27 C
Phnom Penh

លោក ហ៊ុន ម៉ាណែត បដិសេធ​ថា​គ្មាន​អាថ៌កំបាំង​នៅ​ពីក្រោយ​គម្រោង​សាងសង់​ព្រែកជីក​ហ្វូណន​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​ខ្មែរ​ស្ថិត​ក្រោម​អំណាច​ឪពុក លោក ហ៊ុន ម៉ាណែត បដិសេធ​ថា​គម្រោង​សាងសង់​ព្រែកជីក​ហ្វូណន-តេជោ ដែល​គ្រោង​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ​ក្រោយ​នេះ គ្មាន​អាថ៌កំបាំង​អ្វី​ទេ ក្រៅតែ​ពី​ពង្រីក​សក្ដានុពល​សេដ្ឋកិច្ច​ជាតិ និង​ជំរុញ​ឱ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់តែ​ធូរធារ​នោះ។

នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ក្នុង​ត្រកូល​ក្រាញ​អំណាច លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ចំណត​ផែ​កុងតឺន័រ​ទឹក​ជ្រៅ​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ នៅ​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ​ថា ការ​សាងសង់​ព្រែកជីក​ហ្វូណន-តេជោ នេះ គ្មាន​អ្វី​ត្រូវ​លាក់លៀម​ទេ ព្រោះ​ការ​ធ្វើ​ព្រែកជីក​ត​ភ្ជាប់​ពី​ទន្លេ​ទៅ​កាន់​សមុទ្រ រួម​ជាមួយ​ការ​អភិវឌ្ឍ​កំពង់ផែ​ខេត្ត​ព្រះសីហនុ សព្វថ្ងៃ​នេះ គ្មាន​ការ​លាក់លៀម​អ្វី​ទាំងអស់។

លោក ហ៊ុន ម៉ាណែត បញ្ជក់​ថា គម្រោង​ព្រែកជីក​នេះ​មាន​គោលដៅ​ដ៏​ចម្បង​ក្នុង​ការ​ពង្រីក​សក្ដានុពល​សេដ្ឋកិច្ច​កម្ពុជា ឱ្យ​រីកចម្រើន និង​ដើម្បី​ធ្វើ​ឱ្យ​ជីវភាព​របស់​ប្រជាជន​កម្ពុជា​កាន់តែ​រីកចម្រើន និង​ធូរធារ​ប៉ុណ្ណោះ ហើយ​នេះ​គឺជា​កិច្ចការ​សំខាន់​បំផុត​របស់​រដ្ឋាភិបាល​ដែល​ត្រូវ​ធ្វើ ដើម្បី​សេដ្ឋកិច្ច​ជាតិ និង​ប្រជាជន។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ការ​រិះគន់​ជាច្រើន​ជុំវិញ​គម្រោង​សាងសង់​ព្រែកជីក​ហ្វូណន​នេះ បន្ទាប់ពី​មេដឹកនាំ​វៀតណាម បាន​ទាមទារ​ឱ្យ​លោក ហ៊ុន ម៉ាណែត បកស្រាយ​ឱ្យ​បាន​ច្បាស់លាស់​ពី​គម្រោង​ព្រែកជីក​ហ្វូណន​កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០២៣ ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​វៀតណាម លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​មេដឹកនាំ​វៀតណាម ជជីក​សួរ​ដេញដោល​ពី​គម្រោង​សាងសង់​ព្រែកជីក​ហ្វូណន ដែល​កម្ពុជា​គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​ឆ្នាំ​២០២៤ ខាងមុខ​នេះ ប៉ុន្តែ​លោក ហ៊ុន ម៉ាណែត បាន​អះអាង​ថា លោក​បាន​ប្រាប់​ភាគី​វៀតណាម រួច​ហើយ​ថា គម្រោង​នេះ​មិន​បង្ក​ផល​ប៉ះពាល់​ដល់​វៀតណាម ឬ​លំហូរ​ទឹក​ទន្លេ​មេគង្គ និង​ទន្លេ​ផ្សេងៗ​ទេ ជាពិសេស​នៅតែ​អាច​រក្សា​បាន​នូវ​បរិស្ថាន​អេកូឡូស៊ី និង​ជម្រក​ធម្មជាតិ​សម្រាប់​ជីវចម្រុះ​ក្នុង​ទន្លេមេគង្គ​ដដែល។

គម្រោង​ផ្លូវ​នាវាចរណ៍​ដែល​ហៅថា «ព្រែកជីក​ហ្វូណន-តេជោ» គឺជា​ផ្នែក​មួយ​នៃ​គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ (Belt and Road Initiative ឬ BRI) របស់​រដ្ឋាភិបាល​ចិន ដែល​កម្ពុជា​គ្រោង​នឹង​សាងសង់​ប្រវែង ១៨០​គីឡូម៉ែត្រ​ចាប់ពី​ព្រែក​តាកែវ​នៃ​ទន្លេមេគង្គ ឆ្លងកាត់​តាម​ព្រែក​តាឯក នៃ​ទន្លេបាសាក់ ចូល​តាម​ព្រែក​តាហ៊ីង​នៃ​ទន្លេបាសាក់ ស្រុក​កោះធំ និង​បន្ត​រហូត​ដល់​សមុទ្រ​ខេត្ត​កែប ដោយ​ឆ្លងកាត់​ខេត្ត​ចំនួន ៤ រួម​មាន ខេត្ត​កណ្តាល ខេត្ត​តាកែវ ខេត្ត​កំពត និង​ខេត្ត​កែប ដែល​មាន​ប្រជាជន​សរុប​ប្រមាណ ១,៦​លាន​នាក់​រស់នៅ​អម​សងខាង​ផ្លូវទឹក ដែល​ត្រូវ​ចំណាយ​ទឹកប្រាក់​ប្រមាណ ១៧០០​លាន​ដុល្លារ​អាមេរិក។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ធ្លាប់​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា មាន​អាថ៌កំបាំង​ជាច្រើន​នៅ​ពីក្រោយ​គម្រោង​ព្រែកជីក​ហ្វូណន​រវាង​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ជាមួយ​រដ្ឋាភិបាល​កុម្មុយនីស្ត​ចិន និង​រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម ក្រោយពី​លោក ហ៊ុន សែន ព្យាយាម​យក​គម្រោង​ព្រែកជីក​នេះ​ទៅ​ភ្ជាប់​ជាមួយ​គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ​របស់​ចិន ដើម្បី​ឱ្យ​ចិន ជួយ​ការពារ​អំណាច​ក្នុង​វង្ស​ត្រកូល​របស់​ខ្លួន​ពី​ការ​គំរាមកំហែង​របស់​វៀតណាម នោះ។

លោក គឹម សុខ លើកឡើង​ថា ភាគី​ទាំង​បី គឺ​វង្ស​ត្រកូល​ហ៊ុន វៀតណាម និង​ចិន កំពុង​យក​ប្រទេស​កម្ពុជា​ដាក់​លើ​ជ្រញ់​អង្កន់​យក​ផល​ប្រយោជន៍​រៀងៗ​ខ្លួន ក្នុង​នោះ គ្រួសារ​លោក ហ៊ុន សែន គិតគូរ​តែ​ពី​ពង្រឹង​អំណាច ខណៈ​វៀតណាម គិតគូរ​តែ​ពី​ការ​ឈ្លានពាន​ចូល​ទឹកដី​ខ្មែរ ស្រប​ពេល​ដែល​ចិន គិតគូរ​តែ​ពី​ផល​ប្រយោជន៍​នៃ​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់ និង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ដែល​គេ​ត្រូវការ​កម្ពុជា​ជា​កូនអុក​ទៅ​ថ្ងៃ​មុខ។

លោក គឹម សុខ ដាក់​ការ​សង្ស័យ​ថា ដើម្បី​ចៀសវាង​នូវ​ការ​ប៉ះទង្គិច​ជាមួយ​វៀតណាម ចំពោះ​គម្រោង​ព្រែកជីក​នេះ លោក ហ៊ុន ម៉ាណែត បាន​សម្បទាន​តាម​ការ​ទាមទារ​របស់​វៀតណាម​ជាច្រើន ដូចជា ការ​បោះ​បង្គោល​ព្រំដែន​ដែល​នៅ​សល់ ១៦% តាម​ការ​ទាមទារ​របស់​វៀតណាម ការ​ផ្តល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនជាតិ​វៀតណាម រាប់​សិន​ម៉ឺន​នាក់ ជាដើម។

ជាង​នេះ​ទៀត ក៏​មាន​ការ​បើក​ឱ្យ​ដំណើរការ​ភាសា​វៀតណាម នៅ​តាម​សាកលវិទ្យាល័យ​របស់​កម្ពុជា ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ឈ្មួញ​វៀតណាម រយៈពេល​រាប់​សិប​ឆ្នាំ និង​ការ​បន្ត​ដាក់​ខេត្ត​ខ្មែរ​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV) ជាដើម ដែល​នេះ​គឺជា​គ្រោះថ្នាក់​ដែល​កំពុង​រុញច្រាន​ឱ្យ​បាត់​ប្រទេស​ខ្មែរ​ដ៏​គួរ​ឱ្យ​តក់ស្លុត​ទៅ​ថ្ងៃ​មុខ។

អ្នកវិភាគ​រូប​នេះ​បញ្ជាក់​ថា ក្រៅពី​បញ្ហា​ជាមួយ​វៀតណាម កម្ពុជា​ក៏​នឹង​ជាប់​អន្ទាក់​ជាមួយ​ចិន​ដែរ​ជុំវិញ​បំណុល​ដែល​យក​មក​សាងសង់​ព្រែកជីក​នេះ ដូចជា អន្ទាក់​ភូមិសាស្ត្រ​នយោបាយ និង​អន្ទាក់​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​របស់​ចិន ជាដើម ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​វៀតណាម ព្រួយបារម្ភ​ពី​បញ្ហា​ទាំងនេះ​យ៉ាង​ខ្លាំង ខណៈ​កម្ពុជា​ក៏​នឹង​រង​នូវ​ការ​បាត់បង់​អធិបតេយ្យ​ជាតិ ក្រោម​ការ​ចុះ​កិច្ចព្រមព្រៀង​មិន​ឯករាជ្យ​នានា ដែល​នឹង​បម្រើ​ផល​ប្រយោជន៍​ឱ្យ​ចិន​ទៅ​ថ្ងៃ​មុខ​ថែម​ទៀត ដោយសារតែ​បំណុល​ទាំងនេះ។

កាលពី​ពាក់កណ្តាល​ខែ​តុលា ឆ្នាំ​២០២៣ កន្លង​ទៅ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ប្រគល់​គម្រោង​ព្រែកជីក​ហ្វូណន​នេះ​ឱ្យ​ក្រុមហ៊ុន​ចិន សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (CRBC) សិក្សា​លម្អិត​ហើយ មុន​នឹង​ឈាន​ដល់​ការ​ចរចា​លើ​កិច្ចព្រមព្រៀង​សាងសង់​នៅ​ឆ្នាំ​២០២៤ ខាងមុខ​នេះ ដែល​គេ​រំពឹង​ថា​ព្រែកជីក​នេះ នឹង​ត្រូវ​ចិន គ្រប់គ្រង​ដូច​ផ្លូវ​ល្បឿន​លឿន និង​ព្រលាន​យន្តហោះ​ថ្មី​ក្នុង​ខេត្ត​សៀមរាប ដែរ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​បាត់បង់​ផល​ប្រយោជន៍​ជាតិ​បន្ថែម​ទៀត​ជុំវិញ​គម្រោង​ព្រែកជីក​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស