38.3 C
Phnom Penh

ក្រុម​អ្នក​ឃ្លាំមើល​ត្អូញត្អែរ​ថា​ទង្វើ​អ្នក​នយោបាយ​មួយ​ចំនួន​ជា​ក្រុម​ឱកាស​និយម ជាជាង​គិត​ពី​ប្រយោជន៍​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​ត្អូញត្អែរ​ថា ទង្វើ​របស់​អ្នក​នយោបាយ​មួយ​ចំនួន​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ បង្ហាញ​ពី​ទង្វើ​របស់​ក្រុម​ឱកាស​និយម ឬ​ជា​ក្រុម​អ្នក​នយោបាយ​ដែល​មាន​សីលធម៌​ទាប ជាជាង​ក្នុង​នាម​ជា​អ្នក​នយោបាយ​ដែល​គិតគូរ​ពី​ផល​ប្រយោជន៍​ជាតិ។

ប្រភព​ដដែល​អះអាង​ថា អ្នក​នយោបាយ​ដែល​មាន​សីលធម៌​ទាប ឬ​គ្មាន​សីលធម៌ គេ​ហ៊ាន​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង ទោះ​ត្រូវ​ក្បត់​សន្យា​ជាមួយ​អ្នកគាំទ្រ និង​ក្បត់​ឆន្ទៈ​មនសិការ​ខ្លួនឯង​ក៏ដោយ ហើយ​អ្នក​នយោបាយ​ជំពូក​នេះ ក៏​ហ៊ាន​សន្យា​គ្រប់​បែប​យ៉ាង​ជាមួយ​អ្នកគាំទ្រ និង​ប្រជាពលរដ្ឋ​ដែរ ដោយសារតែ​ពួកគេ​មិន​បាន​ទុក​ការ​សន្យា​នោះ​ជា​រឿង​សំខាន់​ឡើយ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ធ្នូ ថា អ្នក​នយោបាយ​ប្រភេទ​ឱកាស​និយម​នេះ​កើតឡើង​មក​មិន​មែន​ជា​ចំណែក​មួយ​ដើម្បី​ជួយ​ដោះស្រាយ​វិបត្តិ​ប្រទេស​ជាតិ​ទេ គឺ​ពួកគេ​កើត​ឡើង​មក​ដើម្បី​តែ​កេងប្រវ័ញ្ច​ផល​ប្រយោជន៍​ជាតិ​ដែល​កំពុង​រងគ្រោះ​ប៉ុណ្ណោះ ហើយ​ពួកគេ​ក៏​ជា​ចំណែក​មួយ​ក្នុង​ការ​រុញ​ប្រទេស​ជាតិ​ឱ្យ​កាន់តែ​ជាប់​ផុង​ក្នុង​បញ្ហា​កាន់តែ​ខ្លាំង​ផង​ដែរ។

លោក សេក សុជាតិ លើកឡើង​ថា វត្តមាន​របស់​អ្នក​នយោបាយ​ប្រភេទ​នេះ មាន​គោលដៅ​តែ​មួយ​គត់ គឺ​ដើម្បី​តែ​ប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ ហើយ​រាល់​ការ​គិត និង​ផែនការ​របស់​ពួកគេ តែង​យក​មនសិការ ឆន្ទៈ និង​បញ្ហា​ប្រទេស​ជាតិ​មក​បាំង​ពី​មុខ​ជានិច្ច មាន​ពេលខ្លះ ពួកគេ​អាច​សម្ដែង​ធ្វើ​ជា​អ្នក​ស្នេហា​ជាតិ​លើស​អ្នក​នយោបាយ​ដែល​មាន​ឆន្ទៈ​ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​ជាតិ​ពិតប្រាកដ​ទៅ​ទៀត ព្រោះ​ពួកគេ​អាច​ប្រើ​ល្បិចកល​គ្រប់​រូបភាព ដើម្បី​ធ្វើ​ឱ្យ​ខ្លួនឯង​ល្បី មាន​ការ​ចាប់​អារម្មណ៍​ពី​មហាជន ទោះ​ពេលខ្លះ​ត្រូវ​ប្រើ​ទង្វើ​ទុច្ចរិត ឬ​វិធីសាស្ត្រ​ស្មោកគ្រោក​ពីក្រោយ​ខ្នង​ក៏ដោយ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ​បញ្ជាក់​ថា ទោះបីជា​ក្រុម​អ្នក​នយោបាយ​ឱកាស​និយម​ទាំងនេះ​ខំ​វាយឫក​ជា​អ្នក​ស្នេហា​ជាតិ​កម្រិត​ណា​ក៏ដោយ ប៉ុន្តែ​នៅ​ទីបំផុត ពួកគេ​មិន​អាច​ដើរ​ដល់​គោលដៅ​ដែល​ពួកគេ​ធ្លាប់​សន្យា​ជាមួយ​ប្រជាពលរដ្ឋ​នោះ​ទេ គឺ​បាន​ត្រឹមតែ​ជាប់​ផុង​នឹង​ផល​ប្រយោជន៍​ខ្លួនឯង រហូត​រុញច្រាន​ឱ្យ​ពួកគេ​ហ៊ាន​និយាយ​ការពារ​រឿង​ដែល​ខ្លួន​ធ្លាប់​រិះគន់​ថា​ជា​រឿង​មិន​ត្រឹមត្រូវ​ថែម​ទៀត។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​បរិយាកាស​នយោបាយ​នៅ​កម្ពុជា ត្រូវ​គេ​មើល​ឃើញ​ថា កំពុង​វិលវល់​ទៅ​ដោយ​ក្រុម​អ្នក​នយោបាយ​ច្រើន​ប្រភេទ​ច្រើន​ជំពូក ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ពិបាក​សម្គាល់​ថា​អ្នក​ណា​ជា​អ្នក​ស្មោះត្រង់ និង​អ្នក​នយោបាយ​ណា​មួយ​ជា​ក្រុម​ឱកាស​និយម​សព្វថ្ងៃ​នេះ។

ក្រោយពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ប្រទេស​កម្ពុជា​បាន​ទទួល​យក​របប​ដឹកនាំ​តាម​ប្រជាធិបតេយ្យ សេរី ពហុបក្ស ដែល​អាច​ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​មាន​សិទ្ធិ​ស្រប​ច្បាប់​បង្កើត​គណបក្ស​នយោបាយ​ដោយ​ខ្លួនឯង និង​អាច​កៀងគរ​រក​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ រក​សំឡេង​ឆ្នោត​ដើម្បី​ឈាន​ទៅ​រក​ការ​ដឹកនាំ​ប្រទេស​តាម​ការ​សន្យា​របស់​ខ្លួន ប៉ុន្តែ​អស់​រយៈពេល​ជាង ៣០​ឆ្នាំ​មក​នេះ មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​ដើមកំណើត​ពី​បក្ស​កុម្មុយនីស្ត​វៀតណាម​តែ​មួយ​គត់ ដែល​អាច​រក្សា​អំណាច​ដឹកនាំ​ប្រទេស​ជាតិ​រហូត​ដល់​ពេលនេះ។

ដោយសារតែ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រវត្តិ​កើត​ចេញពី​បក្ស​កុម្មុយនីស្ត​វៀតណាម ក៏​បាន​ក្លាយ​ទៅ​ជា​ផ្ទាំង​ស៊ីប​ដ៏​ពេញ​និយម​មួយ​របស់​អ្នក​នយោបាយ​ឱកាស​និយម​ទាំងនោះ ព្រោះ​ថា​ពួកគេ​បាន​ប្រើ​ចំណុច​នេះ​បញ្ចុះបញ្ចូល​ប្រជាពលរដ្ឋ​ឱ្យ​គាំទ្រ​ខ្លួន ក្រោម​ហេតុផល​ដើម្បី​ប្រយោជន៍​ជាតិ ដើម្បី​ប្រជាធិបតេយ្យ និង​ដើម្បី​សិទ្ធិមនុស្ស ជាដើម ប៉ុន្តែ​ជា​លទ្ធផល បាន​បង្ហាញ​ឱ្យ​ឃើញ​ថា អ្នក​នយោបាយ​ដែល​ស្នេហា​ជាតិ​ពិតប្រាកដ ត្រូវ​បាន​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ចាប់​ខ្លួន​ដាក់​គុក​ជា​បន្តបន្ទាប់ ខណៈ​អ្នក​នយោបាយ​ដែល​ជា​ក្រុម​ឱកាស​និយម ក៏​បាន​នាំគ្នា​ទៅ​ចុះចូល​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ជា​បន្តបន្ទាប់​ដែរ។

គិត​ចាប់តាំងពី​ក្រោយ​វត្តមាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ មក គណបក្ស​នយោបាយ​ដែល​បាន​បង្កើត​ឡើង​មាន​ច្រើន​ស្អេកស្កះ ប៉ុន្តែ​បក្ស​នយោបាយ​ទាំងនោះ​ក៏​ត្រូវ​រលាយ​ទៅ​វិញ ដោយ​ការ​បំបែក​បំបាក់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ផង និង​បាន​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ផង​ដែរ។

យ៉ាងណា​ក៏ដោយ គិត​ចាប់តាំងពី​ឆ្នាំ​២០២០ មក ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា គណបក្ស​នយោបាយ​ដែល​បាន​ចុះបញ្ជី​ផ្លូវការ​នៅ​ក្រសួង​មហាផ្ទៃ មាន​តែ​ប្រមាណ​ជាង ៤០​គណបក្ស​ប៉ុណ្ណោះ ប៉ុន្តែ​ក្នុង​ចំណោម​គណបក្ស​ទាំងនោះ គេ​មើល​ឃើញ​ថា ក៏​មាន​គណបក្ស​ដែល​បង្កើត​មក​ដើម្បី​បម្រើ​សេណារីយ៉ូ​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ។

ភស្តុតាង​ជាក់ស្តែង​ក្រោយ​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​ឆ្នោត​ផ្ដាច់មុខ​ដែល​ទទួល​បាន​អាសនៈ​ក្នុង​រដ្ឋសភា​ទាំង ១២៥​អាសនៈ បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រំលាយ​នៅ​ឆ្នាំ​២០១៧ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​រង​នូវ​ការ​រិះគន់​ពី​សហគមន៍​អន្តរជាតិ​យ៉ាង​ចាស់​ដៃ​ដែរ ដោយសារតែ​រដ្ឋាភិបាល​ដែល​ត្រូវ​ដឹកនាំ​ប្រទេស​នៅ​អាណត្តិ​នោះ ធ្វើ​ឡើង​ដោយ​ឯក​បក្ស។

ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង លោក ហ៊ុន សែន បាន​បង្កើត​ស្ថាប័ន​មួយ​ដែល​មាន​ឈ្មោះ​ថា ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ដែល​បើក​ឱ្យ​គណបក្ស​នយោបាយ​ដែល​គ្មាន​សំឡេង​ក្នុង​រដ្ឋសភា ចូល​ជា​សមាជិក​ស្ថាប័ន​ថ្មី​នេះ។

ក្រោយ​ការ​បង្កើត​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ គណបក្ស​នយោបាយ​ដែល​គ្មាន​កៅអី​ក្នុង​រដ្ឋសភា​មួយ​ចំនួន បាន​នាំគ្នា​ចូល​ជា​សមាជិក​ជា​បន្តបន្ទាប់ ខណៈ​គណបក្ស​នយោបាយ​ខ្លះ​រិះគន់​ថា ការ​ធ្វើ​បែប​នេះ គឺជា​ទង្វើ​ក្បត់​ឆន្ទៈ​ម្ចាស់​ឆ្នោត ហើយ​នៅ​ទីបំផុត គណបក្ស​នយោបាយ​ដែល​ធ្លាប់​រិះគន់​លើ​បញ្ហា​នេះ ត្រូវ​គេ​មើល​ឃើញ​ថា ពួកគេ​ក៏​បាន​នាំគ្នា​ចូល​ជា​សមាជិក​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​នៅ​អាណត្តិ​ទី​៧ ឆ្នាំ​២០២៣ ដូច​គណបក្ស​ដែល​ពួកគេ​ធ្លាប់​រិះគន់​កាលពី​ពេល​មុន​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ធ្លាប់​រិះគន់​ថា នៅ​ពេល​ដែល​គណបក្ស​ទាំងនោះ​ចូល​ជា​សមាជិក​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ពួកគេ​មិន​ត្រឹម​តែ​មាន​ភារកិច្ច​ជួយ​ការពារ​កំហុស​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ទទួល​បាន​ប្រាក់ខែ​ចិញ្ចឹម​ជីវិត​ទេ ប៉ុន្តែ​ពួកគេ​បាន​ចូលរួម​បំផ្លាញ​ផល​ប្រយោជន៍​ជាតិ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ​ថែម​ទៀត។

ក្រៅពី​មេដឹកនាំ​បក្ស​នយោបាយ គេ​ក៏​ឃើញ​អតីត​មន្ត្រី​ជាន់ខ្ពស់​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​អតីត​មន្ត្រី​ជាន់ខ្ពស់​ក្នុង​អង្គភាព​សារព័ត៌មាន​ឯករាជ្យ ប្រកាស​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ ខណៈ​កំហុស​ដែល​ពួកគេ​ធ្លាប់​រិះគន់​រដ្ឋាភិបាល​កាលពី​ពេល​កន្លង​ទៅ ត្រូវ​បំបិទ​ចោល​លែង​លើក​យក​មក​និយាយ​ទាំងអស់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស