30.8 C
Phnom Penh

អ្នកវិភាគ​ថា​ការ​តែងតាំង​លោក ហ៊ុន ម៉ាណែត ជា​អនុប្រធាន​បក្ស​កាន់​អំណាច​ជា​សញ្ញា​នៃ​ការ​បម្រើ​វៀតណាម​ដោយ​ត្រកូល​ហ៊ុន​ផ្ដាច់មុខ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នកវិភាគ​លើកឡើង​ថា ការ​តែងតាំង​លោក ហ៊ុន ម៉ាណែត ជា​អនុប្រធាន​បក្ស​កាន់​អំណាច គឺ​ជា​សញ្ញា​បញ្ជាក់​យ៉ាង​ច្បាស់​នៃ​ផែនការ​របស់​លោក ហ៊ុន សែន ក្នុង​ការ​បម្រើ​វៀតណាម​ដោយ​ត្រកូល​ហ៊ុន​ផ្ដាច់មុខ​នា​ពេល​អនាគត។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១១ ធ្នូ នេះ​ថា ការ​តែងតាំង​លោក ហ៊ុន ម៉ាណែត ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា មុន​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម គឺ​ជា​បំណង​របស់​លោក ហ៊ុន សែន ដែល​គាត់​ចង់​បញ្ជាក់​ប្រាប់​បក្ស​កុម្មុយនីស្ត​វៀតណាម ថា គឺ​មាន​តែ​លោក ហ៊ុន ម៉ាណែត ម្នាក់​គត់​ដែល​ជា​មេដឹកនាំ​បម្រើ​វៀតណាម​ថ្មី​ពី​ភាគី​កុម្មុយនីស្ត​នៅ​កម្ពុជា ដែល​កំពុង​ក្តោប​ក្តាប់​ស្រុក​ខ្មែរ​សព្វថ្ងៃ​នេះ។

លោក គឹម សុខ ថា​បក្ស​កុម្មុយនីស្ត​វៀតណាម ដែល​ជា​បងធំ​នៃ​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន​ដែល​មាន​ឡាវ និង​កម្ពុជា ជា​ប្អូនៗ គឺ​គេ​ឲ្យ​តម្លៃ​ខ្លាំង​ណាស់​ទៅ​លើ​តួនាទី​របស់​អ្នក​ដឹកនាំ​ក្នុង​គណបក្ស ដូច្នេះ​ការ​តែងតាំង​លោក ហ៊ុន ម៉ាណែត ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ជា​រឿង​ចាំបាច់​បំផុត​ដែល​លោក ហ៊ុន សែន ត្រូវតែ​ធ្វើ ដើម្បី​ឱ្យ​បក្ស​កុម្មុយនីស្ត​វៀតណាម ដែល​ជា​បងធំ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ក្រុម​គ្រួសារ​ហ៊ុន​តែ​មួយ​ច្រក​ទៅ​ថ្ងៃ​មុខ។

លោក គឹម សុខ អះអាង​ថា ការ​តែងតាំង​នេះ​ក៏​ជា​ការ​បង្ហាញ​យ៉ាង​ច្បាស់​ពី​ផែនការ​របស់​លោក ហ៊ុន សែន ក្នុង​ការ​លើក​អំណាច​ក្នុង​បក្ស​កុម្មុយនីស្ត​មួយ​នេះ ឱ្យ​កូនប្រុស​របស់​គាត់​ជា​អ្នក​គ្រប់គ្រង និង​កាច់​ចង្កូត​ដូច​ដែល​គាត់​កំពុង​គ្រប់គ្រង​យ៉ាង​ណែន​សព្វថ្ងៃ​នេះ​ដែរ ដើម្បី​ឱ្យ​រដ្ឋការ​ក្រុង​ហាណូយ ដែល​ជា​បងធំ​របស់​ខ្លួន​ប្រគល់​អំណាច​ផ្ដាច់មុខ​ក្នុង​ការ​គ្រប់គ្រង​ទឹកដី​ខ្មែរ​លើ​ក្រុម​គ្រួសារ​គាត់​ទាំងស្រុង​តែម្តង។

លោក​បន្ថែម​ថា ជំនាន់​លោក ហ៊ុន សែន គឺ​វៀតណាម​បាន​គ្រប់គ្រង​ទឹកដី​ខ្មែរ​ដោយ​ពឹងផ្អែក​ទៅ​មន្ត្រី​បក្ស​កាន់​អំណាច​ផ្សេងៗ មិន​មែន​តែ​លោក ហ៊ុន សែន ម្នាក់​ទេ ដូចជា​លោក ស ខេង អ្នកស្រី ម៉ែន សំអន និង​លោក ហេង សំរិន ជាដើម ដែល​ធ្វើ​ឱ្យ​លោក ហ៊ុន សែន ពិបាក​ក្នុង​ការ​ក្តោប​ក្តាប់​អំណាច​ផ្ដាច់មុខ​តែ​ម្នាក់​ឯង។

កាលពី​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០២៣ គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រារព្ធ​មហាសន្និបាត​វិសាមញ្ញ​របស់​ខ្លួន ដើម្បី​បញ្ចូល​សមាជិក​គណៈកម្មាធិការ​នាយក​ចំនួន ៤៩៦​នាក់ ដែល​ធ្វើ​ឱ្យ​សមាជិក​គណៈកម្មាធិការ​មួយ​នេះ​មាន​ចំនួន​កើន​ឡើង​ដល់​ជាង ១​ពាន់​នាក់​ហើយ (១៣១២​នាក់) នៅ​ពេលនេះ ក្នុង​នោះ​សមាជិក​មហាសន្និបាត​បក្ស​ក៏​បាន​អនុម័ត​ជ្រើសរើស​លោក ហ៊ុន ម៉ាណែត ដែល​ជា​កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ។

ក្រៅពី​អនុម័ត​ជ្រើសរើស​លោក ហ៊ុន ម៉ាណែត ជា​អនុប្រធាន​គណបក្ស អង្គ​សន្និបាត​នេះ​ក៏​បាន​អនុម័ត​ជ្រើសរើស​កូនៗ​មន្ត្រី​ជាន់ខ្ពស់​បក្ស​កាន់​អំណាច​ដទៃ​ទៀត ឱ្យ​ចូល​ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​បក្ស​ផង​ដែរ ដូចជា​កូន​របស់​លោក ស ខេង គឺ​លោក ស សុខា កូន​របស់​លោក ទៀ បាញ់ គឺ​លោក ទៀ សីហា កូនប្រសា​របស់​លោក ហេង សំរិន គឺ​លោក វង្ស សូត្រ និង​កូន​របស់​លោក សាយ ឈុំ គឺ​លោក សាយ សំអាល់ ជាដើម ដែល​សរុប​ទាំងអស់​មាន​ចំនួន ២៣​នាក់ ក្នុង​នោះ​លោក ជីវ កេង ដែល​ជា​ប្រធាន​តុលាការ​កំពូល​ដែល​ជា​មេដឹកនាំ​ស្ថាប័ន​ឯករាជ្យ ក៏​ត្រូវ​បាន​បញ្ចូល​ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​បក្ស​កាន់​អំណាច​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ មន្ត្រី​ជាន់ខ្ពស់​អតីត​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន ធ្លាប់​បាន​លើកឡើង​ថា សព្វថ្ងៃ​នេះ រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម​បាន​ដាក់​បញ្ចូល​ប្រទេស​កម្ពុជា​ជា​អាណាខេត្ត​មួយ​របស់​គេ​រួច​ទៅ​ហើយ បើ​ទោះបីជា​វៀតណាម មិន​ទាន់​ឈ្លានពាន​លេប​ត្របាក់​យក​ប្រទេស​កម្ពុជា​ទាំងស្រុង​ក៏ដោយ ព្រោះ​ថា​កន្លង​មក រដ្ឋាភិបាល​វៀតណាម មិន​ដែល​ដាក់​តាំង​ទង់ជាតិ​កម្ពុជា​នៅ​ពីក្រោយ​ខ្នង​លោក ហ៊ុន ម៉ាណែត ទេ​រាល់​ពេល​ដែល​មាន​ជំនួប​រវាង​ភាគី​ទាំង​ពីរ​ម្តងៗ អំឡុង​ពេល​ដែល​លោក ហ៊ុន ម៉ាណែត កាន់​តួនាទី​ជា​មេបញ្ជាការ​កងទ័ព​ជើងគោក​របស់​កម្ពុជា កាលពី​ពេល​កន្លង​ទៅ​នោះ។

ចំណែក​អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ធ្លាប់​បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily កាលពី​ពេល​ថ្មីៗ​នេះ​ថា រដ្ឋាភិបាល​កម្ពុជា​ល្មម​ដល់​ពេល​ដែល​ត្រូវ​ត្រួតពិនិត្យ​ឡើង​វិញ​នូវ​ទំនាក់ទំនង​រវាង​កម្ពុជា-វៀតណាម​ហើយ ថា​តើ​រយៈពេល​ជាង ៤០​ឆ្នាំ​ក្រោម​ការ​ដឹកនាំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន កន្លង​មក​នេះ កម្ពុជា​ទទួល​បាន​ផល​ចំណេញ​អ្វី​ខ្លះ​ពី​ទំនាក់ទំនង​ជា​មិត្តភាព​ជាមួយ​ប្រទេស​វៀតណាម។ ជាង​នេះ​ទៀត នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា លោក ហ៊ុន ម៉ាណែត ក៏​ត្រូវ​គិតគូរ​ពី​បញ្ហា​នេះ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ផង​ដែរ។

រាល់​ជំនួប​របស់​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា​ជាមួយ​នឹង​មន្ត្រី​រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម កន្លង​មក តាំងពី​ជំនាន់​ដឹកនាំ​របស់​លោក ហ៊ុន សែន រហូត​ដល់​ជំនាន់​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត ត្រូវ​គេ​សង្កេត​ឃើញ​ថា វៀតណាម​តែង​ស្នើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា រួម​ទាំង​នាយករដ្ឋមន្ត្រី​របស់​កម្ពុជា​ផង ឱ្យ​ជួយ​អនុវត្ត​នូវ​សំណើ​នានា​របស់​រដ្ឋាភិបាល​វៀតណាម​គ្រប់​បែប​យ៉ាង ដូចជា​ការ​ផ្តល់​សញ្ជាតិ​ដល់​ជនជាតិ​វៀតណាម ដែល​កំពុង​រស់នៅ​លើ​ទឹកដី​កម្ពុជា​ដោយ​ខុស​ច្បាប់ ឱ្យ​មក​ជា​រស់នៅ​ដោយ​ស្រប​ច្បាប់ និង​ឱ្យ​ជួយ​ពន្លឿន​ការ​ធ្វើ​ឱ្យ​ស្រប​ច្បាប់​នូវ​ឯកសារ​នានា​ដែល​លោក ហ៊ុន សែន ធ្លាប់​បាន​យល់ព្រម​ជាមួយ​រដ្ឋាភិបាល​វៀតណាម ជាដើម ខណៈ​សំណើ​ទាំងនោះ​មិន​ដែល​ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បដិសេធ​ម្តង​ណា​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស