35 C
Phnom Penh

ខេត្ត​ខ្មែរ​ជាប់​ព្រំដែន​ឡាវ​ចំនួន​៣ លេច​ធ្លាយ​រឿង​អាស្រូវ​ចេញ​ឯកសារ​មិន​ប្រក្រតី​ចេញ​ចូល​ទឹកដី​កម្ពុជា-​ឡាវ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋបាល​ខេត្ត​ខ្មែរ​ជាប់​ព្រំដែន​ប្រទេស​ឡាវ ចំនួន​៣ គឺ​រដ្ឋបាល​ខេត្ត​រតនគិរី ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​ព្រះវិហារ បាន​លេច​ធ្លាយ​រឿង​អាស្រូវ​ពី​ការ​ចេញ​លិខិត​បើក​ផ្លូវ បណ្ណ​ឆ្លងដែន និង​ឯកសារ​មិន​ប្រក្រតី ដល់​ពលរដ្ឋ​ខ្មែរ​សម្រាប់​ការ​ឆ្លងដែន ចេញ​ចូល​ក្នុង​ទឹកដី​កម្ពុជា-ឡាវ យ៉ាង​អនាធិបតេយ្យ។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស សុខា បាន​ចេញ​លិខិត​មួយ​កាន់​ទៅ​អាជ្ញាធរ​ខេត្ត​ដែល​ជាប់​ព្រំដែន​ឡាវ​ទាំងអស់ កាលពី​ថ្ងៃទី​៨ ខែ​ធ្នូ និង​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ធ្នូ ថា រដ្ឋបាល​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-ឡាវ និង​កងកម្លាំង​មាន​សមត្ថកិច្ច​មួយ​ចំនួន នៅតែ​បន្ត​ចេញ​លិខិត​បើក​ផ្លូវ បណ្ណ​ឆ្លងដែន និង​ឯកសារ​ឆ្លងដែន​មិន​ប្រក្រតី ជូន​ពលរដ្ឋ​ខ្មែរ​ប្រើប្រាស់​ឆ្លងកាត់​ព្រំដែន​ជា​ហូរហែ ដែល​ផ្ទុយ​នឹង​លិខិត​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន ដោយ​បង្ក​ផល​ប៉ះពាល់​ដល់​សន្តិសុខ សុវត្ថិភាព និង​ផល​ប្រយោជន៍​ស្រប​ច្បាប់​របស់​ពលរដ្ឋ​ខ្មែរ​ធ្ងន់ធ្ងរ។

លោក ស សុខា អះអាង​ថា ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ក្រសួង​មហាផ្ទៃ​បាន​ធ្វើ​ការ​ណែនាំ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ជាប់​ព្រំដែន​ទាំងអស់ ឱ្យ​បញ្ឈប់​រាល់​ការ​ចេញ​ឯកសារ​ឆ្លងដែន​មិន​ប្រក្រតី និង​បញ្ឈប់​ការ​យក​កម្រៃ​ក្រៅ​ផ្លូវការ​ពី​ពលរដ្ឋ​ខ្មែរ ដែល​ធ្វើ​ដំណើរ​ចេញ​ចូល​ឆ្លងកាត់​ព្រំដែន​ម្តង​រួច​មក​ហើយ កាលពី​ដើម​ខែ​តុលា ឆ្នាំ​២០២៣ នេះ ប៉ុន្តែ​ករណី​នេះ​នៅតែ​កើត​មាន​ដដែល។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​រូប​នេះ​បញ្ជាក់​ថា ដើម្បី​ពង្រឹង​របៀប​របប​ការងារ និង​លើក​កម្ពស់​ការ​អនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ឱ្យ​បាន​ត្រឹមត្រូវ រដ្ឋបាល​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-ឡាវ​ទាំងអស់ ត្រូវ​អនុវត្ត​កិច្ចការ​ចាំបាច់​មួយ​ចំនួន ដូចជា ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​រាល់​ការ​ចេញ​លិខិត​មិន​ប្រក្រតី​នានា និង​ជំរុញ​ឱ្យ​ពលរដ្ឋ​ប្រើប្រាស់​បណ្ណ​ព្រំដែន​ដែល​ប្រទេស​ទាំង​ពីរ​បាន​ទទួលស្គាល់​ជា​ផ្លូវការ។

ជាង​នេះ​ទៀត ត្រូវ​ផ្សព្វផ្សាយ​ឱ្យ​ពលរដ្ឋ​បាន​យល់ដឹង​ពី​ការ​ប្រើប្រាស់​បណ្ណ​ព្រំដែន​ឱ្យ​កាន់តែ​ច្បាស់ ត្រូវ​ចាត់​វិធានការ​ពង្រឹង​ការ​គ្រប់គ្រង​អ្នក​ដំណើរ ទំនិញ និង​មធ្យោបាយ​ចេញ​ចូល​ឆ្លងកាត់​ព្រំដែន ដើម្បី​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​រាល់​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ ពិសេស​បទល្មើស​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ការ​ជួញដូរ​មនុស្ស​ដែល​អាច​បង្ក​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ និង​សង្គម​ជាតិ និង​ត្រូវ​ធ្វើ​របាយការណ៍​ជា​លាយលក្ខណ៍​អក្សរ​អំពី​លទ្ធផល​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​ការងារ ជូន​ក្រសួង​មហាផ្ទៃ​ជា​រៀងរាល់​ខែ​ផង​ដែរ។

កាលពី​ថ្ងៃទី​៣ ខែ​តុលា ឆ្នាំ​២០២៣ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស សុខា បាន​ចេញ​សេចក្តី​ណែនាំ​មួយ​បន្ទាប់ពី​រក​ឃើញ​ពី​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​នានា ដូចជា ការ​បើក​ច្រក​របៀង​ខុស​ច្បាប់ និង​ការ​ចេញ​បណ្ណ​ឆ្លងដែន​មិន​ប្រក្រតី ជាដើម។

លោក ស សុខា ព្រមាន​ថា ក្នុង​ករណី​ច្រក​ទ្វារ​ព្រំដែន​ណា​មួយ​កើត​មាន​បញ្ហា​មិន​ប្រក្រតី​បណ្តាល​មកពី​ការ​អនុវត្ត​តួនាទី​ភារកិច្ច​មិន​បាន​ត្រឹមត្រូវ​តាម​គោលការណ៍​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ដែល​បាន​កំណត់ ក្រសួង​មហាផ្ទៃ​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ជា​ធរមាន​ដោយ​គ្មាន​ករណី​លើកលែង​ដាច់ខាត។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ធ្លាប់​បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily កាលពី​ពេល​ថ្មីៗ​នេះ​ថា ការ​ដាក់​ចេញ​នូវ​វិធានការ​ទប់ស្កាត់​ការ​ចេញ​ឯកសារ​មិន​ប្រក្រតី​នេះ គឺជា​រឿង​ល្អ ប៉ុន្តែ​បញ្ហា​គឺ​ស្ថិត​នៅ​ត្រង់​ថា មន្ត្រី​ថ្នាក់​ក្រោម​ទទួល​យក​ទៅ​អនុវត្ត ឬ​ក៏​អត់​ប៉ុណ្ណោះ ហើយ​បើ​ពួកគេ​មិន​អនុវត្ត តើ​ក្រសួង​មាន​វិធានការ​ដាក់​ពិន័យ ឬ​ទោសទណ្ឌ​ដែរ​ទេ នេះ​ទើប​ជា​បញ្ហា​ដែល​ត្រូវ​បារម្ភ​ចំពោះ​វិធានការ​ខាងលើ​នេះ។

លោក សេក សុជាតិ លើកឡើង​ថា កន្លង​មក រាល់​ពេល​រដ្ឋាភិបាល​ដាក់​ចេញ​វិធានការ​រឹត​បន្តឹង​លើ​ករណី​ណា​មួយ ក៏​ជា​ឱកាស​របស់​មន្ត្រី​មូលដ្ឋាន​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែ​ខ្លាំង​ដែរ ព្រោះ​ថា​អាជ្ញាធរ​បាន​យក​វិធានការ​ទាំងនោះ​ទៅ​ប្រើ​ក្នុង​អំពើពុករលួយ​របស់​ពួកគេ ដើម្បី​ទារ​ប្រាក់​ពី​ជនរងគ្រោះ​ឱ្យ​បាន​កាន់តែ​ច្រើន ខណៈ​ការ​ស៊ើបអង្កេត ឬ​ការ​ដាក់​ពិន័យ​លើ​មន្ត្រី​បែប​នេះ គឺ​មាន​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​នា​ពេល​កន្លងមក។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ​បញ្ជាក់​ថា ការ​កាន់​តួនាទី​រយៈពេល​យូរ​រហូត​ដុះ​ស្នឹម​របស់​មន្ត្រី​ទាំងនោះ ក៏​ជា​ហេតុ​ដែល​នាំ​ឱ្យ​ការ​អនុវត្ត​ច្បាប់​គ្មាន​ប្រសិទ្ធភាព និង​បណ្តាល​ឱ្យ​កើត​មាន​អំពើពុករលួយ​ជា​ប្រព័ន្ធ​ដែរ ដូច្នេះ​មន្ត្រី​ដែល​ប្រចាំការ​តាម​ច្រក​ព្រំដែន គួរតែ​ត្រូវ​បាន​ផ្លាស់ប្ដូរ​រាល់ ៣​ខែ ឬ ៦​ខែ​ម្តង ក្នុង​នោះ​រាល់​ការ​ផ្លាស់​ចេញ ក៏​ត្រូវ​ធ្វើការ​ស៊ើបអង្កេត​ចំពោះ​ការ​អនុវត្ត​ការងារ​របស់​ពួកគេ​ដែរ ដើម្បី​ធានា​ភាព​ស្អាតស្អំ ហើយ​ក៏​ជា​កត្តា​ជំរុញ​ឱ្យ​មាន​ការ​អនុវត្ត​ការងារ​មាន​ប្រសិទ្ធភាព​បន្ត​ទៀត។

កម្ពុជា​មាន​ព្រំដែន​រួម​គ្នា​ជាមួយ​ប្រទេស​ឡាវ ប្រវែង​ប្រមាណ​ជា ៥៤១​គីឡូម៉ែត្រ ដែល​ជាប់​ជាមួយ​ខេត្ត​ចំនួន​៣ គឺ​ខេត្ត​ព្រះវិហារ ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​រតនគិរី ប៉ុន្តែ​ខេត្ត​ទាំង ៣ នេះ ត្រូវ​បាន​រដ្ឋាភិបាល​យក​ខេត្ត​រតនគិរី និង​ខេត្ត​ស្ទឹងត្រែង ទៅ​ដាក់​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ និង​វៀតណាម តាំងពី​ឆ្នាំ​១៩៩៩ មក​ម្ល៉េះ ដូច្នេះ​គេ​មិន​សង្ឃឹម​ថា ការ​អនុវត្ត​ច្បាប់​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លងដែន​ខុស​ច្បាប់​ក្នុង​ខេត្ត​ទាំងនេះ​មាន​ប្រសិទ្ធភាព​នោះ​ទេ ព្រោះ​ថា កន្លង​ទៅ​ថ្មីៗ​នេះ ក៏​មាន​ការ​បែកធ្លាយ​ពី​ការ​ឆ្លងដែន​របស់​ជនជាតិ​វៀតណាម ចូល​ទឹកដី​កម្ពុជា ដោយ​គ្មាន​ការ​ទប់ស្កាត់​ពី​អាជ្ញាធរ​ខ្មែរ​ដែរ ដូចជា​កើត​មាន​នៅ​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស