន​ឲ្យ​សោះ ព្រោះ​វា​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ស្ថិរភាព​នៅ​ក្នុង​តំបន់។

មិន​ថា​តែ​រដ្ឋការ​របស់​លោក ចូ បៃដិន ទេ​ដែល​ដាក់​ការ​ព្រួយបារម្ភ​នេះ ប៉ុន្តែ​ការ​ព្រួយបារម្ភ​នេះ​មាន​ចាប់តាំងពី​រដ្ឋការ​របស់​លោក ដូណាល់ ត្រាំ និង​រដ្ឋការ​របស់​លោក បារ៉ាក់ អូបាម៉ា មក​ម្ល៉េះ ដែល​សម្ដែង​ការ​ព្រួយបារម្ភ​ពី​កងទ័ព​ចិន​អាច​បោះ​ជំរំ​នៅ​កម្ពុជា​ផង​ដែរ។

យ៉ាងណា មេដឹកនាំ​វៀតណាម​ក៏​ធ្លាប់​សួរ​អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន អំពី​ការ​ព្រួយបារម្ភ​របស់​អាមេរិក​ផង​ដែរ។

លោក ហ៊ុន សែន តែងតែ​ប្រាប់​មេដឹកនាំ​វៀតណាម ថា រដ្ឋធម្មនុញ្ញ​កម្ពុជា​ដាច់ខាត​មិន​ឲ្យ​មាន​ទ័ព​បរទេស​នៅ​លើ​ទឹកដី​កម្ពុជា​នោះ​ទេ ទោះ​កាលៈទេសៈ​ណា​ក៏ដោយ​នោះ។

លោក ហ៊ុន សែន បាន​ថ្លែង​ដោយ​អះអាង​ថា កម្ពុជា​មិន​មែន​ជា​ប្រទេស​ដែល​ត្រូវ​គេ​ខ្ចី​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​បាន​នោះ​ទេ។ ជាមួយ​គ្នា​នេះ លោក ហ៊ុន សែន បាន​ប្រាប់​ទៅ​មេដឹកនាំ​អាស៊ាន​ថា សូម​ទុកចិត្ត​កម្ពុជា គឺ​កម្ពុជា​មិន​បណ្ដោយ​ឲ្យ​មាន​ទ័ព​បរទេស​នៅ​លើ​ទឹកដី​កម្ពុជា​ដាច់ខាត ប៉ុន្តែ​វត្តមាន​នៃ​កង​នាវាចម្បាំង​របស់​ចិន​ជា​លើកដំបូង​នៅ​កម្ពុជា​នេះ គឺ​បាន​ចូល​ចត​នៅ​មូលដ្ឋាន​ទ័ព​រាម​កម្ពុជា។

យ៉ាងហោចណាស់​មេបញ្ជាការ​រង​នៃ​កងទ័ព​រំដោះ​ប្រជាជន​ចិន​ទទួល​បន្ទុក​កងទ័ព​ជើងទឹក បាន​មក​កាន់​រាជធានី​ភ្នំពេញ ហើយ​បាន​ជួប​នឹង​លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា។ ជំនួប​នេះ​ធ្វើឡើង​នៅ​វិមាន​សន្តិភាព គឺ​ចំ​ពេល​ដែល​ឧត្តមសេនីយ៍​ចិន He Weidong រូប​នេះ​មក​ពិនិត្យ​មើល​កង​នាវាចម្បាំង​របស់​ចិន ដែល​ចូល​ចត​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​កម្ពុជា។

ប្រសិនបើ​មូលដ្ឋាន​ទ័ព​ជើងទឹក​ចិន មាន​នៅ​កម្ពុជា ហើយ​មាន​រហូត​ដល់​នាវាចម្បាំង​របស់​ចិន ទៀត​ផង​នោះ នឹង​បើក​ផ្លូវ​ឲ្យ​ទីក្រុង​ប៉េកាំង ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។ ប្រសិនបើ​មាន​មែន​នោះ វា​នឹង​អំណោយ​ផល​ដល់​ចិន ក្នុង​ការ​គ្រប់គ្រង​នាវាចរណ៍​ពី​ជ្រោយ​ម៉ាឡាកា ទៅ​កាន់​សមុទ្រ​ចិន​ខាងត្បូង។

មិន​តែប៉ុណ្ណោះ វា​នឹង​អាច​ផ្ដល់​ភាព​ងាយស្រួល​ដល់​ចិន ក្នុង​ការ​តាមដាន​សមយុទ្ធ​យោធា​រួម​គ្នា​រវាង​ប្រទេស​ថៃ និង​សហរដ្ឋ​អាមេរិក និង​ជា​ការ​ដាក់​គំនាប​ទៅ​លើ​វៀតណាម ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស