37 C
Phnom Penh

លោក ហ៊ុន ម៉ាណែត បន្ត​លើកលែង​ពន្ធ​ប៉ាតង់​សម្រាប់​អ្នក​សារព័ត៌មាន​តាម​ប្រព័ន្ធ​អនឡាញ​ប្រភេទ​ធុន​តូច​ទាំងអស់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត បន្ត​លើ​ការ​លើកលែង​ពន្ធ​ប៉ាតង់​សម្រាប់​អ្នក​សារព័ត៌មាន​តាម​ប្រព័ន្ធ​អនឡាញ​ប្រភេទ​តូច​ទាំងអស់​រយៈពេល ៥​ឆ្នាំ និង​កាត់បន្ថយ​កម្រៃ​អាជ្ញាបណ្ណ​ស្នើសុំ​បង្កើត​អង្គភាព​សារព័ត៌មាន​ថ្មី​ចំនួន ៥០% ដើម្បី​ជួយ​សម្រួល​បន្ទុក​របស់​អ្នក​សារព័ត៌មាន​ដែល​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​ជំងឺ​កូវីដ-១៩ និង​វិបត្តិ​សេដ្ឋកិច្ច​សកល និង​ស្នើសុំ​ឱ្យ​សារព័ត៌មាន​បន្ត​ធ្វើ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​អំពី​ភាព​ពិត​ជាក់ស្តែង និង​ភាព​អសកម្ម​ក្នុង​សង្គម។

តាមរយៈ​សារ​ជូន​វេទិកា​និពន្ធ​នាយក​លើក​ទី​២០ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​លើកឡើង​ថា នៅ​អាណត្តិ​ទី​៧ នេះ រដ្ឋាភិបាល​បន្ត​អនុវត្ត​តាម​អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន លើ​ការ​លើកលែង​ពន្ធ​ប៉ាតង់​សម្រាប់​អ្នក​សារព័ត៌មាន​តាម​ប្រព័ន្ធ​អនឡាញ​តូចៗ​ទាំងអស់។

ប្រភព​ដដែល​លើកឡើង​ថា ស្ថាប័ន​សារព័ត៌មាន​គឺជា​ដៃគូ​ដែល​មិន​អាច​ខ្វះ​បាន ដោយ​រដ្ឋាភិបាល​តែងតែ​យកចិត្ត​ទុកដាក់​លើក​កម្ពស់​សេរីភាព​នៃ​ការ​បញ្ចេញមតិ សេរីភាព​សារព័ត៌មាន និង​ជំរុញ​ឱ្យ​មាន​ការ​បណ្តុះបណ្តាល​ផ្នែក​សារព័ត៌មាន និង​បច្ចេកវិទ្យា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទំនើប ក៏ដូចជា​ពង្រឹង​ការ​អនុវត្ត​ក្រមសីលធម៌​វិជ្ជាជីវៈ ដើម្បី​ឱ្យ​អ្នក​សារព័ត៌មាន​បំពេញ​ភារកិច្ច​ប្រកប​ដោយ​វិជ្ជាជីវៈ និង​ការ​ទទួល​ខុសត្រូវ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្នើ​ស្ថាប័ន​សារព័ត៌មាន អ្នក​សារព័ត៌មាន បន្ត​ចូលរួម​ថែរក្សា​សន្តិភាព និង​លុប​បំបាត់​ជន​ឱកាស​និយម​ដែល​ជ្រក​ក្រោម​ស្លាក​សារព័ត៌មាន។

ការ​ផ្តល់​ព័ត៌មាន​ពិត​អំពី​សភាពការណ៍​ពិត​នៅ​កម្ពុជា ការ​ផ្សព្វផ្សាយ​គោលនយោបាយ​របស់​រដ្ឋាភិបាល​ទៅ​កាន់​ពលរដ្ឋ ការ​អប់រំ​ផ្សព្វផ្សាយ​ពី​វិធានការ​បង្ការ​គ្រោះថ្នាក់​ចរាចរណ៍ គ្រោះថ្នាក់​នៃ​ការ​ប្រើប្រាស់​គ្រឿងញៀន ការ​ជួញដូរ​មនុស្ស គោលនយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព សុទ្ធតែ​ត្រូវការ​ការ​ចូលរួម​ពី​ស្ថាប័ន​សារព័ត៌មាន និង​អ្នក​សារព័ត៌មាន។

អ្នក​ឃ្លាំមើល​សង្គម​លោក វ៉ន ចាន់ឡូត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily កន្លង​មក​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​កាន់កាប់​ដោយ​រដ្ឋាភិបាល ដូចជា កាសែត វិទ្យុ និង​ទូរទស្សន៍ ជាដើម ផ្សព្វផ្សាយ​តែ​ពី​សមិទ្ធផល​ដែល​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល​ចង់​បង្ហាញ​ពលរដ្ឋ​ប៉ុណ្ណោះ ចំណែក​រឿង​ណា​ដែល​បង្ហាញ​ពី​ភាព​ខ្វះ​ចន្លោះ​របស់​រដ្ឋាភិបាល ពួកគេ​មិន​បាន​ផ្សព្វផ្សាយ​ឱ្យ​ពលរដ្ឋ​បាន​ដឹង​នោះ​ទេ ដែល​នេះ​គឺជា​បញ្ហា​សង្គម​ធំ​ណាស់​ក្នុង​នាម​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ប្រទេស​ក្នុង​សង្គម​ប្រជាធិបតេយ្យ ត្រូវ​បាន​រដ្ឋាភិបាល​របស់​ខ្លួន​លាក់បាំង​ការពិត។ ចំណែក​អង្គភាព​សារព័ត៌មាន​មួយ​ចំនួន​វិញ ក៏​មិន​បាន​ធ្វើ​កិច្ចការ​ស្រប​តាម​វិជ្ជាជីវៈ​របស់​ខ្លួន​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ពិត​ពី​បញ្ហា​សង្គម ដែល​ជា​ភាព​ចន្លោះ​ប្រហោង​នៃ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល ទៅ​កាន់​ពលរដ្ឋ​ម្ចាស់​ប្រទេស​ដែរ ប៉ុន្តែ​ពួកគេ​បែរ​ជា​ផ្សាយ​តែ​ព័ត៌មាន​ដែល​ឥត​ប្រយោជន៍​សម្រាប់​ពលរដ្ឋ​ខ្លួនឯង​ទៅវិញ។

កាលពី​ដើម​ខែ​មេសា ឆ្នាំ​២០២៣ ក្រសួង​ព័ត៌មាន បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​ថា កម្ពុជា​បាន​បើក​ឱ្យ​មាន​សិទ្ធិ​សេរីភាព​បញ្ចេញមតិ និង​សេរីភាព​ខាង​សារព័ត៌មាន​យ៉ាង​ទូលំទូលាយ ដោយសារតែ​បច្ចុប្បន្ន​នេះ សារព័ត៌មាន​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ព័ត៌មាន មាន​ចំនួន​ដល់​ទៅ​ជាង ៦០០​អង្គភាព គេហទំព័រ និង​ទូរទស្សន៍​អនឡាញ​មាន​ជាង ៨០០​អង្គភាព (៨៧៨​អង្គភាព) វិទ្យុ FM ដែល​កំពុង​ដំណើរការ​ផ្សាយ​មាន​ជាង ២០០​ស្ថានីយ (២២១​ស្ថានីយ) និង​ទូរទស្សន៍​ផ្សាយ​ផ្ទាល់​មាន​រហូត​ដល់​ទៅ​ជិត ២០០​ស្ថានីយ​ផង​ដែរ (១៩០​ស្ថានីយ)។

អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន បាន​រក​ឃើញ​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២៣ នេះ បាន​បន្ត​ធ្លាក់​ចុះ​កាន់តែ​ខ្លាំង បន្ទាប់ពី​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន បញ្ជា​ឲ្យ​បិទ​វិទ្យុ VOD ខណៈ​អ្នក​សារព័ត៌មាន​បន្ត​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​គំរាមកំហែង។

បើ​តាម​សន្ទស្សន៍​របស់​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Border) ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ខែ​ឧសភា បាន​ចាត់​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ស្ថិត​ក្នុង​លំដាប់​លេខ​រៀង​ទី​១៤៧ លើ ១៨០​ប្រទេស​នៅ​ឆ្នាំ​២០២៣៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស